សមាជិកព្រឹទ្ធសភា លោក Ted Cruz បានផ្តួលមហាសេដ្ឋី Donald Trump នៅក្នុងការជួបជុំគណបក្សសាធារណៈរដ្ឋនៅក្នុងរដ្ឋ Iowa កាលពីយប់ថ្ងៃចន្ទ ខណៈដែលអតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton និងសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont លោក Bernie Sanders បានបញ្ចប់ការប្រកួតក្នុងគណបក្សប្រជាធិបតេយ្យយ៉ាងប្រកៀកប្រកិតបំផុត។
លោក Ted Cruz ដែលជាសមាជិកព្រឹទ្ធសភាអភិរក្សនិយម មកពីរដ្ឋតិចសាស់ បានបញ្ចប់ការប្រកួតដោយទទួលបានសំឡេងឆ្នោតគាំទ្រ២៨ភាគរយ។ ពិន្ទុនេះច្រើនជាងលោក Donald Trump ដែលជាបេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋចំនួន៣ពិន្ទុកន្លះ។
សមាជិកព្រឹទ្ធសភា មកពីរដ្ឋ Florida លោក Marco Rubio បានបញ្ចប់ការប្រកួតដោយទទួលបានសំឡេង២៣ភាគរយ ដែលធ្វើឲ្យរូបលោកក្លាយជាបេក្ខជននាំមុខគេម្នាក់ដែរ នៅខាងគណបក្សសាធារណរដ្ឋ។
ចំណែកខាងប្រជាធិបតេយ្យវិញ ការប្រកួតប្រជែងមានលក្ខណៈប្រកៀកប្រកិតគ្នាមែនទែន រវាង លោកស្រី Hillary Clinton និងលោក Bernie Sanders។ ក្រោយពីរាប់សំឡេងឆ្នោតបាន៩៤ភាគរយ លោកស្រី គ្លីនតុន បាននាំមុខ លោក Sanders តែបន្តិចប៉ុណ្ណោះ។
លទ្ធផលនេះបានបង្ហាញពីមនោសញ្ចេតនារបស់អ្នកបោះឆ្នោតយ៉ាងប្រាកដប្រជាជាលើកដំបូងចាប់តាំងពីការធ្វើយុទ្ធនាការដ៏ខ្លាំងក្លារបស់បេក្ខជនទាំងនេះ ដើម្បីរកសំឡេងគាំទ្រអស់១ឆ្នាំមកនេះ៕