សមាជិកសភាអាមេរិកម្នាក់នឹងជំរុញឲ្យមានការដាក់សម្ពាធបន្ថែមលើកម្ពុជា ដោយសារអង្គការ និងសារព័ត៌មានឯករាជ្យនានាត្រូវរឹតត្បិតមុនការបោះឆ្នោត។
សមាជិកសភាអាមេរិក គឺលោក Alan Lowenthal ប្តេជា្ញថា នឹងតស៊ូមតិក្នុងសភាសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងក្រុមរបស់លោកដើម្បីជំរុញឲ្យមានសម្ពាធសេដ្ឋកិច្ចបន្ថែមលើកម្ពុជា នៅក្រោយពេលដែលរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តបណ្តេញអង្គការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ចេញពីប្រទេសកម្ពុជា និងយាយីដល់ដំណើរការផ្សព្វផ្សាយរបស់សារព័ត៌មានឯករាជ្យ នៅក្នុងពេលដ៏សំខាន់ គឺមុនការបោះឆ្នោតជាតិឆ្នាំក្រោយ ក្រោមអ្វីមួយដែលលោកថាការបង់ពន្ធមិនស្មោះត្រង់។
លោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័ញ៉ា (California) និងជាសហប្រធានគណៈកម្មាធិការសភាដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា (Congressional Cambodia Caucus) ដែលយកចិត្តទុកដាក់ពីបញ្ហាកម្ពុជាបានថ្លែងប្រាប់ VOA ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយនៅថ្ងៃសុក្រនេះថា សហគមន៍អន្តជាតិ រដ្ឋាភិបាលអាមេរិកាំង និងសភាអាមេរិកាំងទាំងមូលចាំបាច់ត្រូវមានវិធានការបន្ថែម និងថ្កោលទោសលើរដ្ឋាភិបាលកម្ពុជា។
«យើងចាំបាច់ត្រូវការចាប់ផ្តើមមើលពីបញ្ហាកម្ពុជាយ៉ាងពិតប្រាដ ហើយចាប់ផ្តើមដាក់សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតលើប្រទេសកម្ពុជា»។
លោកបានបន្តថា កាលពីឆ្នាំកន្លងទៅ សភាស.រ.អា បានកាត់បន្ថយចំនួនថវិកាជាជំនួយ៥ភាគរយ ដល់កម្ពុជាដោយសារតែបញ្ហាទាក់ទងនឹងរឿងសិទ្ធិមនុស្ស យាយីក្រុមជំទាស់ និងបំបិទសេរីភាពបញ្ចេញមតិ និងដំណើរការប្រជាធិបតេយ្យ ជាដើមនោះ។
លោក Alan Lowenthal អះអាងបន្តថា នៅពេលដែលរដ្ឋាភិបាលកម្ពុជាបំបិទសិទ្ធិសេរីភាព អង្គការនិងសារព័ត៌មានដែលយកចិត្តទុកដាក់នឹងប្រជាធិបតេយ្យ ប្រទេសកម្ពុជានឹងមិនមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ដូចរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាធ្វើនោះទេ។
«រឿងនេះវាបញ្ជូនសារដ៏ភ័យព្រួយមួយទៅកាន់ពិភពលោកទាំងមូលថា ប្រទេសកម្ពុជានឹងមិនលើកកម្ពស់កាតព្វកិច្ចរបស់ខ្លួនទេ។ ហើយខ្ញុំគិតថា ពិភពលោកទាំងមូលត្រូវតែថ្កោលទោសឲ្យបានខ្លាំង និងចំៗចំពោះទង្វើដែលបានកើតឡើងក្នុងប្រទេសកម្ពុជានេះ»។
លោកបន្តថា លោកនឹងធ្វើកិច្ចការជាមួយនឹងក្រុមរបស់លោក ដើម្បីធ្វើឲ្យប្រាកដថា រដ្ឋបាលស.រ.អា និងក្រសួងការបរទេសអាមេរិក នឹងមានចំណាត់ការខ្លាំងក្លាចំពោះរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ។
ក្រសួងការបរទេសកម្ពុជាក៏ដូចជារដ្ឋាភិបាលកម្ពុជា បានប្រកាសបិទអង្គការស.រ.អា គឺ វិទ្យាស្ថាន NDI ដោយយោងថា វិទ្យាស្ថាននេះបានធ្វើខុសច្បាប់កម្ពុជា ក្នុងពេលដែលរង់ចាំច្បាប់អនុញ្ញាតពីរដ្ឋាភិបាល។ ហើយកាសែត The Cambodia Daily ត្រូវបង្ខំឲ្យមានការបង់ពន្ធដល់ទៅជាង៦លានដុល្លារ វិទ្យុសំឡេងស.រ.អា VOA និង អាស៊ីសេរី RFA ត្រូវជាប់កាតព្វកិច្ចពន្ធ ដែលពុំមានការធ្វើសវនកម្ម អង្គការក្នុងស្រុកមួយចំនួនត្រូវគេបិទសិទ្ធិ មុនការបោះឆ្នោត ហើយស្ថានីយវិទ្យុមួយចំនួនដែលផ្សាយបន្តការផ្សព្វផ្សាយកម្មវិធីផ្សាយ VOA និង RFA តាមរលកធាតុអាកាស FM ត្រូវបិទ ឬរងការប្តឹងផ្តល់ពីការមិនគោរពច្បាប់ក្រសួងព័ត៌មាន។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់លោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័ញ៉ា (California) និង Steve Chabot នៃគណបក្សសាធារណ:រដ្ឋ មកពីរដ្ឋអូហៃយ៉ូ (Ohio) កាលពីម្សិលមិញ បានរិះគន់រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានព្យាយាមបំបិទសំឡេងក្រុមជំទាស់យូរមកហើយ ក្នុងអំឡុងពេលកាន់កាប់អំណាចជាង៣០ឆ្នាំនេះ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដែលគណបក្សជំទាស់រំពឹងថា នឹងឈ្នះសំឡេងឆ្នោត តែគណបក្សគ្រប់គ្រងប្រទេសថាខ្លួននឹងមានជ័យជម្នះដែរនោះ៕