ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសង្កេតការណ៍៖ បក្ស​កាន់​អំណាច​ចាញ់​នៅ​សៀមរាប ​ដោយ​សារ​ខ្សោយ​សេវា​សាធារណៈ


ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួម​​បោះឆ្នោត​នៅ​ការិយាល័យ​​ក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)​
ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួម​​បោះឆ្នោត​នៅ​ការិយាល័យ​​ក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)​

ភាព​ខ្វះខាត​ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ ​ដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​ ប្រឈម​ ​ការ​អភិវឌ្ឍ​ភូមិ​ ​សង្កាត់​របស់​ចៅ​សង្កាត់​ ​និង​មេឃុំ ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​ ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​យក​មក​ពិចារណា​សម្រាប់​ជ្រើស​រើស​ចៅ​សង្កាត់​ និង​មេ​ឃុំ​អាណត្តិ​ទី៤​កន្លង​ទៅ​ថ្មីៗ​។​

ក្នុង​កា​របោះ​ឆ្នោត​ជ្រើស​រើស​ ​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់​អាណត្តិ​ទី៤​កន្លង​ទៅ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​នេះ​រហូត​ទទួល​បាន​៥៦​សង្កាត់​ ​ក្នុង​ចំណោម ​ឃុំ-សង្កាត់​ចំនួន​១០០​នៃ​ខេត្ត​សៀមរាប។​ ​ចំណែក​ឯ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ត្រឹមតែ​៤៤​ ​សង្កាត់​តែ​ប៉ុណ្ណោះ។​ ​នេះ​បើ​តាម​លទ្ធ​ផល​បឋម​បង្ហាញ​ ដោយ​គណ​បក្ស​កាន់​អំណាច ​និង​គណ​បក្ស​ជំទាស់។

កាលពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ​សង្កាត់​អាណត្តិ​ទី​៣ ​ក្នុង​ឆ្នាំ២០១២​ ​គណ​បក្ស​ប្រជាជន​ទទួល​បាន​ ជោគ​ជ័យ​យ៉ាង​ក្លាំងក្លា​រហូត​គ្រប់គ្រង​បាន​សង្កាត់​ចំនួន៩៨​ រីឯ​គណបក្ស​សមរង្ស៊ី​ដែល​ពេល​នេះ​រួម​ ​បញ្ចូល​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តែ​២​សង្កាត់​តែ​ប៉ុណ្ណោះ​។​

ប្រជា​ពលរដ្ឋ​ គណ​បក្ស​នយោបាយ​និង​ អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​ក្នុង​ខេត្ត​សៀម​រាប​ ​យល់​ថា​ ការ​ថមថយ​នៃ​សំឡេង​គាំទ្រ​ដល់​គណ​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ គឺ​ដោយ​សារ​ចន្លោះ​ប្រហោង​ការងារ​ជា​ច្រើន​ ​បម្រើ​ដល់​ពលរដ្ឋ​ ដែល​ជា​ម្ចាស់​ឆ្នោត។​

ភាព​ខ្វះខាត​ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​កំពុង​ ប្រឈម​ ​ការ​អភិវឌ្ឍ​ភូមិ​ ​សង្កាត់​របស់​ចៅ​សង្កាត់​ ​និង​មេឃុំ ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​ ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​យក​មក​ពិចារណា​សម្រាប់​ជ្រើស​រើស​ចៅ​សង្កាត់​ និង​មេ​ឃុំ​អាណត្តិ​ទី៤​កន្លង​ទៅ​ថ្មីៗ​។​

កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ​កង់​បី​រង​ចាំ​ដឹក​ភ្ញៀវ​ ភ្នែក​សំលឹង​មើល​ព័ត៌​មាន​តាម​រយៈ​ទូរស័ព្ទ​ដៃ​ លោក ​ភុន​ វុទ្ធី​ ​អាយុ​៣៧​ឆ្នាំ​ រស់នៅ​សង្កាត់​ស្លក្រាម​ ក្រុង​សៀម​រាប​ បាន​ឱ្យ​ VOA​ ដឹង​ថា៖​

«បើ​ថា​មេ​ឃុំ​បម្រើ​គេ​បាន​ល្អ​គេ​ចេះ​តែ​បោះ​ឱ្យ​ទៀត ​ហើយ​តែ​បើ​សិន​បម្រើ​ប្រជាជន​អត់បានល្អ​ទេ​គាត់​ត្រូវ​ការ​ជ្រើស​រើស​អ្នក​ដឹក​នាំ​ថ្មី​ហើយ​។ ​ដូច​ថា ​គាត់​ដឹក​នាំ​ក្នុង​ឃុំ​មួយ​ៗ​ចឹង​ទៅ​ គាត់​ធ្វើ​ទង្វើ​មិន​សូវ​ល្អ​ហើយ​អ្វី​ដែល​ប្រជាជន​ចង់​បាន​ គាត់​មិន​សូវ​ជា​ចុះ​ទៅ​មើល​ ដូច​ជា​ផ្លូវ​ ដូច​ជា​អីផ្សេងៗ​ទៀត​សេវា​នៅ​ខ្សោយ​មិន​ទាន់​ពង្រឹង​ឱ្យ​នឹង​ធឹង​ដូច​ថា ​ប្រជា​ជន​មាន​បញ្ហា​អ្វី​មួយ​ពឹង​ពាក់​អ្វី​មួយ​ព្រងើយ​កន្តើយ​ អ្វី​ដែល​ពង្រើយ​ជា​មួយ​គេ ​គេ​ព្រងើយ​ទៅ​វិញ​ហើយ​»​។​

ស្រដៀង​គ្នា​នោះ​ដែរ​ អ្នក​ស្រី​ ​សួរ ស៊ាង​ហៃ​ ​អាយុ​៣៨ឆ្នាំ​ ជា​អាជី​វករ​ រស់​នៅ ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ចៅ​សង្កាត់​មិន​ខ្វល់​ពី​បញ្ហា​ទុក្ខ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ ​មិន​អភិវឌ្ឍភូមិ​ ​សង្កាត់​គឺ​ មិន​អាច​នៅ​បន្ត​តំណែង​បាន ទៀត​នោះ​ទេ​ បើ​ទោះ​បី​ជា​ចៅ​សង្កាត់​នោះ​មក ​ពី​គណ​បក្ស​ណា​ក៏​ដោយ​។​

​«គឺ​ដោយ​សកម្មភាព​របស់​គាត់​តែ​ម្តង​ បើ​គាត់​ធ្វើ​ល្អ​ គាត់​ជួយ​ប្រជា​ជន​យើង ​ពី​ព្រោះ ​គាត់​ជា​ម្លប់​ប្រជា​ពល​រដ្ឋ​ទាំង​មូល​ បើ​គាត់​ធ្វើ​ការ​មិន​ល្អ​ប្រជា​ជន​យើង​ក៏​មិន​ទុក​គាត់​ឱ្យ​ធ្វើ​ការ​ដែរ​តែ​បើ​គាត់​ធ្វើ​ការ​ល្អ​គឺ​ប្រជា​ជន​យើង​ទាំង​អស់​គឺ​មិន​ប្រកាន់​គណ​បក្ស​ទេ​ សំខាន់​ឱ្យ​តែ​គាត់​គិត​គូរ​ ពី​ប្រជាជន​យើង​ឱ្យ​បាន​ច្រើន​បំផុត​ ដល់​គាត់​ធ្វើ​មិន​ល្អ​គឺ​ផ្លាស់​ប្តូរ ​ហើយ​បើ​សិន​ជា​មេ​ឃុំ​ថ្មី​របស់​ ​គណ​បក្ស​សង្គ្រោះ​ជាតិ ​គាត់​ធ្វើ​មិន​បាន​ល្អ​ក៏​ប្រជា​ជន​រើ​បម្រាស់​ដូច​គ្នា​ដែរ​»​។​

ជា​មួយ​គ្នា​នេះ​ដែរ​ យុវ​ជន​សួន​ ​គឹម​សាញ់ ​អាយុ​២៩​ ឆ្នាំ​ រស់​នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​បាន​ឱ្យដឹង​ថា​ ប្រជា​ពល​រដ្ឋ​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ចំពោះ​ចៅ សង្កាត់ ណា​អ​សកម្ម​ក្នុង​ការ​បម្រើ​ប្រជា​ពល​រដ្ឋ ។​

លោក​បាន​បញ្ជាក់​ថា​ លោក​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជា​បន្ត​ទៀត​នៅ​អាណត្តិ​ក្រោយ​បើ​សិន​ចៅ​សង្កាត់​ទើប​តែ​ឡើង​ថ្មី​នេះ​មិន​បាន​ជួយ​ប្រជា​ពល​រដ្ឋ​ ដូច​ជា​សេវា​សាធារណៈ​ ផ្លូវ​ថ្នល់ សន្តិ​សុខ ​សុវត្ថិភាព​ ​ជាដើម។

​យុវជន​ សួន​ ​គឹម​សាញ់ ​អាយុ​២៩ឆ្នាំ និយាយ​ថា៖

«ដោយ​សារ​ថា​ មើល​ទៅ​ក្នុង​ភូមិ​ឃុំ​ខ្ញុំ​នេះ​អ​ស​កម្ម​មែន​បាន​តែ​ការ​សន្យា​ទេ​ ការ​ធ្វើ​ដូច​អត់​សូវ​បាន​ធ្វើ​ទេ​ បើ​ធ្វើ​ដែរ ​ធ្វើ​ទុក​ចោល​។​ ដូច​ខ្ញុំ​ប្រជា​ពល​រដ្ឋ​នេះ​អស់​ជំនឿ​ទុក​ចិត្ត​នៅ​លើ​គាត់​បាន​ ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ ​ចង់​ឱ្យ​ភូមិ​ឃុំ​ខ្ញុំ​នេះ​មាន​ការ​អភិវឌ្ឍ​ល្អ​។​យើង​រាល់​ថ្ងៃ​ចង់​ឱ្យ​មាន​ការ​ ​ផ្លាស់​ប្តូរនេះ​ក៏​គិត​ដែរ ​បើ​សិន​ជា​អ្នក​ដែរ​ឡើង​មក​ថ្មី​នេះ​អត់​មាន​ការ​រៀបចំ​អត់​មាន​ការ​យក​ចិត្ត​ទុក​ ​ដាក់​ប្រជា​ពលរដ្ឋ​ ​យើង​ក៏​បោះ​ឱ្យគាត់​ធ្លាក់​វិញ​ទៅ​នៅ​អាណត្តិ​ក្រោយ»។​

ដោយ​ឡែក​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​ទេសចរណ៍​ដ៏​ធំ​នេះ​ក៏​ឃើញ​ពី​កង្វះ​ខាត​ជា​ច្រើន​របស់​មន្ត្រី​ថា្នក់​មូលដ្ឋាន​របស់​គណបក្ស​កាន់​អំណាច​ផង​ដែរ​។ ពួកគេ​យល់​ថា ​ការ​ធ្វេស​ប្រហែស​ និង​ការ​មិន​គោរព​តួនាទី​ក្នុង​ការ​បម្រើ​រាស្ត្រ ដែល​ជា​ម្ចាស់​ឆ្នោត​បើក​ឱកាស​ឱ្យ​គណ​បក្ស​ជំទាស់​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។​

លោក​ ​ម៉ែន ​គឹមសួរ​ ​ជា ​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធ​មនុស្ស​របស់​អង្គការ​លី​កា​ដូ ប្រចាំ​ខេត្ត ​សៀម​រាប​ ​និង​លោក​ សួស ណា​រិន​ មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​ និង​ដី​ធ្លី​របស់ ​សមាគម អាដ​ហុក​ប្រចាំ​ខេត្ត​សៀម​រាប​បាន​ឱ្យដឹង​ស្រដៀង​គ្នា​ថា ​ប្រជា​ពល​រ​ដ្ឋ​អាច​អស់​ ជំនឿ​ទៅ​លើ​មន្រ្តី​ តាម​មូល​ដ្ឋាន​ ​ក្នុង​ការ​បំពេញ​តួ​នាទី​បម្រើ​ប្រជា​ពល​រដ្ឋ​ ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​នេះ​មិន​ទាន់​អាច​សនិ្ន​ដ្ឋាន​បាន​ថា ​ចៅ​សង្កាត់​ដែល​ឡើង​កាន់​តំណែង​ថ្មី​បំពេញ​តួ​នាទី​បាន​ល្អ​ជាង​ចៅ​សង្កាត់​មុន​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ​គឺ ​ត្រូវ​រង​ចាំ​ការ​តាម​ដាន​ជា​បន្ត​ទៀត​។​

លោក​ សួស ​ណា​រិន ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖

«ពី​ព្រោះ​អ្វី​ ដែល​ប្រជាជន​សម្រេច​ចិត្ត​នេះ ​វា​បង្ហាញ​ថា ​ប្រាកដ​ជា​ មាន​ការ​ថ្នាំង​ថ្នាក់​នៅ​អាជ្ញា​ធរ​មូលដ្ឋាន​មុន​ ហើយ​បាន​ជា​គាត់​សម្រេច​ចិត្ត​ជ្រើស​រើស​អ្នក​ថ្មី ​ចឹង​ឱ្យ​ថា​អ្នក​មុន​អន់ ​អ្នក​ក្រោយ ខ្លាំង​ខ្ញុំ​អត់​ទាន់​ថា​បាន​ទេ​ ពី​ព្រោះ​ខ្ញុំ​អត់​ទាន់​ឃើញ​ថ្វី​ដៃ​ និង​សម​ត្ថភាព​អ្នក​ថ្មី​នៅ​ឡើយ​ទេ​ ចឹង​ខ្ញុំ បន្ត​ការ​ឃ្លាំ​មើល​ទៀត​បើ​សិន​អ្នក​ថ្មី​គាត់​ឡើង​ គាត់​ធ្វើ​ដូច​តែ​អ្នក​មុន​ដដែល​ ហ្នឹង​ប្រជា​ជន ជា​អ្នក​សម្រេច​ទៀត​ហើយ​២០​១៨ ​»​។​

យ៉ាង​ណា​ក៏​ដោយ​លោក​ សាម​ ឡន​ បេក្ខ​ភាព​មក​ពី​គណ​បក្ស​កាន់​អំណាច​ ​ដែល​បាន​គ្រប់​គ្រង​តំណែង​ជា​ចៅ​សង្កាត់​សាលា​កំរើក​ជា​យូរ​មក​ហើយ​នោះ​ ​ពេល​នេះ​បាន​ធ្លាក់​ពី​តំណែង​បាន​សម្តែង​ការ​ស្រែក​ខឹង​យ៉ាង​សម្បារ​ នៅ​ពេល​ ​VOA ​សុំ​សម្ភាសន៍​ជុំវិញ​បញ្ហា​ធ្លាក់​ឆ្នោត​របស់​គាត់​នៅ​ក្នុង​សង្កាត់​សាលា​កំរើក។​

ក៏​ប៉ុន្តែ​លោក​ ខៀវ សត​ ​ចៅ​សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប នៅ​តែ​សម្តែង​ការ​ស្វាគមន៍​ក្នុង​ការ​ឱ្យដឹង​ពី​ការ​ធា្លក់​តំណែង​របស់​លោក​ថា ​អាច​បណ្តាល​មក​ពី​ការ​ខ្វះ​ចន្លោះ​ខ្លះ​ក្នុង​ការអភិ​វឌ្ឍ​ ហើយ​កត្តា​សំខាន់​មួយ​ទៀត​ប្រជា​ពល​រ​ដ្ឋ​ចង់​សាក​ល្បង​ជា​មួយ​ចៅ​សង្កាត់​ថ្មី​ថា ​អាច​បម្រើ​ប្រជា​ពលរដ្ឋ​បាន​ល្អ​ដល់​កម្រិត​ណា។​

លោក​បាន​បញ្ជា​ក់ថា​ លោក​មិន​អស់​សង្ឈឹម​ក្នុង​ការ​ធ្លាក់​តំណែង​នោះ​ទេ ​តែ​លោក​នឹង ពង្រឹង​សម​ត្ថ​ភាព​ និង​បម្រើ​ប្រជា​ពល​រដ្ឋ​ឱ្យ​បាន​កាន់​តែ​ល្អ​ជាង​មុន​ទៀត​។

លោក​ ខៀវ សត​ ​ចៅ​សង្កាត់​ស្ល​ក្រាម​ ដែល​នឹង​ចេញ​ពី​តំណែង​ក្នុង​ពេល​ខាង​មុខ​បាន​ប្រាប់​ VOA ថា៖​

«ធម្មតា​ទេ​យើង​ ការងារ​អភិវឌ្ឍន៍ ​ការ​អនុវត្តន៍​ការងារ​យើង​ត្រូវ​មាន​ចន្លោះ​ប្រហោង​ខ្លះ​ដែរ ​ប៉ុន្តែ

​ក្នុង​នោះ​ការ​ដឹក​នាំ​របស់​ខ្ញុំ​ពេល​មុន​ៗ​គឺ ​ខ្ញុំ​មិន​ដែរ​បង្ក​លក្ខណៈ​ណា​មួយ​ឱ្យ​ប្រជា​ជន​មាន​ការ​លំបាក​ទេ​ហើយ​សេវា​សាធារណៈ​គឺ​ ខ្ញុំ​អនុវត្តន៍​តាម​មិន​ឱ្យ​ខុស​បន្តិច​ធម្មតា​ទេ​យើង​ នៅ​ក្នុង​ មូល​ដ្ឋាន​វា​មាន​បញ្ហា​ប្រឈម​ច្រើន​ តម្រូវការ​ច្រើន​ ហើយ​ថវិកា​យើង​មាន​តិច​ដូច្នេះ​ យើង ​មិន​អាច​ អនុវត្ត​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ​»​។​

លោក​ ​ឃឹម ប៊ុន​សុង​ ​អភិបាល​ខេត្ត​សៀមរាប​ ​និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​ខេត្ត​សៀមរាប​មិន​អាច​សុំ​កា​រ​អត្ថា​ធិ​ប្បាយ​ជុំ​វិញ​បញ្ហា​ទាំង​អស់​នេះ​បាន​ដោយ​សារ​ទូរ​ស័ព្ទ ​របស់​លោក​ត្រូវ​បាន​កាត់​ផ្តាច់ ​បន្ទាប់​ពី ​V​O​A​បាន​សាក​សួរ​លោក​ទាក់​ទង​ពី​បញ្ហា​ការ បាត់​បង់​តំណែង​ចៅ​សង្កាត់​ជា​ច្រើន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​ក្នុង​ខេត្ត​នេះ​។​

ក៏​ប៉ុន្តែ ​លោក ​សុខ ​ឥ​សាន្ត ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ទទួល​ស្គាល់​ថា ភាព​ខ្វះ​ខាត​ក្នុង​ការ​បម្រើ​ប្រជា​ពល​រដ្ឋ​របស់​មន្រី្ត​ថា្នក់ ​ឃុំ​ សង្កាត់​ ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យពួក​គាត់​បាត់​បង់​តំណែង​។​

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ការ​បាត់​តំណែង​របស់​ចៅ​សង្កាត់​មួយ​ចំនួន​នេះ​ក៏​ជា​ការ​ព្រមាន​មួយ​ដល់មន្រ្តី​នៅ​ថ្នាក់​មូល​ដ្ឋាន​ផង​ដែរ​សម្រាប់​ការ​អនុវត្ត​តួ​នាទី​របស់​ខ្លួន​។

លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

លោក​ ​សុខ ​ឥសាន​ ​បានបន្ថែម​ថា៖​

«ការងារ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​របស់​យើង ​បើ​យើង​មិន​ប៉ះ​ទង្គិច​ដល់​អារម្មណ៍

របស់​ប្រជា​ពល​រដ្ឋ ​យើង​មិន​ប៉ះ​ទង្គិច​ដល់​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ទេ​ប្រាកដ​ជា​ប្រជា​ពល​រដ្ឋ លោក​មិន​បដិ​សេធ​នឹង​ការ​បោះ​ឆ្នោត​នេះ​ទេ​ចឹង​ទេ​អា​នេះ​ជា​ការ​ប្រៀន​ប្រដៅ​មួយ​ដល់​មន្រ្តី

គណ​បក្ស​ប្រជា​ជន​នៅ​ថ្នាក់​មូល​ដ្ឋាន​ ក៏​ប៉ុន្តែ​អា​នេះ​មក​ពី​ការ​ខ្វះ​ខាត​មន្រ្តី​របស់​គណ​បក្ស​ប្រជា​ជន​ហើយ​ធ្វើ​ឱ្យ​គេ​ថ្នាំង​ថ្នាក់​វា​មាន​ជម្រើស​អី​ មាន​ងាក​ទៅ​ម្ខាង​តែ​ប៉ុណ្នឹង​ទេ​តែ​ឥឡូវ​ចាំ​មើល​ពេល​គាត់​ ភ្លក់​អំបិល​ជា​មួយ​អ្នក​ថ្មី​មើល​គាត់​ដឹង​រស​ជាតិ​ថា​យ៉ាង​ម៉េច​ហើយ​»​។

លោក​ ​មុត ​មល្លា​ ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​ប្រចាំ​ខេត្ត​សៀម​រាប​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​ថា​ ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​ការ​អនុវត្ត​គោល​នយោបាយ​របស់​បក្ស​ ​និង​ភាព​ខ្វះ​ខាត​ធ្វេស​ប្រហែស​រ​បស់​មន្តី្រ​ថ្នាក់​មូល​ដ្ឋាន​ជា​កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ក្លា​បែប​នេះ​។​

«ការ​ខ្វះ​ចន្លោះ​របស់​គាត់​មាន​ច្រើន​ហើយ​ការ​ធ្វេស​ប្រហែស​ក៏​មាន​កម្រិត​ខ្ពស់​ផង​ដែរ​ជុំ​វិញ​ការ

អនុ​វត្ត​តួ​នាទី​ក្នុង​មាន​អំណាច​ក្រុម​ប្រឹក្សា ​កិច្ច​ការ​មួយ​ចំនួន​ទៀត​បាន​បំពេញ​ចន្លោះ​តាម​រយៈ​

តាម​រយៈ​អំណាច​ដែល​មិន​ទាន់​បាន​ក្នុង​ការ​គ្រប់​គ្រង​មេ​ឃុំ​ចៅ​សង្កាត់​ ប្រជា​ពល​រដ្ឋ​គាត់​ធ្វើ​ការ ស្វែង​យល់​អំពី​បក្ស​នយោបាយ ​ហេតុ​ដូច្នេះ​ ហើយ​ប្រជា​ពល​រដ្ឋ​មាន​ជំនឿ​យ៉ាង​កក់​ក្តៅ​ចំពោះ​ការ

ដឹក​នាំ​របស់​បក្ស​ក្រុម​របស់​ពួក​យើង​នេះ​»​។​

បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​ហើយ ​លោក​កឹម ​សុខា ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ នៅ​មុខ​អ្នក​គ្រាំ​ទ្រ​ក្នុង​ខេត្ត​កណ្តាល​ថា ​ ចៅ​សង្កាត់​ និង​មេ​ឃុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ឆ្នោត​ថ្មី​ទាំង​នោះ​នឹង​ព្យាយាម​បម្រើ​ប្រជា​រាស្ត្រ​ ឱ្យ​បាន​ល្អ​ហើយ​ ជៀសវាង​ការ​ស៊ី​សំណូក​លើ​សេវា​សាធារណៈ​នានា​ផង​ដែរ​។​

កាល​ព្រឹក​ថ្ងៃ​ទី​ ​០២ ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៧​ ​នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនា​ការ​ឃោសនា​រក សំឡេង​ឆ្នោត ​លោក​នាយក​រដ្ឋ​មន្តី្រ​ហ៊ុន ​សែន​បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ចំពោះ​មុខ​អ្នក​គាំ​ទ្រ​រាប់​ម៉ឺន​នាក់​ថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ មេ​ឃុំ ​ចៅ​សង្កាត់​ មន្រ្តី​ បម្រើ​ការងារ​ក្នុង​ក្រុម​ ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ជាប់​ឆ្នោត​ហើយ​មិន​បម្រើ​ប្រជាជន​ឱ្យមិន​បាន​ល្អ​នោះ​។​

ក៏​ប៉ុន្តែ​ ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ កន្លង​ទៅ​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មេឃុំ​ ​ចៅ​សង្កាត់​ជាង​ ៤០០​ រូប​ មកពី​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ធ្វើ​ការ​ផ្លាស់​ប្តូរ​រួច​ជា​ស្រេច៕

XS
SM
MD
LG