ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​​ឆ្លង​​​ជំងឺ​កូវីដ​១៩​នៅ​ជុំវិញ​ពិភពលោក​បាន​កើន​ដល់​ជាង​១៥​លាន​នាក់


ក្រុម​គ្រូពេទ្យ​​កំពុង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ម្នាក់​​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ក្រុង Noida ប្រទេសឥណ្ឌា។
ក្រុម​គ្រូពេទ្យ​​កំពុង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ម្នាក់​​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ក្រុង Noida ប្រទេសឥណ្ឌា។

ចំនួន​អ្នក​ឆ្លង​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ​១៩ដែល​ត្រូវ​បាន​រាយការណ៍​សរុប​នៅ​ទូទាំង​ពិភពលោក​មក​ដល់ថ្ងៃ​ពុធ បាន​កើន​ដល់​ជាង​១៥​លាន​នាក់។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters។

ចំណែក​ចំនួន​អ្នក​ស្លាប់​សរុប​ពី​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​ដល់ ៦១៨.០០០ នាក់​ បើ​តាម​តួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins។​

ការ​បន្ត​កើន​ឡើង​នេះ​កើត​មាន​ឡើង​ខណៈ​ដែល​ប្រទេស​ជា​ច្រើន​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ពី​របៀប​នៃ​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​សុខភាព​នេះ។

នៅ​សហរដ្ឋ​អាមេរិក ទិន្នន័យ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ CDC កាល​ពី​ថ្ងៃ​អង្គារបង្ហាញ​ថា​តួ​លេខ​នៃ​អ្នក​ឆ្លង​កូវីដ១៩ពិត​ប្រាកដ​នៅ​តំបន់ខ្លះ​របស់សហរដ្ឋ​អាមេរិក អាច​មាន​ចំនួន​ពីរ​ដង​រហូត​ដល់​១៣​ដង​លើស​ចំនួន​ដែល​ត្រូវ​បាន​អាជ្ញាធរ​រាយការណ៍​ជា​ផ្លូវការ។​

នៅ​ប្រទេស​ប្រេស៊ីល ដែល​មាន​ទាំង​ករណី​ឆ្លង​និង​ស្លាប់​ពី​កូវីដ១៩ ច្រើន​ជាង​គេ​ទី​២​ក្នុង​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក មន្ត្រី​សុខាភិបាល​កាល​ពី​ថ្ងៃ​អង្គារ​បាន​អនុញ្ញាត ​ឲ្យ​មានការ​ធ្វើ​តេស្ត​លើ​មនុស្ស​នូវវ៉ាក់សាំង​កូវីដ១៩មួយ​ដែល​ត្រូវ​បាន​ស្រាវជ្រាវ​ផលិតរួម​គ្នា​ដោយ​ក្រុមហ៊ុន​អាមរិក​និង​អាល្លឺម៉ង។

នៅ​ប្រទេស​អូស្ត្រាលី​ អាជ្ញាធរ​នៅ​ក្រុង​ទី​ក្រុង​ Melbourne កាល​ពី​ថ្ងៃ​ពុធ​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ឬ​ក្រណាត់​គ្រប​មាត់​និង​ច្រមុះ​ ខណៈ​ដែល​ករណី​ឆ្លង​កូវីដ១៩​នៅ​ទី​នោះ​បន្ត​កើន​ឡើង​ខ្លាំង។ អ្នក​ក្រុង​ Melbourne នៅ​ពេល​នេះ​អាច​ចេញ​ទៅ​ក្រៅ​ផ្ទះ​បាន​តែ​ក្នុង​ករណី​ទៅ​ធ្វើ​ការ ទៅ​សាលារៀន ទៅ​ហាត់​ប្រាណ និងសម្រាប់​កិច្ចការ​ចាំ​បាច់​ប៉ុណ្ណោះ។ ប្រទេស​អូស្ត្រាលី​មាន​ករណី​ឆ្លង​សរុប​ជាង​១២.០០០​នាក់។

​មេដឹកនាំ​សហភាព​អឺ​រ៉ុប​កាល​ពី​ថ្ងៃ​អង្គារបាន​សម្រេច​កិច្ច​ព្រមព្រៀងលើ​កញ្ចប់​ថវិកា​ជំនួយជាង​២​លានលាន​ដុល្លារ​សម្រាប់​វិបត្តិ​កូវីដ១៩។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ​ដែរ មូលនិធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​ថា ការ​បិទ​សាលា​នៅ​ជុំវិញ​ពិភពលោក​បាន​នាំ​ឲ្យ​សិស្ស​មេត្តេយ្យ​យ៉ាង​តិច​៤០​លាន​នាក់​មិន​បាន​ចូល​រៀន៕

XS
SM
MD
LG