ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការងារ៖ កម្មករ​កម្ពុជា​ជិត​១០​ម៉ឺន​នាក់​​រង​ផល​ប៉ះពាល់ ​ដោយ​សារ​ឥទ្ធិពល​វីរុស​កូរ៉ូណា


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ កម្មករ​ជិត​១០​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់ដោយ​សារ​រោងចក្រ​ព្យួរ​ការងារ​ ខណៈ​មិន​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស។ ​

លោក ​ហេង សួរ​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​រោងចក្រ​សម្លៀក​បំពាក់ ​និង​ស្បែក​ជើង ជាង​១៣០​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ព្យួរ​ការងារ។​ លោក​បញ្ជាក់​ថា​ តាម​ពិតទៅ ​រោងចក្រ​ទាំង​នោះ​បាន​ស្នើ​សុំ​បិទ​រោង​ចក្រ​តែ​ម្តង​ តែ​ក្រសួង​ការងារ​ព្យាយាម​សម្របសម្រួល​ឲ្យ​កម្មករ​ទទួល​បាន​ផល​ប្រយោជន៍ ​តាម​រយៈ​ការ​ព្យួរ​ការងាររបស់​កម្មករ​វិញ។ ​លោក​បញ្ជាក់​ថា ​បើ​រោងចក្រ​បិទ​ដំណើរ​ការងារ​ នោះ​កម្មករ​នឹង​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នោះ​ទេ។​

លោក ​ហេង សួរ ថ្លែង​ថា៖ ​«តាម​ចិត្ត​វិស័យ​ឯក​ជន​ផ្ទាល់​តែ​ម្តង​ គឺ​គាត់​ប្រហែល​ជា​ត្រូវ​បិទ​ ប៉ុន្តែ​តាម​រយៈ​ការ​សម្រប​សម្រួល ​ដូច​ជា​ការ​លើក​លែង​ពន្ធ​ ការ​សម្រួល​នូវ​ការ​បង់​វិភាគ​ទាន​ប.ស.ស ​ហើយ​និង​សម្រួល​នូវ​ផ្នែក​ផ្សេងៗ​ទៀត​គឺ​ថា​គាត់​សុខ​ចិត្ត​ព្យួរ​ ហើយ​គាត់​សុខ​ចិត្ត​ចេញ​នូវ​ចំណែក​ខ្លះ»។

បើ​តាម​លោក​ ហេង សួរ រោងចក្រ​ប្រមាណ​១០​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ព្យួរ​ការងារ​ នៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​នេះ ​ ដែល​នឹង​ប៉ះពាល់ដល់​កម្មករ​ប្រមាណ​៦​ពាន់​នាក់។​ លោក​បញ្ជាក់​ថា​ ​កម្មករ​ដែល​ព្យួរ​នេះ​នឹង​ទទួល​បាន​ថវិកា​៤០​ដុល្លារ​ពី​រដ្ឋាភិបាល ​តាម​រយៈ​ប្រព័ន្ធ​ផ្ទេរ​លុយ​វីង​(Wing) ​ក្រោយ​ពួកគេ​ផ្តល់​លេខ​ទូរស័ព្ទ​ជាក់​លាក់​ទៅ​ដល់​រដ្ឋបាល​រោងចក្រ​ដែល​ពួក​គេ​កំពុង​ធ្វើការ។​

មន្រ្តី​សហជីព​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ​កម្មករ​រោងចក្រ​កាត់​ដេរ​ជា​ច្រើន​នាក់​ទៀតនឹង​ត្រូវ​ព្យួរ​ពីការងារ ​ខណៈ​កម្មករ​រាប់​ពាន់​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារតែ​ម្តង​ ក្រោយ​រោងចក្រ​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ជា​បន្ត​បន្ទាប់។​ ការ​បញ្ឈប់​កម្មករ​ពី​ការងារ​នេះ​កើត​ឡើង​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​វីរុស​កូរ៉ូណា ​ដែល​នាំ​ឲ្យ​មិន​មាន​ការ​បញ្ជា​ទិញ។ ​

មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា​ តើ​កម្មករ​ប៉ុន្មាន​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នោះ​ទេ​ ខណៈ​មាន​វិបត្តិ​នៃ​ការ​រាត​ត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​នេះ។ ​

រដ្ឋាភិបាល​កម្ពុជា​ដំបូង​ឡើយ​បាន​ប្រកាស​ឲ្យ​រោងចក្រ​ព្យួរ​ការងារ​កម្មករ​ ​ហើយ​កម្មករ​ដែល​ត្រូវ​ព្យួរ​ពី​ការងារ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៧០​ដុល្លារ​ ក្នុង​នោះ​៤០​ដុល្លារ​ពី​រដ្ឋាភិបាល ​និង​៣០​ដុល្លារ​ពី​រោងចក្រ​កាត់​ដេរ។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​៨០​ម៉ឺន​នាក់​ ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជនបទ។​ វិស័យ​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​អាច​ជួយ​ជីវភាព​គ្រួសារ​នៅ​តាម​ជន​បទ​ ក្នុង​នោះ​មាន​ការ​ដោះ​ស្រាយ​បំណុល​ផង​ដែរ។ ​ទី​ផ្សារ​សំខាន់​របស់​វិស័យ​វាយនភណ្ឌ​នេះគឺ​សហ​ភាព​អឺរ៉ុប ​ដែល​ជា​ទី​ផ្សារ​ធំ​ទី​១និង​សហ​រដ្ឋ​អាមេរិក ​ដែល​ជា​ទី​ផ្សារ​ធំ​លំដាប់​ទី២៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG