ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក កំពុង​ពិចារណា​រក​មធ្យោបាយ​ផ្ដល់​ជំនួយ​ដល់​គុយបា


ប្រជាពលរដ្ឋ​ស្រែក​ពាក្យស្លោក​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្នុង​អំឡុងពេល​ធ្វើបាតុកម្ម​ប្រឆាំង និង​គាំទ្រ​រដ្ឋាភិបាល នៅ​ចំពេលដែល​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ប្រជាពលរដ្ឋ​ស្រែក​ពាក្យស្លោក​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្នុង​អំឡុងពេល​ធ្វើបាតុកម្ម​ប្រឆាំង និង​គាំទ្រ​រដ្ឋាភិបាល នៅ​ចំពេលដែល​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក ​កំពុង​តែ​ពិនិត្យ​មើល​មធ្យោបាយ​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រជាពលរដ្ឋគុយបា បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ខែ​នេះ​ដែល​ជា​បាតុកម្ម​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​អស់​រយៈពេល​រាប់​ទសវត្សរ៍​កន្លង​មក​នេះ។

ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden ដែល​បាន​និយាយ​ជា មួយ​នឹង​បណ្ដា​ទីភ្នាក់ងារ​ព័ត៌មាន​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា វិធានការដែល​ត្រូវ​បាន​យក​មក​ពិចារណា រួម​មាន​ដូចជា​ការ​កែប្រែ​មធ្យោបាយ​ក្នុង​ការ​ផ្ញើ​ប្រាក់​ ដែល​នឹង​អាច​ឲ្យ​ប្រជាពលរដ្ឋនៅ​ក្នុង​សហរដ្ឋ​អាមេរិក ​អាច​ផ្ញើ​ប្រាក់​កាស​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​គុយបា​បាន ដោយ​មិន​ចាំបាច់​ត្រូវ​បង់​ប្រាក់​ឲ្យ​រដ្ឋាភិបាល​គុយបា​ឡើយ។

ជម្រើស​ផ្សេង​ទៀត​រួម​មាន​ការ​ធ្វើ​ឲ្យប្រជាពលរដ្ឋកាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត ធ្វើការ​ជាមួយ​នឹង​អង្គការ​អន្តរជាតិ​ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត និង​បង្កើន​ចំនួន​បុគ្គលិក​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ឡាហាវ៉ាន។

រដ្ឋបាល​លោក​ប្រធានាធិបតី Biden នៅ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​អំពី​វិធានការ​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋបាល​នេះ​ កំពុង​ពិនិត្យ​ឡើង​វិញ​លើ​គោលនយោបាយ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​គុយបា។ សេតវិមាន​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​ខ្លួន​បាន​ជួប​ជាមួយ​នឹង​ក្រុមមេដឹកនាំ​អាមេរិក​ដើម​កំណើត​គុយបា​មួយ​ក្រុម​ដើម្បី​ស្ដាប់​ពី​អនុសាសន៍​សម្រាប់​គោលនយោបាយ​និង​ក្ដី​បារម្ភ​របស់​ពួកគេ។

លោក Ned Price អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា រដ្ឋបាល​លោក Biden មាន​ការ​ព្រួយបារម្ភ​អំពី​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សិទ្ធិ​ពលរដ្ឋ​នៅ​ប្រទេស​គុយបា៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters

XS
SM
MD
LG