ស.រ.អា.និងពួកតាលីបង់អាហ្វហ្គានីស្ថានបានធ្វើកិច្ចចរចាសន្តិភាពជាថ្មីនៅក្នុងប្រទេសកាតាដើម្បីខិតខំព្យាយាមធ្វើឱ្យមានកិច្ចព្រមព្រៀងគ្នាមួយដែលអាចបញ្ចប់អន្តរាគមន៍យោធាស.រ.អា.យូរបំផុតនៅក្រៅប្រទេស។
កិច្ចចរចាជុំទី៩ដ៏សំខាន់នៅក្នុងដំណើរការចរចាគ្នាដែលមានរយៈពេលមួយឆ្នាំមកហើយនោះកំពុងមានធ្វើកាលពីរសៀលថ្ងៃព្រហស្បតិ៍នៅក្នុងរាជធានី Doha នៃប្រទេសកាតា នៅពេលមានការរំពឹងថាកិច្ចចរចាគ្នានេះនឹងនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពមួយដែលគេរង់ចាំយូរមកហើយរវាងគូសត្រូវទាំងពីរនេះ។
កិច្ចចរចាគ្នានេះមានឡើងមួយថ្ងៃក្រោយពីមានការប៉ះទង្គិចគ្នាជាមួយពួកបះបោរតាលីបង់នៅក្នុងភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថានបានបណ្តាលឱ្យទាហានអាមេរិកាំងពីរនាក់ស្លាប់ ហើយការណ៍នេះនាំឱ្យចំនួនទាហានស.រ.អា.ដែលបាត់បង់ជីវិតក្នុងប្រទេសនេះក្នុងឆ្នាំនេះកើនឡើងដល់១៤នាក់ហើយ ដែលមានលើសពីចំនួនទាហានស្លាប់ទាំងអស់កាលពីឆ្នាំ២០១៨។
អ្នកនាំពាក្យម្នាក់របស់ពួកតាលីបង់បាននិយាយថាលោក Zalmay Khalilzad ប្រេសិតពិសេសស.រ.អា.ទទួលបន្ទុកកិច្ចការប្រទេសអាហ្វហ្គានីស្ថានដឹកនាំភាគីអាមេរិកាំង ចំណែកឯលោក Sher Muhammad Abbas Stanekzai ដឹកនាំអ្នកធ្វើការចរចារបស់ពួកបះបោរ។
លោក Zabihullah Mujahid បាននិយាយថា«លោក Scott Miller អគ្គមេបញ្ជាការនៃកងកម្លាំងបរទេសកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានក៏មានវត្តមានក្នុងកិច្ចចរចាគ្នានេះដែរ» ដោយលោកនិយាយយោងដល់អគ្គមេបញ្ជាការអាមេរិកាំងនៃកងកម្លាំងស.រ.អា.និងអូតង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Khalilzad នឹងធ្វើដំណើរទៅកាន់ក្រុងកាប៊ុលដើម្បីជួបជាមួយពួកមេដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅក្រោយការបញ្ចប់ការប្រជុំគ្នានៅក្នុងក្រុង Doha៕