សហភាពអឺរ៉ុប និងអង្គការសិទ្ធិមនុស្សនានាបានបញ្ជាក់ថា វិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងចម្បងបំផុតនៅក្នុងប្រទេសកម្ពុជា គឺជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យ ដែលនឹងប៉ះពាល់ដល់ភាពទុកចិត្តបាននៃការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង «ក្ដោបក្ដាប់អំណាចទាំងស្រុង»។
កាលពីសប្ដាហ៍មុន ក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលស្នើឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថាបានឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
អង្គការ Human Rights Watch និងអង្គការសិទ្ធិមនុស្សដទៃទៀត រួមទាំងសហភាពអឺរ៉ុបផងដែរ កំពុងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលនូវសំណុំរឿងប្ដឹងរំលាយគណបក្សសង្គ្រោះជាតិនេះ
អង្គការ Human Rights Watch បញ្ជាក់ថា៖ «រដ្ឋាភិបាលណាដែលនៅតែជម្នះថា ប្រទេសកម្ពុជាមានការគ្រប់គ្រងស្របតាមលទ្ធិប្រជាធិបតេយ្យ គួរតែចាត់វិធានការដើម្បីកែប្រែស្ថានការណ៍នេះ បើមិនដូច្នេះទេ នឹងរួមចំណែកនៅក្នុងការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យស្លាប់នៅក្រោមការគ្រប់គ្រងផ្ដាច់ការរបស់លោក ហ៊ុន សែន»។ ចំណែកឯសហភាពអឺរ៉ុបវិញ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា ស្ថានការណ៍នយោបាយនៅកម្ពុជាគឺមានលក្ខណៈ «គួរឲ្យព្រួយបារម្ភខ្លាំង» និងបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញអំពីចំណាត់ការរបស់ខ្លួន។
ប្រសិនបើតុលាការកំពូលរកឃើញថា គណបក្សសង្គ្រោះជាតិមានកំហុសរំលោភលើច្បាប់ស្ដីពីគណបក្សនយោបាយ គណបក្សនេះមិនត្រឹមតែត្រូវបានរំលាយចោលនោះទេ ប៉ុន្តែមេដឹកនាំរបស់គណបក្សនេះក៏នឹងត្រូវហាមឃាត់មិនឲ្យចូលរួមនៅក្នុងនយោបាយយ៉ាងតិចរយៈពេល ៥ ឆ្នាំ ផងដែរ៕