ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ​ជម្រាប​ស្ថានការណ៍​កម្ពុជា​ជូន​ពលរដ្ឋ​ខ្មែរ ​២.០០០នាក់​ មុន​កិច្ចប្រជុំ​អាមេរិក-អាស៊ាន​នៅ​វ៉ាស៊ីនតោន


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​​ជនជាតិ​​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា ប្រមាណ​​២.០០០នាក់​ នៅ​សណ្ឋាគារ​ Washington Hilton ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)

បញ្ហា​ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​មកពី​តាម​បណ្តា​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក ​និង​ ប្រទេស​កាណាដា​សរុប ​២.០០០​នាក់​បាន​ស្តាប់​ដោយ​ផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ក្នុង​ពេល​ជួប​សំណេះសំណាល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ គឺ​រួម​ទាំង​រឿង​ទំនាក់​ទំនង​កម្ពុជា-អាមេរិក​ រឿង​នយោបាយ​ សេដ្ឋកិច្ច ​សង្គម​ សុខាភិបាល និងទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ផងដែរ។

បញ្ហា​ទាំងនោះ​ត្រូវ​បាន​ថ្លែង​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ​តាម​លំដាប់លំដោយ​ជា​សង្ខេបៗ​ច្បាស់ៗ ​ដើម្បី​ជម្រាប​ពលរដ្ឋ​ដែល​បាន​ចូលស្តាប់​ដោយ​ផ្ទាល់​ក្រោយពី​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​តឹងរ៉ឹង ​និង ​ការ​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​កូវីដ១៩​រហ័ស​ និង​ក្រោយ​ពី​របាយការណ៍​សង្ខេប​ពី​លោក​ កែវ ឈា ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ផង​នោះ។

ចាប់​ផ្តើម​ពី​បញ្ហា​សំខាន់​មួយ​ចំនួន​ ដែល​រួម​មាន​ការ​គិតគូរ​រឿង​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណបណ្ណ​ជូន​ពលរដ្ឋ​ដែល​នៅ​ក្រៅ​ប្រទេស ​ដោយ​បាន​ផ្តល់​ភារកិច្ច​ភ្លាមៗ​ជូន​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ប្រាក់ សុខុន​ ជា​រដ្ឋមន្ត្រី​ការបរទេស ដើម្បី​ពិនិត្យ​លទ្ធភាព​នេះ​និង​ធ្វើ​កិច្ចការ​ជាមួយ​ក្រសួង​មហាផ្ទៃ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ជួប​សំណេះសំណាល​ជាមួយជនជាតិខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា ប្រមាណ២.០០០នាក់​ នៅ​សណ្ឋាគារ​ Washington Hilton ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាន។ (Facebook/Cambodian PM Hun Sen)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ជួប​សំណេះសំណាល​ជាមួយជនជាតិខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា ប្រមាណ២.០០០នាក់​ នៅ​សណ្ឋាគារ​ Washington Hilton ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាន។ (Facebook/Cambodian PM Hun Sen)

លោក ហ៊ុន សែន បាន​ថ្លែងនៅ​ក្នុង​សាលប្រជុំ​ដ៏​ធំ​នៃ​សណ្ឋាគារ​ក្រុង​វ៉ាស៊ីនតោន​មួយ​ថា៖ «មានរឿង​មួយ​គួរ​ចាប់​អារម្មណ៍​ហើយ «ត្រូវតែ​ដោះស្រាយ»​ រវាង​ក្រសួង​ការបរទេស​ ហើយ​និង​ក្រសួង​មហាផ្ទៃ។ ក្រសួង​ការ​បរទេស​មាន​ផ្នែក​កុងស៊ុល​ ក្រសួង​មហាផ្ទៃ​មាន​ខាង​ផ្នែក​អន្តោប្រវេសន៍ ​និង​អត្តសញ្ញាណកម្ម ជាពិសេស​ផ្នែក​អត្តសញ្ញាណកម្ម​ គឺ​បងប្អូន​មកនេះ​គឺ​អត់​មាន​សញ្ជាតិ​ខ្មែរ​ទេ ​ព្រោះ​មក​តាំងពី​តូច ​អត់មាន​ការ​ចុះបញ្ជី​ឈ្មោះ​នៅ​ក្នុង​ស្រុក​ទេ​ អ៊ីចឹង​ត្រូវ​ធ្វើ​ម៉េច​ឱ្យ​បងប្អូន​នេះ ​អាច​មាន​អត្តសញ្ញាណបណ្ណ​ខ្មែរ​បាន ​(សំឡេង​ទះ​ដៃ)»។​

រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រួល​ទិដ្ឋាការ​អចិន្ត្រៃយ៍​ឡើងវិញ​សម្រាប់​ពលរដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ដែល​ជា​ជនជាតិ​ខ្មែរ​ផងដែរ​ ក្រោយពី​ការ​ផ្អាក​មួយ​រយ:ពេល​ខ្លី​ដោយសារ​ជំងឺ​កូវីដ១៩​រាតត្បាត។ ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​រស់នៅ​ក្រៅ​ប្រទេស​ ទាំង​សហរដ្ឋអាមេរិក​ កាណាដា ​បារាំង​ និង​ប្រទេស​ផ្សេងៗ​ទៀត ​ត្រូវ​គេ​ដឹង​ថា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ទៅលេង​ស្រុក​កំណើត​ ធ្វើ​ជំនួញ​ ទិញ​ផ្ទះ​សម្បែង​ដើម្បី​ស្នាក់នៅ​ក្រោយ​ពេល​ចូល​និវត្តន៍​ជាដើម។

បញ្ហា​ផ្សេងទៀត​គឺ​អំពី​ទំនាក់ទំនង​កម្ពុជា​ជាមួយ​អាមេរិក​គឺ​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ថា ​បាន​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត​ក្នុង​រដ្ឋាភិបាល​របស់​លោក។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​អះអាង​ថា៖ «ដំបូង​យើង​គួរតែ​និយាយ​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​ បាន​ដើរ​ដល់​ចំណុច​កំពូល​ដែល​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ»។

លោក​បាន​បន្ត​ថា ​ក្រោយ​ឆ្នាំ​២០០០​ឬ​ក្រោយ​ដំណាក់​កាល​កម្ពុជា​រក​ឃើញ​សន្តិភាព ​សហរដ្ឋ​អាមេរិក​មាន​ស្ថានទូត​ខ្លួនឯង ​ដោយ​លែង​ជួល​កន្លែង​នៅ​កម្ពុជា​ ដែល​ការ​មាន​ស្ថានទូត​នេះ​ គឺ​លោក​នាយករដ្ឋមន្ត្រី​បាន​អះអាង​ថា លោក​បាន​សម្រួល​ជូន​នៅ​ដី​ទីតាំង​ជិត​វត្តភ្នំ​ដែល​ជា​ទីតាំង​ល្អ​នោះ​ដើម្បី​សាងសង់​ស្ថានទូត ​ដែល​លោក​បញ្ជាក់​ថា ​បើ​មិនមែន​អាមេរិក​ទេ ​លោក​មិន​ឱ្យ​ទេ​ព្រោះ​ជា​ទីតាំង​កីឡា​របស់​យុវជន។ ហើយ​ទី២​គឺ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បាន​កើន​ឡើង​ដល់​ទៅ​៩ពាន់លាន​ដុល្លារ​សម្រាប់​ការ​នាំ​ចេញ​ពី​កម្ពុជា​ ដែល​រឿង​នេះ​លោក​ស្នើសុំ​ដល់​ពលរដ្ឋ​ខ្មែរ​សម្លឹង​មើល​ ទោះបី​ជា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ «លិច​អណ្តែតៗ» ​ក្តី។

