មានបុគ្គលិកពេទ្យជួរមុខតែ២ពាន់នាក់ទេនៅក្នុងចក្រភពអង់គ្លេសដែលបានធ្វើតេស្តរកវីរុសកូរ៉ូណាដែលនាំឱ្យពួកវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាមានការមិនពេញចិត្តខ្លាំង។ នៅពេលនេះ អង់គ្លេសកំពុង តស៊ូក្នុងការធ្វើតេស្ត មនុស្សប្រមាណ៨ពាន់នាក់ក្នុងមួយថ្ងៃដើម្បីរកវីរុសដ៏កាចសាហាវនេះ។
នៅពេលជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់កំពុងចាត់ចែងធ្វើ តេស្តអ្នកជំងឺប្រមាណ២ម៉ឺន៥ពាន់នាក់ក្នុងមួយថ្ងៃ ហើយក៏បង្កើនការធ្វើតេស្ត នៅមន្ទីរពិសោធន៍ក្នុងប្រទេសដែលនៅពេលនេះអាចធ្វើ តេស្តរកវីរុសកូរ៉ូណាបានរហូតដល់៥សែនក្នុងមួយសប្តាហ៍។
ការធ្វើតេស្តច្រើនបែបនេះគឺដើម្បីជួយប្រទេសអាល្លឺម៉ង់ទប់ទល់នឹងអត្រាមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាឱ្យនៅត្រឹម០,៩ភាគរយ។
ហេតុដូចម្តេចបានជាមានខុសគ្នាបែបនេះរវាងចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់ដែលជាមហាអំណាចខាងនយោបាយ និងខាងសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប?
មន្ត្រីមួយចំនួន និងអ្នកវិភាគផ្នែកសុខាភិបាលសាធារណៈឲ្យដឹងថា ចម្លើយគឺភាពជាដៃគូរវាងក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលនៅក្នុងប្រទេសអាល្លឺម៉ង់។
មន្ត្រី និងអ្នកវិភាគទាំងនេះគូសបញ្ជាក់អំពីវិធីដែលអ្នកជំនាញផ្នែកវីរុសអាល្លឺម៉ង់ចាត់វិធានការឆាប់រហ័សដោយធ្វើការជាមួយវិស័យសាធារណៈ និងឯកជនរបស់ប្រទេស ដើម្បីឆ្លើយតបឆាប់រហ័សកាលពីខែមករាប្រឆាំងនឹងការគំរាមកំហែងដែលលេចឡើងបន្តិចម្តងៗនៃវីរុសកូរ៉ូណា ដោយបានមានវិធីធ្វើតេស្តមួយបែបក្នុងបណ្តាវិធីធ្វើតេស្តមានប្រសិទ្ធភាពដើម្បីរកវីរុសកូរ៉ូណា។
អ្នកជំនាញផ្នែកវីរុសអាល្លឺម៉ង់មិនត្រូវបានរារាំងដោយអង្គភាពនិយតកម្មកណ្តាល ឬមិនត្រូវបានដាក់កំហិតដោយបែបបទថ្មីៗដែលនាំឱ្យមានការរំខាននោះទេ។
ការធ្វើតេស្ត ដោយអាល្លឺម៉ង់ទទួលបានការអនុម័តឆាប់រហ័សដោយអង្គការសុខភាពពិភពលោកហៅកាត់ថា WHO ដែលបានផ្តល់ប្រដាប់ធ្វើតេស្តទៅឱ្យប្រទេសឯទៀតៗថែមទៀតផង។
ចក្រភពអង់គ្លេសក៏ដូចជាស.រ.អា.ដែរមិនបានទទួលយកការផ្តល់ប្រដាប់ធ្វើតេស្តទាំងនេះទេគឺបង្កើតវិធីធ្វើតេស្តរបស់ពួកគេផ្ទាល់។ នៅពេលជាមួយគ្នានេះក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់អាល្លឺម៉ង់បានប្រញាប់ប្រញាល់ផលិតសម្ភារៈធ្វើតេស្តជាច្រើនដែលអនុញ្ញាតឱ្យប្រទេសអាល្លឺម៉ង់ចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងជំងឺនេះបានលឿនមុនគេ។
លោក Jeffrey Singer ជាវេជ្ជបណ្ឌិត និងជាអ្នកវិភាគខាងសុខាភិបាលសាធារណៈនៅឯវិទ្យាស្ថានCato ដែលជាអង្គការស្រាវជ្រាវមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកនិយាយថាចក្រភពអង់គ្លេសនិងស.រ.អា. «បានខិតខំតាមឱ្យទាន់អាល្លឺម៉ង់ចាប់តាំងពីពេលនោះមក»។
លោក Singer ថ្លែងថារដ្ឋាភិបាលក្រុងឡុងដ៍ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន «ខកខានមិនបានប្រើប្រឌិតភាពថ្មី ការបត់បែនតាមសភាពការណ៍ និងឆាប់រហ័សរបស់វិស័យឯកជនទេ។ មន្ទីររដ្ឋបាលខាងម្ហូបអាហារ និងឱសថស.រ.អា.តម្រូវឱ្យមានការការយល់ព្រមមួយដែលមិនគួរឱ្យចូលចិត្ត ក្នុងការបញ្ចេញលទ្ធផលធ្វើតេស្តទៅក្នុងផ្សារហើយមិនបានផ្តល់ការយល់ព្រមសម្រាប់ការធ្វើតេស្ត ដោយក្រុមហ៊ុន និងសាកលវិទ្យាល័យទេ។
លោក Singer ថ្លែងថាមន្ទីររដ្ឋបាលខាងម្ហូបអាហារនិងឱសថបានអនុញ្ញាតឱ្យធ្វើតេស្តរកវីរុសកូរ៉ូណាហើយសម្ភារៈសម្រាប់ការធ្វើ តេស្តដំបូងក៏មានគុណវិបត្តិ។
លោក Singer និយាយបន្ថែមថា៖
«មន្ទីររដ្ឋបាលខាងម្ហូបអាហារ និងឱសថស.រ.អា.ត្រួតត្រាការចែកចាយប្រដាប់ធ្វើតេស្ត និងគ្រប់គ្រងការធ្វើតេស្ត នៅពេលដែលវិស័យឯកជននិងការធ្វើតេស្តដោយបរទេសមិនត្រូវបានបញ្ចូលក្នុងដំណើរការនេះអស់ពេលច្រើនសប្តាហ៍ចាប់តាំងពីពេលដែលវីរុសត្រូវបានរកឃើញដំបូងកាលខែធ្នូរហូតដល់ពេលវាចាប់ផ្តើមរាលដាលយ៉ាងលឿនក្នុងចំណោមសាធារណជនអាមេរិកាំង»។
ទម្រាំដល់ពេលដែលឧបសគ្គបែបការិយាធិបតេយ្យដែលរារាំងការធ្វើតេស្ត ដោយវិស័យឯកជនបានត្រូវដកចេញនោះ វាយឺតពេលទៅហើយនៅក្នុងស.រ.អា.។
លោក Singer និងអ្នកវិភាគខាងសុខាភិបាលសាធារណៈឯទៀតៗយល់ថា ចំណាត់ការមិនល្អក្នុងការធ្វើតេស្តនៅក្នុងស.រ.អា.និងចក្រភពអង់គ្លេសជានិមិត្តរូបនៃបរាជ័យក្នុងការបញ្ចូលវិស័យឯកជនឱ្យបានពេញលេញទៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
នេះជាព្រឹត្តិការណ៍នាំឱ្យភ្ញាក់ផ្អើល ពីព្រោះប្រទេសទាំងពីរនេះត្រូវគេយល់ឃើញថាជាអ្នកគាំទ្រសហគ្រាសសេរីខ្លាំងជាងប្រទេសអាល្លឺម៉ង់ ឬជាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសអូស្ត្រាលីដែលបានប្រញ៉ាប់ប្រញ៉ាល់ធ្វើតេស្តមនុស្សច្រើននាក់ ដោយសារជោគជ័យនៃភាពដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន។
លោក Singer ថ្លែងថា៖
«យើងគួរពឹងពាក់ច្រើនជាងមុនលើសហគ្រាសឯកជនហើយជាការអាម៉ាស់ដែលយើងមិនបានធ្វើដូច្នេះ»។
ការត្អូញត្អែររបស់លោក Singer ត្រូវ បានបន្ទរនៅក្នុងប្រទេសឯទៀតៗក្នុងទ្វីបអឺរ៉ុបដោយរួមបញ្ចូលចក្រភពអង់គ្លេសផងដែរដែលនៅទីនោះមន្ទីរពេទ្យបានសុំឱ្យមានការផ្គត់ផ្គង់សម្ភារៈធ្វើតេស្តដើម្បីប្រើសារធាតុផ្សំរបស់ពួកគេដែលជាសារធាតុគីមីពិសេសដែលគេត្រូវការសម្រាប់ធ្វើតេស្តរកវីរុសកូរ៉ូណា។ ប្រធានមន្ទីរពេទ្យឲ្យដឹងថា មន្ទីរពិសោធន៍ខាងសុខាភិបាលសាធារណៈខ្លះអាចធ្វើតេស្តបានតែមួយ ឬពីរក្នុងមួយថ្ងៃ ពីព្រោះពួកគេខ្វះតម្បារសំឡីសម្រាប់យកសំណាកអ្នកជំងឺទៅធ្វើ តេស្ត។ ចំណែកឯមន្ទីរពិសោធន៍ឯទៀតៗគាំងដំណើរ ពីព្រោះខ្វះសារធាតុផ្សំសម្រាប់ធ្វើតេស្ត។
នៅពេលចំនួនមនុស្សស្លាប់ដោយសារជំងឺនេះកើនឡើងដល់២ពាន់៣រយ៥២នាក់កាលពីសប្តាហ៍ចុងក្រោយនៃខែមីនា រដ្ឋមន្ត្រីអង់គ្លេសបានប្រឈមនឹងការរិះគន់ពីសាធារណជនអំពីកំហុសក្នុងការពន្យារពេលការធ្វើតេស្តនិងការបង្កើនការធ្វើតេស្ត ព្រមទាំងការពន្យារពេលផ្តល់ការយល់ព្រមឱ្យប្រើសម្ភារៈបែបថ្មីជួយដល់ការដកដង្ហើមនិងប្រសិទ្ធភាពចំណាយដែលអាចបំពេញការខ្វះខាតបាន។ អង្គភាពធ្វើរោគវិនិច្ឆ័យនៃសាកលវិទ្យាល័យ Cambridge បានទទួលការយល់ព្រមយឺត ពេលសម្រាប់វិធីធ្វើតេស្តចល័តដែលអាចផ្តល់លទ្ធផលក្នុងពេល៩០នាទី។
ពួករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអភិរក្សនិយមដែលគ្រប់គ្រងចក្រភពអង់គ្លេសបានបន្ទោសថា មានការខ្វះខាតជាសាកលនៃសារធាតុផ្សំដែលនាំឱ្យមានការពន្យារពេលការបង្កើនការធ្វើតេស្ត។ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានសម្រេចយកខ្លួនលោកផ្ទាល់ជាអ្នកទទួលបន្ទុកក្នុងការស្វែងរកការផ្គត់ផ្គង់វត្ថុចាំបាច់សម្រាប់ធ្វើតេស្ត។ បរាជ័យមិនបានបង្កើនការធ្វើតេស្ត នោះ បានក្លាយទៅជាវិបត្តិនយោបាយមួយ។ នៅពេលនេះកាសែតដែលមាននិន្នាការអភិរក្សនិយមបានរិះគន់រដ្ឋាភិបាលហើយសារព័ត៌មាន The Times បានផ្សាយថា ផែនការធ្វើតេស្តរកវីរុសកូរ៉ូណាកំពុងមានភាព «ច្របូកច្របល់»។
ពួកអ្នករិះគន់និយាយថា រដ្ឋាភិបាលគួរបន្ធូរបន្ថយបទបញ្ញត្តិនិយតកម្មដែលចែងអំពីមន្ទីរពិសោធន៍ដែលមានសិទ្ធិធ្វើតេស្ត។
នៅពេលនេះមានរបៀបដោះស្រាយប្រកបដោយការត្រួតត្រាតឹងតែងមួយដែលបិទមន្ទីរពិសោធន៍ក្រុមហ៊ុន។ ក៏ប៉ុន្តែក្រុមហ៊ុនអង់គ្លេសជាង១២បានអនុវត្តការធ្វើតេស្តថ្មីដើម្បីរកវីរុសកូរ៉ូណាដោយប្រើសារធាតុផ្សំប្លែកពីមុនដែលគេអាចរកបាន។ ក្រុមហ៊ុនទាំងនេះមិនបានទទួលការអនុញ្ញាតឱ្យធ្វើដូច្នេះទេរហូតដល់ពេលវិធីធ្វើតេស្ត របស់ពួកគេត្រូវបានវាយតម្លៃនិងទទួលស្គាល់ដោយសេវាសុខាភិបាលសាធារណៈថា ជាការធ្វើ តេស្តត្រឹមត្រូវហើយដែលត្រូវចំណាយច្រើនពេលថែមទៀត។
លោក Alex Blackmore ជាសាស្ត្រាចារ្យជីវសាស្ត្រនៅឯសាកលវិទ្យាល័យ Brunel នៃចក្រភពអង់គ្លេស។ ដោយគាំទ្រដល់គោលជំហររបស់រដ្ឋាភិបាល លោកបាននិយាយប្រាប់បណ្តាញផ្សាយព័ត៌មានអង់គ្លេសថា៖
«ជីវសាស្ត្រម៉ូលីគុលមានបញ្ហាជាច្រើនគឺប្រសិនបើលោកអ្នកមិនធ្វើការពិសោធន៍ឱ្យបានត្រឹមត្រូវទេវាជាការពិបាកក្នុងការបកស្រាយលទ្ធផល។ លោកអ្នកត្រូវតែសម្រេចថា តើការពិសោធន៍ណាដែលត្រឹមត្រូវនិងការពិសោធន៍ណាដែលមិនត្រឹមត្រូវ។ ជាពិសេស លោកអ្នកត្រូវតែហ្វឹកហ្វឺនឲ្យមនុស្សចេះធ្វើតេស្ត ហើយលោកអ្នកត្រូវតែធ្វើឱ្យប្រាកដថា មន្ទីរពិសោធន៍ទាំងនេះមានភាពត្រឹមត្រូវផងដែរ»។
ក៏ប៉ុន្តែលោក Anthony Costello អតីតនាយកនៃអង្គការសុខភាពពិភពលោកនិយាយថា ការស៊ើបអង្កេតជាសាធារណៈអំពីវិធានការរបស់អង់គ្លេសទប់ទល់នឹងការរាតត្បាតសាកលនៃជំងឺនេះនឹងមានន័យថា «បរាជ័យដដែល» ក្រោយការរាតត្បាតនៃជំងឺនេះកន្លងផុតទៅ។
នៅក្នុងចំណោមបរាជ័យទាំងនេះ រួមមានការខកខានមិនបានចុះបញ្ចូលសេវានៃមន្ទីរពិសោធន៍ក្រុមហ៊ុន។ លោក Costello បាននិយាយប្រាប់វិទ្យុ និងទូរទស្សន៍ BBC ថា៖
«យើងមានមន្ទីរពិសោធន៍ចំនួន៤៤រកវីរុសតូចៗបំផុតនៅក្នុងចក្រភពអង់គ្លេស។ ប្រសិនបើមន្ទីរពិសោធន៍ធ្វើតេស្ត៤០០ករណីក្នុងមួយថ្ងៃ នោះយើងអាចមានការធ្វើតេស្តប្រហែលគ្នានឹងប្រទេសអាល្លឺម៉ង់ដែរហើយយើងអាចធ្វើបាន»។
លោក Costello និយាយថា មានការខកខានក្នុងការចាត់វិធានការឱ្យបានលឿននិងមានប្រសិទ្ធភាពដែលលោកព្រួយបារម្ភាថា ជាសញ្ញានៃប្រព័ន្ធបរាជ័យទ្រង់ទ្រាយធំ»។
មានការនិយាយច្រើនឡើងៗអំពីបរាជ័យជាប្រព័ន្ធមិនមែនតែនៅក្នុងចក្រភពអង់គ្លេសតែមួយទេ ក៏ប៉ុន្តែក៏មាននៅក្នុងប្រទេសអ៊ីតាលីនិងប្រទេសអេស្ប៉ាញផងដែរ។ នៅក្នុងប្រទេសទាំងនេះ ក្រុមហ៊ុននិយាយថា សំណើរបស់ពួកគេក្នុងការជួយផលិតប្រដាប់សម្រាប់ការពារពួកអ្នកធ្វើការក្នុងមន្ទីរពេទ្យនិងក្នុងការផលិតសម្ភារៈថ្មីដែលចំណាយតិច សម្រាប់ជួយដកដង្ហើមនោះ ជួនកាលមិនមានការឆ្លើយតបឬគ្មានការទាក់ទងបន្តទេ ក្រោយពីមានការពិភាក្សាគ្នា។
នៅក្នុងស.រ.អា. ក្រុមហ៊ុននិយាយថា ពួកគេក៏បានជួបប្រទះឧបសគ្គខាងនិយតកម្មដែរ ដែលខ្លះបានបន្ទោសលើការមិនអើពើខាងការិយាធិបតេយ្យហើយអ្នកខ្លះទៀតបន្ទោសថា ខ្វះគំនិតដំណោះស្រាយ។
ក្រុមហ៊ុន Battelle នៅក្នុងរដ្ឋ Ohio បានខិតខំប្រឹងប្រែងច្រើនអាទិត្យមកហើយដើម្បីសុំឲ្យមន្ទីររដ្ឋបាលខាងម្ហូបអាហារនិងឱសថស.រ.អា.ទទួលស្គាល់ប្រព័ន្ធរបស់គេប្រកបដោយប្រឌិតភាពថ្មីដែលកម្ចាត់មេរោគពីម៉ាស់ចំនួន៨ម៉ឺនក្នុងមួយថ្ងៃ។ នៅក្រោយមានអន្តរាគមន៍ពីលោក Mike DeWine អភិបាលរដ្ឋ Ohio ដែលបានអំពាវនាវដោយផ្ទាល់ដល់សេតវិមាន ទើបមានការពុះពារការខាងនិយតកម្ម។ ក្រុមហ៊ុន Battelle ទទួលបានការយល់ព្រមកាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា។
លោក Tom Palmer ជាអនុប្រធានអង្គការ Atlas Network ដែលជាអង្គការមិនយកកម្រៃខាងគោលនយោបាយសេដ្ឋកិច្ចបែបផ្សារសេរី។ លោកនិយាយថា វិបត្តិបច្ចុប្បន្ន «បង្ហាញពីប្រព័ន្ធនិយតកម្មដែលគ្មានដំណើរការដែលបណ្តាលឱ្យមានមនុស្សស្លាប់ដោយពន្យារពេលការប្រើបច្ចេកទេសថ្មីនិងទាមទារបែបបទសម្រាប់ការបង្កើនសមត្ថភាពខាងវេជ្ជសាស្ត្រ»។
លោក Palmer និយាយបន្ថែមថា៖
«នៅក្នុងស.រ.អា.តម្រូវខាង បែបបទបានរឹតត្បិតការបង្កើតគ្លីនិកថ្មីៗ និងការដំឡើងប្រដាប់ជំនួយដកដង្ហើម។ល។ ទីភ្នាក់ងារដល់ទៅបួនផ្សេងៗគ្នាគ្រប់គ្រងនិយតកម្មប្រដាប់ជំនួយដកដង្ហើម។ វាជាមរណភាពដោយសារការិយាធិបតេយ្យបែបនេះ»៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