ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​បក្ស​ប្រឆាំង​ណែនាំ​មេឃុំ​ជាប់​ឆ្នោត​ថ្មី​ ឲ្យ​បម្រើ​ និង​ស្មោះត្រង់​នឹង​រាស្ត្រ


លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

«គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​នូវ​យន្តការ​មួយ​ ដើម្បី​តាម​ដាន​មើល​ការ​អនុវត្ត​របស់​មេឃុំ​ ចៅ​សង្កាត់​យើង​ណ៎ា! ​ហើយ​មុន​នឹង​យើង​ចាប់​ថា្នក់​​គាត់​ យើង​ខ្ញុំ​នឹង​ឲ្យ​លេខ​ទូរស័ព្ទ​ មាន​បញ្ហា​អី​ទូរស័ព្ទ​មក​គណបក្ស​ ឃុំ​ណា​ដែល​ថា​ មេឃុំ​យើង​ធ្វើ​អីមិន​ស្រួល​»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ កឹម សុខា​ ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ណែនាំ​ឲ្យ​មេឃុំ​ ដែល​ជាប់​ឆ្នោត​ថ្មីនៅ​ស្រុក​ស្អាង​ និង​ស្រុក​កោះធំ​ខេត្ត​កណ្តាល​ ​ឱ្យ​ធ្វើ​ការ​បម្រើរាស្ត្រ​ ដោយ​សុចរិត​ មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ក្នុង​ការ​ចាត់​ចែង​កិច្ចការ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់​ខ្លួន។​

លោក​ ​កឹម សុខា​ ​បាន​ផ្តើម​ជួប​មេឃុំ​ជាប់​ឆ្នោត​ថ្មី​ និង​ក្រុម​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​ រយៈពេល​បី​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។លទ្ធផល​ឆ្នោត​បឋម​ដែល​ផ្សាយ​ដោយ ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប) ​ឲ្យ​ដឹង​ថា​ ​បក្ស​ប្រឆាំង​ដណ្តើម​អាសនៈ​ពី​បក្ស​កាន់​អំណាច​បាន​ជា​ច្រើន​ ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ធំៗ​ រួមមាន​ខេត្ត​សៀមរាប​ កំពង់​ចាម​ បាត់ដំបង​ និង​កំពង់ធំ។​

ការ​ចុះ​ជួប​ក្រុម​អ្នកគាំទ្រ​ ​និង​មេឃុំ​ជាប់ឆ្នោត​ថ្មី​របស់​លោក​ កឹម សុខា​ នៅ​ខេត្ត​កណ្តាល​ គឺ​ជា​ផ្នែក មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៧ថ្ងៃ​របស់​មេបក្ស​ប្រឆាំង​រូប​នេះ​ ​ក្នុង​ការ​ថ្លែង​អំណរ​គុណ​ដល់​រាស្ត្រ​ដែល​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​បក្ស​ប្រឆាំង​ឲ្យ​ដឹក​នាំ​ឃុំ-សង្កាត់។​

ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ជាច្រើន​នាក់​ នៅឯ​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ នា​ព្រឹកថ្ងៃ​ពុធនេះ​ លោក​ កឹម សុខា​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថ្លែងថា៖​

«គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​នូវ​យន្តការ​មួយ​ ដើម្បី​តាម​ដាន​មើល​ការ​អនុវត្ត​របស់​មេឃុំ​ ចៅ​សង្កាត់​យើង​ណ៎ា! ​ហើយ​មុន​នឹង​យើង​ចាប់​ថា្នក់គាត់​ យើង​ខ្ញុំ​នឹង​ឲ្យ​លេខ​ទូរស័ព្ទ​ មាន​បញ្ហា​អី​ទូរស័ព្ទ​មក​គណបក្ស​ ឃុំ​ណា​ដែល​ថា​ មេឃុំ​យើង​ធ្វើ​អីមិន​ស្រួល​»។

មេ​បក្ស​ប្រឆាំង​រូប​ក៏​បាន​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​យន្តការ​ឃ្លាំ​មើល​ការ​បំពេញ​ការងារ​របស់​មេឃុំ​ ​ចៅ​សង្កាត់​ថ្មី​របស់​ខ្លួន​ ​និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ដឹកនាំ​កិច្ច​ការ​រដ្ឋាភិបាល​ និង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ។ ​

លោក​ កឹម សុខា​បន្ត​ថា៖​

«ប៉ុន្តែ​មុន​នឹង​យើង​ចាប់​ថ្នាក់គាត់​ យើង​នឹង​បណ្តុះបណ្តាល ​បង្រៀន​គាត់​យ៉ាង​ច្រើន​តទៅ​ទៀត​ មាន​អ្នក​បចេ្ចក​ទេស​អ្នក​ជំនាញ​ ​បណ្តុះ​បណ្តាល​ឲ្យ​គាត់​ចេះដឹង​ទាំង​ច្បាប់​ ទាំង​រដ្ឋបាល​ ទាំង​កិច្ច​ការ​ទូទៅ​ ក្នុង​ការ​គ្រប់​គ្រង​ឃុំ​សង្កាត់​ឲ្យ​ស្ទាត់​ជំនាញ​បងប្អូន»។​

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)

ក្នុង​ពិធី​ថ្លែង​អំណរគុណ​ដល់​អ្នក​បោះឆ្នោត​ជូន​បក្សប្រឆាំង​ លោក​ ​កឹម សុខា​ ​អំពាវនាវ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​មាន​សិទ្ធិបោះឆ្នោត​ សម្រេចចិត្ត​ជ្រើសរើស​គណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យដឹក​នាំ​ប្រទេស​ តាម​ការបោះឆ្នោត​ជាតិ​ ឆ្នាំ​ ២០១៨​ ​ក្រោយ​បក្ស​ប្រឆាំង​ដ៏​មួយ​នេះ​ ​ដណ្តើម​បាន​អាសនៈ​ក្រុមប្រឹក្សាឃុំ-សង្កាត់​ជិត​៥០០​ នៅ​ក្នុង​ការ​បោះឆ្នោត​ថា្នក់​មូលដ្ឋាន​ឆ្នាំ​២០១៧នេះ​ ​ដែល​កើន​ពី​ត្រឹម​តែ​ ៤០​អាសនៈ​កាល​ពី​ឆ្នាំ​ ២០១២។​

បើ​តាម​លទ្ធផល​បោះឆ្នោត​ក្រៅ​ផ្លូវការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បង្ហាញ​រៀងៗ​ខ្លួន​កាល​ថ្ងៃ​ចន្ទ​ ​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​ឃុំ-សង្កាត់​សរុប​ចំនួន​១.៦៤៦​ ​ទូទាំង​ប្រទេស​ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​បាន​ឃុំ-សង្កាត់​ចំនួន​១.១៥៨​ ​ដែល​ថយ​ចុះ​ពី​ ​១.៥៩២​ឃុំ-សង្កាត់​ ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១២។​ ​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ​ខ្លួន​ទទួល​បាន​ឃុំ​សង្កាត់​ជិត​៥០០​ ​បើ​ធៀប​នឹង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១២​ ​ដែល​គ្រា​នោះ​គណបក្ស​ជំទាស់​ ​បាន​ត្រឹម​តែ​ចំនួនត្រឹម​៤០​ឃុំ-សង្កាត់​ប៉ុណ្ណោះ​ ​បើ​បូក​លទ្ធផល​គណបក្ស​សម​រង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​ចូល​គ្នា។​

លោក​ កឹម សុខា​ ​បាន​ថ្លែង​ចំអក​ដល់​មតិ​រិះគន់​ជាច្រើន​ដែល​បាន​លើក​ឡើង​ថា​ គណបក្ស​ប្រឆាំង​មិន​បាន​កើន​ឡើង​សំឡេង​ ខណៈដែល​បក្ស​នេះ​ទទួល​បាន​អាសនៈជិត​ ៥០០​ ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ឆ្នាំ​ ២០១៧។​ ​លោក​បានបញ្ចេញប្រតិកម្ម​ដល់​របាយការណ៍​មួយ​ចំនួន​ ដែល​លោក​អះអាង​ថា​ បាន​មក​ពី​ក្រុម​ការងារ​ថ្នាក់​មូលដ្ឋាន​បក្សកាន់អំណាច​ ដែល​បាន​ស្នើ​ឲ្យ​បញ្ឈប់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ឃុំ ​ដែល​បក្ស​ប្រឆាំង​បាន​ឈ្នះ រួចដាក់​ការ​ស្តីបន្ទោស​លើ​បក្ស​ប្រឆាំង។​ ​លោក​ ​កឹម សុខា​ ​និយាយ​ថា​ ល្បិច​កិចកល់​បែប​នេះ​ ​នឹង​ជួយ​ឲ្យ​បក្សប្រឆាំង​កើន​ឡើង​សំឡេង​គាំទ្រ​បន្ថែម​ទៀត​ ក្នុង​ការ​បោះឆ្នោត​ ឆ្នាំ​ ២០១៨។​

«គេ​សរសេរ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ​បាទ​គាត់​ជា​ប្រធានក្រុម​ការងារ​ហ្នឹង​ គេ​ថា​ជា​យោបល់​ របស់​គេ​ ​មូលដ្ឋាន​ គឺ​ថា​ អាផ្លូវ​ដែល​គ្រលីក​គ្រលុក​ ​ដែល​ធ្លាក់​ ដែល​ផុង​ ដែល​នេះ​អី​ទុកទៅ​ណ៎ា​ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ​ទុក​ទៅ​ ទុក​ឲ្យ​ប្រជា​ពល​រដ្ឋ​ខឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ថា​ ផ្លូវ​នេះ ​ផ្លូវនេះ​គេ​ទុក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ធ្វើ​ អា​ហ្នឹង​ឲ្យ​ប្រជាពលរដ្ឋ​ខឹង​គណបក្ស​សង្គ្រោះ​ជាតិ។ ​ប៉ុន្តែ​យល់​ច្រឡំ​ហើយ​ អា​អត់​ធ្វើ​ហ្នឹង​ហើយ​ ដែល​រឹត​ធ្លាក់​ច្រើន​ជាង​ទៀត​ ២០១៨​ មែន​ទេ​បងប្អូន»។​

លោក​ ​កឹម សុខា​ ​ក៏បាន​រិះគន់​បុគ្គល​មួយ​ចំនួន​ ​ដែល​លោក​យល់​ថា អាច​ជា​តំណាង​រាស្ត្រ និង​បញ្ញវន្ត​ ​ចំពោះ​ការ​វាយប្រហារ​ដោយ​វោហារសាស្ត្រ​នយោបាយ​មក​លើ​បក្ស​ប្រឆាំង​ ​ដែល​ថា​ ​បក្ស​ប្រឆាំង​ត្រូវ​រក​លុយ​ចំនួន​ ​៥០ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍឃុំ​ ​ពេល​ដែល​បក្ស​ឈ្នះ​ឆ្នោត​គ្រប់​គ្រង​ឃុំ សង្កាត់​ទាំង​នោះ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ អះអាង​ថា អ្នក​ទាំង​នោះ​កំពុង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​របស់​គណ​បក្ស​នយោបាយ​របស់​ពួក​គេ។ លោក កឹម សុខា​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ បក្ស​ប្រឆាំង​អាច​ទម្លាក់​ថវិកា​ចំនួន​ ​៥០ម៉ឺន​ដុល្លារ​ដល់​ឃុំ­សង្កាត់​បាន​ លុះ​ណា​តែ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨។​ ​ដូច្នេះ​លោក​ បាន​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​មាន​សិទ្ធិបោះឆ្នោត​ ផ្តល់​ការ​គាំទ្រ​ដល់​បក្ស​ប្រឆាំង​ ដើម្បី​ឲ្យ​បក្ស​នេះ​មាន​សំឡេង​គ្រប់​គ្រាន់​សម្រាប់​ដឹកនាំ​ប្រទេស។​ ​លោក​បាន​ចំអក​ដល់​ក្រុម​អ្នក​នយោបាយ​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​គណបក្ស​ប្រឆាំង​ថា​ គណបក្ស​មិន​បាន​ឈ្នះ​អាសនៈ​ច្រើន​នោះ​ទេ​ ទោះ​ជា​អាសនៈ​បក្ស​ប្រឆាំង​កើន​ពី​ត្រឹមតែ​៤០​ នៅឆ្នាំ​ ២០១២​ មកដល់​ជិត​ ៥០០​នៅឆ្នាំ​ ២០១៧​នេះ។

VOA​ ​ព្យាយាម​សុំ​សេចក្តី​លោក​ ​សុខ ឥសាន​ ​អ្នកនាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​រសៀល​ថ្ងៃ​ពុធនេះ។​ ​យ៉ាងណា​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ​ ​លោក​ ​សុខ ឥសាន​ ​អះអាង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ចាត់ទុក​ជ័​ជម្នះ​របស់​បក្ស​កាន់​អំណាច​ថា​ ជា​ការ​ឈ្នះ​សង្គ្រាម​មួយ​ ​ហើយ​ថា​ការ​បាត់​បង់​អាសនៈ​របស់​ខ្លួន​ទៅ​បក្ស​ប្រឆាំង​ គឺ​ជា​ ការ​ចាញ់​សមរ​ភូមិ​មួយ​ ពីរ​ប៉ុណ្ណោះ។​

«ជារួម​យើង​ឈ្នះ​ សង្គ្រាម​ទាំងមូល​ ក៏ប៉ុន្តែ​គឺ​ថា​ ក្នុង​ការ​ឈ្នះសង្គ្រាម​ហ្នឹង​ យើង​ក៏មាន​ការ​ចាញ់​សមរភូមិ​មួយ​ ពីរ​ ដូច្នេះ​ យើង​មិន​គិត​បញ្ហា​ហ្នឹង​ទេ​ វាជា​លក្ខណៈ​សត្យានុម័ត»។​

លោក​ ​សុខ​ ឥសាន​ ថ្លែង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ គោរព​លទ្ធផលបោះឆ្នោត​ និង​មិន​ជំទាស់​ដល់​ការ​ផ្ទេរ​អំណាច​ពីមេឃុំ ឬ​ចៅ​សង្កាត់​ដែល​ចាញ់​ឆ្នោត​ ទៅ​មេឃុំ​ ​និង​ចៅ​សង្កាត់​ថ្មី​ ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពល​រដ្ឋ។​

«ទីមួយ​គឺ​គណបក្ស​ប្រជាជន​គោរព​លទ្ធផល​បោះឆ្នោត​ បាទ។​ ពេល​ណា​ដែល​គោរព​លទ្ធផលបោះ​ឆ្នោត​ ចេញ​ជាលទ្ធផល​ជាក់​ស្តែង​ក្រោយ​ពី​ដែល​ គ.ជ.ប​ បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវលទ្ធផល​នេះ​ហើយ​ គឺ​យើង​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់​ ដែល​មាន​ចែង​ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​ ក៏​ដូច​ជា​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់»។​

លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ, ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)
លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ, ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)

យ៉ាងណា​ក៏​ដោយ​ អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​ យល់​ឃើញ​ថា​ ការ​រីក​ធំ​ឡើង​នៃ​សំឡេង​គាំទ្រ​បក្ស​ប្រឆាំង​ ​នៅ​តាម​ឃុំ-សង្កាត់​ នឹង​នាំមក​ការ​ផ្លាស់​ប្តូរ​ និង​ការ​ប្រកួតប្រជែង​ការងារ​នៅ​ថ្នាក់​មូល​ដ្ឋាន​ ​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​ ​ពង្រឹង​សេវា​រដ្ឋបាល​សាធារណៈ​ ​និង​ការពារ​សុវត្ថិភាពភូមិ​ ​ឃុំ​ជា​ដើម។​

លោក​ យង់​ គឹមអេង​ ​នាយក​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាពលើក​ឡើង​ថា​ នៅគ្រា​មាន​ការ​កើនឡើង​នៃ​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​មក​ពី​គណបក្ស​ប្រឆាំង​នៅ​តាម​ឃុំ-សង្កាត់​នានា​ ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​មួយ​នឹង​កើត​ឡើង​ ព្រោះ​បក្ស​កាន់​អំណាច​មិន​អាច​ស​ម្រេច​ការងារ​អ្វី​តែ​ឯកឯង​ច្រើន​បាន​ដូច​អាណត្តិ​មុនៗ​ឡើយ។​ សម្រាប់​ការ​បែងចែក​ថវិកា​ពីថ្នាក់​ជាតិ​ ក៏​លោក​មើល​ឃើញ​ថា​ នឹង​ពុំមាន​ឧបសគ្គអ្វី​ដែរ ​តែ​លោកចង់​ឃើញ​ការ​សហការ​គ្នា​រវាង​មន្ត្រី​នៃបក្ស​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ ដើម្បីធ្វើការ​អភិវឌ្ឍឃុំ​ សង្កាត់។​

លោក​ យង់​ គឹមអេង​ ​នាយក​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព៖​

«ខ្ញុំ​ថា​ ​ប្រហែល​ជា​គិត​ពី​របៀប​ធ្វើការ​ រវាង​គណបក្ស​នយោបាយ​ខុស​ៗ​គ្នា​ នៅក្នុង​ឃុំ​-សង្កាត់​ ក៏ដូច​ជា​ របៀប​ធ្វើ​ការ​របស់​គណបក្ស​នយោបាយ​ដែល​ផ្សេងៗ​គ្នា​ហ្នឹង ថាតើ​នឹង​សហការ​គ្នា​របៀប​ម៉េច​ក្នុង​ការ​សម្រប​សម្រួល​ ឃុំ​ សង្កាត់​បាទ​ បើសិនយើង​គិត​ថា​ យើង​ជាខ្មែរ​ដូចគ្នា​ យើង​ត្រូវ​តែ​រួបរួម​គ្នា​ក្នុង​ការ​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ ជាក់​ស្តែង​មួយ​នៅ​ថ្នាក់​ឃុំ​ សង្កាត់»។​

លោក​បាន​ថ្លែង​បន្ត​ថា៖​

«​ហើយ​ម្យ៉ាង​វិញ​ទៀត​ ចុះ​បើ​សិន​ជា​ កន្លែង​ខ្លះ​អាច​ថា​ ស្រុក​ខ្លះ​ ខេត្ត​ខ្លះ​ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ ឬ​ក៏​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អី​ខាង​គណបក្ស​អី​អញ្ចឹង​ដែរ​បាទ។ អញ្ចឹង​អានោះ​ វាត្រូវ​ការ​សហការ​គ្នា​ទៅ​វិញ​ទៅមក​ដែរ​បាទ​ មិន​អាច​ថា​ទេ​ អាច​មាន​ការ​បង្ក​ការ​លំបាក​អី​ ហូរហែ​ចឹង​ទេបាទ​។ ចឹង​អានោះ​វាង​អាច​ ធ្វើ​ឲ្យ​មាន​ការ​សម្បទាន​គ្នា​ទៅវិញ​ទៅមក​ដែរបាទ»។​

ក្នុង​ថ្ងៃ​ពុធ​ដដែល​នេះ​ លោក​ កឹម សុខា ក៏​បាន​ជួប​និង​ថ្លែង​អំណរ​គុណ​ដល់​អ្នកបោះឆ្នោត​ឲ្យបក្ស​ប្រឆាំង​នៅ​ស្រុក​កោះធំ។​ ​នៅ​ទីនោះ​ ​លោក​ កឹម សុខា​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យបាន​ឈ្នះ​ដឹកនាំ​រដ្ឋាភិបាល​នៅឆ្នាំ​ ២០១៨ ​ផង​ដែរ។​ ​លោកថា​ ពេល​ដែល​បក្ស​ប្រឆាំង​គ្រប់​គ្រង​ប្រទេស​ អ្នកទោស​មនសិការ​ទាំង​ឡាយ​នឹង​ទទួល​បាន​យុត្តិធម៌​ និង​សេរីភាព។​

ក៏ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​គេ​សា្គល់​ថា​ ជាបុរស​ខ្លាំង​ បាន​ប្រកាស​ជា​រឿយៗ​ថា​ គ្មាន​អ្នក​នយោបាយ​របស់​គណបក្ស​ណា​ ក្រៅ​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ អាច​ឡើង​បន្ត​តំណែង​ពី​លោក​បាន​ទេ៕

XS
SM
MD
LG