ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ១៩​បង្ក​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​ផ្នែក​បច្ចេកវិទ្យា


បុគ្គលិក​សុខាភិបាល​ម្នាក់​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល United Memorial Medical Center នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

ស្រប​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហគមន៍​សុខាភិបាល លោក Rogers និង​ក្រុម​ការងារ​របស់​លោក​បាន​ច្នៃ​ឧបករណ៍​មួយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​ពេល​បច្ចុប្បន្ន។

នៅ​តាម​ផ្លូវ​ដើរ​មួយ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា ក្នុង​បរិវេណ​ដ៏​ធំ​ទូលាយ​នៃ​សាកល​វិទ្យាល័យ Northwestern University លោក Josiah Hester កំពុង​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា។ លោក​គឺ​ជា​សមាជិក​ម្នាក់​នៃក្រុម​វិស្វករ​មួយ​ក្រុម​តូច​ដែល​ធ្វើ​ការ​ក្នុង​សមរភូមិ​មុខ​នៃ​សង្គ្រាម​បច្ចេកវិទ្យា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​កូវីដ១៩។

ការ​ពិនិត្យ​រក​ជំងឺ​កូវីដ១៩ ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​ច្រើន និង​ជា​រឿយៗ​មាន​ការ​រំខាន។ ក្រុម​របស់​លោក Hester សង្ឃឹម​ថា​អាច​កែ​ប្រែ​ករណី​នេះ​បាន។

លោក Hester បាន​ពន្យល់​ប្រាប់​ VOA នៅ​ក្នុង​កន្លែង​ធ្វើ​ការ​ដ៏​តូច​របស់​លោក​ថា៖ «យើង​កំពុង​ធ្វើ​ការ​លើ​អ្វី​ដែល​យើង​ហៅ​ថា PPE ឆ្លាត ដែល​ជា​ឧបករណ៍​ការពារ​ខ្លួន​វៃ​ឆ្លាត។ លោក​អ្នក​អាច​ចាត់ទុក​វា​ថា​ជា​ម៉ាស​ការពារ ដែល​មាន​ភ្ជាប់​ឧបករណ៍​ចាប់​យក​សញ្ញាតូច​មួយ ដើម្បី​ចាប់​គ្រប់​សញ្ញា​ទាំង​អស់​តាំងពី​រោគ​សញ្ញា​នៃជំងឺ​កូវីដ១៩ ការ​អស់​កម្លាំង​ល្ហិត​ល្ហៃ និង​រហូត​ដល់​ថាតើ​ម៉ាស​នេះ​ត្រូវ​នឹងមុខ​របស់​ខ្ញុំទេ? តើ​ខ្ញុំ​ពាក់​វា​បាន​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ»?

លោក Hester គឺ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ការងារ​ដែល​កំពុង​បង្កើត​អ្វីមួយ​ពី​ចំណុច​សូន្យ ដោយ​មាន​គម្រោង​ផលិត​ទ្រង់​ទ្រាយ​ធំ មិន​មែន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទេ គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​តែ​ប៉ុណ្ណោះ។

លោក Hester បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​យើង​ធ្វើ​វា​បាន​គ្រប់​គ្រាន់​សម្រាប់​ចែកចាយ​ក្នុង​ទ្រង់​ទ្រាយ​ធំ នោះ​ការ​ចំណាយ​លើ​ឧបករណ៍​នេះ​នឹង​ថយ​ចុះ»។

នៅ​ផ្នែក​មួយ​ទៀត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នេះ លោក John Rogers មិន​មែន​កំពុង​តែ​រចនា​ឧបករណ៍​ចាប់​សញ្ញា​នោះ​ទេ គឺ​លោក​កំពុង​ផលិត​ឧបករណ៍​ទាំង​នេះ​ផ្ទាល់​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​លោក ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ​ក្នុង​បរិវេណ​របស់​សាកលវិទ្យាល័យ។

