ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការស៊ើបអង្កេត​ពី​អំពើ​ពុករលួយ


សន្តិសុខ​ដែល​មាន​ពាក់​ម៉ាស់​ឈរ​យាម​នៅ​ខ្លោង​ទ្វារ​នៃ​វិមាន​ Forbidden City នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។

លោក Sun Lijun អនុ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ត្រូវបាន​ចោទប្រកាន់​ពី​បទ «បំពាន​ច្បាប់​ និង​វិន័យ​គណបក្ស​យ៉ាង​ធ្ងន់ធ្ងរ»។ លោក Sun ត្រូវ​បាន​គេ​ចោទ​ពី​ការ «មិន​គោរព​តាម» ដែល​នេះ​ជា​ការ​បង្ហាញ​ថា លោក​អាច​នឹង​ត្រូវ​បាន​គេ​យល់​ថា មិន​ស្មោះស្ម័គ្រ​នឹង​លោក ស៊ី។

លោក Sun Lijun អនុ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ត្រូវបាន​ចោទប្រកាន់​ពី​បទ «បំពាន​ច្បាប់​ និង​វិន័យ​គណបក្ស​យ៉ាង​ធ្ងន់ធ្ងរ»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ជាន់​ខ្ពស់​របស់​គណបក្ស​កុំម្មុយនិស្ត​ចិន។ អ្នកសង្កេតការណ៍​និយាយ​ថា វា​ជា​សញ្ញាណ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

អ្នក​វិភាគ​មួយ​ចំនួន ពណ៌នា​លោក Sun ថា ជា «ឃាតក​លាក់មុខ» ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ចប្រឹងប្រែង​កន្លង​មក​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ដើម្បី​រក្សា​ស្ថិរភាព​សង្គម​ដោយ​ធ្វើ​ការ​បង្ក្រាប​អ្នក​ប្រឆាំង ដែល​ក្នុង​នោះ មាន​រួម​ទាំង​អ្នក​ដើរ​តាម​សាសនា Falun Gong និង​មេធាវី​សិទ្ធិ​មនុស្ស នៅ​ក្នុង​អំឡុង​ការ​បង្ក្រាប​ឆ្នាំ២០១៥។

អ្នកសង្កេតការណ៍​បាន​លើក​ឡើង​ទៀត​ថា ការ​ចាប់​ខ្លួន​លោក Sun ដែល​ធ្វើ​ឡើង​ក្រោយពី​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​លោក Meng Hongwei អតីត​ប្រធាន​ប៉ូលិស​អន្តរជាតិ Interpol នៅ​ដើម​ឆ្នាំ​នេះ ពី​បទល្មើស​សូកប៉ាន់ គឺ​ជា​រឿង​ពិបាក​យល់ ប៉ុន្តែ​វា​បង្ហាញ​អំពី​ការ​សង្កត់ធ្ងន់​នៅ​ក្នុង​ការ​ប្រជែង​យក​អំណាច​របស់​លោក​ប្រធានាធិបតី ស៊ី ជិនពីង នៅក្នុង​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណានេះ។ មាន​ពាក្យ​ចចាមអារ៉ាម​ថា អំណាច​របស់​លោក​ប្រធានាធិបតី ស៊ី ត្រូវ​បាន​គេ​ប្រទាញ​ប្រទង់​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចិន បរាជ័យ​ក្នុងការ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​វីរុស​កូរ៉ូណា​ឲ្យ​បាន​ទាន់​ពេល។

ការ​កម្ចាត់​ផ្នែក​នយោបាយ

មេធាវី​សិទ្ធិ​មនុស្ស​ម្នាក់​បាន​ប្រាប់ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា «នេះ​មិន​មែន​ជា​ការ​ស៊ើបអង្កេត​ទៅ​លើ​រឿង​ពុករលួយ​ទេ។ នេះ​ជា​ការ​បញ្ចូន​សារ​គំរាម​ដល់​អ្នក​ផ្សេងទៀតនៅ​ក្នុង​គណបក្ស​ឲ្យ​មាន​ការភ័យខ្លាច ដែល​ការធ្វើ​ដូច្នេះ អាច​ឲ្យ​លោក ស៊ី បន្ត​ក្តោបក្តាប់​អំណាច​របស់​លោក»។

