ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភាបក្ស​កាន់អំណាច​គំរាម​កែច្បាប់​បំបាត់​តួនាទី​មេដឹកនាំ​ក្រុម​ប្រឆាំង​ក្នុង​សភា


រូប​ឯកសារ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ ២០១៣។ (AP Photo/Heng Sinith)
រូប​ឯកសារ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ ២០១៣។ (AP Photo/Heng Sinith)

គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​រដ្ឋ​សភា​នឹងបើក​កិច្ចប្រជុំ​ ​ពិនិត្យ​លើ​ការ​​ធ្វើ​វិសោធន​កម្ម​បទ​បញ្ជា​ផ្ទៃក្នុង​ ដើម្បី​រំលាយ​តំណែង​ប្រធាន​តំណាង​រាស្រ្ត​មតិ​ភាគ​តិច​ទៅ​តាម​ការ​ស្នើ​សុំ​របស់​តំណាង​រាស្រ្ត​គណ បក្ស​ប្រជាជន​កម្ពុជា។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ឡេង ប៉េងឡុង​ អ្នកនាំពាក្យ​រដ្ឋសភា។​

ក្រុម​តំណាងរាស្រ្ត​មតិភាគ​ច្រើនរដ្ឋសភា បាន​ស្នើ​រដ្ឋសភា​ឲ្យ​ធ្វើ​វិសោធនកម្ម​ប្រការ៤៨​ថ្មី (បី) នៃបទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ដើម្បី​លុប​ចោល​ក្រុម​តំណាង​រាស្រ្តមតិភាគ​តិចក្នុង​រដ្ឋ​សភា​ដែល​មាន លោក ​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិជា​ប្រធាន។​ ក្រោយ​ការ​ស្នើ​សុំ​ រដ្ឋសភា​ប្រកាស​ភ្លាមៗ​ថានឹង​បើក​កិច្ចប្រជុំ​ ​ពិនិត្យ​លើ​សំណើ​នេះ​នៅ​ថ្ងៃ​ចន្ទសប្តាហ៍​ក្រោយ។

គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​រដ្ឋ​សភា​នឹងបើក​កិច្ចប្រជុំ​ ​ពិនិត្យ​លើ​ការធ្វើ​វិសោធន​កម្ម​បទ​បញ្ជា​ផ្ទៃក្នុង​ ដើម្បី​រំលាយ​តំណែង​ប្រធាន​តំណាង​រាស្រ្ត​មតិ​ភាគ​តិច​ទៅ​តាម​ការ​ស្នើ​សុំ​របស់​តំណាង​រាស្រ្ត​គណ បក្ស​ប្រជាជន​កម្ពុជា។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ឡេង ប៉េងឡុង​ អ្នកនាំពាក្យ​រដ្ឋសភា។​

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បក្ស​ប្រឆាំង​គ្រោង​ជួប​ចរចា​គ្នា​នៅ​ថ្ងៃទី​២៥​ ខែ​មករា​ ខាង​មុខ​ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​លើក​ពេល​វិញ​ បន្ទាប់​ពី​លោក ​ហ៊ុន សែន ​ព្រមានពី​ក្រៅ​ប្រទេស​មក​ថា ​លោក​លែង​ចង់​ជួប​ចរចា​ជា​មួយ​បក្ស​ប្រឆាំង​ហើយស្នើ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​សភា​ ប្រការ​៤៨​ថ្មី ​(បី)​ ដែល​ជា​ប្រការចែង​អំពី​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​មតិ​ភាគតិច​ និង​ភាគ​ច្រើន​ក្នុង​រដ្ឋ​សភា។​ លោក ​ហ៊ុន សែន​ បញ្ជាក់​ថា​ លោក​លែង​ចង់​ជួប​ជាមួយ​បក្ស​ប្រឆាំង ​ដោយ​សារពួកគេ​តែង​ប៉ុន​ប៉ង​ប្រើប្រាស់​ការ​ចរចា​នេះ​ ឲ្យ​ដោះ​លែង​មនុស្ស​មួយ​ចំនួន​ ដែល​លោក​ ហ៊ុន សែន ​ថា​ ជា​ការ​បំពាន​ដល់​អំណាច​តុលាការ។

លោក ​ឡេង ប៉េងឡុង ​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ ​ប្រាប់​ VOA ​នៅព្រឹក​ថ្ងៃ​សុក្រ​នេះថា ​ រដ្ឋសភា​ទើប​តែបាន​ទទួល​លិខិតស្នើ​សុំ​ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជាតំណាង​រាស្រ្តមតិ​ភាគ​ច្រើនរដ្ឋសភា​ដើម្បី​ពិនិត្យ​លើ​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ប្រការ​៤៨ថ្មី (បី)។ លោក​បន្ថែម​ថា ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃចន្ទ ​ទី២៣​ ខែ​មករា ឆ្នាំ២០១៧ ​សប្តាហ៍​ក្រោយ​ ដើម្បី​ពិនិត្យ​លើ​ការ​ស្នើ​សុំ​នេះ។

លោក ​ឈាង វុន ​អ្នកនាំ​ពាក្យ​ក្រុម​តំណាង​រាស្រ្តគណបក្ស​ប្រជាជន​កម្ពុជា ប្រាប់ ​VOA ​ថា ​ក្រុម​តំណាងរាស្រ្ត​មតិភាគ​ច្រើនរដ្ឋសភា​ បាន​ស្នើ​រដ្ឋសភា​ឲ្យ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី (បី) នៃបទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ ដើម្បី​លុប​ចោល​ក្រុម​តំណាង​រាស្រ្តមតិភាគ​តិច​ក្នុង​រដ្ឋ​សភា​ដែល​មាន​ លោក កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិជា​ប្រធាន​។​ លោក​អះអាង​ថា ​ការ​ស្នើ​ឲ្យ​លុប​ចោលនេះ ដោយ​សារ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ​ធ្វើ​ខុស​ពីយន្តការ​នៃ​ការ​ចរចា​រក​ដំណោះ​ស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ។

​លោក​បញ្ជាក់​ថា៖​ «គណបក្ស​សង្គ្រោះជាតិ​បាន​យក​យន្តការ​នៃ​វប្បធម៌សន្ទនា​នេះ​មិន​បម្រើ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ទេ គឺ​យក​ទៅ​ធ្វើ​សំណើ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ការដោះ​ស្រាយ​បញ្ហា​បុគ្គល។ ហើយ​ពេល​ថ្មីៗនេះ​ទៀត​ យន្ត​ការ​ហ្នឹងត្រូវ​យក​ទៅ​ប្រើ​ក្នុង​ការ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ដែល​ជាប់​ចោទ។​ អញ្ចឹង​ហើយ​យើង​ក៏​សម្រេច​ថា​មិនគួរ​ទុក​តទៅ​ទៀត​ទេ​ ព្រោះ​យើង​មិន​អាច​បន្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​គ្នានេះតទៅទៀត​ទេ»។

ប្រការ​៨២ ​ថ្មី ​នៃ​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ដែល​ពាក់ព័ន្ធ​នឹង​ការ​សុំ​កែ​ប្រែ​បទ​បញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ ​ចែង​ថា​ បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ​នឹង​កែប្រែ​បាន ​លុះត្រា​តែ​មាន​សេចក្តី​ស្នើ​សុំ​ពី​អ្នក​តំណាងរាស្រ្ត​មួយ​ភាគ​៤​យ៉ាង​តិច​ នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំង​មូល​ ហើយ​ត្រូវ​បាន​អនុម័ត​យល់ព្រម​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាតនៃ​ចំនួន​សមាជិករដ្ឋសភា​ទាំង​មូល។

ក្នុង​រដ្ឋ​សភា​អាណត្តិ​ទី​៥​នេះ​ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​មានចំនួន​៦៨រូប​ ស្មើ​នឹង​៦៨​សំឡេង​ ចំណែក​តំណាង​រាស្រ្ត​គណបក្សសង្គ្រោះជាតិ​មាន​ចំនួន​៥៥រូប ​ស្មើ​នឹង៥៥​សំឡេង។

លោក ​អេង ឆៃអ៊ាង ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំងសុំ​មិន​បក​ស្រាយ​លម្អិត​ពាក់​ព័ន្ធ​នឹង​ការ​យល់​ឃើញ​ណា​មួយ ​ចំពោះ​ការ​ប្រជុំ​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ។ ​លោកបញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ដើម្បី​ស្តាប់​ហេតុ​ផល​របស់​ក្រុម​តំណាង​រាស្រ្ត​មតិ​ភាគ​ច្រើន​។​

