មេធាវីនិងអ្នកនយោបាយនៅក្នុងប្រទេសតួកគី កំពុងតែព្រមានថា អនុក្រឹត្យបន្ទាន់ថ្មីមួយនឹងលើកឡើងពីអំពើហិង្សានិងលើកទឹកចិត្តឲ្យមានព័ត៌មានចោទប្រកាន់ទៅលើក្រុមណាមួយ។
សមាគមសហភាពមេធាវីតួកគីដែលជាក្រុមមេធាវីសំខាន់ៗនៃប្រទេសតួកគីនិយាយថា អនុក្រឹត្យនេះត្រូវបានសរសេរឡើងដោយមិនច្បាស់លាស់ ហើយអាចនាំឲ្យមានអំពើហិង្សាបាន។
ច្បាប់ថ្មីនេះ ដែលត្រូវបានអនុម័តកាលពីថ្ងៃអាទិត្យ ផ្តល់អភ័យឯកសិទ្ធិដល់ជនស៊ីវិលដែលធ្វើសកម្មភាពបញ្ឈប់ការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ២០១៦។ កាលពីមុននេះ រដ្ឋាភិបាលបានផ្តល់អភ័យឯកសិទ្ធិដល់មន្ត្រីអនុវត្តច្បាប់និងមន្ត្រីរដ្ឋាភិបាល ដែលចាត់វិធានការដើម្បីកម្ចាត់រដ្ឋប្រហារ។
លោកអតីតប្រធានាធិបតីតួកគី Abdullah Gul ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់លោកប្រធានាធិបតី Tayyip Erdogan ក៏បានសម្តែងការព្រួយបារម្ភទៅលើវិធានការនេះផងដែរ នៅក្នុងការបង្ហាញការប្រឆាំងដ៏កម្រមួយ។ លោក Gul បានមានប្រសាសន៍ថា ច្បាប់នេះគឺ «គួរឲ្យបារម្ភណាស់» ហើយលោកនិយាយទៀតថា ច្បាប់នេះគួរតែត្រូវបានវាយតម្លៃជាថ្មីឡើងវិញ។
កាលពីថ្ងៃចន្ទ គណបក្សប្រជាជនសាធារណរដ្ឋ ដែលជាគណបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសតួកគីបាននិយាយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ទៅលើអនុក្រឹត្យនេះនៅតុលាការធម្មនុញ្ញ។
គណបក្ស Ivi Parti ដែលជាគណបក្សប្រឆាំងថ្មីមួយ និយាយថា អនុក្រឹត្យនេះអាចបង្កឲ្យមានការវាយប្រហារទៅលើអ្នកតវ៉ារបស់គណបក្សប្រឆាំង ដោយចោទប្រកាន់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យ៕