កាលពីយប់ថ្ងៃព្រហស្បតិ៍ មនុស្សជិតមួយលាននាក់ដែលភាគច្រើនពាក់វ៉ែនតាមានលេខ «២០១៦» យ៉ាងធំនៅខាងមុខដង និងមានពាក់មួកពណ៌ស្វាយបានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅក្នុងទីលាន Times Square នៃបុរីញូវយ៉កដើម្បីប្រារព្ធការមកដល់នៃឆ្នាំថ្មី។
អ្នកចម្រៀងអង់គ្លេស Jessie J បានច្រៀងចម្រៀង Imagine របស់លោក John Lennon ដើម្បីកំដរក្រុមអ្នកសប្បាយនៅមុនពេលបាល់ឡុងកែវដ៏ធំជាប្រពៃណីបានធ្លាក់ដោយមានពន្លឺនៅពេលពាក់កណ្តាលអធ្រាត្រ។
ក្រដាសពណ៌តូចៗបានត្រូវបាចសាចហើយមានការអុជកាំជ្រួចនៅពេលយប់
នោះនៅក្នុងការប្រារព្ធធំបំផុតនៅក្នុងស.រ.អា។ នៅពេលបន្ទាប់មកក៏មានការច្រៀងចម្រៀង New York New York របស់លោក Frank Sinatra ចម្រៀង America របស់លោក Ray Charles និងចម្រៀង Wonderful World របស់លោក Louis Armstrong។
មានកិច្ចការពារសន្តិសុខមាំទាំនៅក្នុងកន្លែងប្រារព្ធបុណ្យចូលឆ្នាំថ្មីដ៏សំខាន់នេះនៅក្នុងបុរីញូវយ៉កដែលនៅទីនោះ ក្រុមមន្ត្រីទីក្រុងបាននិយាយថាមានការដាក់ពង្រាយក្រុមប៉ូលិសពាក់ឯកសណ្ឋាន ប៉ូលិសមានសម្លៀកបំពាក់ស៊ីវិល
ធម្មតា និងប៉ូលិសជិះសេះ៦ពាន់នាក់។ ប៉ូលិសខ្លះមានប្រដាប់ដោយកាំភ្លើងវែងឬប្រដាប់ស្ទាក់វិទ្យុសកម្ម និងមានធ្កែហិតក្លិនគ្រាប់បែកផងដែរ។ គ្មានរបាយការណ៍អំពីអ្វីដែលនាំឱ្យមានការសង្ស័យទេក្រៅពីការអបអរសាទរទទួលឆ្នាំថ្មីនៅឆ្នេរសមុទ្រខាងកើតស.រ.អា៕