ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ក្តី​បារម្ភ​កើន​ឡើង​ចំពោះ​ការ​លុកលុយ​​ពី​​សារ៉ាយ​សមុទ្រ​ដ៏​ច្រើន​លើសលប់​​នៅ​អាហ្វ្រិក​ខាង​លិច


សារ៉ាយ​សមុទ្រ​ប្រភេទ​សាហ្គាស៊ុម (Sargassum) គ្រប​ដណ្តប់​ឆ្នេរ Lumley ក្នុង​ក្រុង​ហ្វ្រ៊ីថោន ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។
សារ៉ាយ​សមុទ្រ​ប្រភេទ​សាហ្គាស៊ុម (Sargassum) គ្រប​ដណ្តប់​ឆ្នេរ Lumley ក្នុង​ក្រុង​ហ្វ្រ៊ីថោន ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។

សារ៉ាយ​សមុទ្រ​ក្នុង​បរិមាណ​ដ៏​ច្រើន​​ត្រូវ​បាន​​ទឹក​សមុទ្រ​បោក​បក់​មក​នៅ​លើ​ឆ្នេរ​របស់​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) និង​ប្រទេស​ដទៃ​ទៀត​នៃ​ទ្វីប​អាហ្វ្រិក​​ភាគខាងលិច​ ព្រម​ទាំង​តំបន់​ការីប៊ីន ​(Caribbean)​ ផង​ដែរ។

សារ៉ាយ​សមុទ្រ​ក្នុង​បរិមាណ​ដ៏​ច្រើនត្រូវ​បានទឹក​សមុទ្រ​បោក​បក់​មក​នៅ​លើ​ឆ្នេរ​របស់​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) និង​ប្រទេស​ដទៃ​ទៀត​នៃ​ទ្វីប​អាហ្វ្រិកភាគខាងលិច​ ព្រម​ទាំង​តំបន់​ការីប៊ីន ​(Caribbean)​ ផង​ដែរ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ បញ្ហា​នេះអាច​បណ្តាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ។ អាជ្ញាធរ​ការពារ​បរិស្ថាន​ក្នុង​ស្រុក​ក៏​ធ្លាប់​មាន​គម្រោង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

ស្រប​ពេល​ដែលប្រទេស​សៀរ៉ាឡែអូន​កំពុង​ព្យាយាម​ងើបឡើង​វិញ​បន្ទាប់​ពី​ការ​រីក​សាយភាយនៃ​ជំងឺ​អេបូឡា​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​ ប្រទេស​នេះ​ក៏​កំពុង​តែ​ទាក់​ទាញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ម្តង​ទៀត​ទៅ​លើ​បញ្ហា​ចម្បងៗ​ផ្សេង​ទៀត​ ដែល​រួមបញ្ចូល​ទាំង​បញ្ហា​សារ៉ាយ​សមុទ្រ​ដែល​មាន​យ៉ាង​ច្រើន​លើស​លប់​នៅ​លើ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន។

បញ្ហា​នេះត្រូវ​បាន​គេ​ប្រទះ​ឃើញ​កើត​មាន​ជាក់​ស្តែង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ នៅ​រៀង​រាល់​អំឡុង​ពេលរដូវ​វស្សា​នៅ​ក្នុងប្រទេស​នេះ ដែល​អាច​អូស​បន្លាយប្រហែល​៦ខែ។

ឆ្នេរ​នានា​នៅ​សៀរ៉ាឡែអូន​បាន​ក្លាយ​ទៅ​ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​សារ៉ាយ​សមុទ្រ​ប្រភេទ​សាហ្គាស៊ុម (Sargassum)។ វា​ជា​ការ​ធម្មតាទេ​ដែល​គេ​ឃើញ​មាន​សារ៉ាយ​សមុទ្រ​ប្រភេទ​នេះ​មួយ​ចំនួន​នោះ​ ប៉ុន្តែ​មិន​មែន​ក្នុង​បរិមាណ​ដ៏​ច្រើន​ដូច​ដែល​មាន​នា​ពេល​ថ្មីៗ​នេះ​នោះ​ទេ។

ការប្រែប្រួល​អាកាសធាតុ​អាច​ជា​កត្តា​មួយ​នៅ​ពី​ក្រោយ​បញ្ហា​នេះ

លោកEdward Bendu គឺ​ជា​ប្រធាន​ស្តី​ទី​នៃ​នាយកដ្ឋាន​បរិស្ថាន​របស់​ក្រសួង​ដែនដី​ និង​បរិស្ថាន។ លោក​សង្ឃឹម​ថា ​នឹង​មាន​ដំណោះស្រាយ​មួយ​ចំនួន​ដែល​កើត​ចេញ​ពី​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉ារីស។

លោក​និយាយ​ថា៖ «សារ៉ាយ​សមុទ្រ​ដែល​កើត​មាន​យ៉ាង​ច្រើន​លើសលប់​នៅ​តាម​បណ្តោយ​ឆ្នេរ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច ​គួរ​តែ​ជា​ប្រធានបទ​មួយ​ដែល​ត្រូវ​បាន​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​សម័យ​ប្រជុំ​ណាមួយ​នៃ​កិច្ចប្រជុំ​នានា​នៅ​ក្រុង​ប៉ារីស»។

បាតុភូត​នេះ​ក៏​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ការ៉ាប៊ីន​ផង​ដែរ។

នៅសៀរ៉ាឡែអូន​ លោក Raymond Johnson​ គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្ត្រ​នានា​ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ការ​លុកលុយ​នៃ​សារ៉ាយ​សមុទ្រ​ទាំង​នេះ។​

លោក​បាន​និយាយ​ថា សារ៉ាយ​ប្រភេទ​ស្លែ​ទាំង​នេះ​ពឹង​ផ្អែក​លើ​ជីវជាតិ​បំប៉ន​នៅ​ក្នុង​សមុទ្រ។ នៅ​ពេល​ដែល​ជីវជាតិ​បំប៉នទាំង​នោះ​ស្ថិត​ក្នុង​បរិមាណ​ច្រើន​ នោះ​សារ៉ាយ​ក៏​អាច​លូត​លាស់និង​កើន​ចំនួន​បាន​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។

លោក​ Johnson ​បាន​បន្ថែម​ថា​ សីតុណ្ហភាព​របស់​សមុទ្រ​ដែល​ក្តៅ​ជាង​មុន​ អាច​ជា​អ្វី​ដែល​បង្ក​ឲ្យ​មាន​សារ៉ាយ​សមុទ្រ​កាន់​តែ​ច្រើនអណ្តែត​ពី​មហាសមុទ្រ​អាត្លង់ទិច​ខាង​ជើង ​ជាទី​ដែល​វា​បាន​ដុះ​លូត​លាស់​ ហើយ​រសាត់​តាម​ទឹក​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច។

លោក​បាន​មាន​ប្រសាសន៍​ថា ​នៅ​ពេល​ដែល​សមុទ្រ​កាន់​តែ​ក្តៅ​ នោះ​វា​នឹង​បង្កើន​សម្ពាធ​ចរន្ត​ខ្យល់​ ដែល​បង្ក​ការប៉ះពាល់​ដល់ល្បឿន​នៃ​ចរន្ត​ទឹក​សមុទ្រ។ លោក​និយាយ​ថា ​បាតុភូត​នេះ​អាច​នឹង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ។

«ប្រសិន​បើ​មហា​សមុទ្រ​ឡើង​កម្តៅ ការ​ឡើង​កម្តៅ​នោះ​នឹង​បង្ក​ឲ្យ​មាន​ការ​សម្រប​ខ្លួន​នៃ​បរិយាកាស​ជុំវិញ​តំបន់​នោះ។ ជា​លទ្ធផល ​វា​បានបង្កើន​ការ​ផ្លាស់​ប្តូរ​ចរន្ត​កម្តៅ​ជា​បន្ត​បន្ទាប់​ ក៏​ដូចជា​ចលនា​ចរន្ត​កម្តៅ​រវាង​បរិយាកាស​ និង​មហា​សមុទ្រ​នោះ​ ដែល​ការ​ផ្លាស់ប្តូរ​នេះ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​កម្លាំង​ជំរុញ​នៃ​មហាសមុទ្រ»។

លោក ​Yassin Kargbo​ ដែល​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​គណៈកម្មការ​ទេសចរណ៍​ជាតិ​និយាយ​ថា​ ចំនួន​សារ៉ាយ​សមុទ្រ​ដ៏​ច្រើន​លើស​លប់​នេះ​ ក៏​បាន​បង្ក​ការ​ព្រួយបារម្ភ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ។ ទោះ​បី​ជា​សារ៉ាយ​ទាំង​នេះ​ ភាគ​ច្រើន​បោក​បក់​មក​នៅ​តាម​ឆ្នេរ​តែ​ក្នុង​រដូវ​វស្សា​ ហើយ​អ្នក​ទេសចរ​មិន​សូវ​មក​លេង​ច្រើន​នៅ​ពេល​នោះ​ក៏​ដោយ​ វា​នៅ​តែ​មើល​ទៅ​មិន​គួរ​ឲ្យ​ទាក់ទាញ​ទាល់​តែ​សោះ។ លើស​ពី​នេះ​ទៅ​ទៀត​ វា​បន្សល់​ទុក​ក្លិន​មិន​ល្អ​ទៀត​ផង។

«យើង​ដឹង​ថា វា​ជា​អ្វី​មួយ​ដែល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ទាំង​មូល​ ជា​ពិសេស​គឺ​វិស័យ​ទេសចរណ៍​តាម​ឆ្នេរ​សមុទ្រ​នេះ។ យើង​មើល​ឃើញ​ថា យើង​ពិត​ជា​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ»។

លោក​បន្ថែម​ថា វិធី​នៃ​ការ​ប្រើប្រាស់​សារ៉ាយ​សមុទ្រ​សម្រាប់​ជា​អត្ថប្រយោជន៍​របស់​ប្រទេស​នេះ​ កំពុង​តែ​ត្រូវ​បានយក​ទៅ​ពិភាក្សា ដែល​រួម​មានការ​ប្រើ​សារ៉ាយ​ដើម្បី​ធ្វើ​ជាជីវឥន្ធនៈ​ ឬ​បំលែង​វា​ឲ្យ​ទៅ​ជា​ជី​សម្រាប់​វិស័យ​កសិកម្ម៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG