ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​​ព្យាយាម​ការពារ​សុវត្ថិភាព​សិស្ស​ ពេល​បើក​សាលារៀន​ឡើង​វិញ


រូបឯកសារ៖ ផ្លូវចូលសាលារៀនរដ្ឋមួយនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

គ្រប់គ្នា​សុទ្ធ​តែ​យល់ស្រប​ថា​ កុមារ​គួរតែទៅរៀននៅ​សា​លា។ ខណៈ​បញ្ហា​បើក​សាលារៀនឡើងវិញ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ​ស្ថិត​ក្នុង​ការជជែក​ដេញដោល​នយោបាយ​ថ្មី​បំផុត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ សំណួរ​គឺ​មិនមែន​អំពី​ថា​តើការបើកសាលារៀន​ឡើងវិញ​ជា​គំនិត​ល្អ​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​គឺ​ថា​ តើ​វា​មាន​សុវត្ថិភាព​ដែរឬ​ទេ?​។

ខណៈសាលារៀន​នឹង​ចាប់ផ្តើម​បើក​ឆ្នាំ​សិក្សា​ថ្មី​ នៅ​ប៉ុន្មានសប្តាហ៍​ខាង​មុខ​នេះ​ លោកប្រធានាធិបតី Donald Trump ​បាន​គំរាម​សាលារៀន​ណា​ដែលមិន​បើកឲ្យ​សិស្សទៅ​រៀននៅក្នុងថ្នាក់។ ទោះបី​ជារដ្ឋាភិបាល​សហព័ន្ធ​គ្រប់គ្រងតិចតួច​លើ​ហិរញ្ញវត្ថុនៅតាម​សាលា​ ក៏​លោក Trump ​បាន​បង្ហោះសារ​ថា ​លោក​ប្រហែល​ជា​នឹង​កាត់​ថវិកា​ពី​សាលារៀន​ណា​ដែល​មិន​ព្រម​បើក​ឲ្យ​សិស្ស​ចូលរៀន។

គ្រូបង្រៀនចង់​បើក​ថ្នាក់​ឡើងវិញ។ គ្រូពេទ្យ​កុមារ​ចង់​បើក​ទ្វារ​ឡើង​វិញ។

នៅក្នុងសេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ​រវាងសហជីព​គ្រូបង្រៀនធំជាងគេ​ពីរក្រុម និង​សមាគម​គ្រូពេទ្យកុមារ​អាមេរិកាំង​បាន​និយាយ​ថា៖ «យើង​ទទួល​ស្គាល់​ថា កុមាររៀន​បាន​ល្អបំផុត​ពេល​រៀន​ជាមួយ​គ្រូនៅ​ក្នុង​ថ្នាក់។ ប៉ុន្តែ​យើង​ត្រូវ​មាន​វិធី​ការពារ​សុវត្ថិភាពដល់​គ្រូ​និង​សិស្ស ពេល​បើក​សាលារៀន​ឡើង​វិញ»។

ក្រុមអ្នកជំនាញ​សុខភាព​សាធារណៈ​និយាយ​ថា​ ការបើក​សាលារៀនឡើង​វិញនឹងនាំ​ហានិភ័យ​ជាច្រើន​ដូច​នឹង​ការបើក​អាជីវកម្ម​ឡើងវិញដែរ​ ហើយ​សហគមន៍​ជាច្រើនដែល​បានបើក​ឆាប់​ពេក​ឬ​បើក​ដោយ​គ្មានការ​ការពារគ្រប់គ្រាន់បាន​ជួប​នឹង​ការ​ឆ្លងផ្ទុះ​រាលដាល​វីរុស​ឡើងវិញ។

អ្នកស្រី Jennifer Nuzzo អ្នកសា្រវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌលសន្តិសុខ​សុខភា​ព​នៃ​សាកលវិទ្យាល័យ Johns Hopkins ថ្លែង​ថា៖ «នៅ​តាម​សហគមន៍ដែលមាន​ករណីឆ្លង​កើនឡើង​ខ្លាំង​ ប្រហែល​ជា​មិ​ន​ទាន់​អាច​បើក​សាលារៀន​ឡើងវិញ​បាន​ទេ​ រហូត​ទាល់​តែ​ការឆ្លងធ្លាក់​ចុះទាប»។

ផល​ប៉ះពាល់​ខ្លាំង

ការបើក​សាលារៀន​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការបើក​សេដ្ឋកិច្ច​ឡើងវិញ។ ឪពុកម្តាយ​ជាច្រើន​ដែល​ធ្វើ​ការ​ពី​ផ្ទះ​មាន​ការងារ​ធ្វើ​ច្រើន​ ទាំង​ការងាររបស់ពួកគេ​និង​មើល​ថែ​ទាំកូនៗ​របស់​ពួកគេ​នៅ​ផ្ទះ។ វា​កាន់​តែលំបាកសម្រាប់​អ្នក​ធ្វើការ​ដែល​ចាំ​បាច់​ត្រូវ​ទៅ​កន្លែង​ធ្វើការ​ដោយ​មិន​អាច​ធ្វើ​ពី​ផ្ទះ​បាន។

គ្រា​ដែល​សេដ្ឋកិច្ច​ប្រទេស​កំពុង​រង្គោះរង្គើ​ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​កើនឡើង​ខ្ពស់​មិន​ដែល​ធ្លាប់​មាន​ចាប់តាំង​ពី​វិបត្តិសេដ្ឋកិច្ច​នៅ​ទសវត្សរ៍១៩៣០មក ការ​បើក​អាជីវកម្មដើម្បី​ឲ្យ​មនុស្ស​ចូល​ធ្វើ​ការ​វិញ​គឺ​ជា​ ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ​ផ្អែក​លើ​បញ្ហានយោបាយ​នៅមុន​ការបោះឆ្នោតប្រធានាធិបតី​នៅ​ខែវិចិ្ឆកា​ខាង​មុខ​នេះ។

ស្ថានភាព​នេះ​ក៏​មានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​សម្រាប់​សិស្ស​ផងដែរ។

សេចក្តីថ្លែងការណ៍​រួម​រវាង​សមាគម​គ្រូពេទ្យកុមារ​និង​គ្រូបង្រៀន​ក៏​បាន​គូសបញ្ជាក់​ថា «នៅ​សាលា​កុមារ​រៀន​បាន​ច្រើន​ជាង​នៅ​ផ្ទះ»។ កុមារ​ក៏​រៀនអំពី​«ជំនាញសង្គម​និង​ផ្លូវចិត្ត​ផងដែរ​នៅ​សាលា»។ នៅ​សាលា ​កុមារ​រាប់សិបលាននាក់​បានទទួល​ការ​បណ្តុះបណ្តាលពី​បញ្ហា​សុខភាព​ផ្លូវចិត្ត។ សាលារៀន​គឺ​ជា​ ប្រភពសំខាន់នៃ​ការ​រាយការណ៍​អំពី​ការបំពាន​លើ​កុមារ»។

ជំងឺកូវីដ១៩ហាក់​មិន​សូវ​វាយប្រហារ​ខ្លាំង​លើ​កុមារ​ដូច​មនុស្ស​ពេញវ័យ​ទេ។ ការស្រាវជ្រាវនានា​រកឃើញ​ថា​ មាន​កុមារ​តិចតួច​ណាស់​ឆ្លង​ជំងឺ​កូវីដ១៩ និង​មិន​សូវ​មាន​អាការៈ​ធ្ងន់ធ្ងរ​និង​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ។

លោក Josh Sharfstein ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ ​Bloomberg នៃ​សាកលវិទ្យាល័យ Johns Hopkins​ ថា៖ «ទោះបីជា​ការ​ឆ្លង​មាន​តិចតួច​សម្រាប់​កុមារ​ក៏​ដោយ​ ក៏​មិនមែន​មានន័យ​ថា ​កុមារ​គ្មានហានិភ័យ​នោះ​ដែរ»។

ការឆ្លង​ជាង​២សែនករណី​ក្នុង​ចំណោម​កុមារ​ដោយ​រួមទាំង​ការស្លាប់​ចំនួន​៦៣ករណី​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​រាយការណ៍​នៅ​ត្រឹម​ថ្ងៃទី៩​ខែកក្កដា។ នេះបើយោង​តាមសមាគម​គ្រូពេទ្យ​កុមារ​អាមេរិកាំង។

ទាំង​គ្រូបង្រៀន​និង​បុគ្គលិក​សាលារៀន​ស្ថិត​ក្នុង​ហានិភ័យ​ដូច​នឹង​អ្នកធ្វើការ​ងារ​នៅក្នុង​កន្លែង​បិទ​ជិត​ផ្សេងដែរ។

អ្នកស្រី Lily Eskelsen​García ប្រធាន​សមាគម​អប់រំ​ជាតិ​ដែល​ជា​សហជីព​គ្រូ​បង្រៀនធំ​ជាងគេ​បាន​និយាយ​ថា៖ «ប្រសិន​បើ​លោក Trump ទាមទារ​ឲ្យ​បើក​សាលារៀនឡើងវិញស្រប​ពេលមានការឆ្លង​កើនឡើង​ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​លោក Trump​ អង្គុយ​នៅ​ពី​ក្រោយ​សិស្ស៣៩នាក់​នៅក្នុង​ថ្នាក់​របស់ខ្ញុំ។ ខ្ញុំ​ចង់​ឲ្យលោក​អង្គុយ​នៅ​ទីនោះមួយ​ថ្ងៃ​៧​ម៉ោងរយៈពេល៥ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ហើយ​ឲ្យសិស្ស​ក្អក​និង​កណ្តាស់ដាក់លោក»។

ក្រុមអ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Johns Hopkins បាន​ព្យាករណ៍​ថា គេ​ត្រូវ​ការ​ថវិកា៥០ពាន់​លាន​ដុល្លារ ​ដើម្បី​រៀបចំ​សាលារៀនឲ្យ​អាច​ទទួលសិស្សនៅ​សហរដ្ឋអាមេរិកឲ្យ​ចូល​រៀន​វិញបាន​ដោយ​សុវត្ថិភាព៕

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG