ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ North Carilina លុបចោល​ការ​សិក្សា​ដោយ​ផ្ទាល​ក្នុង​ថ្នាក់ បន្ទាប់ពី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩


រូប​ឯកសារ៖ មនុស្សម្នា​រើ​របស់របរ​ចេញ​ពី​បរិវេណ​សាកលវិទ្យាល័យ North Carolina នៅ​ក្នុង​ក្រុង Chapel Hill រដ្ឋ North Carolina កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

សាកលវិទ្យាល័យ North Carolina នៅ​ទីក្រុង Chapel Hill ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ធំ​បង្អស់​មួយ​នៅក្នុង​សហរដ្ឋអាមេរិក​នឹង​លុបចោល​កម្មវិធី​ដែល​តម្រូវ​ឱ្យ​ពួក​និស្សិត​ចូល​រៀន​ក្នុង​ថ្នាក់​ដោយ​ផ្ទាល់​បន្ទាប់​ពី​មាន​ការ​ផ្ទុះឡើង​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

ការ​ផ្លាស់ប្តូរ​ភ្លាមៗ​ទៅ​ការ​សិក្សា​តាម​អនឡាញ​នេះ​គឺ​កើតឡើង​មួយ​សប្តាហ៍​ក្រោយ​មក បន្ទាប់ពី​ថ្នាក់រៀន​បាន​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ។ សាកលវិទ្យាល័យ​នេះ​បាន​ប្ដូរ​ការ​សិក្សា​ទៅ​តាម​បែប​អនឡាញ សម្រាប់​ថ្នាក់​ភាគ ច្រើន​កាលពី​ខែ​មីនា ក្នុង​អំឡុងពេល​នៃ​ការរាល​ត្បាត​វីរុស​កូរ៉ូណា​លើក​ដំបូង។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ មន្រ្តី​សាកលវិទ្យាល័យ​បាន​និយាយ​ថា និស្សិត​ចំនួន ១៧៧ នាក់​បាន​ធ្វើ​តេស្ត​ឃើញ​មាន​ផ្ទុក​វីរុស​កូរ៉ូណា ហើយ​និស្សិត​ចំនួន ៣៥០ នាក់​ទៀត​ត្រូវ​ស្ថិត​នៅ​ដាច់ពីគេ​នៅ​ក្នុង​អន្តេវាសិកដ្ឋាន និង​កន្លែង​ស្នាក់នៅ​នៅ​ខាងក្រៅ​បរិវេណ​សាកលវិទ្យាល័យ ដោយសារ​តែ​និស្សិត​ទាំង​នេះ​អាច​ឆ្លង​វីរុស​នេះ។

លោក Kevin M. Guskiewicz សាកលវិទ្យាធិការ​សាកលវិទ្យាល័យ និង​លោក Robert A. Blouin អ្នក​ចាត់ចែង​សាកលវិទ្យាល័យ​នេះ បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា៖ «យើង​យល់​ពី​ការ​ព្រួយ​កង្វល់ និង​ការរកាំ​ចិត្ត​នៃ​ការ​ផ្លាស់ប្តូរ​ទាំង​នេះ​ដែល​នឹង​លើកឡើង​ដោយ​ពួក​និស្សិត និង​មាតាបិតា។ យើង​ជឿ​ថា​យើង​បាន​ប្រឹងប្រែង​ដើម្បី​បង្កើត​នូវ​បរិយាកាស​សុវត្ថិភាព​ និង​មាន​សុខមាលភាព​សម្រាប់​ការ​សិក្សា​ និង​ការ​ស្នាក់នៅ​ក្នុង​សាកលវិទ្យាល័យ។ យើង​ជឿ​ថា​ទិន្នន័យ​ពេល​បច្ចុប្បន្ន​នេះ បង្ហាញពី​ស្ថានភាព​ដែល​មិនអាច​បន្ត​ទៅ​មុខ​បាន»។

សាកលវិទ្យាល័យ North Carolina នៅក្រុង Chapel Hill មាន​និស្សិត​ថ្នាក់​ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា​ប្រហែល ៣ ម៉ឺន​នាក់។ មន្ត្រី​សាកលវិទ្យាល័យ​និយាយ​ថា និស្សិត​ជាច្រើន​ពាក់​ម៉ាស ​និង​អនុវត្ត​ការ​រក្សា​គម្លាត​នៅ​បរិវេណ​សាកលវិទ្យាល័យ។

យ៉ាងហោចណាស់​ក៏​មាន​សាកលវិទ្យាល័យ ២ ផ្សេង​ទៀត​ផង​ដែរ គឺ​សាកលវិទ្យាល័យ Oklahoma State និង​សាកលវិទ្យាល័យ Notre Dame បាន​រាយការណ៍​អំពី​ការផ្ទុះ​ឆ្លង​នៃ​ជំងឺ​កូវីដ១៩ ហើយ​មន្រ្តី​នៅ​សាកលវិទ្យាល័យ​ជាច្រើន​ទៀត បាន​និយាយ​ថា ពួកគេអាច​ក្លាយ​ជាកន្លែង​ឆ្លង​ជំងឺ​នេះ​បន្ទាប់៕

XS
SM
MD
LG