ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គុយបា បង្ក្រាប​អ្នករៀបចំ​ការតវ៉ា​មុន​ការដង្ហែ​ក្បួន​ដែល​គ្រោង​ធ្វើឡើង


អ្នក​ដែល​រស់នៅ​ក្បែរ​ខាងគ្នា មើល​ទង់ជាតិ​គុយបា​ដែល​ព្យួរ​លើ​បង្អួច​ផ្ទះ​របស់​សកម្មជន​ប្រឆាំង​លោក Yunior Garcia Aguilera ក្នុង​គោលបំណង​រារាំង​លោក​មិន​ឱ្យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ខាង​ក្រៅ នៅ​រដ្ឋធានី​ឡាហាវ៉ាន ប្រទេស​គុយបា កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នក​ដែល​រស់នៅ​ក្បែរ​ខាងគ្នា មើល​ទង់ជាតិ​គុយបា​ដែល​ព្យួរ​លើ​បង្អួច​ផ្ទះ​របស់​សកម្មជន​ប្រឆាំង​លោក Yunior Garcia Aguilera ក្នុង​គោលបំណង​រារាំង​លោក​មិន​ឱ្យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ខាង​ក្រៅ នៅ​រដ្ឋធានី​ឡាហាវ៉ាន ប្រទេស​គុយបា កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ប៉ូលិស​ប្រទេស​គុយបា ​បាន​បង្ក្រាប​ពួក​អ្នក​រៀបចំ​ការ​តវ៉ា​ កាលពី​ថ្ងៃចន្ទ​ ​ហើយ​បាន​បញ្ចេញ​កម្លាំង​ដ៏​ច្រើន​មក​តាម​ផ្លូវ​ដើម្បី​រារាំង​បាតុកម្ម​ ដែល​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ។​

រដ្ឋាភិបាល​គុយបា​ បាន​ហាម​ឃាត់​ Civic March for Change​ គឺ​«បាតុកម្ម​ស៊ីវិល​ដើម្បី​ផ្លាស់ប្តូរ» ​ហើយ​បាន​ព្រមាន​ការ​ប្រឆាំង​ដោយ​និយាយ​ថា ​ខ្លួន​នឹង​មិន​អត់​ឱន​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ហៅ​ថា​ «សកម្មភាព​ប្រឆាំង​បដិវត្តន៍» ​និង​«ភេរវករ»។​

មុន​ពេល​មាន​ការ​តវ៉ា​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ​ហ្វូង​ប៉ូលិស​ដែល​ស្លៀក​សម្លៀក​បំពាក់​ស៊ីវិល ​បាន​ព័ទ្ធ​ជុំវិញ​ផ្ទះ​របស់​ពួក​សកម្មជន​ និង​អ្នក​កាសែត​ឯករាជ្យ​ ដើម្បី​រារាំង​មិន​ឲ្យ​ពួកគេ​ចេញ​ពី​ផ្ទះ។​

ពួក​អ្នក​កាសែត​បាន​និយាយ​ថា ​រដ្ឋាភិបាល​គុយបា​ បាន​ព្យាយាម​បញ្ឈប់​ការ​តវ៉ា​ ដោយ​រារាំង​ពួក​មេដឹកនាំ​បាតុកម្ម​ និង​សមាជិក​បណ្តាញ​សារ​ព័ត៌មាន ​មិន​ឱ្យ​ពួកគេ​ចេញ​ពី​ផ្ទះ។​

ទីភ្នាក់ងារ​ព័ត៌មាន​ AFP ​បាន​រាយ​ការណ៍​ថា ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ មុន​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ដែល​គ្រោង​ធ្វើ​ឡើង​នោះ​ ប៉ូលិស​ បាន​ចាប់ខ្លួន​ពួក​អ្នក​ប្រឆាំង​សំខាន់ៗ។ ​អ្នក​ទាំងនោះ​ ​រួម​មាន​មេ​ដឹកនាំ​ប្រឆាំង​ គឺ​លោក ​Manuel Cuesta Morua ​និង​អ្នកស្រី​ Berta Soler ​មេ​ដឹកនាំ​ Ladies in White ​គឺ​ស្រ្តី​ស្លៀកពាក់​ស​ដែលជា​ចលនា​ទាមទារ​សិទ្ធិ​ និង​លោក​ Angel Moya​ ស្វាមី​របស់​អ្នកស្រី​ Soler​ ផង។​

ទីភ្នាក់ងារ​ព័ត៌មាន ​AFP​ ក៏​បាន​រាយ​ការណ៍​ផងដែរ​ថា ​ប៉ូលិស​ប្រដាប់​អាវុធ​ ដែលស្លៀបពាក់​ឯកសណ្ឋាន​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​កាច់ជ្រុង​ផ្លូវ​សឹង​គ្រប់​ទី​កន្លែង​រីឯ​ប៉ូលិស​បង្កប់​ បាន​ល្បាត​នៅ​ឧទ្យាន ​និង​ទីលាន​នានា​នៅ​ក្នុង​ទីក្រុង៕​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press Reuters និង Agence France-Presse។

XS
SM
MD
LG