លោក Rogers ដែល​ជា​វិស្វករ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វះ​កាត់​សរសៃ​ប្រសាទ ហើយ​ក៏​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​ជីវអគ្គិសនី​ផង​ដែរ​នោះ បាន​ពន្យល់​ប្រាប់ VOA ពី​មន្ទីរពិសោធន៍​ដ៏​មមាញឹក​របស់​លោក​ថា៖ «ឧបករណ៍​ដែល​យើង​បង្កើត​មាន​ទំហំ​រូបរាង​ស្រដៀង​ខ្លាំង​ទៅ​នឹង​បង់​បិត​ដំបៅ​អ៊ីចឹង​ដែរ ដូច្នេះ​យើង​អាច​បិត​វា​នៅលើ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​បាន ដោយ​វា​មិន​ចាំ​បាច់​ស្ថិត​នៅ​តែ​លើកដៃ​ប៉ុណ្ណោះ​ទេ»។​

ដោយ​ចង្អុល​ទៅ​កាន់​ឧបករណ៍​មួយ​បិត​ជាប់​នឹង​បំពង់​ក​របស់​លោក លោក Rogers បាន​បន្ថែម​ថា៖ «ឥឡូវ​នេះ​ខ្ញុំ​កំពុង​មាន​ឧបករណ៍​នេះ​បិត​ជាប់​ខ្លួន។ វា​នៅ​នឹង​ក។ ដំបូង យើង​បង្កើត​ឧបករណ៍​នេះ​ឡើង ដើម្បី​វាស់វែង​ការ​និយាយ​ស្ដី និង​សកម្មភាព​លេប​ទឹក​មាត់​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល»។

ស្រប​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហគមន៍​សុខាភិបាល លោក Rogers និង​ក្រុម​ការងារ​របស់​លោក​បាន​ច្នៃ​ឧបករណ៍​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​ពេល​បច្ចុប្បន្ន។

លោក Rogers និយាយ​ថា៖ «ប្រព័ន្ធ​នេះ​អាច​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​តាម​ដាន​រោគ​សញ្ញា​សំខាន់ៗ​នៃ​ផ្លូវ​ដង្ហើម​ទាក់​ទង​នឹង​ជំងឺ​កូវីដ១៩ ដូចជា​ការ​ពិបាក​ដក​ដង្ហើម និង​ក្អក​ជា​ដើម»។

ក្នុង​រយៈពេល​តិច​ជាង​បី​សប្ដាហ៍ ក្រុម​របស់​លោក Rogers បាន​ច្នៃ​ឧបករណ៍​នេះ និង​ប្រើ​ពួកវា​នៅ​ក្នុង​មន្ទីរពេទ្យ​ពីរ​កន្លែង​ក្នុង​ទីក្រុង Chicago។

ដោយ​ធ្វើ​ការ​ជាមួយ​លោក Naresh Shanbhag ដែល​ជា​សាស្ត្រាចារ្យ​វិស្វកម្ម​អគ្គិសនី និង​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ University of Illinois Urbana-Champaign ឧបករណ៍​របស់​លោក Roger បាន​បញ្ចូល​ក្បួន​ដោះស្រាយ​កុំព្យូរទ័រ ឬ Algarithms ដែល​វិភាគ​ទិន្នន័យ ដែល​ប្រមូល​បាន និងបញ្ចូល​ដោយ​ឧបករណ៍​ចាប់​សញ្ញា ដូចជា​កម្រិត​អ៊ុកស៊ីហ្សែន ចលនា​របស់​ដើមទ្រូង និង​ការ​ក្អក ដែល​ទាំង អស់​នេះ​គឺ​ជា​ព័ត៌មាន​ចាំ​បាច់​សម្រាប់​វេជ្ជបណ្ឌិត​ពិនិត្យ​មើល​ថា​តើ​នរណា​ម្នាក់​មាន​ជំងឺ​កូវីដ១៩ ឬ​ក៏​អត់។

លោក Rogers និយាយ​ថា៖ «ខ្ញុំ​គិត​ថា កន្លង​មក​មាន​ការ​កុម៉្មង់​ឧបករណ៍​នេះ​ចំនួន ៣០ ដើម្បី​យក​ទៅ​ប្រើប្រាស់។ ចំនួន​នេះ​នឹង​កើន​ឡើង»។

លោក​បាន​និយាយ​ថា លោក​រំពឹង​ថា តម្រូវ​ការ​ឧបករណ៍​នេះ​នឹង​បន្ត​កើន​ឡើង​រហូត។

លោក Rogers ថា៖ «មាន​សម្ពាធ​ពេលវេលា ហើយ​វា​ជា​ការណ៍​បន្ទាន់។ ប៉ុន្តែ​ក្នុង​នាម​ជា​វិស្វករ អ្នក​ស្រឡាញ់​ការ​ដោះ​ស្រាយ​បញ្ហា។ កន្លង​មក យើង​មាន​ទំនាក់ទំនង​ជា​ច្រើន​ដង​ជា​មួយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ចង់​ឲ្យ​បុគ្គលិក​របស់​ពួក​គេ​ប្រើ​ឧបករណ៍​នេះ ដូច្នេះ​ពួក​គេ​តាមដាន​សុខភាព​របស់​បុគ្គលិក​របស់​ពួក​គេ​បាន»។

ការ​បង្កើន​ផលិតកម្ម​គឺ​ជា​បញ្ហា​ប្រឈម​បន្ទាប់។

លោក Rogers បាន​និយាយ​ថា៖ «យើង​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ជួយ​ផ្សព្វផ្សាយ​អំពី​ផលិតផល​នេះ​ឲ្យ​បាន​ទូលំទូលាយ​ផង​ដែរ ដើម្បី​ឲ្យ​យើង​អាច​រក​ថវិកា​បាន​ក្នុង​កម្រិត​មួយ ដែល​ថវិកា​ឧបត្ថម្ភ​ទទួល​បាន​ពី​សុប្បរជន ពី​មូលនិធិ និង​ពី​ថវិកា​ស្រាវជ្រាវ​សហព័ន្ធ​មិន​អាច​ទប់ទល់​បាន​គ្រប់គ្រាន់»។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​យ៉ាង​ឆាប់​រហ័ស​នូវ​ឧបករណ៍​ចាប់​សញ្ញា​ពាក់​ជាប់​នឹង​ខ្លួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ១៩ នេះ បង្ហាញ​ឲ្យ​ឃើញ​ថា វិបត្តិ​ដ៏​ធំ​មួយ អាច​ពន្លឿន​ការ​ច្នៃ​ប្រឌិត​បាន។

លោក Rogers បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​ពិតជា​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​អ្វី​ដែល​អាច​ធ្វើ​ទៅ​រួច ទាក់ទិន​នឹង​បច្ចេកវិទ្យា​ទំនើប​ក្នុង​បរិបទ​នេះ»។

ស្រប​ពេល​ដែល​លោក Josiah Hester ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​ឧបករណ៍​ចាប់​សញ្ញា PPE មាន​រូបរាង​តូច​ជាង​មុន លោក​បាន​និយាយ​ថា លោក​ដឹង​ច្បាស់​ពី​ឥទ្ធិពល​របស់​ការងារ​លោក​លើ​ការ​តាមដាន​វីរុស និង​នៅ​ទី​បំផុត​គឺ​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

លោក Hester បាន​បញ្ជាក់​ថា៖ «បញ្ហា​ប្រឈម​ផ្នែក​វិទ្យាសាស្ត្រ និង​ឥទ្ធិពល​ផ្នែក​វិទ្យាសាស្ត្រ គឺ​ពិតជា​បាន​ធ្វើ​ឲ្យ​ឧបករណ៍​នេះ​ក្លាយទៅជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទីបំផុត យើង​នឹង​រក​បាន​វិទ្យាសាស្ត្រ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​ផលិត​ឧបករណ៍​ប្រភេទ​នេះ​នៅ​ពេល​អនាគត»។

ក្រុម​អ្នក​ស្រាវជ្រាវ​សង្ឃឹម​ថា កិច្ច​ប្រឹង​ប្រែង​របស់​ពួក​គេ​បាន​បង្កើត​នូវ​បច្ចេកវិទ្យា និង​កម្មវិធី​ថ្មី ដែល​អាច​មាន​អត្ថប្រយោជន៍​យូរ​អង្វែង​ហួស​ពី​ប្រយោជន៍​សម្រាប់​វិស័យ​សុខាភិបាល​ទៅ​ទៀត បន្ទាប់​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នេះ ត្រូវ​បាន​បញ្ចប់៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG