សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយកាលពីថ្ងៃអង្គារថា វិស័យអាកាសចរណ៍ពិភពលោកកំពុងត្រូវគំរាមកំហែងដោយការខាតបង់ជិត១៦០ពាន់លានដុល្លារក្នុងការខាតបង់ដែលត្រូវព្យាករណ៍នៅឆ្នាំនេះនិងឆ្នាំក្រោយ ដោយសារវិបត្តិជំងឺកូវីដ១៩។
សមាគមនេះបានទម្លាក់ការព្យាករណ៍របស់ខ្លួនអំពីវិស័យនេះ ដើម្បីសម្របនឹងស្ថានភាពការផ្ទុះឡើងនៃជំងឺកូវីដ១៩ជាលើកទី២ និងការបិទក្រុមហ៊ុនអាកាសចរណ៍ដែលប៉ះពាល់ដល់ទីផ្សារធំៗ។
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានព្រមានថា «វិបត្តិកូវីដ១៩គំរាមកំហែងដល់ការរស់រាននៃវិស័យដឹកជញ្ជូននេះ»។ សមាគមនេះក៏បានព្រមានផងដែរថា ឆ្នាំ២០២០នឹងក្លាយជា«ឆ្នាំអាក្រក់បំផុត»របស់វិស័យដឹកជញ្ជូននេះ។
កាលពីខែមិថុនា សមាគម IATA បានព្យាករការខាតបង់ចំនួន១០០ពាន់លានដុល្លារក្នុងរយៈពេល២ឆ្នាំខាងមុខ ប៉ុន្តែសមាគមបានកែប្រែការព្យាកររបស់ខ្លួនដើម្បីបង្ហាញការខាតបង់ដល់ចំនួន១១៨,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០ និង៣៨,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
ការព្យាករណ៍ដ៏អាប់អួរបង្ហាញពីបញ្ហាដែលវិស័យនេះនៅតែប្រឈម ទោះបីជាមានការរកឃើញវ៉ាក់សាំងការពារកូវីដ១៩ក៏ដោយ។ លោក Brian Pearce ប្រធានសេដ្ឋវិទូរបស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិពណ៌នាជំងឺកូវីដ១៩ ថា ជាឧបសគ្គដ៏ភ្ញាក់ផ្អើលបំផុតចំពោះវិស័យអាកាសចរណ៍ចាប់តាំងពីសង្គ្រាមលោកលើកទី២។
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិព្យាករណ៍ថា ប្រទេសខ្លះនឹងបើកព្រំដែនឡើងវិញនៅពាក់កណ្តាលឆ្នាំក្រោយ ដោយសារមានកត្តារួមបញ្ចូលគ្នា ការធ្វើតេស្តវីរុសកូរ៉ូណានិងចែកចាយវ៉ាក់សាំង។ សមាគមនេះបានអំពាវនាវម្តងហើយម្តងទៀតឲ្យរដ្ឋាភិបាលនានាជំនួសវិធានការរឹតត្បិតការធ្វើដំណើរដោយកម្មវិធីតេស្តច្រើនវិញ៕