លោក Waweru Mugo អាយុ៤៦ឆ្នាំ បានធ្វើជាអ្នកសារព័ត៌មាននៅក្នុងប្រទេសកេនយ៉ាអស់រយៈពេល១៥ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះ លោកកំពុងដឹកនាំក្រុមហ៊ុនប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន។
ប៉ុន្តែ វាមិនមែនជាការងាយស្រួលទេ។ កាលពីខែតុលាឆ្នាំមុន សមាជិកសភានៃប្រទេសកេនយ៉ា បានពិចារណាលើសេចក្ដីព្រាងច្បាប់មួយដែលនឹងរារាំងសារព័ត៌មានមិនឲ្យរាយការណ៍បញ្ហាទាក់ទិននឹងរដ្ឋសភា។
មាត្រាដែលមានភាពចម្រូងចម្រាសមួយចំនួនទីបំផុត ត្រូវបានលុបចេញ ស្របពេលដែលមានការតវ៉ាពីសង្គមស៊ីវិលនិងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
យោងតាមលោក Mugo អ្នកសារព័ត៌មាននៅប្រទេសកេនយ៉ាក៏ដូចជានៅក្នុងទ្វីបអាហ្វ្រិកទាំងមូល ជួបនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសការប៉ុនប៉ងគំរាមកំហែងដោយរដ្ឋាភិបាល និងការរឹតត្បិតខ្លួនឯងក្នុងការរាយការណ៍រឿងអ្វីមួយ។ លោកនិយាយថា បញ្ហានេះ បានដាក់កម្រិតលើការរីកចម្រើននៃសេរីភាពសារព័ត៌មាន។
«នៅពេលអ្នកព្យាយាមបង្ហាញឲ្យឃើញបញ្ហាទាំងនេះ រដ្ឋាភិបាលព្យាយាមបង្ខិតបង្ខំមកលើពួកយើង។ រដ្ឋាភិបាល ទាមទារឲ្យយើងធ្វើនេះ ធ្វើនោះ ហើយថា អ្នកឯងមិនគួរធ្វើអ្វីដែលមិនមានគំនិតស្នេហាជាតិទេ។ ពួកគេដាក់កំណត់សម្គាល់ពួកយើងថា គ្មានគំនិតស្នេហាជាតិ។ ពួកគេនិយាយថា អ្នកត្រូវបានគេទិញក្បាលដោយគិតតែប្រយោជន៍បរទេស ឬថា អ្នកធ្វើការឲ្យគណបក្សប្រឆាំងជាដើម។ ដូច្នេះ អ្នកសារព័ត៌មាន ក៏ហាក់ដូចជាសម្របតាមការផ្លាស់ប្ដូរចិត្តរបស់រដ្ឋាភិបាល តាមរយៈការរឹតត្បិតខ្លួនឯង មិនហ៊ានផ្សព្វផ្សាយអ្វីមួយឡើយ»។
គណៈកម្មការការពារអ្នកសារព័ត៌មាននិយាយថា អ្នកសារព័ត៌មានចំនួន៦៩នាក់នៅជុំវិញពិភពលោក ត្រូវបានសម្លាប់ក្នុងពេលបំពេញការងារនៅក្នុងឆ្នាំ២០១៥។ ភាគច្រើន បានស្លាប់ដោយសារស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម ដូចជាក្រុមអាល់កៃដា និងក្រុងរដ្ឋឥស្លាមជាដើម។
ចំនួនអ្នកស្លាប់ច្រើនជាងគេគឺនៅប្រទេសស៊ីរី ក៏ប៉ុន្តែ អ្នកសារព័ត៌មានចំនួន១១នាក់ ត្រូវបានសម្លាប់ក្នុងទ្វីបអាហ្វ្រិក រួមបញ្ចូលទាំងអ្នកស្លាប់៥នាក់ក្នុងសង្គ្រាមនៅប្រទេសស៊ូដង់ខាងត្បូងផង។
លោក Felix Odimmasi នៃមហាវិទ្យាល័យនីតិសាស្ត្រនិងការទូតរបស់សាកលវិទ្យាល័យណៃរ៉ូប៊ី (Nairobi) និយាយថា កង្វះនៃការគាំទ្រពីរដ្ឋាភិបាល បានធ្វើឲ្យអ្នកសារព័ត៌មាន ប្រុងប្រយ័ត្នកាន់តែខ្លាំង នៅពេលពួកគេរាយការណ៍ពីតំបន់ដែលមានជម្លោះ ដូចជានៅប្រទេសស៊ូដង់ខាងត្បូង សូម៉ាលី និងភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ជាដើម។
«ម្យ៉ាង ពីព្រោះតែពួកគេនឹង មិនហ៊ានចេញក្រៅដើម្បីរាយការណ៍ទេ ហើយម្យ៉ាងទៀត អ្នកដែលហ៊ានចេញទៅរាយការណ៍ នៅតែដឹងខ្លួនឯងថា ពួកគេកំពុងប្រឈមមុខនឹងគ្រោះថ្នាក់។ ដូច្នេះ ពួកគេ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតអំពីអ្វីដែលពួកគេរាយការណ៍ និងទីកន្លែងដែលពួកគេទៅ។ វាជាកង្វះខាត និងមានកម្សោយផ្នែកនីតិរដ្ឋជាទូទៅ។ ច្បាប់ដែលមានហើយនេះ មិនត្រូវបានគេអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួនទេ ហើយមិនមាននីតិបញ្ញត្តិដែលរឹងមាំដើម្បីការពារប្រព័ន្ធផ្សព្វផ្សាយទេ នៅក្នុងរដ្ឋដែលមានភាពទន់ខ្សោយខ្លះ»។
សមាជិកនៃអំណាចទីបួននៅអាហ្វ្រិក គឺអ្នកកាសែត ជាញឹកញាប់ត្រូវបានរិះគន់ធ្ងន់ៗនៅទូទាំងទ្វីបនេះដោយរបបនយោបាយផ្សេងៗ។ អង្គការលើកលែងទោសអន្តរជាតិនិយាយថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនិងគណបក្សសមាជជាតិអាហ្វ្រិក កំពុងជំរុញឲ្យមានសវនាការដើម្បីដាក់និយតករលើប្រព័ន្ធផ្សព្វផ្សាយក្នុងរូបភាពជា«ការធ្វើកំណែទម្រង់»។
អង្គការលើកលែងទោសអន្តរជាតិ បានគត់សម្គាល់ឃើញថា នៅប្រទេសអេត្យូពី អ្នកសារព័ត៌មានក៏ដូចជាអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ត្រូវបានចាប់ដាក់ពន្ធនាគារនាពេលបច្ចុប្បន្ននេះ ឬក៏ត្រូវបានដាក់ទោសដោយកំបាំងមុខដោយសារតែការងាររបស់ពួកគេ។
លោក Benji Ndolo សកម្មជនការពារសិទ្ធិពលរដ្ឋនៃអង្គការពង្រឹងសិទ្ធិអំណាចជាតិ ដែលមានមូលដ្ឋានក្នុងប្រទេសកេនយ៉ា និយាយថា កិច្ចប្រឹងប្រែងរួមពីភាគីមិនពាក់ព័ន្ធនឹងរដ្ឋ គឺជាផ្លូវតែមួយគត់ដើម្បីបញ្ឈប់ការគំរាមកំហែង។
«ដំណើរការអន្តរជាតិ ចលនាការពារសិទ្ធិពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលនិងសូម្បីតែអង្គការសាសនាចក្រ ក៏ដូចជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ នឹងជំរុញឲ្យប្រទេសទាំងនេះចូលទៅក្នុងជ្រុងមួយ ដែលពួកគេត្រូវតែទទួលខុសត្រូវចំពោះការបាត់បង់ជីវិតអ្នកសារព័ត៌មាន។ ពួកគេនឹងមិនមាននិទ្ទណ្ឌភាពរហូតទេ។ ដូច្នេះ ការផ្លាស់ប្ដូរ នឹងពិតជាអាចកើតមានឡើងនៅក្នុងប្រទេសទាំងនេះ រួមទាំងការទទួលខុសត្រូវ»។
ក្រៅពីប្រទេសស៊ូដង់ខាងត្បូង ប្រទេសក្នុងទ្វីបអាហ្វ្រិកជាច្រើនទៀតដែលអ្នកសារព័ត៌មានត្រូវបានសម្លាប់ក្នុងឆ្នាំ២០១៥ រួមមានប្រទេសសូម៉ាលី កេនយ៉ា លីប៊ី និងហ្គាណា។ អ្នកសារព័ត៌មាន៥នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសយេមែន (Yemen) ដែលនៅជិតខាងប្រទេសសូម៉ាលី កាត់ឈូងសមុទ្រ Aden៕
ប្រែសម្រួលដោយ នៀម ឆេង