ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ​បក្ស​ប្រជាជន​ថា ​គណបក្ស​ឈ្នះ​អាសនៈ​រដ្ឋសភា​ស្ទើរ​តែ​ទាំង​អស់


រូបឯកសារ៖ រូបថតដែលចេញផ្សាយដោយរដ្ឋសភាជាតិ បង្ហាញសមាជិករដ្ឋសភាចូលរួមនៅក្នុងកិច្ចប្រជុំក្នុងសម័យសភាមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣។ Photo by De Ratha / CAMBODIA NATIONAL ASSEMBLY / AFP)
រូបឯកសារ៖ រូបថតដែលចេញផ្សាយដោយរដ្ឋសភាជាតិ បង្ហាញសមាជិករដ្ឋសភាចូលរួមនៅក្នុងកិច្ចប្រជុំក្នុងសម័យសភាមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣។ Photo by De Ratha / CAMBODIA NATIONAL ASSEMBLY / AFP)

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​អវត្តមាន​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វីអូអេ​ថា​គណបក្ស​កាន់​អំណាច​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​ភ្លូក​ទឹក​ភ្លូក​ដី ដោយ​បាន​ឈ្នះ​ស្ទើរ​តែ​គ្រប់​គ្រង​អាសនៈ​រដ្ឋសភា​ទាំង​ ១២៥។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​បឋម​របស់​លោក​ដោយ​យោង​តាម​ទិន្នន័យ​បឋម​ដែល​គណបក្ស​ទទួល​បាន។

លោក សុខ ឥសាន បញ្ជាក់​ថា ​ក្នុង​ចំណោម​ភាគរយ​ ៨៤%​ នៃចំនួន​ប្រជា​ពលរដ្ឋដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សន្លឹក​ឆ្នោត​ចន្លោះ​ពី​ ៧៨% ទៅ​ ៨០%។

លោក​ប្រាប់​វីអូអេ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ «ក្នុង​ចំណោម​ ៨៤,៥៨%​ [ដែល​មក​បោះ​ឆ្នោត] គឺ​គណបក្ស​ប្រជាជន​បាន​ពី​ ៧៨% ទៅ​ ៨០%»។ «ដូច្នេះ​វា​អាច​មាន​គណបក្ស​ខ្លះ​បាន​ ១ ឬ​ ២[អាសនៈ]»។

លោក​បន្ថែម​ថា៖ «ជោគជ័យ​ត្រចះ​ត្រចង់​ណាស់ បាន​សេចក្តី​ថា ​ប្រជាជន​កម្ពុជា​រួម​ចំណែក​នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​បន្ថែម​ថា​ ការ​បោះ​ឆ្នោត​នេះ​បង្ហាញ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​សន្តិភាព​និង​ការ​អភិវឌ្ឍ។ បើ​តាម​លោក សុខ ឥសាន ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ប្រមាណ​ ៣០ ​ម៉ឺន​សន្លឹក​តែ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ញឿន រ៉ាដែន ប្រាប់​វីអូអេ​ថា គណបក្ស​ទទួល​បាន​លទ្ធផល​ល្អ ហើយ​កំពុង​ផ្ទៀងផ្ទាត់។ ប៉ុន្តែ​មិន​ទាន់​អាច​ប្រាប់​ថា​ តើ​ឈ្នះ​អាសនៈ​ឬ​យ៉ាងណា​នោះ​ទេ។

បើ​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ដែល​ផ្សាយ​ដោយ​ស្ថាប័ន​សារព័ត៌មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ដែល​បាន​ដក​ស្រង់​សម្តី​របស់​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ខេត្ត​ព្រៃវែង​ថា​ នៅ​រាជធានី​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​១១ លើ​ ១២ អាសនៈ។ ចំណែក​នៅ​ខេត្ត​ព្រៃវែង គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ១០​ លើ​ ១១​ អាសនៈ។

គួរ​បញ្ជាក់​ថា​ កាល​ពី​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​មុន ក្នុង​ឆ្នាំ​ ២០១៨ ដែល​អវត្តមាន​គណបក្ស​សង្គ្រោះជាតិ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ទាំង​ ១២៥ ​អាសនៈ ហើយ​គ្រប់​គ្រង​រដ្ឋសភា​ដោយ​ឯកបក្ស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG