ផែនការមួយដើម្បីជួយសង្គ្រោះប្រព័ន្ធទឹកទន្លេមួយក្នុងចំណោមប្រព័ន្ធទឹកទន្លេដ៏សំខាន់បំផុតនៅក្នុងប្រទេសអូស្ត្រាលីកំពុងជិតដួលរលំ បន្ទាប់ពីមានការខ្វែងគំនិតគ្នាពីរបៀបក្នុងការគ្រប់គ្រងធនធានទឹកដ៏កម្រមួយនេះ។
តំបន់ Murray-Darling ផលិត៤០ ភាគរយ នៃអាហារទាំងអស់របស់អូស្ត្រាលី ហើយសម្រាប់៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរដែលជ្រើសតាំងជាពិសេសមួយកំពុងព្យាយាមធ្វើឲ្យតម្រូវការបរិស្ថានមានតុល្យភាពជាមួយនឹងតម្រូវការផ្នែកសេដ្ឋកិច្ចរបស់កសិករ។ កិច្ចព្រមព្រៀងចែករំលែកទឹកដ៏សំខាន់មួយកំពុងស្ថិតក្នុងហានិភ័យ បន្ទាប់ពីមានជម្លោះរវាងរដ្ឋនានាអូស្ត្រាលី ទៅលើចំនួនបរិមាណទឹកដែលត្រូវបែងចែកសម្រាប់តម្រូវការបរិស្ថាននិងកសិកម្ម។
រដ្ឋ Victoria និងរដ្ឋ New South Wales អះអាងថា ឥឡូវនេះ ផែនការមួយនេះមិនអាចទៅមុខបាននោះទេ បន្ទាប់ពីសភាសហព័ន្ធអូស្ត្រាលីបានរារាំងដល់ការផ្លាស់ប្តូរចំពោះការបែងចែកទឹកមួយដែលបានផ្តល់ទឹកចំនួន៧០ហ្គីហ្គាលីត្រ ឬ ៧០ ពាន់លានលីត្រ (៧០.០០០.០០០.០០០លីត្រ) ដែលកាលពីពេលមុនៗ ចំនួននេះត្រូវបានគេរក្សាទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍បរិស្ថាន។ ក្រុមសមាជិកព្រឹទ្ធសភាមានការព្រួយបារម្ភពីការចោទប្រកាន់ដែលថា ប្រព័ន្ធទឹកនេះមានបញ្ហាដោយសារអំពើពុករលួយ និងដោយសារការលួចទឹកចេញពីប្រព័ន្ធទឹកដោយកសិករដែលអសីលធម៌។
អ្នកស្រី Hanson-Young ជាសមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្ស Federal Greens បានថ្លែងថា៖
«មានបញ្ហាលួចទឹក អំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ ហេតុអ្វីក៏សភាចុះហត្ថលេខាផ្តល់ទឹកកាន់តែច្រើនដល់មនុស្សដែលមានឥរិយាបថអាក្រក់បែបនេះ»?
តំបន់ Murray-Darling គឺជាប្រព័ន្ធទន្លេដ៏ល្បីនិងធំបំផុតរបស់អូស្ត្រាលី។ តំបន់នេះគ្របដណ្តប់លើផ្ទៃដីជាង១លាន គីឡូម៉ែត្រការ៉េ នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ដែលតំបន់នេះធំជាងទំហំប្រទេសបារាំងនិងអាល្លឺម៉ង់បូកបញ្ចូលគ្នាទៅទៀត។
ក្រុមអ្នកវិទ្យាសាស្ត្របានប្រកែកថា មិនមានភាពល្អប្រសើរជារួមនោះទេ បើនិយាយពីគុណភាពប្រព័ន្ធទឹក ចាប់តាំងពីផែនការជួយសង្គ្រោះប្រព័ន្ធទឹកនេះត្រូវបានណែនាំកាលពីជាង៥ឆ្នាំមុន។
ផែនការជួយសង្គ្រោះប្រព័ន្ធទឹកនេះបង្កើតឡើង ដើម្បីធ្វើឲ្យមានតុល្យភាពរវាងការការពារបរិស្ថាននិងការផ្តល់អត្ថប្រយោជន៍នៅក្នុងវិស័យកសិកម្ម ប៉ុន្តែភាគីទាំងពីរជឿថា ពួកគេត្រូវបានគេបោកប្រាស់។ មិនមានការបែងចែករវាងរដ្ឋក្នុងប្រទេសអូស្ត្រាលីនោះទេ។
ប្រទេសអូស្ត្រាលីគឺជាទ្វីបដែលមានមនុស្សរស់នៅហើយស្ងួតបំផុតក្នុងពិភពលោក ហើយជារឿយៗ ប្រទេសនេះជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