ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បច្ចេកវិទ្យា​បណ្ដុះ​ពូជ ART ជួយ​ដល់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef របស់​អូស្ត្រាលី


នេះ​ជា​ទិដ្ឋាភាព​នៃ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef របស់​ប្រទេស​អូស្ត្រាលី។

លោក​សាស្ត្រាចារ្យ Peter Harrison មក​ពី​សាកលវិទ្យាល័យ Southern Cross បាន​ប្រមូល​យក​ពង​ផ្កា​ថ្ម​ចេញ​ពី​កោះ Heron នៃ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef របស់​ប្រទេស​អូស្ត្រាលី។ បន្ទាប់​មក ពង​ផ្កា​ថ្ម​ទាំង​នោះ​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​អាង​ទឹក​ធំៗ ដែល​ជា​កន្លែង​សម្រាប់​ឲ្យ​ពង​ផ្កា​ថ្ម​ទាំង​នោះ​រីក​លូតលាស់​ក្លាយ​ជា​ផ្កា​ថ្ម។

បន្ទាប់​មក​ទៀត កូន​ផ្កា​ថ្ម​ដែល​ទើបតែ​កកើត​រាប់​លាន​ត្រូវ​បាន​ដាក់​ទៅ​លើ​ផ្នែក​ដែល​រង​ការ​ខូចខាត​មួយ​ចំនួន​នៃ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef ដោយសារតែ​ផ្នែក​រង​ការ​ខូច​ខាត​ទាំង​នោះ​ប្រហែល​ជា​មិន​អាច​បង្កើត​ពូជ​ផ្កា​ថ្ម​ថ្មីៗ​បន្ថែម​ទៀត​តាម​បែប​ធម្មជាតិ​បាន​នោះ​ទេ។

កូន​ផ្កា​ថ្ម​ទាំង​នោះ​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​ទ្រុង​សំណាញ់​ធំៗ​នៅ​ក្នុង​សមុទ្រ ដែល​គេ​អាច​តាម​ដាន​មើល​ការ​លូតលាស់​របស់​កូន​ផ្កា​ថ្ម​ទាំង​នោះ​បាន។

លទ្ធផល​ដំបូងៗ​បង្ហាញ​ថា ការ​សាកល្បង​នេះ​ទទួល​បាន​ជោគជ័យ។ គេ​អាច​ប៉ាន់​ប្រមាណ​បាន​ថា ផ្កា​ថ្ម​តូចៗ​ប្រហែល​ជា ១ រយ បាន​រស់​ធំ​ធាត់​ឡើង និង​កំពុង​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ថ្មី​របស់​ខ្លួន។

ទ្រុង​សំណាញ់​ទាំង​នោះ​ត្រូវ​បាន​គេ​ដាក់​គ្រប​ដណ្ដប់​លើ​ផ្កា​ថ្ម​ដែល​ខូចខាត​ទំហំ ១ រយ​ម៉ែត្រ​ការ៉េ ហើយ​ជំហាន​បន្ទាប់​នឹង​គ្រប​ដណ្ដប់​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​ទំហំ​រាប់​គីឡូម៉ែត្រ។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​បច្ចេកវិទ្យា​បណ្ដុះ​ពូជ​ដោយ​មាន​ជំនួយ​ដែល​ហៅ​កាត់​ថា ART ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ការ​អនុវត្ត​វិធីសាស្ត្រ​បង្កាត់​ពូជ​នេះ​ធ្វើ​តាម​ការ​សាកល្បង​ដោយ​ជោគជ័យ​មួយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​បាន​ជួយ​ថ្ម​ប៉ប្រះ​ទឹក​ជាច្រើន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​នេសាទ។

លោក​សាស្ត្រចារ្យ Harrison បាន​និយាយ​ថា ការ​សាកល្បង​ទៅ​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef នេះ មាន​ដំណើរការ​ល្អ។

លោក​និយាយ​យ៉ាង​ដូច្នេះ​ថា៖ ‍«អ្វី​ដែល​យើង​ធ្វើ គឺ​ប្រមូល​ពង​ផ្កា​ថ្ម​មួយ​ចំនួន ហើយ​ចិញ្ចឹម​កូន​ផ្កា​ថ្ម​ល្អិតៗ​ដែល​ទើប​កកើត​ថ្មី​ចំនួន​រាប់​លាន។ បន្ទាប់​មក យើង​ដាក់​កូន​ផ្កា​ថ្ម​ទាំង​នោះ​ចូល​ទៅ​ក្នុង​ផ្នែក​នៃ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែល​មិន​មាន​ផ្កា​ថ្ម​មាន​ជីវិត​រស់នៅ​ច្រើន ដើម្បី​បង្កើន​អត្រា​ខ្ពស់​ឲ្យ​ផ្កា​ថ្ម​អាច​រីក​លូតលាស់​ឡើង​វិញ​បាន។ នេះ​គឺ​ជា​ការ​ពិសោធន៍​លើក​ដំបូង​អំពី​ការ​ប្រើ​បច្ចេកវិទ្យា​បណ្ដុះ​កូន​ផ្កា​ថ្ម​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef។ ការងារ​នេះ​នៅ​ជា​ការ​សាកល្បង​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​សាកល្បង​ចុង​ក្រោយ​ទាំង​នេះ អាច​ឲ្យ​យើង​យល់​អំពី​របៀប​ដែល​យើង​អាច​ពង្រីក​វិសាលភាព​បន្ថែម​ទៀត​លើ​ការ​ស្ដារ​ផ្កា​ថ្ម​ក្នុង​ដែន​ទឹក​ទំហំ​រាប់​ហិចតា​នា​ពេល​អនាគត»។

ឧទ្យាន Great Barrier Reef Marine មាន​ទំហំ​ប្រហែល​ស្មើ​នឹង​ប្រទេស​ជប៉ុន និង​មាន​ទំហំ​ធំ​ខ្លាំង​ដែល​គេ​អាច​មើល​ឃើញ​ឧទ្យាន​នេះ​ពី​ដែន​អវកាស​បាន។ ឧទ្យាន​នេះ​ជា​ជម្រក​នៃ​ពពួក​សត្វ​សន្ដាន​ខ្យង​ជាង ៣ ពាន់​ប្រភេទ និង​ត្រី​ជាង ១ ពាន់ ៦ រយ​ប្រភេទ។

ឧទ្យាន​នេះ​មិន​ត្រឹម​តែ​ជា​រតនសម្បត្តិ​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​រតនសម្បត្តិ​សេដ្ឋកិច្ច​ផង​ដែរ ដោយ​វា​អាច​បង្កើត​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក និង​ផ្ដល់​ការងារ​រាប់​ម៉ឺន ដែល​ការងារ​ភាគ​ច្រើន​ជា​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​អូស្ត្រាលី។

បើ​យោង​តាម​អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី កាល​ពី ២ ឆ្នាំ​មុន តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef ទំហំ​ពីរ​ភាគ​បី បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​ផ្កា​ថ្ម​មាន​ភាព​សឹក​រេចរឹល​ដែល​បណ្ដាល​មក​ពី​ការ​ឡើង​កម្ដៅ​សីតុណ្ហភាព​ទឹក​សមុទ្រ។

រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ប្រើប្រាស់​ថវិកា​ជាង ៣ សែន ១ ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​សាស្ត្រាចារ្យ Harrison អំពី​ការ​បណ្ដុះ​ពូជ​ផ្កា​ថ្ម ឲ្យ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG