ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល៖ បុរស​ជនជាតិ​ចិន​ដែល​ឆ្លង​កូរ៉ូណា​​​វីរុស​នៅ​កម្ពុជា​ជា​សះ​ស្បើយ​ហើយ


មន្ត្រីកម្ពុជាកំពុងចែកម៉ាស់ជូនដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងយុទ្ធនាការចែកម៉ាសចំនួន ១លាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
មន្ត្រីកម្ពុជាកំពុងចែកម៉ាស់ជូនដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងយុទ្ធនាការចែកម៉ាសចំនួន ១លាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​រក​មេរោគ​​​កូរ៉ូណា​វីរុស​បី​លើក ហើយ​លទ្ធផល​បង្ហាញ​ថា​មិន​មាន​ផ្ទុក​វីរុស​នោះ​ត​ទៅ​ទៀត លោក ចា ជិនហួរ (Jia Jianhua) ​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរ​ពេទ្យ។

បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាលជិត​ពីរ​សប្តាហ៍។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

យោង​តាម​សេចក្តី​ជូន​ដំណឹង ការ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​វីរុស​លើក​ទី៣ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​កាលពី​ថ្ងៃទី​អាទិត្យ​ ទី​៩ បង្ហាញ​ថា អ្នក​ជំងឺ​ជនជាតិ​ចិន លោក ចា ជិនហួរ (Jia Jianhua) អាយុ​៦០​ឆ្នាំ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​បាន​ជា​សះស្បើយ​ពី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​បង្ក​ដោយ​មេរោគ​កូរ៉ូណា​វីរុស​នេះ។ ក្រសួង​បញ្ជាក់​ថា​ក្រុម​គ្រួសារ​របស់​លោក​ដែល​មាន​សមាជិក​៤នាក់​ក៏​មិន​ផ្ទុក​វីរុស​នោះ​ទេ។

លោក លី សូវ៉ាន់ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ប្រាប់​ VOA ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​តាម​រយៈ​លទ្ធផល​តេស្ត លោក ចា ជិនហួរ ត្រូវ​បាន​ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុងខេត្ត បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​វីរុស​ទាំង៣​លើក​បង្ហាញ​ថា​ពួក​គេ​មិន​មាន​ផ្ទុក​វីរុស​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ធ្វើ​តេស្ត​ Negative (អវិជ្ជមាន)​ចំនួន​បីដង​ជាប់ៗ​គ្នា​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ជា​មន្ទីរ​ពិសោធន៍​ថ្នាក់​អន្តរជាតិ»។

ទោះ​យ៉ាង​ណា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទាក់ទិន​នឹង​វិធីសាស្ត្រ​ព្យាបាល​របស់​មន្ទីរពេទ្យ​កម្ពុជា។

អ្នក​នាំ​ពាក្យ​រូប​នោះ​បន្ត​ថា អ្នក​ជំងឺ​ជនជាតិ​ចិន​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា ជនជាតិ​ចិន​រូប​នោះ​នឹង​ធ្វើ​ដំណើរ​ទៅ​ណា​បន្ត​ទៀត​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​បរិស្ថាន​លោក​ សាយ សំអាល់​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​លោកស្រី លី អៃឡាន (Li Ailan)​ និង​មន្ត្រី​ក្រសួង​សុខាភិបាល​មួយ​ចំនួន​បានអម​ដំណើរ​អ្នក​ជំងឺ​ជនជាតិ​ចិន ចាក​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ខេត្តព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល។

យ៉ាងណា​ក៏​ដោយ លោក លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ដដែល បន្ថែម​ថា ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​តាម​ដាន​ថា​តើ​មាន​ករណី​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា​ឬ​យ៉ាងណា។

លោក​ថ្លែង​ថា​៖ «បាទ ប៉ុន្តែ​លទ្ធភាព​នៃ​ការកើត​មាន​នៅ​បន្តទៀត យើង​មិនត្រូវ​ធ្វេស​ប្រហែស​ទេ ត្រូវ​បន្ត​តាមរក​ឲ្យ​អស់​លទ្ធភាព​បាទ»។

អ្នក​ជំងឺ​ជនជាតិ​ចិន លោក ចា ជិនហួរ និង​គ្រួសារ​ដែល​មាន​សមាជិក​៤នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ដាក់​នៅ​ឲ្យ​ដាច់​ដោយឡែក​នៅ​មន្ទីរពេទ្យក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ២០២០ បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស ក្នុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ពី​ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន​មក​កម្ពុជា។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​រសៀលថ្ងៃ​ច័ន្ទ​នេះ​មាន​មនុស្ស​ជាង​៩០០នាក់ នៅ​ក្នុង​ប្រទេស​ចិនបាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​នេះ។ មនុស្ស​ជាង​៤ម៉ឺន​នាក់​ទៀត​បានឆ្លង​វីរុស​ដែល​ផ្ទុះ​នៅ​ទីក្រុង​វូហាន​នៃ​ខេត្ត​ហ៊ុយបេ ​ប្រទេស​ចិន និង​បាន​រីករាល​ដាល​ដល់​ទៅ​ជិត​៣០​ប្រទេស។ ក្នុង​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​បន្ត​កើន​ឡើង មនុស្ស​ជាង​៣២០០នាក់​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG