ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​គាំទ្រ​ជា​សាកល​លើ​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​គុយបា


ប្រជាជន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ប្រជាជន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

មេដឹកនាំ​ពិភពលោក​បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ដល់ប្រជាពលរដ្ឋ​គុយបា​ដែល​បាន​ធ្វើ​បាតុកម្មប្រឆាំង​តវ៉ានៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គុយបា«ស្តាប់ការ ប្រឆាំង​និងការ​មិន​សប្បាយ​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​គុយបា»។ លោក​បាន​លើក​ឡើង​យ៉ាង​ដូច​នេះ​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយកាល​ពី​ថ្ងៃ​ចន្ទ​នៅទីក្រុង​ប្រ៊ុចសែល​នៃ​ប្រទេស​ប៊ែលហ្សិក​ក្រោយ​ជំនួប​ជា​មួយរដ្ឋមន្ត្រី​ការបរទេស​នៃ​រដ្ឋ​ជា​សមាជិកសហភាព​អឺរ៉ុបរួច​មក។​

លោកស្រី Erika Guevara-Rosas នាយក​អង្គការ​សិទ្ធិ​មនុស្ស Amnesty International ប្រចាំ​តំបន់​អាមេរិក​បាន​ហៅ​ការប្រឆាំង​របស់​ប្រជាពលរដ្ឋ​គុយបា​កាលពី​ថ្ងៃ​អាទិត្យ​ថា​ជា«ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​របស់​គុយបា» ខណៈ​ដែល​លោក​ស្រី​បានសម្តែង​ក្តី​បារម្ភ​លើ​របាយការណ៍​នានា​ស្តី​ពី​ការរាំង​ខ្ទប់​ប្រ ព័ន្ធ​អ៊ីនធឺណិត ការ​ចាប់ចង​តាម​ទំនើងចិត្ត​ក៏​ដូចជា​ការ​ប្រើ​កម្លាំង​ហួសរបស់​អាជ្ញាធរ​ដែល​ក្នុង​នោះ​រួមមាន​ការ​បាញ់ប្រហារ​លើអ្នក​ប្រឆាំង​តវ៉ា​និងមនុស្ស​ជា​ច្រើន​ដែល​នៅ​បាត់​ខ្លួន​នៅ​ឡើយ។

លោក​ស្រី Guevara-Rosasបាន​អំពាវ​នាវ​ឲ្យ​ប្រធានាធិបតី​គុយបា​លោក Miguel Diaz-Canelនិង​រដ្ឋាភិបាល​របស់​លោកដោះ​ស្រាយ​នូវ​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​គុយបា​ដែល​កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច ការ​ខ្វះខាតស្បៀង​អាហារ​ថ្នាំ​សង្កូវ ការ​ដួល​រលំ​នៃ​ប្រព័ន្ធ​សុខភាព​ដែល​មិន​បានឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩​ ក៏​ដូច​ជា​ការ​ទាម​ទារជា​យូរ​លង់​មក​ហើយ​ទៅ​លើ​ការ​គោរព​សិទ្ធិមនុស្ស​ ការ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ។

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Andrés Manuel López Obradorប្រាប់​ក្រុម​អ្នកកាសែតក្នុង​ទីក្រុង​ម៉ិកស៊ីកូ​កាលពី​ថ្ងៃ​ចន្ទ​ថា «វា​ជា​កាយ​វិការ​មនុស្ស​ធម៌​ដ៏​ពិត​ប្រាកដ​មួយ ប្រសិន​បើ​សហរដ្ឋ​អាមេរិក លុបចោល​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​គុយ​បា​ដែល​មាន​អាយុ​កាល៥ទសវត្សរ៍​កន្លងមក​ហើយ​នោះ។

លោក​និយាយ​បន្ត​ទៀត​ថា «មិន​គួរ​មាន​ប្រទេស​ណា​មួយក្នុង​ពិភព​លោក​ត្រូវ​បាន​គេ​ហ៊ុមព័ទ្ធ​និង​បិទ​ច្រក​នោះ​ឡើយ។​

នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឯណេះ​វិញ អភិបាល​ក្រុង Miami ក្នុង​រដ្ឋ Florida បាន​អំពាវ​នាវ​ឲ្យ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិកJoe Biden ដឹកនាំ​កិច្ច​ប្រឹង​ប្រែង​ជាអន្តរជាតិ​មួយ​ដើម្បី​ជួយ​ដល់ពលរដ្ឋ​គុយបា​ដែល​កំពុង​ទទួល​រង​ការ​ឈឺចាប់ ក្រោម​ការ​ដឹកនាំ​ដ៏​យូរអង្វែង​នៃ​រដ្ឋាភិបាល​កុម្មុយនីស្តរបស់​ប្រទេស​ដែន​កោះ​មួយ​នេះ។

ទីក្រុងMiamiជាសហគមន៍ដ៏​ធំ​របស់​ជន​និរទេស​ខ្លួន​គុយបា​ដែល​បាន​រត់គេច​ខ្លួន​ពី​មាតុភូមិ​បន្ទាប់ពី​លោក Fidel Castro បាន​កាន់​កាប់​អំណាចនៅក្នុង​បដិវត្ត​ឆ្នាំ​១៩៥៩។

លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ Floridaបាន​សរសើរ​ដល់​ការធ្វើ​បាតុកម្ម​របស់ប្រជា​ពលរដ្ឋ​គុយបា​ហើយ​បាន​ហៅបាតុកម្មនេះថា​ជា «ការ​តវ៉ា​ប្រ ឆាំង​ជា​ប្រវត្តិសាស្រ្ត​ ដោយ​សន្តិវិធី​និង​មាន​ភាព​ស៊ីសង្វាក់​គ្នានៅ​ក្នុង​ទី​ក្រុង​ឡាហាវ៉ាន​និង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ផង​ដែរ»។ នេះ​បើ​តាម​ការ​លើក​ឡើងនៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​លោក​ផ្ញើ​ជូនប្រធានាធិបតី​អាមេរិក​លោក Joe Biden នោះ។ លោក​ក៏​បាន​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី Biden ចាត់​វិធានការ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​គុយបា​ផង​ដែរ​ដែល​ក្នុង​នោះ​រួម​មាន​ការកំណត់​អត្តសញ្ញាណ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងការ​បង្ក្រាប​ដោយ​អំពើ​ហិង្សានៅ​ប្រទេស​គុយបា​ ក៏​ដូចជា​អ្នក​ដែល​បានហាម​ប្រាម​ដល់​ពួកគេ​មិន​ឲ្យ​ចូល​មក​សហរដ្ឋ​អាមេរិក​ជា​ដើម។​ ​

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Bob Menendez ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេសនៃ​ព្រឹទ្ធសភា​អាមេរិក​ បានអំពាវ​នាវ​ឲ្យ​បញ្ឈប់​នូវ«​អំពើ​ហិង្សា​និង​ការ​បង្រ្កាប»លើ​ប្រជាពលរដ្ឋ​គុយបា៕

XS
SM
MD
LG