បន្ទាប់ពីបានដឹងថាមានពលរដ្ឋជាង ៨លាន ២សែននាក់ បានចេញទៅបោះឆ្នោត ខណៈអ្នកបោះឆ្នោតមួយចំនួនបានគូសសន្លឹកឆ្នោតចោល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានឱ្យក្រុមអ្នកញុះញង់គូសសន្លឹកឆ្នោតចោលចូលសារភាព ប្រសិនបើចង់រួចពីការចាប់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យនេះ បានព្រមានចាប់ខ្លួនអ្នកដែលញុះញង់ឲ្យគូសសន្លឹកឆ្នោតចោល ខណៈលោកបានសាទរការណ៍ដែលប្រជាពលរដ្ឋបាននាំគ្នាចេញទៅបោះឆ្នោតក្នុងចំនួនច្រើនលើសលប់ ដែលមានរហូតដល់ប្រមាណ ៨លាន ២សែននាក់ បើទោះបីជាអវត្តមានគណបក្សប្រឆាំង។
នៅក្នុងសារជាសំឡេងមួយដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ លោក ហ៊ុន សែន បានថ្លែងថា អ្នកចេញទៅបោះឆ្នោតមានប្រមាណ ៨៤% នៃចំនួនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។ លោកចាត់ទុកថា នេះជាជោគជ័យមួយ ហើយជាបរាជ័យរបស់មេដឹកនាំជំទាស់នៅក្រៅប្រទេស។
លោកបន្ថែមថា ចំនួននេះច្រើនលើសលប់ ដែលលើសការបោះឆ្នោតកាលពីឆ្នាំ២០២២ ដែលកាលនោះ ចំនួនអ្នកបានចេញទៅបោះឆ្នោតមានប្រមាណ ៨០% នៃចំនួនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ថា លោកនឹងរង់ចាំមើលថា តើសន្លឹកឆ្នោតគូសខ្វែងចោលមានប៉ុន្មានសន្លឹក។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋគឺបានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យយ៉ាងច្បាស់។ ប្រជាពលរដ្ឋពិតជាចង់ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនជាមួយនឹងដំបូលសន្តិភាពដែលកំពុងមាន ហើយចង់ចេញចាកឆ្ងាយពីក្រុមជ្រុលនិយម ដែលពួកគេតែងតែបានបំផ្លាញ»។
លោក ហ៊ុន សែន ក៏ព្រមានឲ្យអ្នកដែលបានធ្វើសកម្មភាពញុះញង់ឲ្យមានការបំផ្លាញសន្លឹកឆ្នោត ចូលមកសារភាព បើមិនចង់រងការចាប់ខ្លួន។
លោកបញ្ជាក់ថា៖ «ហើយសូមអ្នកទាំងឡាយដែលមានការពាក់ព័ន្ធកុំរត់ចោលស្រុកអី សូមប្រញាប់ចេញមកសារភាព ទទួលយកនូវកំហុសដែលខ្លួនប្រព្រឹត្តតាមមេដឹកនាំជាឧទ្ទាមក្រៅច្បាប់»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់ វីអូអេថា លោកព្រួយបារម្ភពាក់ព័ន្ធជាមួយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី និងជំរុញកុំឱ្យមានការចាត់វិធានការ។
លោកថ្លែងថា៖ «ក្នុងនាមយើងជាសង្គមស៊ីវិល យើងមានការព្រួយបារម្ភ យើងអត់ចង់ឃើញរូបភាពវិធានការណាមួយទេ គឺនាំតែប៉ះពាល់ទៅដល់ប្រមុខរដ្ឋាភិបាលទៅវិញទេ ពីព្រោះការបោះឆ្នោតវាបានកើតឡើងទៅហើយ»។
ការមិនទៅបោះឆ្នោត និងការគូសសន្លឹកឆ្នោតចោល បានក្លាយជាបញ្ហាចម្រូងចម្រាស រហូតដល់មានការលើកឡើងថា ការគូសចោលនេះអាចត្រូវជាប់ពន្ធនាគារផងដែរ។
នៅថ្ងៃអាទិត្យនេះ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ក៏បានបង្ហោះសន្លឹកឆ្នោតគូសចោល ដោយក្នុងនោះក៏មានការប្រើប្រាស់សារវាយប្រហារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោក សម រង្ស៊ី ក៏បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា មានការបិទទ្វារ និងបិទបង្អួចការិយាល័យបោះឆ្នោត «ភាគច្រើនលើសលប់» នៅពេលរាប់សន្លឹកឆ្នោត «ហើយនៅតែគំរាមប្រជាពលរដ្ឋ ឲ្យទៅឆ្ងាយពីការិយាល័យបោះឆ្នោតទាំងនោះ។ លោកបន្ថែមថា៖ «គ្មាននរណាអាចជឿពីលទ្ធផលនៃការបោះឆ្នោតថ្ងៃនេះ»។
គួរបញ្ជាក់ថា ការបោះឆ្នោតនាថ្ងៃអាទិត្យនេះ ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ១២៥រូបនៅរដ្ឋសភាជាតិ ដែលមិនមានវត្តមានគណបក្សប្រកួតប្រជែងដ៏ចម្បង គឺគណបក្សភ្លើងទៀន៕