មេធាវី​រូប​នេះ បាន​ប្រដូច​ការ​កម្ចាត់​លោក Sun ទៅ​នឹង​ជម្លោះ​ផ្ទៃ​ក្នុង​តាម​របៀប​លោក ម៉ៅ សេទុង។ លោក​ម៉ៅ សេទុង គឺ​ជា​ស្ថាបនិក​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​ទាមទារ​ឱ្យ​គណបក្ស​កុំម្មុយនិស្ត​ធ្វើ​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​គ្រប់​ផ្នែក​ទាំង​អស់។​

មេធាវី​រូប​នេះ​និយាយ​ថា លោក​សង្ស័យ​ថា លោក Sun ត្រូវ​បាន​គេ​កម្ចាត់​ចោល​ដោយសារតែ​លោក​ត្រូវ​បាន​គេ​យល់​ថា «មិន​មាន​ភាព​ស្មោះស្ម័គ្រ​គ្រប់គ្រាន់»។

មេធាវី​សិទ្ធិ​មនុស្ស​ម្នាក់​ទៀត​ក៏​បាន​និយាយ​ផងដែរ​ថា បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សន្តិសុខ​សាធារណៈ លោក Sun ត្រូវ​បាន​គេ​ចោទ​ពី​ការ «មិន​គោរព​តាម» ដែល​នេះ​ជា​ការ​បង្ហាញ​ថា លោក​អាច​នឹង​ត្រូវ​បាន​គេ​យល់​ថា មិន​ស្មោះស្ម័គ្រ​នឹង​លោក ស៊ី។

ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ធ្វើ​ការ​គាំទ្រ​លើ​អ្វី​ដែល​ក្រសួង​នេះ​ហៅ​ថា ការ​ស៊ើបអង្កេត «ត្រឹមត្រូវ និង​ទាន់ពេល​វេលា» ទៅ​លើ​លោក Sun នៅ​ពេល​ដែល​ក្រសួង​នេះ បង្ហាញ​ពី​ការ​សន្យា​របស់​លោក​ ស៊ី​ ក្នុង​ការ​លុបចោល​អំពើ​ពុករលួយ។

ក្រសួង​នេះ បាន​លើក​ឡើង​ថា លោក Sun «បាន​ព្រងើយកន្តើយ​នឹង​វិន័យ និង​វិធាន​នយោបាយ​របស់​គណបក្ស​ជា​យូរ​មក​ហើយ»។

ក្រុម​មន្ត្រី មិន​បាន​ធ្វើ​ការ​បកស្រាយ​អំពី​ការ​ចោទប្រកាន់​អំពី​អំពើ​ពុករលួយ​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ ក្រសួង​នេះ បាន​បន្ត​ពន្យល់​រៀបរាប់​យ៉ាង​វែងអន្លាយ អំពី​របៀប​ដែល​សមាជិក​គណបក្ស​គួរ​តែ​សន្យា «ពី​ភាព​ស្មោះស្ម័គ្រ​មោះមុត» ទៅ​កាន់​ថ្នាក់​ដឹកនាំ​ស្នូល ដែល​សំដៅ​ទៅ​លើ​ លោក ស៊ី ហើយនឹង​មិន​ត្រូវ​ដើរ​ពីរ​ផ្លូវ​នោះ​ទេ ដូច​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ថា អ្នកធ្វើ​បែប​នោះ គឺ​ជា​ «មនុស្ស​មុខ​ពីរ»។

លោក Sun វ័យ​៥១ឆ្នាំ បាន​ដឹកនាំ​ការិយាល័យ​ទី១​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ ដែល​គ្រប់គ្រងភ្នាក់ងារ​រដ្ឋ​ចិន​ជាច្រើន។ លោក​ក៏​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​សន្តិសុខ​នយោបាយ​ក្នុង​ស្រុក និង​កិច្ចការ​សន្តិសុខ​ហុងកុង​ផង​ដែរ។

មុន​កាន់​តំណែង​នេះ លោក​បាន​បម្រើការ​ជា​ប្រធាន​ការិយាល័យ​កិច្ចការ​ហុងកុង ម៉ាកាវ និង​តៃវ៉ាន់​

នៅ​ក្រសួង​សន្តិសុខ​សាធារណៈ និង​ជា​អនុប្រធាន​ការិយាល័យ ៦១០ ដែល​ទទួល​ខុសត្រូវ​លើ​ការ​គាបសង្កត់​អ្នក​ជឿ​លើ​គំនិត​សាសនា Falun Gong។

លោក Sun ត្រូវ​បាន​គេ​ឃើញ​លើក​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ទីក្រុង​វូហាន​ជាមួយលោក ស៊ី នៅក្នុង​កិច្ចការ​ជួយ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​នៅ​ទីនោះ។ ទីក្រុង​វូហាន​ជា​កន្លែង​ដែល​គេ​រាយការណ៍​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ដំបូង​គេ។

លោក Guo Wenqui ដែល​ជា​មហាសេដ្ឋី​រស់​នៅ​និរទេស​ខ្លួន​និយាយ​ថា លោក Sun មិន​ដែល​ត្រូវ​បាន​គេ​គិត​ថា ជា​អ្នក​ដើរ​តាម​លោក​ ស៊ី នោះ​ទេ ដោយសារ​តែ​លោក Sun ធ្លាប់​បម្រើការ​ក្រោម​ការ​ដឹកនាំ​របស់​លោក Meng Jianzhu ដែល​ជា​អតីត​លេខាធិការ​គណៈកម្មការ​កិច្ចការ​ច្បាប់ និង​នយោបាយ​កណ្តាល​របស់​គណបក្ស​កុំម្មុយនិស្ត​នៅ​មុន​ឆ្នាំ២០១៧។

ក្រុម Shanghai Gang

លោក Guo និយាយ​ថា ទាំង​លោក Sun និង​លោក Meng ស្ថិត​នៅ​ក្នុង​ក្រុម​មួយ​ដែល​គេ​ហៅ​ក្រៅ​ផ្លូវ​ការ​ថា ក្រុម Shanghai Gang ដែល​ដឹកនាំ​ដោយ​គូប្រជែង​របស់​លោក ស៊ី។ នោះ​គឺ​លោក Jiang Zemin ដែល​ជា​អតីត​ប្រធានាធិបតី។ លោក Jiang មើល​ការ​ខុស​ត្រូវ​ចំពោះ​ការ​ប្រគល់​ការ​គ្រប់គ្រង​ក្រុង​ហុងកុង​ពី​អង់គ្លេស​វិញ និង​ទទួល​បាន​ការ​សរសើរ​ចំពោះ​កំណែ​ទម្រង់​ដែល​ជួយ​ធ្វើ​ឱ្យ​ចិន​ក្លាយ​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​ក្នុង​សាកលលោក។

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូប​ឆ្វេង) និយាយ​ជាមួយ​នឹង​អតីត​ប្រធានាធិបតី លោក Jiang Zemin ក្នុង​កិច្ចប្រជុំ​បិទ​បញ្ចប់​សមាជ​ថ្នាក់​ជាតិ​លើក​ទី​១៩​របស់​គណបក្ស​កុំម្មុយនិស្ត​ចិន​ វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូប​ឆ្វេង) និយាយ​ជាមួយ​នឹង​អតីត​ប្រធានាធិបតី លោក Jiang Zemin ក្នុង​កិច្ចប្រជុំ​បិទ​បញ្ចប់​សមាជ​ថ្នាក់​ជាតិ​លើក​ទី​១៩​របស់​គណបក្ស​កុំម្មុយនិស្ត​ចិន​ វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។

មហាសេដ្ឋី​រស់​នៅ​និរទេស​ខ្លួន​រូប​នេះ​ហៅ​លោក Sun ថា​ជា «ឃាតក» ដោយ​និយាយ​ថា លោក Sun គួរ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់ និង​ការ​ធ្វើ​ទារុណកម្ម​លើ​ក្រុម​អ្នក​ប្រឆាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ប្រទេស​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។ លោក Guo ក៏​បាន​បន្ទោស​ Sun ចំពោះ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ផង​ដែរ។

លោក Guo បន្ថែម​ទៀត​ថា លោក Sun មាន​លាក់ទុក​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​គណនី​ធនាគារ​របស់​ភរិយា​របស់​លោក​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ​ភរិយា​របស់​លោក Sun និង​កូនប្រុស​អាយុ១៩ឆ្នាំ​របស់​លោក​កំពុង​រស់​នៅ​ទីនោះ​ក្នុង​នាម​ជា​ពលរដ្ឋ។

«អ្នក​ទទួល​ថ្ម​បាក់»​ របស់​លោកស៊ី

លោកWang Xili ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃ គឺ​ជា​អ្នក​ប្រឆាំង​នយោបាយ​ចិន​ម្នាក់​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន។ លោក​និយាយ​ថា លោក​គិត​ថា ការ​ចាប់​ខ្លួន​លោក Sun មិនមែន​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​អំពើ​ពុករលួយ ឬ ដោយសារ​ការ​ប្រជែង​នយោបាយ​ផ្ទៃ​ក្នុង​នោះ​ទេ។

លោក Wang និយាយ​ថា លោក​ជឿ​ថា គណបក្ស​កុំម្មុយនិស្តចិន កំពុង​ព្យាយាម​ប្រើប្រាស់​លោក Sun ឱ្យ​ក្លាយ​ជា​អ្នកទទួល​ថ្ម​បាក់ ដើម្បី​បិទបាំង​កំហុស​ក្នុង​ពេល​កន្លង​មក​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មេធាវី​សិទ្ធិ​មនុស្ស។ លោក Wang បាន​បន្ថែម​ថា លោក Sun ខ្លួន​ឯង​ផ្ទាល់ សាកសម​នឹង​ទទួល​ទោស ចំពោះអ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ការ​បង្ក្រាប​ក្នុង​ឆ្នាំ២០១៥។

លោក Wang បាន​និយាយ​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«លោកSun Lijun គឺ​ជា​មេបញ្ជាការ​ម្នាក់​នៅ​ក្នុង​ការ​បង្ក្រាប​កាលពី​ថ្ងៃទី៩ ខែកក្កដា [ទៅ​លើ​មេធាវី​សិទ្ធិ​មនុស្ស]។ ប្រភព​ជាច្រើន​បាន​បង្ហាញ​ថា អ្នក​ស៊ើបអង្កេត​ទាំង​អស់ [រួម​ទាំង​ភ្នាក់ងារ​រដ្ឋ​ផង] ត្រូវ​រាយការណ៍​ដោយ​ផ្ទាល់​ទៅ​ឲ្យ​លោក Sun។ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​លោក Sun [អាជ្ញាធរ] នឹង​ពិនិត្យ​មើល​ឯកសារ និង​ចាត់វិធានការ​ចាំបាច់​នានា មុន​ពេល​ពួកគេ​បិទ​ឯកសារ​ទាំង​នោះ​សម្រាប់​តម្កល់​ទុក និង​ហាមឃាត់​មិន​ឱ្យ​អ្នក​ណា​ម្នាក់​អាន​ឯកសារ​ទាំង​នោះ​ទេ»។

អ្នក​ប្រឆាំង​នយោបាយ​រូប​នេះ​និយាយ​ថា បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​ជាមួយ​នឹង​មន្ត្រី​សន្តិសុខ​ចិន​បង្ហាញ​ថា ភាព​រង្គោះរង្គើ​ចុង​ក្រោយ​នេះ គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​គណបក្ស​កុំម្មុយនិស្ត​ប្រើប្រាស់​ដើម្បី​បង្វែរ​ការ​ស្តី​បន្ទោស ដើម្បី​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​របស់​លោក Sun រួម​ទាំង​លោក ស៊ី​ ផង​ រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​នៅ​ពេល​អនាគត​ ក្នុង​រឿង​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​មេធាវី។

ការ​ចាប់​ខ្លួន​លោក Sun បាន​បង្ក​ឱ្យ​មាន​ការ​ពិភាក្សា​ក្តៅ​គគុក​នៅ​បណ្តាញ Twitter ដោយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ហៅ​ករណី​របស់​លោក​ថា ជា​ការ​ដាស់តឿន​ដល់​សមាជិក​បក្ស​ជាច្រើន​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​គេ​កម្ចាត់​ចោល ប្រសិន​បើ​ពួកគេ​ជ្រើស​យក​ផ្លូវ​ខុស។

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​លើ​បណ្តាញ Weibo ដែល​ស្រដៀង​នឹង​បណ្តាញ Twitter ដែរ នៅ​ក្នុង​ប្រទេស​ចិន ការ​បញ្ចេញ​យោបល់​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ត្រូវ​បាន​គេ​រាំងខ្ទប់ លើក​លែង​តែ​យោបល់​ដែល​ភាគច្រើន​គាំទ្រ​ដល់​ការ​ចាប់​ខ្លួន​លោក Sun តែ​ប៉ុណ្ណោះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG