អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថ្លែងកាលពីថ្ងៃសុក្រថា លោកស្រីរំពឹងថា ការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩នឹងកាន់តែមានការលំបាកនៅប៉ុន្មានខែ ឈានដល់ចុងឆ្នាំនេះ។
លោកស្រីបានថ្លែងយ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទព័ត៌មានប្រចាំឆ្នាំនារដូវក្តៅ ដោយលោកស្រីបញ្ជាក់ការដោះស្រាយវិបត្តិសុខភាពនេះបានក្តោបក្តាប់ពេលវេលាការងាររបស់លោកស្រីស្ទើរទាំងស្រុងក្នុងពេលនេះហើយនឹងប៉ុន្មានខែខាងមុខទៀត។ លោកស្រីថាការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺនេះនៅក្នុងខែក្តៅមានភាពងាយស្រួលជាងខែត្រជាក់ ព្រោះខែក្តៅមនុស្សម្នាចេញទៅក្រៅផ្ទះច្រើនជាងខែត្រជាក់។
ប៉ុន្តែលោកស្រីថាលោកស្រីរំពឹងថា នៅពេលរដូវត្រជាក់ចូលមកដល់ ស្ថានភាពគ្រប់គ្រងជំងឺនេះកាន់តែលំបាកដោយសារពលរដ្ឋត្រូវនៅក្នុងផ្ទះឬអគារច្រើនជាងខែក្តៅ ហើយនៅពេលនេះមានមនុស្សជាច្រើនដែលបានបាត់បង់ការងារហើយក៏ត្រូវនៅក្នុងផ្ទះដែរ។
អធិការបតីអាល្លឺម៉ង់រូបនេះក៏និយាយថា មានផ្នែកជាច្រើននៃវីរុសដែលបង្កជំងឺកូវីដ១៩នេះ ដែលអ្នកជំនាញមិនទាន់យល់ច្បាស់និងធ្វើឲ្យការគ្រប់គ្រងក្នុងប៉ុន្មានខែខាងមុខមានភាពមិនប្រាកដប្រជា។
នៅក្នុងសន្និសីទព័ត៌មាននេះ លោកស្រី Merkel ក៏បានសម្តែងការសោកស្តាយចំពោះដំណឹងដែលនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe សម្រេចលាលែងពីតំណែងកាលពីថ្ងៃសុក្រដោយសារបញ្ហាសុខភាព។ លោកស្រីថា ទំនាក់ទំនងអាល្លឺម៉ង់និងជប៉ុនមានភាពល្អប្រសើរអំឡុងលោក Abe កាន់តំណែងនេះ៕