ធនាគារជាតិនៃកម្ពុជាបានស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់លើកលែងការសងបំណុល ដែលប្រជាពលរដ្ឋជំពាក់រហូតដល់ចុងឆ្នាំ២០២០ ប្រសិនបើពួកគេពុំមានលទ្ធភាពបង់។
នេះជាការបញ្ជាក់ជាថ្មីរបស់ធនាគារជាតិ ខណៈប្រទេសកម្ពុជាកំពុងរងឥទ្ធិពលនៃការរាតត្បាតវីរុសកូរ៉ូណា។ ប្រជាជនដែលងាយរងគ្រោះបានបាត់បង់ការងារ។ ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះរហូតមិនមានលទ្ធភាពបង់សងប្រាក់។
ក្នុងលិខិតមួយចុះថ្ងៃទី២០ ខែមេសា ទៅកាន់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ធនាគារជាតិនៃកម្ពុជាបានស្នើឲ្យមានការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួនចាប់ពីពេលបរិច្ឆេទនៃលិខិតនេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។ ធនាគារស្នើសុំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងនោះ «សហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់»។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងមើលលក្ខខណ្ឌជាក់ស្តែងរបស់អ្នកជំពាក់ ដែលភាគច្រើនជាអ្នកធ្វើការក្នុងវិស័យទេសចរណ៍ សំណង់ ដឹកជញ្ជូន និងរោងចក្រកាត់ដេរ។ លោកបន្តថា នេះជាកាលៈទេសៈនៃការយោគយល់គ្នាទៅវិញទៅមក។
លោកបានថ្លែងប្រាប់ VOA ថា៖ «ក្នុងពេលផលប៉ះពាល់នៃជំងឺកូវីដនេះ វាប៉ះពាល់ទាំងអតិថិជន វាប៉ះពាល់ទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក៏ប៉ុន្តែដើម្បីចូលរួមដោះស្រាយបញ្ហានេះបាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏គាត់ ត្រូវការលះបង់ខ្លះដែរ ដើម្បីជួយអតិថិជនគាត់ក្នុងពេលដែលពិបាកហ្នឹង»។
កម្មកររោងចក្ររាប់ម៉ឺននាក់ត្រូវបានព្យួរ និងបញ្ឈប់ពីការងារ ដោយសាររោងចក្របិទ និងកាត់បន្ថយផលិតកម្ម ដោយសារមិនមានការបញ្ជាទិញ។ ចំណែកពលករខ្មែរជិត ៩ម៉ឺននាក់ក៏បានវិលត្រឡប់ពីប្រទេសថៃ ហើយពួកគេភាគច្រើនក៏ជំពាក់បំណុលគេដែរ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃពុធ បានថ្លែងថា ពលករវិលត្រឡប់ពីប្រទេសថៃជាប់បំណុលគេ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់។
លោកបានថ្លែងថា៖ «ការងារហ្នឹងមិនមែនថាយើងមិនយកចិត្តទុកដាក់ទេ។ [យើង]យកចិត្តទុកដាក់ប៉ុន្តែឲ្យចំមុខសញ្ញាបានន័យថា អ្នកហ្នឹងជួនអីជំពាក់លុយគេ ...មីក្រូហិរញ្ញវត្ថុអីៗ។ [ពេល]មកវិញវ័ណ្ឌកអត់មានចំណូល មានអី។ អាហ្នឹងជាមុខសញ្ញាមួយដែលយើងយកចិត្តទុកដាក់ជួយហើយ។ ហើយមិនតិចទេ អាមុខសញ្ញាហ្នឹងណា៎ជំពាក់គេហ្នឹងណា៎ ប្រហែលជាមានច្រើន»។
ពលករម្នាក់ដែលមកពីប្រទេសថៃ អ្នកនាង អាន់ ស្រីលីស អាយុ២៦ឆ្នាំ រស់នៅក្នុងខេត្តតាកែវ បានថ្លែងប្រាប់ VOA ថា អ្នកនាងកំពុងព្រួយបារម្ភអំពីការសងបំណុលគេ ដែលត្រូវបង់មួយខែប្រមាណ១២០ដុល្លារ និងត្រូវបង់៦ខែទៀត។
ប្រជាជននៅតាមជនបទភាគច្រើនជាប់បំណុលមីក្រូហិរញ្ញវត្ថុធនាគារ និងបំណុលឯកជន។ ករណីខ្លះពួកគេបានយកកម្ចីពីច្រើនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការខ្ចីបែបឯកជនដែលមានការប្រាក់ខ្ពស់។ការណ៍នេះនាំឲ្យពួកគេធ្លាក់ខ្លួនក្នុងអន្ទាក់បំណុល ហើយស្ថានភាពរស់នៅរបស់ពួកគេកាន់តែលំបាក ដោយសារត្រូវរកលុយសងបំណុលគេជារៀងរាល់ខែ។
លោក យឿន វណ្ណៈ អាយុ៣៦ឆ្នាំ នៅខេត្តបាត់ដំបង មានប្រសាសន៍ថា លោកត្រូវបង់សងគេចំនួន ៩០ដុល្លារក្នុងមួយខែ រយៈពេលជាង២ឆ្នាំទៀត ក្រោយខ្ចីលុយគេ ២ពាន់ដុល្លារ កាលពីឆ្នាំមុនដើម្បីទិញម៉ូតូ។
លោក វណ្ណៈ ដែលមានការងារមិនទៀងទាត់ និងមានភរិយាជាកម្មកររោងចក្រកាត់ដេរ នៅភ្នំពេញ មានប្រសាសន៍ថា ភរិយារបស់លោកត្រូវបានព្យួរការងារ ហើយទទួលបានប្រាក់ចំណូលតិចជាងមុន។ លោកស្នើសុំការយោគយល់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈ្មោះ អាក់ទីវ ភីភលភីអិលស៊ី (APMFI) រយៈពេលពីរបីខែ។
លោកមានប្រសាសន៍ថា៖ «ខលសុំ កាលនោះ គេ... គេមិនមែនថា គេមិនព្រមទេ។ ប៉ុន្តែគេថា គេពន្យារឲ្យបានប៉ុន្តែខូចឈ្មោះអ៊ីចឹងណា៎.... ដាច់ខាតយើងត្រូវតែបង់។គេនិយាយអ៊ីចឹង។ មិនមែនថាបង់ពន្យារបានអីបានប៉ុណ្ណេះខែ។ គេនិយាយថា បើយើងពន្យារ យើងខូចឈ្មោះអ៊ីចឹងណា៎»។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភលភីអិលស៊ី បដិសេធមិនផ្តល់បទសម្ភាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃសុក្រនេះ។
បើតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឥណទានជាង ៧ពាន់លានដុល្លារអាមេរិក ដល់ប្រជាពលរដ្ឋខែ្មរជាង ២,២លាននាក់ ក្នុងនោះមានប្រមាណ ៨០ភាគរយជាស្ត្រី។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានជាង ៧០និងគ្រឹះស្ថានឥណទានជនបទមានជាង ២០។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាក់ថា ដោយសារផលប៉ះពាល់នៃវីរុសកូរ៉ូណាអត្រាភាពក្រីក្រនៅកម្ពុជា អាចកើនឡើងក្រោយជំងឺដែលកំពុងរាតត្បាតជាសាកលនេះបាត់ទៅវិញ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែក្នុងស្ថានភាពដែលកូវីដវារាលដាលនេះ ប្រហែលជាអាចវាមានផលប៉ះពាល់ បានន័យថា វាធ្វើឲ្យចំនួនអ្នកក្រហ្នឹង[កើនឡើង] ដែលចុងក្រោយ យើងថានៅសល់ប៉ុន្មាន ៩ភាគរយ។ ប៉ុន្តែដល់តែកូវីដទៅ តើវាឡើង ១០ភាគរយ ឬវានៅ ៩ភាគរយ?»
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមិនមានថវិកាចែកដល់ប្រជាពលរដ្ឋនោះទេ៕