ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រួច​ជីវិត​ពី​ជំងឺ​កូវីដ១៩​រៀបរាប់​ពី​បទ​ពិសោធន៍​ឈឺ​ចាប់​របស់​ពួកគេ


រូបឯកសារ៖ បុគ្គលិក​ម្នាក់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​លើ​ផ្លូវ​ ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិក​ម្នាក់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​លើ​ផ្លូវ​ ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

ខណៈ​អ្នក​ដែល​ស្លាប់​ឬ​ឆ្លង​ជំងឺ​កូវីដ១៩​ជា​ច្រើន​ជា​មនុស្ស​ចាស់​ ជំងឺ​នេះ​ក៏​បាន​ឆ្លង​ដល់​អ្នក​មាន​វ័យ​​ក្មេង​ជាង​នេះ​ផង​ដែរ។ មនុស្ស​វ័យ​ក្មេង​មាន​សុខភាព​ល្អ​​ក៏​បាន​រង​គ្រោះថ្នាក់​ខ្លាំង​ដោយសារ​ជំងឺ​នេះ​ផង​ដែរ។

លោក Andrea Napoli មេធាវី​វ័យក្មេង​ជនជាតិ​អ៊ីតាលី​ម្នាក់​មាន​សុខភាព​ល្អ​ណាស់ ប៉ុន្តែ​អ្វីៗ​ពេល​នោះ ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស។

លោក Napoli ដែល​ជា​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ម្នាក់​ថ្លែង​ថា៖ «ខ្ញុំ​ចង​ចាំ​ថា​ ខ្ញុំ​កំពុង​នៅ​ក្នុង​សវនាការ​ក្នុង​តុលាការ​ដូច​ធម្មតា​ ដោយ​មិនមាន​រោគសញ្ញា​អ្វី​ទាំងអស់​ មួយ​ថ្ងៃ​មុន​នឹង​ឈឺ។ ព្រឹក​នោះ ខ្ញុំ​បាន​ហូប​អាហារ​ពេល​ព្រឹក​ និង​អាហារ​ពេល​ថ្ងៃត្រង់ ហើយ​ភ្លាម​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺ»។

លោក Napoli ដែលជាអ្នកលេង​កីឡា​បាល់​បោះ​ក្នុង​ទឹក​និង​ជា​អ្នក​រត់​ដ៏​សកម្ម​មួយរូប មាន​អាការៈ​ក្តៅ​ខ្លួន​ចម្លែក ក្អក​ស្ងួត និង​មាន​អារម្មណ៍​ថប់​ដង្ហើម។

លោក Napoli ​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ បន្ទាប់​មក​អុកស៊ីសែន​ក្នុង​ឈាម​របស់​លោក​បាន​ធ្លាក់​ចុះ​ខ្លាំង ហើយ​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ទប់ ICU ទៀត។​

លោក Napoli ថ្លែងថា៖ «ខ្ញុំ​មិន​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម​នោះ​ទេ។ ខ្ញុំមិន​ដែល​មាន​ជំងឺ​អ្វី​នោះ​ទេ។ ខ្ញុំមិន​គិត​ថា​ ខ្ញុំ​អាច​កើត​ជំងឺ​កូវីដ១៩​ទេ ព្រោះខ្ញុំតែងតែ​ប្រយ័ត្ន​ដោយ​ពាក់​ស្រោម​ដៃ​និង​ម៉ាស់​ជា​ប្រចាំ»។

នៅ​ក្នុង​មន្ទីរពេទ្យ​ដែលលោក​ Napoli សម្រាក​ព្យាបាល ក្រុម​វេជ្ជបណ្ឌិត​អាច​ជួយ​លោក​ឲ្យ​ផុត​ពី​ស្ថានភាព​គ្រោះថ្នាក់​ ហើយ​បញ្ជូន​លោក​ទៅ​បន្ទប់​សម្រាក​ព្យាបាល​ធម្មតា​វិញ ដោយ​លោក​ត្រូវ​បញ្ជូល​អុកសុីហ្សែន​៩ថ្ងៃជាប់ៗគ្នា​ទៀត ប៉ុន្តែមិន​ចាំ​បាច់​បញ្ជូល​តាមបំពាក់​បំពង់តាម​មាត់​ទេ។

លោក Carlo Navarro អាយុ៤៨ឆ្នាំ​នៅ​ប្រទេស​ហ្វីលីពីន​វិញ​រៀបរាប់​ពី​បទ​ពិសោធន៍​របស់​លោក​ក្នុង ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

លោក Carlo Navarro ដែល​ជា​អ្នក​រួច​ជីវិត​ពី​ជំងឺ​កូវីដ១៩​មួយរូប​ទៀត​ថ្លែង​ថា៖ «ស្ថានភាព​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​ប្រហែល​កើត​ឡើង​នៅ​ថ្ងៃ​ទី៤ នៅ​ពេល​ដែល​អ្នក​ដែល​ចូល​មន្ទីរពេទ្យ​ថ្ងៃ​ជាមួយ​ខ្ញុំ​ចាប់​ផ្តើម​ស្លាប់​នៅ​ព្រឹក​នោះ»។

លោក Navarro ឆ្លង​ជំងឺ​កូវីដ១៩នេះ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ជាមួយ​នឹង​ភរិយា​ និង​កូនស្រី​របស់​លោក​កាលពី​ចុង​ខែ​កុម្ភៈ។ អ្វី​ដែល​ពិបាក​បំផុត​សម្រាប់​លោក​គឺ​លោក​មិន​អាច​មាន​ក្រុម​គ្រួសារ​នៅ​ក្បែរ​លោក​ក្នុង​មន្ទីរពេទ្យ។

លោក Navarro ថ្លែងថា៖ «យើង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ។ វា​ជា​បន្ទប់​ពោរពេញ​ដោយ​សម្ពាធ​អវិជ្ជមាន​មួយ។ ភរិយា​ និង​កូនស្រី​របស់​ខ្ញុំ​ហៅ​ទូរស័ព្ទ​ដោយ​មាន​វីដេអូ​មក​ខ្ញុំ​សឹង​មួយ​ម៉ោង​ម្តង។ គាត់​ចង់​បញ្ជាក់​ថា​ ខ្ញុំ​មាន​អី​ហូប»។

លោក Navarro បាន​រួច​ជីវិត​ពី​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ក្រុម​មនុស្ស​វ័យ​ក្មេង​នៅ​ទូទាំង​ពិភពលោក​ឆ្លង​ជំងឺ​នេះ​ហើយ​បាត់​បង់​ជីវិត។ វា​ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ក្រុមគ្រូពេទ្យ​បាន​ព្រមាន​ថា​នរណា​ក៏​អាច​ឆ្លង​ជំងឺ​កូវីដ១៩​នេះ​ដែរ៕

ប្រែសម្រួល​ដោយ​ ស្រេង លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG