ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កាន់​អំណាច​អបអរ​ការ​បោះឆ្នោត​ ហើយ​ហាម​អ្នកចាញ់​មិន​ឱ្យ​តវ៉ា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ចូលរួម​បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ចូលរួម​បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ក្នុង​សេច​ក្តី​ប្រកាស​របស់​គណបក្ស​ប្រជាជនកម្ពុជា ​ចុះ​ថ្ងៃទី​១៤​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​បាន​បញ្ជាក់​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​ ​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ថា​ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ សម្រាប់​នីតិកាល​ទី​៦​ ​នៅ​ថ្ងៃ​ទី​២៩​ ​ខែកក្កដា​ ឆ្នាំ​២០១៨​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​សេរី​ ​យុត្តិធម៌​ និង​មាន​តម្លាភាព។

គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​គេរំពឹង​ថា​នឹងគ្រប់គ្រង​អាសនៈ​រដ្ឋសភា​ទំាងអស់​ ​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃអាទិត្យ​ទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ​ដោយ​គ្មាន​វត្តមាន​គូប្រជែង​ខ្លួន​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ​បាន​ប្រកាស​នៅ​សប្តាហ៍​នេះ​ថា​ ​ការ​បោះឆ្នោត​កន្លង​ទៅ​ថ្មីៗ​នេះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេរី​ ​យុត្តិធម៌​ និង​មាន​តម្លាភាព។

ការ​ប្រកាស​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ ​កើត​មាន​មុន​មួយ​ថ្ងៃ​ដែល​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ​ត្រៀម​ប្រកាស​លទ្ធផល​បោះឆ្នោត​ជាផ្លូវការ​នៅ​យប់​ថ្ងៃ​ពុធ​នេះ។​ ​ការ​បោះឆ្នោត​ថ្មីៗនេះ​ ​ទោះ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​របស់​លោក​កឹម សុខា​ ​និង​លោក​ ​សម រង្ស៊ី​ ​ចូលរួម​ ​តែ​មាន​គណបក្ស​១៩​ផ្សេងទៀត​ ​បាន​ចូលរួម​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​

ក្នុង​សេច​ក្តី​ប្រកាស​របស់​គណបក្ស​ប្រជាជនកម្ពុជា ​ចុះ​ថ្ងៃទី​១៤​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​បាន​បញ្ជាក់​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​ ​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ថា​ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ សម្រាប់​នីតិកាល​ទី​៦​ ​នៅ​ថ្ងៃ​ទី​២៩​ ​ខែកក្កដា​ ឆ្នាំ​២០១៨​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​សេរី​ ​យុត្តិធម៌​ និង​មាន​តម្លាភាព។ ការ​បោះឆ្នោត​នេះ​ ត្រូវបាន​ចូលរួម​ដោយ​អ្នក​បោះឆ្នោត​ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ យ៉ាង​កុះករ និង​បាន​ទទួលស្គាល់​ដោយ​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ មក​ពី​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​ ថា​ជា​សញ្ញាណ​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ភាព​ចាស់​ទុំ​របស់​កម្ពុជា​ ​នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ»។​

គណបក្ស​ប្រជាជន​កម្ពុជា​ក៏គ្រោង​នឹង​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ «អបអរ​សាទរ​លទ្ធិប្រជា​ធិបតេយ្យ​សេរីពហុបក្ស​របស់​កម្ពុជា»​ ​និង​ដើម្បី​ប្រាប់​អ្នក​កាសែត​អំពី​លទ្ធផល​ផ្លូវការ ដែល​បាន​ពី​ការ​បោះឆ្នោត​ដែល​ប្រទេស​នៅ​លោក​ខាងលិច​ និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចោទ​ថា​ ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ ​និង​ធ្វើឡើង​ដើម្បី​គ្រាន់​តែ​បន្ត​អំណាច​របស់​លោក ហ៊ុន​ សែន ​ប៉ុណ្ណោះ។ ប្រជាជន​កម្ពុជា​ក៏​នឹង​រង​ការ​គាបសង្កត់​បន្ថែម​ទៀត​ក្រោមរបៀប​របប​ដឹកនាំ​ផ្តាច់​ការ​ផងដែរ។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​គណបក្ស​គ្រប់គ្រង​ប្រទេស​ទំនង​ជា​បាន​អាសនៈ​សភា​ច្រើន​ជាង​គណបក្ស​នយោបាយ​ណា​ទាំងអស់​ បើ​តាម​លទ្ធផល​បឋម​ចេញ​ផ្សាយ​ដោយ​គ.ជ.ប​ កាល​ពីពេល​ថ្មីៗ​នេះ។​

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។

លោក​មិន​អាច​បញ្ជាក់​ច្បាស់ៗ​ថា​ ​បក្ស​កាន់​អំណាច​នឹង​ក្តោប​យក​អាសនៈ​ទាំង​១២៥​នៅ​រដ្ឋ​សភា​ជាតិ​នោះ​ទេ​ ​តែ​បាន​ព្រមាន​គណបក្ស​ផ្សេងៗ​ទៀត​ថា​ មិន​អាច​តវ៉ា​បាន​ឡើយ​ បើសិន​តាម​ការ​ទូទាត់​សំឡេង​ឆ្នោត​រួចហើយ​ ហើយ​គណបក្ស​ទាំង​នោះ​ ​មិន​ទទួល​អាសនៈ​ណាមួយ​នោះ។

«ដូច្នេះ​បើសិន​ណា​ជា​យក​សំឡេង​ឆ្នោត​របស់​គណបក្ស​នីមួយៗ​ ទៅ​តាម​មណ្ឌល​នីមួយៗ​ ទាំង​២៥ ខេត្ត​ក្រុង​នេះ​ ខ្ញុំ​យល់​ថា​ វា​ចេញ​លទ្ធផល​យ៉ាងណា​ គឺ​យើង​ទទួល​ស្គាល់​លទ្ធផល​នោះ​ហើយ។​ បាទ​ មិន​អាច​ប្រកែក​បាន​ទេ​ ទោះបី​ថា​គណបក្ស​បាន​សំឡេង​កៅអី បាន​អាសនៈ​ច្រើន​ ឬមួយ​គណបក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ហ្នឹង​ក៏​មិនអាច​មាន​ហេតុផល​ណា​ ដែល​ត្រូវ​ប្រកាស​បដិសេធ​អំពី​លទ្ធផល​ដែល​ចេញ​ពី​រូបមន្ត​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​នោះ​ទេ»។​

​បន្ថែម​លើ​ការ​អះអាង​របស់​លោក​ ​សុខ ឥសាន​ ​នាពេល​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏​ធ្លាប់​បាន​ប្រកាស​ពី​ការ​ដឹក​នាំ​ប្រទេស​បន្តក្នុង​រយៈពេល​ ​៥​ឆ្នាំ​ទៀត​ ​ដើម្បី​បន្ត​ការ​គ្រប់គ្រង​ប្រទេស​របស់​លោក​រយៈពេល​ ​៣៣​ឆ្នាំ​កន្លង​មក។​

ទោះ​ជា​មាន​ការ​អះអាង​យ៉ាងណា​ក៏ដោយ​ ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ រួមមាន​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ និង​បណ្តា​ប្រទេស​សម្ត័ន្ធ​មិត្ត​ផ្សេង​ទៀត​របស់​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​សម្តែង​ការ​ខក​ចិត្ត​ ​និង​រិះគន់​ចំពោះ​ការ​បោះឆ្នោត​ដែល​គ្មាន​វត្តមាន​គណ​បក្ស​សង្គ្រោះជាតិ​ ​ដែល​ត្រូវបាន​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​រំលាយ​ចោល​កាល​ពីឆ្នាំមុន។​ មានតែ​ក្រុម​មន្ត្រី​ចិន​ដែល​ជា​មហាអំណាចកុម្មុយនីស្ត​ប៉ុណោ្ណះ​ ដែល​បាន​ចេញ​មុខមក​អបអរ​សាទរ​ថា​ការ​បោះ​ឆ្នោត​ បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ។

លោក​ ​សុខ ឥសាន​ ​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ការពារ​ជ័យ​លាភី​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ ដែល​បាន​រៀបចំ​ការ​បោះឆ្នោត​ដោយ​ជោគជ័យ​ថ្មីៗ​នេះ​ ហើយ​បាន​អះអាង​ទៀត​ថា​ ពលរដ្ឋ​ខ្មែរ​ទេ​ ដែល​ជា​អ្នក​សម្រេច​ជោគ​វាសនា​ខ្លួន​ឯង​នោះ​ មិន​មែន​ប្រទេស​ប្រជាធិបតេយ្យ​ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។ លោក​បាន​បន្ថែម​ថា​ ​ទោះបី​មាន​តែ​គណបក្ស​មួយ​ក្នុង​រដ្ឋសភា ​ក៏​ប្រជាធិបតេយ្យ​នៅមាន​ជីវិត​ដដែល​នៅ​កម្ពុជា។​

«ទោះបី​ថា​ គណបក្ស​ណាមួយ​ជាប់​ឆ្នោត​តែ​ឯង​នៅ​ក្នុង​សភា​ ក៏​វា​ឆ្លុះ​បញ្ចាំង​អំពី​ខ្លឹមសារ​ និង​អត្ថន័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែរ​ មិន​អាច​និយាយ​ថា​ មានបក្ស​មួយ​ជាប់​ឆ្នោត​ហើយ​ គឺថា​ចោទ​ថា​ ជា​ឯកបក្ស​នោះ​មិនបាន​ទេ​ ពីព្រោះ​សំឡេង​ឆ្នោត​ដែល​ប្រជាពលរដ្ឋ​បោះ​ឲ្យ​ហ្នឹង​ គឺថា​ជាប់​គ្រប់​គណបក្ស​ទាំងអស់​ គ្រាន់​តែតិច​ ហើយ​និង​ច្រើនទេ ហើយ​គណបក្ស​ខ្លះ​ដែល​ជាប់​តិច​ហ្នឹង​ គឺថា​ចែក​តាម​រូបមន្ត​ ដែល​មាន​ចែង​ក្នុងច្បាប់​ទៅ​ វាអត់​បាន​កៅអី​ វាអត់​បាន​អាសនៈ​ ដោយសារ​តែ​វា​ខ្វះ​ជើង»។​

លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប) ​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ ចំពោះ​លទ្ធភាព​នៃ​ការ​ទទួល​បាន​អាសនៈ​របស់​គណបក្សនយោបាយផ្សេងទៀត​ ​ក្រៅតែពី​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន។ ​

ទាក់​ទិន​ការ​ចំអក​ចំអន់​ធ្វើឡើង​ដោយ​អ្នក​នយោបាយ​ប្រឆាំង​ពី​ក្រៅប្រទេស​ថា​ ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ ឬ​ក៏​ការ​ថ្កោលទោស​ពី​សហគមន៍​គាំទ្រ​ប្រជាធិបតេយ្យ​ចំពោះ​ការ​បោះឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ​គ្មានវត្ត​មាន​បក្ស​ប្រឆាំង​នោះ​ ​លោក​ ​ហង្ស ពុទ្ធា​ ​បាន​ពន្យល់​ថា៖​

«ការ​ចំអក​ហ្នឹង​ វាគ្រាន់​តែ​ជា​ភាសា​របស់​អ្នក​នយោបាយ​ទេ បាទ។​ ​ហើយ​ គ.ជ.ប​ យើង​ធ្វើ​ការ​លើ​ការងារ​បច្ចេកទេស​ អ៊ីចឹង​បញ្ហា​នយោបាយ​ ​ទុក​ឲ្យ​អ្នក​នយោបាយ​លោក​ដោះស្រាយ​គ្នា​ទៅ​បាទ។​ ​ហើយ​ចំណែក​ ​គ.ជ.ប​ ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​គឺ​ បាន​ថ្ងៃនេះ​ គឺ​នឹង​ប្រកាស​លទ្ធផល​ជូន​សាធារណជន​ហើយ​បាទ»។​

លោក​ ​សុខ សំអឿន​ ​មេធាវី​ឯករាជ្យ​ដែល​ច្រើន​ការពារ​ក្តីទាក់​ទិន​បញ្ហា​សិទ្ធិមនុស្ស​ ថ្លែង​ថា​ តាម​ច្បាប់​របស់​កម្ពុជា​ ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ក្តោបក្តាប់​សភា​ទាំង​មូលបាន​ ​ហើយ​ក៏​មិនមាន​បញ្ហា​រាំងស្ទះ​ណាមួយ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ដែរ។​

«ពហុបក្ស​នេះ​ វា​មិន​ឲ្យ​និយម​ន័យ​ច្បាស់​លាស់។ ដូច្នេះ​ ឲ្យតែមាន​ការ​ចូលរួម​ពី​បក្ស​[...]​ ដូចថា​មាន​ចូលរួម​ពេល​បោះឆ្នោត​ មាន​គណបក្ស​ច្រើន​ អាហ្នឹង​វា​ក៏​ពហុបក្ស​ដែរ​អ៊ីចឹង»។​

នៅឯ​សហរដ្ឋ​អាមេរិក​វិញ​ រដ្ឋបាល​ក្រុង ​Lowell ​រដ្ឋ​ ​Massachusetts បាន​បើក​សវនាការ​ស្តាប់​ញត្តិ​របស់​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​នៅ​ក្រុង​នេះ​ សុំឲ្យ​អភិបាល​និង​ក្រុមប្រឹក្សា​ក្រុម​គាំទ្រ​សេចក្តី​ស្នើច្បាប់ HR5754 ​ដើម្បី​គាប​សង្កត់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​រក​លទ្ធិប្រជាធិប​តេយ្យ​ឡើង​វិញ។

ក្រោយ​ពី​បាន​ស្តាប់​ការអំពាវនាវ​របស់​អ្នក​តំណាង​ជនជាតិ​ខ្មែរ​នៅក្រុង Lowell ក្រុម​ប្រឹក្សា​ក្រុម​ទាំងអស់​ដែល​មាន​វត្តមាន​បាន​សម្តែង​ការ​គាំទ្រ​ញត្តិរបស់​ពួក​គេ មុន​ដាក់​ទៅ​ព្រឹទ្ធ​សភា​ស.រ.អា.​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​អនុម័ត ​ក្រោយពី​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ជិត​មួយ​ខែមុននេះ។​ ញត្តិនេះ ដែល​មាន​ហត្ថលេខា​ជាង​៧០០​នាក់ ត្រូវបាន​យក​មក​បង្ហាញ​សវនាការ​កាលពី​ល្ងាច​ថ្ងៃអង្គារ។​

​សេចក្តីស្នើ​ច្បាប់​ ​HR5754​ ​នេះ​ មាន​គោល​ដៅ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ ​ដើម្បី​ជំរុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ ​សេរីភាព​សង្គម​ស៊ីវិល​ ​និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឡើងវិញ។​ ​ញត្តិនេះ​ក៏​ប្រឆាំង​នឹង​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ កាល​ពីថ្ងៃ​ទី​២៩​ ខែ​កក្កដា​ផង​ដែរ៕

XS
SM
MD
LG