ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប​ថា ​ការបោះឆ្នោត​ឃុំ-សង្កាត់​មាន​សណ្តាប់ធ្នាប់ ​និង​ស្នើ​ឱ្យ​ផ្តល់​សេរីភាព​ដល់​សង្គម​ស៊ីវិល​វិញ


ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

សេចក្តី​ថ្លែងការណ៍និយាយ​ថា ​អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ពី​ភាព​រីករាយ​ដែល​ឃើញ​ថា​អំពើ​ហិង្សា ​កិច្ចអន្តរាគមន៍​របស់​យោធា ​ការចាប់ចង​ ដែល​ត្រូវ​បាន​គំរាម​កំហែង​មុន​ពេល​បោះឆ្នោត ​មិន​បាន​កើត​ឡើង ​ហើយ​ពលរដ្ឋ​ បាន​បង្ហាញ​ពី​ការពេញ​ចិត្ត​ជា​ទូទៅ​ជាមួយ​នឹង​ដំណើរ​ការបោះឆ្នោត។

ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អ.ស.ប​ក្នុង​តំបន់​បាន​សាទរ​ចំពោះ​ការបោះឆ្នោត​ឃុំ-សង្កាត់​ប្រកប​ដោយ​សណ្តាប់​ធ្នាប់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​បើក​សិទ្ធិ​សេរីភាព​ឲ្យ​បាន​ទូលាយ​ឡើង​វិញ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ​ដែល​ VOAទទួល​បាន។

លោកស្រី​ Katia Chirizzi ​តំណាង​រង​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ របស់​អ.ស.ប​ក្នុង​តំបន់​អាស៊ាន​ប្រចាំ​នៅ​ក្នុង​ទីក្រុង​បាងកក​បាន​និយាយ​ថា​ ការបោះឆ្នោត​ បាន​បង្កើត​គំរូ​ថ្មី​ចំពោះ​តម្លាភាព​ដែល​បង្ហាញ​ថា ​មាន​វិធី​ច្រើន​ដែល​ដំណើរការ​នេះ​ អាច​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​សម្រាប់​ការបោះឆ្នោត​ជាតិ​នៅ ​ឆ្នាំ​ខាងមុខ​ហើយ ​ជាពិសេស​ការ​គំរាម​បែប​នយោបាយ​ និង​ការ​ចាប់​ខ្លួន​សកម្ម ជន​សង្គម​ស៊ីវិល​ និង​សមាជិក​នៃ​គណបក្ស​ជំទាស់ ​គួរ​ត្រូវ​បញ្ឈប់ ​ដើម្បី​ឲ្យ​ពួកគេ​បន្ត​តួនាទី​ស្របច្បាប់​ របស់​ពួកគេ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មុន​ពេល​បោះឆ្នោត​ឆ្នាំ​ខាងមុខ។ លោកស្រី​ Chirizzi ​បាន​បន្ត​ថា ​ការដោះលែង ​សកម្មជន​អង្គការ​ អាដហុក​ទាំង​ប្រាំ​នាក់ ​រួម​ទាំង​អ្នកស្រី​ ទេព វន្នី​ គឺ​ជា​ ការ​សាក​ល្បង​ដ៏​សំខាន់​ចំពោះ​លំហ​សេរីភាព​នេះ។

លោកស្រី​ Katia Chirizzi ​តំណាង​រង​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ របស់​អ.ស.ប​ក្នុង​តំបន់​អាស៊ាន​ប្រចាំ​នៅ​ក្នុង​ទីក្រុង​បាងកក​ (រូបថត​ពី​ហ្វេសប៊ុក​ Katia Chirizzi)
លោកស្រី​ Katia Chirizzi ​តំណាង​រង​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ របស់​អ.ស.ប​ក្នុង​តំបន់​អាស៊ាន​ប្រចាំ​នៅ​ក្នុង​ទីក្រុង​បាងកក​ (រូបថត​ពី​ហ្វេសប៊ុក​ Katia Chirizzi)

សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​បាន​បន្ត​ថា ​អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ពី​ភាព​រីករាយ​ដែល​ឃើញ​ថា​អំពើ​ហិង្សា ​កិច្ចអន្តរាគមន៍​របស់​យោធា ​ការចាប់ចង​ ដែល​ត្រូវ​បាន​គំរាម​កំហែង​មុន​ពេល​បោះឆ្នោត ​មិន​បាន​កើត​ឡើង ​ហើយ​ពលរដ្ឋ​ បាន​បង្ហាញ​ពី​ការពេញ​ចិត្ត​ជា​ទូទៅ​ជាមួយ​នឹង​ដំណើរ​ការបោះឆ្នោត។

ប្រទេស​កម្ពុជា​បាន​ធ្វើការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃទី៤ ​ខែមិថុនា​ ឆ្នាំ​២០១៧ ​ដើម្បី​ដឹកនាំ ​និង​ជួយ​អភិវឌ្ឍ​មូលដ្ឋាន។ ទោះជា​គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិន​ទាន់​បាន​ប្រកាស​លទ្ធផល​បឋម​ក្តី​ តែ​គណបក្ស​នយោបាយ​នានា​ បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​នៅតែ​ឈ្នះ​នាំមុខ​ គេ​ដោយ​បាន​ទទួល​សំឡេង​មេឃុំ​សង្កាត់​ដល់​ទៅ​១១៥៨។ ហើយ​គណបក្ស​ សង្គ្រោះ​ជាតិ​របស់​លោក កឹម សុខា ​ទទួល​បាន​សំឡេង ​ជា​មេឃុំ​សង្កាត់​ដល់​ទៅ​៤៨៧​នៅ​ទូទាំង​ប្រទេស​ ដែល​មាន​មេឃុំ​សង្កាត់​ចំនួន​១៦៤៦៕

XS
SM
MD
LG