ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ បញ្ឈប់​ការ​គំរាម​កំហែង​និង​បិទ​ស្ថាប័ន​ដែល​លើកស្ទួយ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា


រូបឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្តាល) ចូលរួម​ក្នុង​ពិធី​គម្រប់ខួប​៣៨ឆ្នាំ​នៃ​ការ​ដួលរំលំ​នៃ​របប​ខ្មែរក្រហម នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្តាល) ចូលរួម​ក្នុង​ពិធី​គម្រប់ខួប​៣៨ឆ្នាំ​នៃ​ការ​ដួលរំលំ​នៃ​របប​ខ្មែរក្រហម នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។

ក្រោយ​ពី​មាន​ការ​ដាក់​សម្ពាធ​ជា​បន្តបន្ទាប់​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ ​និង​បិទ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​បាន​ធ្វើ​ការ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​ទាំង​នោះ​ ​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​លើ​គន្លង​ប្រជា​ធិបតេយ្យ។​ ​ទោះជា​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា កម្ពុជា​កំពុង​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ខ្លួន។

នា​ថ្ងៃ​សុក្រ​នេះ​ ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​សមាជិក​ព្រឹទ្ធ​សភា​របស់​សហរដ្ឋ​អាមេរិក​បាន​រិះគន់​ខ្លាំងៗ​ ​និង​អំពាវនាវ​ជា​បន្តបន្ទាប់​ឱ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​ ​ការ​ប្តឹងផ្តល់​ ​ការ​បិទ​សារ​ព័ត៌មាន​ឯករាជ្យ​និង​អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ប្រទេស​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ចេញ​ពីទី​ក្រុង​បាងកក​ក្រោម​ចំណង​ជើង​ថា​ ​«កម្ពុជា​ធ្វើការ​វាយ​លុក​ដ៏​ស្រួចស្រាវ​លើ​សារ​ព័ត៌មាន​ ​និង​ក្រុម​សិទ្ធិ​មនុស្ស» ក៏​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​សប្តាហ៍​ចុង​ក្រោយ​នេះ ​បាន​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់ ​ដោយ​គំរាម​កំហែង​និង​បិទ​សំឡេង​អ្នក​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស។​ ចាប់​ពី​ថ្ងៃទី​២១ ​ខែ​សីហា​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​ដំណើរ​ការ​របស់​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ ​(NDI)​ ​គំរាម​បិទ​ការ​ផ្សាយ​របស់​កាសែត​ ​ឌឹខេមបូឌាដេលី​ ​បង្ខំ​បិទ​វិទ្យុ​មហានគរ​ ​ដែល​មាន​ម្ចាស់​ជា​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ ​និង​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​ VOD​ ​និង​បិទ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ជួល​ម៉ោង​ផ្សាយ​ឱ្យ​ ​VOA​ ​និង​អាស៊ីសេរី​ ​(RFA)​ ​ជា​ដើម។​ ក្រៅពី​នេះ​ រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​បញ្ជា​ឱ្យ​បិទ​កម្ម​វិធី​ឃ្លាំមើល​ការ​បោះឆ្នោត​ ​ដែល​ហៅ​ថា​ ​«បន្ទប់​ស្ថាន​ការណ៍» ដែល​តាម​ដាន​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា។

គេហទំព័រដើមរបស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)
គេហទំព័រដើមរបស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)

លោក​ ​Phil Robertson​ ​អនុ​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ​ប្រចាំ​នៅ​អាស៊ី​ ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖​

«សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បិទ​ជា​បន្តបន្ទាប់​នូវ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​នានា​ ​និង​ក្រុម​អង្គការ​ ដែល​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​ប្រជា​ធិបតេយ្យ​ដ៏​គួរ​ឱ្យ​គោរព​នេះ​ បង្ហាញ​ថា​ ​ហ៊ុន សែន​ ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​បិទ​កុំ​ឲ្យ​មាន​ការ​រិះគន់​លើ​ការ​គ្រប់គ្រង​របស់​លោក។​ ​អង្គ​ទូត​នានា​ ​និង​ម្ចាស់​ជំនួយ​គួរតែ​ប្រាប់​លោក​ ​ហ៊ុន សែន ​ថា ​គាត់​មិន​អាច​ធ្វើ​ឲ្យផែនដី​វិល​បញ្ច្រាសបាន​នោះ​ទេ។ ធ្វើ​បែបនេះ​នាំ​ឲ្យ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ គឺ​នឹង​មិន​អាច​ទុក​ចិត្ត​បាន​នោះ​ទេ»។​

អនុ​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ​ប្រចាំ​តំបន់​អាស៊ី​រូប​នេះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ ​ការ​វាយ​ប្រហារ​ដល់​សារព័ត៌មាន​នានា​ ​អង្គការ​សិទ្ធិ​មនុស្ស​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែលលើក​ស្ទួយ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ​ហាក់​ដូច​ជា​មាន​ការ​រីករាល​ដាល​យ៉ាង​ឆាប់​រហ័ស។

លោក​ ​Phil Robertson​ ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ការ​គ្រប់​គ្រង​ប្រទេស​របៀប​ផ្តាច់​ការ​របស់​ ​ហ៊ុន សែន​ ​កំពុង​ត្រូវ​បាន​គេ​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ»។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ថ្លែង​ប្រាប់​ ​VOA​ នា​ថ្ងៃ​សុក្រ​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch​ ​ដែល​លោក​ហៅ​ថា​ ​ជា​ ​«អង្គការ​ខ្មាំង»​ ​នោះ​ទេ។​ ​អ្នក​នាំពាក្យ​រូប​នេះ​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​ក៏​គ្មាន​ការ​ចាំបាច់​ក្នុង​ការ​ធ្វើ​តាម​ការ​អំពាវនាវ​នេះ​ដែរ។​

លោក ​ផៃ ស៊ីផាន​ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«យើង​មិន​ទទួល​ការ​បង្គាប់​បញ្ជា​ពី​បរទេស​ណា​មួយ​ទេ ​ហើយ​អង្គការ ​Human Rights Watch​ ​គ្រាន់​តែ​ជា​អង្គការ​ខ្មាំង​មួយ​ដែល​តាម​ឈ្នានីស​កម្ពុជា​តែ​ប៉ុណ្ណោះ»។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ​លោក​ ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​ ៣០​ឆ្នាំ​ ​បាន​ចោទ​សារ​ព័ត៌មាន​ជា​ភាសា​អង់​គ្លេស​ ​The Cambodia Daily​ ​ថា​ជា​ «មេចោរ»​ ​ដែល​គេច​វេស​មិន​បង់​ពន្ធ​ដ៏​ច្រើន​លើស​លប់។​ ​លោក​ ​ហ៊ុន សែន​ ​ប្រកាស​បណ្តេញ​កាសែត​ដ៏​មាន​វ័យ​ចំណាស់​នេះ​ចេញ​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ប្រសិន​បើ​មិន​បង់​ពន្ធ​ជាង​៦លាន​ដុល្លារ​ ​ឱ្យ​អស់​ត្រឹម​ដើម​ខែ​កញ្ញា​ខាង​មុខ។​

កាសែត​ The Cambodia Daily ចុះផ្សាយ​អត្ថបទ​ «លោក ហ៊ុន សៃន ព្រមាន​ឲ្យ​ [កាសែត​ The Cambodia Daily] វេចបង្វិច​ បើសិន​មិន​បង់ពន្ធ» ដាក់​លក់​នៅតូប​កាសែត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៧។
កាសែត​ The Cambodia Daily ចុះផ្សាយ​អត្ថបទ​ «លោក ហ៊ុន សៃន ព្រមាន​ឲ្យ​ [កាសែត​ The Cambodia Daily] វេចបង្វិច​ បើសិន​មិន​បង់ពន្ធ» ដាក់​លក់​នៅតូប​កាសែត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៧។

ពីរ​ថ្ងៃ​បន្ទាប់​មក​គឺ​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ឈប់​សកម្មភាព​ ​និង​បណ្តេញ​បុគ្គលិក​ជនជាតិ​បរទេស​ទាំង​អស់​របស់​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ (NDI)​ ​ឱ្យ​ចេញ​ពី​កម្ពុជា​ ដោយ​ចោទ​ថា​ អង្គការ​ដែល​ទទួល​ការ​ឧបត្ថម្ភ​ពី​សហរដ្ឋ​អាមេរិក​នេះ មិន​គោរព​តាម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​ច្បាប់​ស្តីពី​សារ​ពើ​ពន្ធ។​ ​ស្រប​គ្នា​នោះ​ដែរ​ វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ ដែល​ជួល​ម៉ោង​ឱ្យ​ ​VOA​ ​វិទ្យុអាស៊ី​សេរី​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​បញ្ឈប់​ដំណើរ​ការ​នឹង​ប្រឈម​ការ​ប្តឹង​ផ្តល់​ពី​ក្រសួង​ព័ត៌មាន។​

នា​ថ្ងៃ​សុក្រ​នេះ​ផង​ដែរ​ ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ CCIM​ ​ដែល​មាន​វិទ្យុ​ឯករាជ្យ​ ​VOD​ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ​វិទ្យុ​ VOD​ ​របស់​ខ្លួន​ ​«ត្រូវ​បាន​ផ្អាក​ទាំងស្រុង»​ ​ដោយ​ដៃ​គូ​វិទ្យុ​ជា​ច្រើន​ដែល​ផ្តល់​ម៉ោង​ផ្សាយ​ផ្ទាល់​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​ខេត្ត​ បាន​បញ្ឈប់​ការ​ផ្សាយ​ឱ្យ​ VOD​ ​ដោយ​មិន​បញ្ជាក់​មូលហេតុ​ច្បាស់​លាស់។​

VOA​ បាន​ព្យាយាម​ទាក់ទង​សុំ​សេចក្តី​អធិប្បាយ​បន្ថែម​ពី​លោក​ ប៉ា ងួនទៀង​ ​នាយក​ប្រតិបត្តិ​ ​CCIM​ ​តែ​មិន​អាចទាក់​ទង​បាន​ទេ​ ​នា​ថ្ងៃ​សុក្រ​នេះ។​ ​យ៉ាងណា​ក៏​ដោយ​ ​លោក​ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​នា​ថ្ងៃ​សុក្រ​ថា៖​«ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា»។

ការ​គំរាម​កំហែង​ ​ការ​ប្តឹងផ្តល់​ ​និង​ការ​បិទ​សារ​ព័ត៌មាន​ឯករាជ្យ​ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​អង្គការ​ NDI​ ​ដែល​ជួយ​ជំរុញ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ខ្លាំងៗ​ពី​ក្រសួង​ការ​បរទេស​អាមេរិក​ ​និង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​របស់​ប្រទេស​មហា​អំណាច​នេះ​ផង​ដែរ។​

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា​ ​សមាជិក​ព្រឹទ្ធ​សភា​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក​គឺ​លោក​ ​John McCain​ ​បាន​វាយ​ប្រហារ​ធ្ងន់ៗ​លើ​លោក​ ​ហ៊ុន សែន​ ​និង​ស្នើ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី​ ​Trump​ ​មាន​ចំណាត់​ការ​ណាមួយ​ចំពោះ​ការ​បិទ​អង្គការ​ NDI​ ​ដោយ​ហេតុថា​ ​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​ បាន​ប្តេជ្ញា​អនុវត្ត ​និង​ជួយ​ជំរុញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទូទាំង​ពិភព​លោក។​

សមាជិក​ព្រឹទ្ធ​សភា​ John McCain​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ទង្វើ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ ​គឺ​គ្រាន់តែ​ជា​យុទ្ធនាការ​ដើម្បី​បិទ​សំឡេង​ក្រុម​ជំទាស់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ជា​ការ​យាយី​ក្រុម​សង្គម​ស៊ីវិល​ ​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​កិច្ច​ព្យាយាម​រារាំង​ដំណើរការ​ប្រកប​ដោយ​យុត្តិធម៌​ និង​បើក​ចំហ​ ​មុន​ពេល​បោះឆ្នោត​ជាតិ​ ​ដែល​គេ​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ខាង​មុខ​នេះ​ទេ។​ ​ការ​បណ្តេញ​បុគ្គលិក​អង្គការ​ ​NDI ​នេះ​ស​បញ្ជាក់​ថា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​កំពុង​តែបង្ហាញ​ច្បាស់​ថា​ ​លោក​ខ្លាច​សង្គម​បើក​ចំហ​ ​និង​ការ​ពិភាក្សា​ ​ហើយ​រឿង​នេះ​លោក ហ៊ុន សែន​ ​មាន​បំណង​ប្រើ​ប្រាស់​ល្បិច​កល​បែប​ផ្តាច់​ការ​ដើម្បីគាប​សង្កត់​គេ​ឯង»។​

ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែង​របស់​សមាជិក​ព្រឹទ្ធ​សភា​ ​John McCain​ នេះ​ លោក​ ​ផៃ ស៊ីផាន​ ​បាន​បញ្ជាក់​ថា​ នេះ​គឺ​ជា​ការ​សារភាព​ចំពោះ​ការ​លូកលាន់​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ ​ក៏​ដូច​ជា​ដំណើរ​ការ​បោះឆ្នោត​ប្រកប​ដោយ​លទ្ធិ​ប្រជា​ធិបតេយ្យ​នា​ពេល​ខាង​មុខ។​

​លោក​ ​John McCain​ សមាជិក​ព្រឹទ្ធ​សភាអាមេរិកនៃ​គណបក្ស​សាធារណៈរដ្ឋ។
​លោក​ ​John McCain​ សមាជិក​ព្រឹទ្ធ​សភាអាមេរិកនៃ​គណបក្ស​សាធារណៈរដ្ឋ។

លោក​ ​ផៃ ស៊ីផាន​ ​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​ «បាទ!​ ខ្ញុំ​យល់​ថា​ នេះ​គឺ​ជា​ការ​សារភាព​របស់​គាត់​ ​ដែល​ក្រុម​គាត់​លូកលាន់​ ​ឬ​ក៏​ជ្រៀតជ្រែក​នៅ​ក្នុង​បញ្ហា​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា»។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ផៃ ស៊ីផាន​ ​ប្រាប់​ VOA​ ​បន្ថែម​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា លោក​មិន​មាន​ការ​បារម្ភ​ចំពោះ​ការ​ឈាន​ដល់​ការ​ផ្តាច់​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​នោះ​ទេ។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​បាន​ថ្លែង​យ៉ាង​ដូច្នេះ៖​

«ដូច​ជា​មិន​មាន​បារម្ភ​ដល់​ប៉ុណ្ណឹង​ទេ​បាទ!​ ​អា​នេះ​គឺ​គ្រាន់​តែ​ជា​ការ​សម្តែង​មតិ​ទៅ​វិញ​ទៅ​មក​ ដើម្បី​វែក​ញែក​រក​ខុស​ត្រូវ​រៀងៗ​ខ្លួន​ ​បាទ!​ ប៉ុន្តែ​អ្វី​ដែល​យើង​សម្រេច​នឹង​យើង​បាន​ឃើញ​គេ​សារភាព​ពិត​ពី​ការ​ជ្រៀត​ជ្រែក​នូវ​ការ​បោះឆ្នោត​ និង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា»។​

ស្របគ្នា​នោះ​ដែរ​ ​លោក​ ​ចាន់ វិបុល​ ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ ​បាន​ប្រាប់​ VOA ​ថា​ ​លោក​ក៏​មិន​រំពឹង​ថា ​ការ​ដាក់​គំនៀបថ្មីៗ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ​ទៅ​លើ​អង្គការ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ ​អាច​នាំ​ទៅ​ដល់​ការ​ផ្តាច់​ចំណង​ការ​ទូត​ដូច​ឆ្នាំ​១៩៦៥​នោះ​ទេ។ បើ​ទោះ​ជា​មក​ដល់​ពេល​នេះ​ ​ភាគី​ទាំង​ពីរ​មាន​អំណះអំណាង​ផ្ទុយ​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​អ្នក​ជំនាញ​រូប​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ជជែក​គ្នា​មួយ​លើ​គោល​ការណ៍​កណ្តាល​ ​ដើម្បី​បញ្ចប់​បញ្ហា​ទាំង​នេះ។​

លោក​ ​ចាន់ វិបុល​ ​បាន​ប្រាប់​ ​VOA​ ​យ៉ាង​ដូចេ្នះ៖​

«អីចឹង​ ​អ្វី​ដែល​អាច​ធ្វើ​បាន​ ​គឺ​ស្ថាប័ន​ និង​ប្រទេស​ទាំង​ពីរ​គួរ​តែ​បង្កើត​វប្បធម៌​មួយ​ទៀត​ ​ដើម្បី​សិក្សា​យ៉ាង​ច្បាស់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​គោល​ដៅ​រួម​មួយ​ពី​អភិក្រម​និង​របៀប​ធ្វើ​ការ​នៃ​ប្រទេស​នី​មួយៗ»។​

ចំណង​ការ​ទូត​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ភាព​រកាំ​រកូស​ជា​ច្រើន​ ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​មក​នេះ។​ ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​១៩៦៥​ ​ប្រទេស​កម្ពុជា​បាន​ផ្តាច់​ចំណង​ការ​ទូត​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ​ហើយ​ងាក​ទៅ​រក​ប្លុក​កុម្មុយនិស្ត​ ​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ជាង​៣០​ឆ្នាំ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG