ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការលុបចោល​សមយុទ្ធ​យោធា​កម្ពុជា ​អាមេរិក​ ជា​គម្លាត​និង​ការបត់បែន​គោល​នយោបាយ


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ចិន ចាប់​រលាក់ដៃ​ជាមួយ​លោក​នាយឧត្តម​សេនីយ៍​ ទៀ​ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ នៅមុន​ជំនួប​ប្រជុំ​​មួយ​នៅ​ក្រសួង​ការពារ​ជាតិ​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ (REUTERS/Samrang Pring)

រយៈពេល​ជិត​១០​ឆ្នាំ​ មក​នេះ​ ​សម​យុទ្ធ​យោធា​រវាង​កងទ័ព​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ ដែល​មាន​​ឈ្មោះ​ថា​ ឆ្មាំ​អង្គរ​ ជា​រឿយ​ៗ​ត្រូវ​បាន​ធ្វើ​ឡើង​រៀងរាល់​ចុង​ឆ្នាំ។

ស្ថាន​ទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ចាត់​ទុក​ថា ការ​ផ្អាកសម​យុទ្ធ​យោធា​រវាងសហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នឹង​មិន​ប៉ះ​ពាល់​ដល់​កម្មវិធី​ផ្លាស់​ប្តូរ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញកងទ័ពនានា​ផ្សេង​ទៀត​ ដែល​សហរដ្ឋ​អាមេរិក​បាន​កំពុង​សហការ​ជាមួយ​ប្រទេស​កម្ពុជានោះ​ទេ​ ខណៈ​ដែល​ក្រុម​អ្នក​វិភាគ​ផ្តល់​ការ​យល់​ឃើញ​ផ្សេ​ងគ្នា​ ​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​យោធា​ជាមួយ​សហ​រដ្ឋ​អាមេរិក​។​ ​

​រយៈពេល​ជិត​១០​ឆ្នាំ​ មក​នេះ​ ​សម​យុទ្ធ​យោធា​រវាង​កងទ័ព​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ ដែល​មានឈ្មោះ​ថា​ ឆ្មាំ​អង្គរ​ ជា​រឿយ​ៗ​ត្រូវ​បាន​ធ្វើ​ឡើង​រៀងរាល់​ចុង​ឆ្នាំ។ ក្រសួង​ការ​ពារ​ជាតិ​ បានសម្រេច​ផ្អាកសម​យុទ្ធ​នេះ​ សម្រាប់​ឆ្នាំ​២០១៧​ និង​២០១៨​ ដោយសារ​ភាព​មមាញឹកក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​ប្រាស់​ និង​ជួញ​ដូរ​គ្រឿង​ញៀន​ និង​ការ​ត្រៀម​ការ​ពារ​ដំណើរការ​រៀបចំបោះ​ឆ្នោត​ ឃុំ​ សង្កាត់​ និង​បោះឆ្នោត​ជាតិ​។​ ​

​លោក​ Jay​ Raman ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ បាន​បញ្ជាក់​ VOA ​តាម​សារ​អេ​ឡិច​ត្រូនិក​ ឬ​ email​ ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា​ ស្ថានទូតបាន​ទទួល​ការឆ្លើយ​តប​ជាផ្លូវ​ការ​ពី​រាជ​ដ្ឋា​ភិបាល​កម្ពុជា​ថា​ការ​ធ្វើ​សម​យុទ្ធ​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ឆ្នាំ​ ២០១៧​ រហូត​ដល់​ឆ្នាំ​ ២០១៨​។​ តែទោះ​ជាយ៉ាណា​ លោកថា​ ​កម្មវិធី​ផ្លាស់​ប្តូរ​ និង​កម្មវិធី​ហ្វឹកហ្វឺន​យោធា​ផ្សេងៗ​ទៀត​ នឹង​មិន​ប៉ះពាល់​នោះ​ទេ​។

​លោក​ Jay Raman​ មិន​បាន​ផ្តល់​ការ​អធិ​ប្បាយ​អំពី​ហេតុ​ផល​ដែលរដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​សម​យុទ្ធ​នេះ​ទេ​។

តែ​លោក​នាយឧត្តម​សេនីយ៍​ ទៀ​ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ ក្រោយ​ពី​ចាកចេញ​ពី​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​របស់​កង​យុទ្ធពល​ខេមរៈភូមិន្ទ​ ដែល​ធ្វើ​ឡើង​នៅ​អគ្គ​បញ្ជាការ​ដ្ឋាន​កង​យុទ្ធពលខេមរៈ​ភូមិន្ទ​ថា​ កង​ទ័ព​មានកិច្ចការ​ងារ​ច្រើន​ ដែល​ត្រូវ​ធ្វើ​ជំនួស​ការ​ធ្វើ​សម​យុទ្ធ​ជាមួយ​ទាហាន​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​២០១៧​ និង​២០១៨​។​ ​

លោក​អះអាង​ថា​ កិច្ច​ការ​ដែល​សំខាន់​នោះ​ គឺ​ការ​រក្សាស្ថេរភាព​ក្នុង​ពេល​បោះឆ្នោត។ លោក​នាយ​ឧត្តម​សេនីយ៍​មានប្រសាសន៍ថា៖​

​«​ខាង​ផ្នែក​យោធា​ គឺ​ត្រូវ​បំពេញ​ តួ​នាទី​របស់​ខ្លួន​ ធ្វើ​ម៉េច​គឺ​ រក្សា​ស្ថេរ​ភាព​ ​បង្កលក្ខណៈ​សម្បត្តិ​ឲ្យ​ការ​ បោះ​ឆ្នោត​នោះ គឺ​បាន​ទទួល​ សេរី​ពេញ​លេញ​ ទាំង​អស់​មាន​ភាព​យុត្តិធម៌​ទាំង​អស់​»។​

​លោក​នាយឧត្តម​សេនីយ៍​ ទៀ​ បាញ់​ថ្លែង​បញ្ជាក់​ថា​ លោក​មិន​ខ្វល់​ពី​ការធ្វើ​វិភាគ​នា​នា​ ចំពោះ​ការ​ផ្អាកសម​យុទ្ធ​យោធា​នេះ​ទេ​។

ទោះជា​មានការ​ពន្យល់​និងការ​បកស្រាយ​យ៉ាងណា​ពីមន្ត្រី​ស្ថានទូត​និងមន្ត្រី​យោធា​កំពូល​កម្ពុជា​ក្តី តែក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​ហាក់​ដូចជា​មានការ​សង្ស័យ​ចំពោះ​ទំនាក់​ទំនង​និង​កិច្ច ប្រតិបត្តិការ​យោធា​រវាង​កម្ពុជា​និង​សរអា​ក្នុងពេលដែល​សរអា​មាន​រដ្ឋបាល​ថ្មី។

លោក​ ឈាង​ វណ្ណារិទ្ធិអ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរ​ជាតិ ​អំពី​តំបន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​ ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្រ្ត​ ​យល់​ថា​ ការ​ផ្អាកសម​យុទ្ធ​នេះ​ នឹង​ផ្តល់​ផល​ប៉ះពាល់​លើ​ប្រទេស​កម្ពុជា​ចំពោះ​សមត្ថ​ភាព​ការ​ពារខ្លួន និង​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ទប់​ទល់​។​ លោក​ថា​ ​គណបក្ស​ប្រជា​ជន​កម្ពុជាដែល​កំពុង​ក្តាប់​អំ​ណាច​ កំពុង​តែ​ព្យាយាម​ឃ្លាត​ឆ្ងាយ​ពី​សហ​រដ្ឋ​អា​មេរិក​ និង​បង្កើន​ការ​ពឹង​ផ្អែក​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​លើ​ប្រទេស​ចិន​។​

លោក​បាន​ថ្លែង​តាម​រយៈ​សារ​អេ​ឡិចត្រូនិកក្នុង​ន័យ​ដើមថា​៖​ ​

​«គណបក្ស​កាន់​អំណាច​បាន​សម្រប​ខ្លួន​យ៉ាង​ខ្លាំង​ និង​ជាលក្ខណៈយុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​ចិន​ ខណៈ​ដែល​គណបក្ស​នេះ​ កំពុងដាក់​ឲ្យ​ប្រទេស​កម្ពុជានៅ​ឃ្លាត​ឆ្ងាយពី​សហរដ្ឋ​អាមេរិកដោយ​សន្សឹម​ៗ។​ ជោគ​វាសនា​របស់​កម្ពុជា​ ​គឺ​ស្ថិត​លើប្រទេស​ចិន​»​។​

​ការ​ផ្អាក​សម​យុទ្ធយោធា​រួម​គ្នារវាង​កងទ័ពកម្ពុជា​ និងកងទ័ព​សហរដ្ឋ​អាមេរិក ធ្វើ​ឡើង បន្ទាប់​ពីកម្ពុជា​បាន​បញ្ចប់សមយុទ្ធ​យោធា​ជាមួយ​ចិន​ ដែលពុំធ្លាប់​មាន​ពីមុនមក​។​ សម​យុទ្ធ​យោធា​រួមគ្នា​រវាង​កម្ពុជា​ ​និង​ចិន​ត្រូវបាន​ធ្វើឡើង​ ​កាល​ពី​ចុង​ឆ្នាំ​ ២០១៦​។​

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ប្រាប់VOA ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ថា​ កម្ពុជា​ នឹង​ខាត​បង់​ផល​ប្រយោជន៍​យោធា​ ដោយ​ការ​ផ្អាកសម​យុទ្ធយោធា​ជាមួយសហ​រដ្ឋ​អាមេរិក។​ ​លោក​ព្រួយ​បារម្ភថា​ ​ប្រទេស​កម្ពុជា​ អាច​នឹង​បាត់​បង់​តុល្យភាព​នៃ​ទំនាក់​យោធា​កម្ពុជា​-អាមេរិក​ ​និង​កម្ពុជា​-ចិន​។​

«ខ្ញុំ​ព្រួយ​បារម្ភ​បំផុត​នោះ​គឺ​ ការ​បាត់​បង់​តុល្យភាព​នេះ​ គឺ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ មាន​រូបភាព​លម្អៀង​ អាហ្នឹង​គឺ​វា​អាច​ប៉ះពាល់​ ទៅលើ​ស្ថេរភាព​ កម្ពុជា​នៅរយៈ​ពេល​យូអង្វែង»​។​ ​

ទោះបី​ជា​មានការ​អធិប្បាយ​បែប​ណា​ពី​ក្រុម​អ្នក​វិភាគ​ក្តី ប្រមុខ​កងទ័ព​កម្ពុជា​ បាន​ថ្លែង​ការ​ពារ​ការ​ផ្អាកសម​យុទ្ធយោធានេះ​ ដោយ​បាន​ផ្តល់​ហេតុផល​ថា កង​ទ័ព​កម្ពុជា​ កំពុង​ត្រៀម​ខ្លួន​ ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើ​រការ​បោះ​ឆ្នោត​កម្ពុជា​ ប្រ​ព្រឹត្តទៅ​ដោយ​ភាព​ត្រឹម​ត្រូវ​។

​ទំនាក់​ទំនង​កម្ពុជា​សរអា ​និង​កម្ពុជាចិន​ គឺជា​ប្រធានបទ​មួយ​ដែលមាន​ការឃ្លាំមើល​និងពិភាក្សា​យ៉ាង ខ្លាំង​ពី​ ពលរដ្ឋ​កម្ពុជា​ ពលរដ្ឋក្នុង​តំបន់​និង​ពិភពលោក​ផងដែរ​ ជាពិសេស​នៅពេល​ដែលកម្ពុជា​ទទួល​ជំនួយ​ពី​ប្រទេស​ចិន។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធា​នា​ធិបតី​ចិន​ Xi Jinping ​មក​កម្ពុជា​ កាល​ពី​ឆ្នាំ​មុន​ រដ្ឋា​ភិបាល​កម្ពុជា​និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​និង​ពិធីសារ​ចំនួន​៣១​ ដោយ​ឯក​សារ​ទាំង​នោះ​គ្រប​ដណ្ដប់​លើ​វិស័យ​ផ្សេង​ៗ​ ​រាប់​ចាប់​តាំង​ពី​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ​ប្រព័ន្ធ​ធារា​សាស្ត្រ​ សុខា​ភិបាល ​វិស័យ​វិទ្យុ​និង​ទូរទស្សន៍ ​ការ​ផ្ដល់​ប្រាក់​ជំនួយ​និង​កម្ចី​បន្ថែម​ជាង​២៣០​លាន​ដុល្លារ​ ការ​បង្កើត​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ ការ​លុប​បំណុល​ជិត​៩​០លាន​ដុល្លារ​ និង​កិច្ច​ព្រមព្រៀង​លើ​វិស័យ​មួយ​ចំនួន​ទៀត​។​ ចិន​ក៏​បាន​ផ្តល់​ការ​គំាទ្រ​ផ្នែក​យោធា​ក្នុង​ទឹកប្រាក់​ ១៥​លាន​ដុល្លារផងដែរ​៕​

XS
SM
MD
LG