លោក​បន្ថែម​ថា៖ «យើង​ទៅ​ស្តាប់​មើល​អំពី​ហេតុ​ផល​របស់គេ​ ហើយ​យើង​នឹង​បង្ហាញ​ហេតុ​ផល​មួយ​ចំនួន​ដែល​យើង​មាន​ និង​ស្មារតី​ដើម​ ដែល​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ ហើយ​បាន​ឈាន​ដល់​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​បច្ចុប្បន្ន​នេះ​ ហើយ​ដែល​មាន​ការ​គាំទ្រ​ពី​មតិ​សាធារណៈ​ជាតិ​ និង​អន្តរជាតិ»។​

លោក ​មាស នី ​អ្នក​សិក្សា​ស្រាវជ្រាវពី​ការ​អភិវឌ្ឍ​សង្គម​យល់ថា​ ស្ថាប័ន​រដ្ឋសភា​ក្នុង​ពេល​បច្ចុប្បន្ន​ហាក់​មិន​សូវ​មាន​តម្លៃ​ក្នុង​ចិត្ត​ប្រជា​ពលរដ្ឋ​ ដោយ​សារ​រដ្ឋសភា​បាន​បាត់​បង់​ឯករាជ្យ​ភាព​របស់​ខ្លួន និង​តែង​ធ្វើ​តាម​មនោ​សញ្ចេតនា​របស់​មេដឹកនាំ​ជា​ជាង​យក​ច្បាប់​ជា​ធំ។

លោក​មាន​ប្រសាសន៍​ថា៖​ «ទី១​វាបាត់​បង់នូវ​សេចក្តី​សង្ឃឹម​ដែល​កូន​ខ្មែរ​រងចាំ​ ទី២ទៀត​វាបង្ហាញ​ពី​ភាព​ឡប់ឡែ​របស់​មេដឹកនាំ​ខ្មែរ​យើង​ដែល​មិនមាន​ភាព​ប្រាកដ​និយម​ គាត់​ចង់​បក​ទៅ​លិចៗ ​គាត់​ចង់​បក​ទៅ​កើតៗ​ ហើយ​ខ្ញុំ​ឃើញ​ថា​ស្ថានភាព​បែប​នេះ​វា​មិនមែន​ត្រឹមតែផ្តល់​ភាព​គ្រោះថ្នាក់សម្រាប់​សង្គម​ជាតិ​ សម្រាប់​កិច្ចការ​អភិវឌ្ឍ​ជាតិ​ទេ។ ប៉ុន្តែ​វាក៏ធ្វើ​ឲ្យ​ប្រជាប្រិយ​អ្នក​ដឹកនាំ​ហ្នឹង​ក៏​បាត់បង់​ទៅ​តាម​ហ្នឹង​ដែរ​ ដោយសារ​តែ​ភាព​មិន​ប្រាកដ​និយម​ ហើយ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ផ្សេងៗ​ធ្វើ​តាម​មនោ​សញ្ចេតនា​របស់​ខ្លួន»។

លោក​ មាស នី ​បន្ថែមថា ​ការណ៍​ដែល​រដ្ឋាភិបាល​សម្រេច​បិទ​ផ្លូវ​ចរចា​នេះ ​នឹង​ធ្វើ​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​បក្ស​ប្រឆាំង​ផ្សេងៗ​ដែល​កំពុង​ជាប់​ឃុំ​ ​មិន​ងាយ​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ ដែល​លោក​អះអាងថា​ សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​កាន់​តែ​រង​នូវ​ការ​រិះ​គន់​កាន់​តែ​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ។

យ៉ាង​ហោច​ណាស់សកម្ម​គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី​ប្រមាណ​ជា​ជាង​២០​នាក់​ កំពុង​ទន្ទឹង​រង់​ចាំ​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាពក្នុង​សំណុំ​រឿង​ផ្សេងៗគ្នា​ ដែលត្រូវ​បាន​មជ្ឈ​ដ្ឋាន​ជាតិ​ និង​អន្តរជាតិលើកឡើង​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។ ការ​ទន្ទឹង​រង​ចាំ​របស់​ពួកគេ​ ថា​នឹង​មានការ​ដោះ​លែង​ កើត​មាន​ឡើង​បន្ទាប់ពីថ្នាក់​ដឹក​នាំ​គណបក្ស​ធំៗទាំងពីរ​ក្នុង​រដ្ឋសភា​ប្រកាស​ពី​ការ​ជួប​ចរចាគ្នា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​៕

XS
SM
MD
LG