ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្រាវជ្រាវ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​​ពង្រឹង​មូលដ្ឋាន​នៅ​អាមេរិក​និង​គំរាម​ដល់​អ្នកគាំទ្រ​បក្ស​ប្រឆាំង​​


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​​ជនជាតិ​​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដាប្រមាណ​​២.០០០នាក់​ នៅ​សណ្ឋាគារ​ Washington Hilton ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុងពង្រីក​ការ​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​ក្រោយពី​បាន​បង្ក្រាប​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ចុះ​ខ្សោយហើយ​បាន​គ្រប់គ្រង​អំណាច​ទាំងស្រុង​ដោយ​គ្មាន​អ្នក​ជំទាស់​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​មក​នេះ។

ការពង្រីក​កម្លាំង​នេះ​ធ្វើ​ឡើង​តាម​រយៈ​សកម្មភាព​របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រៅ​ប្រទេសដែល​មានសាខា​នៅ​សហរដ្ឋ​អាមេរិក​ ​កាណាដា​ អូស្រ្តាលី​ ​នូវែលសេឡង់ អឺរ៉ុប​ កូរ៉េខាងត្បូង​និង​ប្រទេស​ថៃ។ ក្រុម​ការងារ​ទាំងនេះស្ថិតនៅ​ក្រោម​ការដឹកនាំ​របស់​លោក ​ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន។​ នេះ​បើតាម​ឯកសារ​ស្រាវជ្រាវ​មួយដែល​មាន​ចំណងជើង​ថា​«ការគ្រប់គ្រង​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស៖ សកម្មភាព​ក្រៅ​ប្រទេស​របស់​កម្ពុជា​នៅ​ទីក្រុងLong Beach​ រដ្ឋCalifornia»​ (Controlling Opposition Abroad: Cambodia's Extraterritorial Activities in Long Beach, California)។

អ្នក​ជំនាញខាង​ផ្នែក​នរវិទ្យា​និង​សេដ្ឋកិច្ច​នយោបាយ​ចំនួន​២​រូប​ដោយ​ក្នុង​នោះ​ម្នាក់​ជាសាស្ត្រាចារ្យ​អាមេរិកាំងនៃ​សាកល​វិទ្យាល័យ​ California State Universityគឺ​អ្នកស្រី Susan Needham បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ចងក្រង​ការស្រាវជ្រាវ​នេះ ហើយ​បាន​យក​ទីក្រុង Long Beach​ ជា​ករណី​សិក្សា​ដោយសារ​ទីនេះ​មាន​ពលរដ្ឋ​ខ្មែររស់នៅ​ច្រើន​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សកម្មភាព​ខ្លាំងក្លា។​ តាម​រយៈ​ឯកសារ​ស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ អ្នកជំនាញ​ទាំងពីរបាន​វាយ​តម្លៃថា​ គោលដៅ​នៃ​ការពង្រីក​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ដើម្បី​ជ្រើសរើស​សមាជិក​ថ្មី​ និង​ផ្តល់​ព័ត៌មាន​ថ្មី​ដល់​សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស​តាម​រយៈ​ការផ្តល់​ជម្រើស​គោលនយោបាយ​និង​ការអនុវត្ត​នានា។​ ក្នុង​ការអនុវត្ត​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើប្រាស់​វិធានការ​ផ្សព្វផ្សាយ​រូបភាព​ល្អ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេសនិង​ផ្តល់​ជម្រើស​ដែល​មាន​ក្នុង​នោះ​មាន​ការ​ទាក់ទាញ​ឱ្យ​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​ឬ​ប្រកប​អាជីវកម្ម​ជាដើម។​

​ឯកសារ​ស្រាវជ្រាវ​បាន​វាយ​តម្លៃថា៖​ «ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស​គឺជា​កម្មវិធី​កម្រិត​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ផ្តល់​សិទ្ធិ​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​តែ​មនុស្ស​មួយ​ក្រុម​តូច​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជា​ការដោះដូរ​នឹង​ការ​គាំទ្រ​របស់​ពួកគេ»។

