គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃច័ន្ទនេះ បានសម្រេចផ្លាស់ប្តូរតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៣៨រូប ដើម្បីជំនួសសមាសភាពចាស់ដែលបានលាឈប់ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខភាពតំណាងរាស្រ្តចាស់ និងទទួលស្គាល់បេក្ខភាពតំណាងរាស្រ្តថ្មី ទៅតាមការស្នើសុំរបស់គណបក្សកាន់អំណាច។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ បញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន ក្នុងអាណត្តិទី៦ ដោយមានតែតំណាងពីគណបក្សកាន់អំណាចតែមួយ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានបញ្ជាក់ពីលទ្ធផលថា៖
«អង្គប្រជុំបានអនុម័តលើសំណើសុំផ្លាស់ប្តូរតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជាចំនួន៣៨រូប ជំនួសសមាសភាពតំណាងរាស្រ្តចាស់ដែលបានលាឈប់។ ការប្រកាសសុពលភាពនៃអាណត្តិតំណាងរាស្រ្តទាំង៣៨ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំសភាលើកទី១ នីតិកាលទី៦ នាពេលខាងមុខ»។
បើតាមសេចក្តីសម្រេចចំនួនពីរច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងទើបត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី១៧ ខែកញ្ញានេះ បានសម្រេចលុបឈ្មោះបេក្ខភាពតំណាងរាស្រ្តដែលបានលាឈប់ និងទទួលស្គាល់បេក្ខភាពតំណាងរាស្រ្តថ្មីដែលត្រូវជំនួសតំណាងរាស្រ្តដែលលាឈប់។
សេចក្តីសម្រេចនោះបានបញ្ជាក់ពីឈ្មោះរបស់តំណាងរាស្រ្តដែលត្រូវបានលុបឈ្មោះចេញ និងឈ្មោះតំណាងរាស្រ្តដែលត្រូវចូលជំនួសតំណាងរាស្រ្តដែលលាឈប់ចំនួន៣៨រូប។ តំណាងរាស្រ្តគណបក្សកាន់អំណាច នីតិកាលទី៦ ឆ្នាំ២០១៨ គឺស្ថិតនៅមណ្ឌលខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្ដាល ក្រចេះ រាជធានីភ្នំពេញ ខេត្តព្រៃវែង ពោធិ៍សាត់ ព្រះសីហនុ តាកែវ កែប ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOA នារសៀលថ្ងៃច័ន្ទ នេះថា ក្រោយការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បេក្ខភាពតំណាងរាស្រ្តថ្មីទាំង៣៨រូប នឹងចាប់ផ្តើមការងារនាថ្ងៃព្រហស្បតិ៍ ក្រោយការប្រជុំពេញអង្គ និងការស្បថចូលកាន់តំណែង នាថ្ងៃពុធនេះ។
លោកបញ្ជាក់ថា៖
«នៅថ្ងៃពុធហ្នឹងមានការប្រជុំពេញអង្គដើម្បីនឹងប្រកាសថា លោក៣៨រូបហ្នឹងជាសមាជិក ជាតំណាងរាស្រ្តពិតប្រាកដ។ ក្រោយពីស្បថចូលកាន់តំណែងភ្លាម។ ព្រឹកប្រកាស ល្ងាចគាត់ទៅស្បថ ថ្ងៃព្រហស្បតិ៍អាចចូលធ្វើការបាន»។
លោក ឡេង ប៉េងឡុង មិនបានបញ្ជាក់ថាតើការស្នើសុំលាលែងរបស់តំណាងរាស្រ្តទាំង៣៨រូបនោះ បណ្តាលមកពីមូលហេតុអ្វីនោះទេ ដោយលោកគ្រាន់តែបន្ថែមថាការផ្លាស់ប្តូរតំណាងរាស្រ្តទាំង៣៨រូប នឹងមានផលប៉ះពាល់ណាមួយដល់ការងាររបស់រដ្ឋសភានោះទេ។
លោកមានប្រសាសន៍ថា៖
«អាហ្នឹងជាការងាររបស់គណបក្ស ជាកិច្ចការងារផ្ទៃក្នុងរបស់គណបក្សចាត់ចែង។ យើងធ្វើតាមច្បាប់ រឿងហ្នឹងតាមច្បាប់ទាំងអស់ អត់មានអីអត់តាមច្បាប់ទេ ច្បាប់អនុញ្ញាតឲ្យធ្វើទាំងអស់»។
ការសម្រេចផ្លាស់ប្តូរតំណាងរាស្រ្តទាំង៣៨រូបរបស់គណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី៦នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បានថ្លែងក្នុងកិច្ចប្រជុំរបស់រដ្ឋសភាអាណត្តិទី៦ ជាលើកដំបូង ដោយប្រាប់ឲ្យតំណាងរាស្រ្តដែលជាមន្រ្តីរដ្ឋាភិបាល ត្រូវលាលែងចេញពីសមាជិករដ្ឋសភា។
រដ្ឋសភាកម្ពុជាអាណត្តិទី៦នេះ បានក្លាយជារដ្ឋសភាឯកបក្សជាលើកដំបូងចាប់តាំងពីការបោះឆ្នោតអាណត្តិទី១ ក្នុងឆ្នាំ១៩៩៣មក។ រដ្ឋសភាជាតិដែលដឹកនាំដោយគណបក្សតែមួយជាលើកដំបូងនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោត និងទទួលបានអាសនៈក្នុងរដ្ឋសភាទាំង១២៥ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រជែងដ៏ធំរបស់ខ្លួន កាលពីចុងឆ្នាំ២០១៧កន្លងទៅ៕