ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺងម៉ង់​និយាយថា អ្នក​ប្រឆាំង​រុស្ស៊ី​ទំនង​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​បំពុល


រូបឯកសារ៖ លោក Alexei Navalny សកម្មជន​បក្ស​ប្រឆាំង​នៅ​រុស្ស់ី ចាកចេញ​ពី​ពន្ធនាគារ នៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ​២០១៩។
រូបឯកសារ៖ លោក Alexei Navalny សកម្មជន​បក្ស​ប្រឆាំង​នៅ​រុស្ស់ី ចាកចេញ​ពី​ពន្ធនាគារ នៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ​២០១៩។

រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​លើក​ឡើង​ថា ខ្លួន​ជឿជាក់​ថា​មេដឹកនាំ​ប្រឆាំង​រុស្សី​លោក Alexei Navalny ​អាច​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​ថ្នាំ​បំពុល។​

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយកាល​ពី​ថ្ងៃ​ចន្ទ​ លោក Steffen Seibert​ អ្នកនាំពាក្យ​របស់​លោក​ស្រី​ Angela Merkel អធិការបតី​អាល្លឺម៉ង់​លើក​ឡើង​ថា​ វា​មាន​«លទ្ធភាព​ច្រើន» ដែល​ថា​អ្នក​នយោបាយ​ប្រឆាំង​ក្នុង​ប្រទេស​រុស្សីលោក Alexei Navalny ត្រូវ​បាន​គេ​ដាក់​ថ្នាំ​បំពុល​នោះ​ និង​ថា​ហេតុ​ដូច្នេះ​ហើយ ទើប​ការពារ​លោក Navalny​ ជា​រឿង​ដ៏​ចាំបាច់​មួយ។

លោក Navalny ដែលធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ពី​តំបន់​ស៊ីបេរី ទៅ​កាន់​ទីក្រុង​មូស្គូ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សបា្តហ៍​មុន​ បាន​ធ្លាក់ខ្លួន​ឈឺ ​និង​បង្ខំឲ្យ​យន្តហោះ​ដែល​គាត់​កំពុង​ជិះ​នោះ​ ត្រូវ​ចុះ​ចត​ជា​បន្ទាន់​មួយក្នុង​ទីក្រុង ​Omsk នៃ​តំបន់​ស៊ីបេរី។ ជំនួយ​ការរបស់​លោក Navalny និយាយ​ថា ​លោក Navalny បាន​ពិសា​តែ​ខ្មៅ​នៅ​ហាង​កាហ្វេ​មួយ​ក្នុង​ព្រលាន​យន្តហោះ។

អ្នកគាំទ្រ​លោក Navalny ជឿជាក់​ថា​ គឺ​តែ​ខ្មៅ​នោះ​ហើយ​ដែល​ត្រូវ​បាន​គេ​ដាក់​ជាតិ​ពុល​នៅ​ក្នុង​នោះ។​ លោក Navalny ជា​អ្នក​រិះគន់​ដ៏​សកម្ម​ម្នាក់​ទៅ​លើ​ប្រធានាធិបតី​រុស្សី​លោក Vladimir Putin។ ​

ភរិយា​លោក​ Navalny គឺ​លោកស្រី​ Yulia Navalnaya និង​ជំនួយការ​ម្នាក់ បាន​មក​មើល​លោក Navalny​ នៅ​ក្នុង​មន្ទីរពេទ្យ Charite ក្នុង​ទី​ក្រុង​ប៊ែរឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​អាទិត្យ។ ​លោក Navalny កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សន្លប់​មិន​ដឹង​ខ្លួន​ និង​ដក​ដង្ហើម​តាម​ប្រព័ន្ធ​ឧបករណ៍​ជំនួយ​ដង្ហើម។

មុនការ​សម្រេច​ចិត្តកាល​ពី​ថ្ងៃ​សុក្រ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ឲ្យ​បញ្ជូន​លោក Navalny មក​ព្យា​បាល​ក្នុង​ទី​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​របស់រុស្សីលោក Dmitry Peskov លើក​ឡើង​ថា រដ្ឋាភិបាល​រុស្ស៊ី​ នឹង​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​បញ្ជូន​លោក Navalny មក​ព្យាបាល​ក្នុង​ប្រទេស​អាល្លឺម៉ង់​ និង​ជូន​ពរ​លោក​ឲ្យ​ឆាប់​ជា​សះស្បើយ។​

អ្នកនាំ​ពាក្យ​រូបនេះ​ក៏បាននិយាយ​ផង​ដែរ​ថា​ រដ្ឋាភិបាល​រុស្សី​នឹង​ស៊ើបអង្កេត​រឿង​នេះ​ ប្រសិន​បើ​មាន​របាយ​ការណ៍​ពី​ខាង​ជំនាញ​ជាតិ​ពុល​ថា ​លោក Navalny​ ពិត​ជា​ត្រូវ​បាន​គេ​បំពុល​មែន​នោះ៕

XS
SM
MD
LG