ឱកាស​សម្រាប់​ការ​វិនិយោគ​ទុន​និង​សកម្មភាព​សហគ្រិនភាព​នៅ​កម្ពុជា និង​ការ​ព្រួយបារម្ភ​ដល់​សុវត្ថិភាព​សមាជិក​ក្រុមគ្រួសារ​ដែល​កំពុងរ​ស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​កត្តា​រួមផ្សំ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​អ្នកស្រាវជ្រាវ។

រូប​ឯកសារ៖ សមាជិកសហគមន៍ខ្មែរអាមេរិកាំងចូលរួមពិធីបុណ្យព្រះពុទ្ធសាសនានៅវត្តមួយក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។
រូប​ឯកសារ៖ សមាជិកសហគមន៍ខ្មែរអាមេរិកាំងចូលរួមពិធីបុណ្យព្រះពុទ្ធសាសនានៅវត្តមួយក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។
រូបឯកសារ៖ ជនជាតិ​ខ្មែរ​ប្រារព្ធ​ពិធី​ដង្ហែ​ចូល​ឆ្នាំ​ខ្មែរ​ ​នៅ​ទី​ក្រុង Long Beach រដ្ឋ California កាល​ពី​ឆ្នាំ​២០០៥។
រូបឯកសារ៖ ជនជាតិ​ខ្មែរ​ប្រារព្ធ​ពិធី​ដង្ហែ​ចូល​ឆ្នាំ​ខ្មែរ​ ​នៅ​ទី​ក្រុង Long Beach រដ្ឋ California កាល​ពី​ឆ្នាំ​២០០៥។

ក្រៅ​ពី​នោះ​ កត្តា​ប្រជាសាស្ត្រក៏​ចូលរួម​ចំណែក​ដល់​ការ​ផ្លាស់ប្តូរការ​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​ផងដែរ។ កម្មវិធី​ធានា​មក​រស់នៅ​ជួបជុំ​ជាមួយ​នឹង​បងប្អូន​និង​ការ​ធ្វើ​អន្តោប្រវេសន៍​មក​សហរដ្ឋ​អាមេរិក បាន​នាំ​មក​នូវ​ពលរដ្ឋ​កម្ពុជា​ថ្មី​ដែល​មាន​ទស្សនៈ​មិន​សូវ​អវិជ្ជមាន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​កាន់តែ​ច្រើន​ឡើង។​ ការណ៍​នេះ​ខុស​ពី​អ្នក​ដែល​មក​នៅ​ក្នុង​ទសវត្សរ៍​១៩៨០​ដែល​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​និង​មិន​ចូលចិត្ត​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ជាប់​ប្រវត្តិ​នឹង​ក្រុម​ខ្មែរ​ក្រហម​ដែរ។

អ្នកស្រី​ Susan Needham​ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​កាលពី​ខែ​វិច្ឆិកា​ថា៖ «ខ្ញុំ​គិត​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ពង្រីក​នៅ​ក្នុង​សហគមន៍​គឺ​ជា​កត្តា​ពេល​វេលា​សមស្រប។ ពួកគេ​ឆ្លៀត​ឱកាសដែលសកម្មជន​ដែល​យក​ចិត្ត​ទុកដាក់​នឹង​មាតុភូមិ​កាន់តែ​ថយ​តិច​ទៅៗ។ ខ្ញុំ​មិន​គិត​ថា​ គេ​ធ្វើ​នេះ​ដោយ​មាន​ចេតនា​ជាមុន​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ពេលវេលា​សមស្រប​ប៉ុណ្ណោះ​ដែល​អាច​ឱ្យ​ពួកគេ​ពង្រីក​ខ្លួន​បាន​និង​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ចំណូលស្រុកជា​ជាង​ពលរដ្ឋ​ជា​ជនភៀសខ្លួន​ដែល​កាន់តែ​មាន​វ័យ​ចំណាស់»។​

អ្នកស្រាវជ្រាវ​បាន​ចង្អុល​បង្ហាញ​ថា ​កន្លង​មកអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​មិន​សូវ​ហ៊ាន​ចេញមុខ​ខ្លាំង​ទេ​ ដោយសារ​តែ​ខ្លាច​ការ​សើច​ចំអក​និង​ប៉ះពាល់​ដល់​អាជីវកម្ម។​

អ្នកស្រី Needham បាន​បន្ថែម​ថា៖ «នៅ​ពេល​ដំបូងៗ​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​មិន​ហ៊ាន​បង្ហាញ​ការគាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដោយសារ​មិន​មាន​អ្នកគាំទ្រ​អាជីវកម្ម​របស់​ពួកគេ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​មួយ​ចំនួន​ដែល​បាន​ជួប​ករណី​នេះ។ រីឯ​អង្គការ​ក៏​បាន​ប៉ះពាល់​ដោយសារ​បញ្ហា​នេះ​ផងដែរ»។​

រូប​ឯកសារ៖ ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)
រូប​ឯកសារ៖ ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​និន្នាការ​នេះ​បាន​ផ្លាស់ប្តូរ។ ការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​កាន់តែ​ចំហ​បន្តិច​ម្តងៗ​តាម​រយៈ​ការ​មក​ជួប​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​ធ្វើ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ជាដើម។

​នៅ​ពេល​ដែល​លោក​ ហ៊ុន សែន ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​កាលពី​ពាក់​កណ្តាល​ខែ​ឧសភា​ឆ្នាំ​នេះ​ មាន​អ្នកគាំទ្រ​និង​អ្នកមាន​សមានចិត្ត​ជាង​២.០០០​នាក់​បាន​ចូលរួម​ពិធី​ជួបជុំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​យក​ឱកាស​នោះ​លើក​ទឹកចិត្តក្រុម​អ្នកគាំទ្រ​លែង​ឱ្យ​លាក់មុខ​ទៀត៖ «ឥឡូវ​បងប្អូន​ងើប​ឡើង​ការពារ​ខ្លួនហើយ​បង្ហាញ​អត្ត​សញ្ញាណ​ថា​ខ្ញុំ​គាំទ្រ​គណបក្ស​ប្រជាជន។ ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល។ ខ្ញុំ​គាំទ្រ​ប្រទេស​របស់​ខ្ញុំ។ កុំខ្លាច។ កុំ​សំងំ​តទៅ​ទៀត»​

លោក​ ហ៊ុន សែន​ បាន​ប្រកាស​ថា​ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​មាន​ច្រើន​ហើយ​ពួកគេ​ត្រូវ​ចេះ​ប្រើ​សិទ្ធិ​ក្នុង​ការ​តវ៉ា​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ក្នុង​មណ្ឌល​របស់​ពួកគេ​ឱ្យ​ការពារ​ផលប្រយោជន៍​រដ្ឋាភិបាល​កម្ពុជា។

លោក ​ហ៊ុន សែន ​បាន​បន្ថែម​ថា៖ «ហើយ​ប្រាប់​ទៅ​តំណាងរាស្ត្រ​ថា​ប្រសិន​បើ​អស់​លោក​មិន​ឆ្លើយ​ប្រាប់​ខ្ញុំ​ មិន​ជួយ​ការពារ​ខ្ញុំ​ ខ្ញុំ​ឈប់​បោះ​ឆ្នោត​ឱ្យ​អស់​លោក​។ ខ្ញុំ​បោះឆ្នោត​ឱ្យ​អ្នកនោះ​វិញ ​គឺ​យើង​ធ្វើ​អ៊ីចឹង។ ច្បាប់​ណាមួយ​ដែល​គេ​ដាក់​មក​ដែល​ផ្ទុយ​នឹង​ផលប្រយោជន៍​ជាតិ​របស់​យើង​ គឺ​បងប្អូន​ប្រាប់​ត្រឡប់​ទៅវិញ​ថា​ថ្ងៃក្រោយ​ខ្ញុំ​ឈប់​បោះឆ្នោត​ឱ្យ​លោក​ឯង​ហើយ​»។

រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ជួប​សំណេះសំណាល​ជាមួយជនជាតិខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា ប្រមាណ២.០០០នាក់​ នៅ​សណ្ឋាគារ​ Washington Hilton ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាន។ (Facebook/Cambodian PM Hun Sen)
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ជួប​សំណេះសំណាល​ជាមួយជនជាតិខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា ប្រមាណ២.០០០នាក់​ នៅ​សណ្ឋាគារ​ Washington Hilton ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាន។ (Facebook/Cambodian PM Hun Sen)

វត្តមាន​កាន់​តែ​ធំ​ឡើង​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន សែន​ ក៏​ដូចជា​កាត់ផ្តាច់​ប្រភព​ធនធាន​គាំទ្រ​ដល់​គណបក្ស​ប្រឆាំង​ ផងដែរ​ តាម​រយៈ​ការ​តាម​ឃ្លាំមើល​សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស​និង​តាមដាន​និង​គំរាមកំហែង​គ្រប់​សកម្មភាព​អ្នក​ដែល​ប្រឆាំង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើ​តាមការស្រាវជ្រាវ។​

អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​វិធី​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រើ​នេះ​ទៅ​នឹង​វិធីសាស្ត្រ​ដែល​ជន​ផ្តាច់ការ​នានា​ធ្លាប់​ប្រើ​កន្លង​មក​ដែល​ប្រើប្រាស់​វិធី​បី​ដ៏​ពេញ​និយម​របស់​ពួកគេគឺទី១​«ការ​បង្កើត​ភាព​ស្របច្បាប់»​ចំពោះ​ទង្វើ​របស់​ក្រុម​ជន​ផ្តាច់ការ​ ទី២ ​«ការ​គាបសង្កត់»​សំឡេង​ប្រឆាំង​និង​ទី៣ «ការ​អូសទាញ​ដោយ​ផ្តល់​លាភ​សក្ការៈ»។​ ​

អ្នកស្រី ​Susan Needham ​បាន​បន្ថែម​ថា៖ «ពលរដ្ឋ​ខ្លាច​មិន​ហ៊ាន​សម្តែង​ការ​គាំទ្រ​បក្ស​ប្រឆាំង​នៅ​អាមេរិក​ទេ​ដោយ​សារ​មាន​អ្នក​តាម​ឃ្លាំមើល​ ជាពិសេស​ពួកគេ​មាន​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឬ​របរ​អាជីវកម្ម​នៅ​កម្ពុជា​ ឬ​ពួកគេ​ចង់​ធ្វើ​ដំណើរ​ទៅមក។ ពួកគេ​មិន​អាច​ធ្វើ​ជា​អ្នកប្រឆាំង​ដោយ​ចំហ​ទេ​ ព្រោះ​អាជីវកម្ម​របស់​ពួកគេ​នឹង​មិន​ជោគជ័យ​ហើយ​អាច​មាន​គ្រោះថ្នាក់​ដល់​គ្រួសារ​របស់​ពួកគេ»។​

ការ​គាំទ្រ​របស់ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សារៈសំខាន់​ខាង​ផ្នែក​នយោបាយ​និង​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​ប្រឆាំង។ ជារឿយៗ​ពួកគេ​បាន​ធ្វើ​សកម្មភាព​តវ៉ា​និង​ជួប​សមាជិក​រដ្ឋសភា​ក្នុង​មណ្ឌល​របស់​ពួកគេ​ឱ្យ​តាក់​តែង​ច្បាប់​ដែល​ជួយ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ​ សកម្មភាព​ចុងក្រោយ​នេះ​របស់​គណបក្ស​កាន់​អំណាច​ហាក់​មិន​បាន​ធ្វើ​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ព្រួយ​បារម្ភ​ទេ។

រូប​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិអុជ​ទៀន នៅ​វត្ត​ព្រះកែវ​មរកត ទីក្រុង Dallas រដ្ឋ Texas សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ២០២២។ (Facebook/Sam Rainsy)
រូប​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិអុជ​ទៀន នៅ​វត្ត​ព្រះកែវ​មរកត ទីក្រុង Dallas រដ្ឋ Texas សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ២០២២។ (Facebook/Sam Rainsy)

លោក សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង​បាន​ប្រាប់​វីអូអេ​ថា​ ផល​ប្រយោជន៍​ដែល​អ្នក​ទាំង​នោះ​ទទួល​បាន​គឺ​កម្រិត​បុគ្គល​ប៉ុណ្ណោះ​ដែល​ខុស​ពី​អ្នកគាំទ្រ​របស់​លោក​មួយ​ចំនួន​ដែល​គិត​ផល​ប្រយោជន៍​ជាតិ​ធំ​ជាង។

លោក​ សម រង្ស៊ី​ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​កាលពី​ខែ​កញ្ញាថា៖ «ចំពោះ​ជនជាតិ​ខ្មែរ​ភាគច្រើន​លើស​លប់​ ទោះជា​រស់នៅ​ប្រទេស​កម្ពុជា​ឬ​រស់នៅ​ឯនាយ​សមុទ្រ​គឺ​ដូច​គ្នា​ទេ​គឺ​នៅតែ​ស្រឡាញ់​ជាតិ​ មិន​យក​លុយ​ធ្វើ​ធំ​ទេ​ យក​ប្រទេស​ជាតិ​ យក​បញ្ហា​សង្គម​ធ្វើ​ធំ»។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​រស់នៅ​ទីក្រុង Long Beach គឺ​លោក អ៊ុក ទូច​ បាន​កត់​សម្គាល់​ការ​កើនឡើង​នៃ​ការគាំទ្រ​រដ្ឋាភិបាល​កម្ពុជា។ លោក​ថ្លែង​ថា​ លោក​មិន​គាំទ្រ​គណបក្ស​ណាមួយ​ទេ ​ប៉ុន្តែ​ក៏​លោក​មិន​ចូលចិត្ត​ការដឹកនាំ​របស់​លោក ហ៊ុន សែន ទេ។

លោក អ៊ុក ទូច​ បាន​ប្រាប់​វីអូអេ​កាលពី​ខែ​វិច្ឆិកា​ថា៖ «បើ​និយាយ​ទៅ​ ឥទ្ធិពល​របស់ ​ហ៊ុន សែន​ នៅ​ឡុងប៊ិច​ (Long Beach) នៅ​សហរដ្ឋ​អាមេរិក​នេះ​ គេ​មាន​បណ្តាញ​គេ​ច្រើន​ គេ​មាន​អ្នកគាំទ្រ​គេ​គ្រប់​រដ្ឋ​ គ្រប់​កន្លែង​ទាំង​អស់។ ឥទ្ធិពល​របស់​ជន​ផ្តាច់ការ​ខ្លាំង​តើស៍។ ខ្ញុំ​ដឹង»។

លោក ​អ៊ុក ទូច ​ស្នើ​ដល់​អ្នក​ដែល​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​ខិតខំ​ធ្វើ​សកម្មភាព​ឱ្យ​កាន់តែ​ខ្លាំង​ឡើង។


របាយការណ៍​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ដើរ​តួនាទី​ជា​តំណាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ធ្វើ​សកម្មភាព​ជួប​ប្រជាពលរដ្ឋ​តាម​សហគមន៍​ដើម្បី​ពង្រឹង​ការគាំទ្រ​នេះ​ផង​ដែរ។

ប៉ុន្តែស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​អះអាង​ពី​ជំហរ​អព្យាក្រឹត​ដោយ​ជៀសវាង​ការ​លម្អៀង​ទៅ​រក​ក្រុម​គណបក្ស​ណា​ ហើយ​ជៀសវាង​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​តាម​ការសាកសួរ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ ស្ថានទូត​បាន​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «ស្ថានទូតគឺ​តំណាង​រដ្ឋាភិបាល​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ ការពារ​ផលប្រយោជន៍​និង​សុខទុក្ខ​ប្រជាពលរដ្ឋ​យើង​គឺ​យើង​អត់​ធ្វើការ​តំណាង​ឱ្យ​បក្ស​ទេ»។

លោក ​ហ៊ុន ម៉ាណែត​ និង​ការផ្លាស់ប្តូរ​ផ្នត់​គំនិត

​អ្នកស្រី​សាស្ត្រាចារ្យ Susan Needham ​ថ្លែង​ថា​ ការងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ផ្តើម​មាន​សំទុះ​នៅ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត​ នៅ​ទីក្រុង​ Long Beach​ ក្នុង​ឆ្នាំ​២០១៦​ ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​និង​សំណេះសំណាល​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ។

លោក​ ហ៊ុន ម៉ាណែត​ អាយុ​៤៥​ឆ្នាំ ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​គាំទ្រ​ឱ្យ​ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី។

ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​លោក​ ហ៊ុន ម៉ាណែត ​យល់​ថា​ លោក​អាច​នឹង​ផ្លាស់ប្តូរ​របៀប​ដឹកនាំ​ដោយសារតែ​លោក​បាន​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​និង​មាន​សម្តី​ទន់ភ្លន់។ នេះ​បើ​តាម​ការសង្កេត​របស់​អ្នកស្រី Susan Needham។​

ប៉ុន្តែ​អ្នកស្រី​សាស្ត្រាចារ្យ​ក៏​បាន​បង្ហាញ​ការប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​ការ​វាយ​តម្លៃ​នេះ៖ «ខ្ញុំ​សូម​និយាយ​ថា​ វា​ជា​រឿង​ប្រថុយប្រថាន​ហើយ​ទំនង​ជា​មិន​អាច​ទេ​បើ​ពិចារណា​លើ​អំណាច​ដែល​មាន​នៅ​ផ្នែក​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ត្រូវ​តែ​គ្រប់គ្រង​ដោយ​ការ​ប្រុង​ប្រយ័ត្ន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ក៏​មាន​ការពិភាក្សា​គ្នា​ថា​លោក ហ៊ុន ម៉ាណែត​ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ទេ​និង​ខ្លាំង​ដូច​លោក​ឪពុក​របស់​លោក​ក្នុង​ការ​រក្សា​តុល្យភាព​ក្នុង​ជួរ​យោធា​ អ្នកជំនួញ​និង​រដ្ឋាភិបាល ​ហើយ​ឱ្យ​នៅ​ក្រោមដៃ​របស់​គាត់»។

ចុច​ទស្សនា​បទសម្ភាសន៍វីអូអេ​ជាមួយ​លោក​ ហ៊ុន ម៉ាណែត​នៅ​ឆ្នាំ​២០១៦៖

​ផលប៉ះពាល់​ផ្ទាល់​លើ​ទីក្រុង​ឡុងប៊ិច​និង​ក្រុម​ប្រឆាំង​

ក្នុង​ខណៈ​ពេល​ដែល​ក្រុម​នយោបាយ​នៃ​គណបក្ស​ទាំងពីរ​ខិតខំ​ប្រជែង​គ្នា​ពង្រីក​ឥទ្ធិពល ​អាជីវកម្ម​របស់​ពលរដ្ឋ​ទីក្រុង Long Beachបាន​រង​ផលប៉ះពាល់​ដោយ​សារ​តែ​ការបែងចែក​និន្នាការ​នយោបាយ​នេះ​បើ​ទោះបីជា​វា​មិនមែន​ជា​កត្តា​តែ​មួយ​មុខ​ក៏ដោយ។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​សកម្មជន​និង​អ្នកដឹកនាំ​សហគមន៍នៅ​ក្នុង​ទីក្រុង​ Long Beach។

​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro)
​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro)

អ្នកស្រី​ ស៊ូលី សារ៉ូ ​(Saro) សមាជិក​ក្រុមប្រឹក្សា​ក្រុង​ Long Beach ​និង​ជា​ចៅ​សង្កាត់​លេខ​៦​ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ​ច្រើន​បាន​កត់​សម្គាល់ពី​ការប្រែប្រួល​នេះ​ក្នុងសហគមន៍​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​កញ្ញា។ អ្នកស្រី​បាន​ទទូច​ពលរដ្ឋ​ឱ្យ​គាំទ្រ​អាជីវកម្ម​ខ្មែរ​ដោយ​មើល​ឱ្យ​វែងឆ្ងាយ​ជាង​និន្នាការ​នយោបាយ​នៅ​កម្ពុជា។​

ទន្ទឹម​នឹង​នេះ​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នកប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់។ ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧ ​មាន​សកម្មជន​និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជាច្រើន​នាក់ហើយ​បាន​រត់ភៀស​ខ្លួន​មក​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ដូចជា​សហរដ្ឋ​អាមេរិក​មាន​ចំនួន​១០​នាក់​ និង​កាណាដា​ចំនួន​១៧​នាក់។ រីឯ​អ្នកខ្លះ​ទៀត​នៅ​ជាប់​ត្រឹម​ប្រទេស​ថៃ។​ នេះ​តាម​តួលេខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឹម​ដើម​ខែ​ធ្នូ​នេះ៕

XS
SM
MD
LG