ក្នុង​ពេល​ដែល​លោក​មិន​បាន​អះអាង​ពី​រឿង​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ ដូច​អ្នក​វិភាគ​ខ្លះ​និង​ការ​លើក​ឡើង​របស់ក្រុម​អ្នក​ជំទាស់​ដែល​បាន​និយាយ​ពី​ភាព​ល្អក់​កករ​ខ្លះ​ដែល​ត្រូវ​ប៉ះទង្គិច​ទំនាក់ទំនងជាមួយ​អាមេរិក​នោះ​ លោក​នាយករដ្ឋមន្ត្រី​បាន​អះអាង​ដោយ​យោង​ទៅលើ​បញ្ហា​ខ្លះ​ ដែល​លោក​ថា​លិច​អណ្តែតៗ។ ការណ៍​នោះ​ គឺ​ការ​ផ្អាក​សមយុទ្ធ​យោធា​ឆ្នាំ​២០១៧ ​ជា​ឆ្នាំ​បោះឆ្នោត ​ដែល​អាមេរិក​ច្រឡំ​ថា​កម្ពុជា​លុប​សមយុទ្ធ​យោធា​រវាង​កម្ពុជា ​និង​អាមេរិក​ ទៅ​ធ្វើ​ជាមួយ​ចិន។ ហើយ​បញ្ហា​មួយទៀត​គឺ​ការ​យល់​ច្រឡំ​អំពីការ​បង្កើត​មូលដ្ឋាន​កងទ័ព​ជើងទឹក​របស់​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាមរបស់​កម្ពុជា ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​អះអាង​ថា​ លោក​ខំ​ពន្យល់​អាមេរិក​ ហើយ​លើក​យក​រដ្ឋធម្មនុញ្ញ​កម្ពុជា​មក​បញ្ជាក់​ពី​អធិបតេយ្យភាព​ អព្យាក្រឹតភាព ​កម្ពុជា​ ដោយ​បន្ថែម​ថា​កម្ពុជា​មិន​ត្រូវការ​កងទ័ព​បរទេស​ទេ​ គឺ​ត្រូវការ​វិនិយោគ ពាណិជ្ជកម្ម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ជួប​សំណេះសំណាល​ជាមួយជនជាតិខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា ប្រមាណ២.០០០នាក់​ នៅ​សណ្ឋាគារ​ Washington Hilton ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាន។ (Facebook/Cambodian PM Hun Sen)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ជួប​សំណេះសំណាល​ជាមួយជនជាតិខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា ប្រមាណ២.០០០នាក់​ នៅ​សណ្ឋាគារ​ Washington Hilton ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាន។ (Facebook/Cambodian PM Hun Sen)

លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​សុំស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​យល់​ពី​បញ្ហា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ជាប់​ទោស​រួច ​និង​មាន​ការ​លំបាក​ទាំងនោះ​ ត្រូវ​អាមេរិក​បញ្ជូន​ទៅ​កម្ពុជា​វិញ​តាម​កិច្ចព្រមព្រៀង​ជា​យូរ​មក​ហើយ ​ដែល​លោក​ថា រដ្ឋាភិបាល​លោក​ចង់​ការពារ​ដោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​ តែ​មន្ត្រី​ការទូត​កម្ពុជា​រង​ទណ្ឌកម្ម​ផ្នែក​វីស្សា​ (ទិដ្ឋាការ) ​ទៅវិញ ​ដោយ​ក្លាយ​ជា​ប្រទេស​មិន​សហការ ​ដោយ​ការ​យល់​ច្រឡំ។

លោក ហ៊ុន សែន​ បញ្ជាក់​ថា៖ «ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មកដល់​ម៉ោង​នេះ​អាមេរិក​គួរ​ផ្តល់​ឱ្យ​មក​វិញ​នូវ​ទិដ្ឋាការ​ព្រោះ​កម្ពុជា​កំពុង​តែ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​តើ។ អ៊ីចឹង​ចំណុច​អ៊ីចឹងៗ​វា​មាន​បញ្ហា ​(យល់​ច្រឡំ)»។

ភាគី​កម្ពុជា​និង​អាមេរិក ​ត្រូវ​គេ​គិត​ថា​ អាច​នឹង​មានការ​សម្រួល​កិច្ចការ​ជាច្រើន​ ទាំង​កិច្ចការ​កម្ពុជា ​តំបន់ ​សាកល​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden (ចូ បៃដិន)​ ផ្តល់​ជំនួប​ដោយ​ផ្ទាល់ ជាមួយ​មេដឹកនាំ​អាស៊ាន​ រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ ​ហើយ​ជា​សហប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ផង​នោះ។

ក្រៅពី​បញ្ហា​ទាំងនោះ​លោក​បាន​ជម្រាប​ពលរដ្ឋ​ខ្មែរ អាមេរិកាំង​និង​កាណាដា​ពី​រឿង​ជា​ច្រើនទៀត​រួម​ទាំង​បញ្ហា​កម្ពុជា​គ្មាន​ឆ្លង​ជងឺ​កូវីដ១៩ ​រយ:ពេល​៥ថ្ងៃ​ជាប់គ្នា​មកដល់​ថ្ងៃទី១១​ខែ​ឧសភា​ បញ្ហា​សេដ្ឋកិច្ច​កើន​ដល់​៥.២​ភាគរយ​នៅ​ឆ្នាំនេះ ​ក្រោយ​ធ្លាក់​ចុះ​ក្រោម​សូន្យ​កាលពី​ឆ្នាំ២០១៩ ​ដោយសារ​ការ​បិទ​ប្រទេស​បណ្តោះអាសន្ន​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ និងបញ្ហា​ជឿនលឿន​ទៅមុខ​រឿង​ព្រំដែន​កម្ពុជា​-វៀតណាម​ចេញ​ពី​ជំនួប​ជាមួយ​សមភាគី​វៀតណាម​នៅ​ខាងក្រៅ​កិច្ចប្រជុំ​អាមេរិក-អាស៊ាន​ ​ដែល​សម្រេច​បាន​៦ភាគរយ​ទៀត ​លើ​ការ​ព្រមព្រៀង​បោះ​បង្គោល​ព្រំដែន ​ដែល​សរុប​៩០​ភាគរយ។

ក្រៅ​ពី​នេះ​ក៏​មានបញ្ហា​នយោបាយ​នៃ​គណបក្ស​ជំទាស់​ទាក់ទង​នឹង​រឿង​ ​ក្តី​លោក កឹម សុខា និង អាមេរិក ​និង​រឿង ​លោក​ សម រង្ស៉ី ​ដែល​មិន​បាន​ឆ្លៀត​ឱកាស​ធ្វើ​លិខិត​ទៅកាន់​លោក​ពេល​កាន់ទុក្ខ​ ក្នុង​ពេល​លោក ​ហ៊ុន ណេង ​ជា​អ្នក​តំណាងរាស្ត្រ​និង​ជា​អតីត​អភិបាលខេត្ត​កំពង់ចាម ​ត្រូវជា​បងប្រុស​របស់​លោក ​បាន​ទទួល​មរណភាពជាដើម។ ការណ៍​នេះ​ត្រូវ​គេ​ទន្ទឹង​រង់ចាំ​មើល​ពីលទ្ធភាព​នៃការ​សន្ទនា​នយោបាយ​រវាង​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​ជា​យូរ​មក​ហើយ នៅ​ពេល​សហគមន៍​អន្តរជាតិ​ ជាពិសេស​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​និង​ទទូច​ឱ្យ​មាន​ការ​សន្ទនា​រវាង​អ្នក​នយោបាយ​កម្ពុជា៕

XS
SM
MD
LG