ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ពង្រីក​កម្មវិធី​សាកល្បង​រូបិយបណ្ណ​ឌីជីថល​របស់​ខ្លួន


រូ​បឯកសារ៖ អ្នករាប់លុយម្នាក់កំពុងរាប់រូបិយបណ្ណចិនពីអតិថិជនចិននៅហាងមួយ ក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន។

កាល​ពី​ថ្ងៃ​សុក្រ​ ទី១៤ ខែ​សីហា ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងថា ចិន​នឹង​ពង្រីក​កម្មវិធី​សាកល្បង​ផ្នែករូបិយបណ្ណ​ឌីជីថល​ដំបូង​របស់​ខ្លួន​ ដែល​នឹងមាន​រួម​បញ្ចូល​ទីក្រុង​ធំៗ​ទាំងអស់។

មក​ទល់​នឹង​ពេល​នេះ កម្មវិធី​សាកល្បង​ដែល​ដឹកនាំ​ដោយ​ធនាគារ​ជាតិ​ចិន ​កំពុង​តែ​ដំណើរការ​នៅ​ទីក្រុង​ចំនួន​បួន និង​ទីតាំង​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​កីឡាអូឡាំពិក​រដូវ​រងា​ឆ្នាំ ២០២២ នៅ​ក្រុង​ប៉េកាំង។ នៅ​ក្នុង​ការ​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ គម្រោង​ផ្តួចផ្តើម​ដំបូង​ដែល​នឹង​ដាក់​ដំណើរការ​ប្រព័ន្ធ​បង់ថ្លៃ​អេឡិចត្រូនិក​នឹង​គ្របដណ្តប់​នៅ​ក្នុងខេត្ត​ក្រុង​ចំនួន ២៨ ​នៅ​ប្រទេស​ចិន ដែលរួម​មាន​ ក្រុង​ប៉េកាំង និង​ក្រុង​សៀងហៃ ក៏ដូចជា ទីក្រុង​ហុងកុង និង​ទីក្រុង​ម៉ាកាវ ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ផង​ដែរ។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​លើកឡើង​ថា គម្រោងនេះ​ «នឹង​ដាក់​ដំណើរការ​កម្មវិធី​សាកល្បងរូបិយបណ្ណ​ឌីជីថល RMB នៅ​តំបន់​ក្រុង​ប៉េកាំង ក្រុង Tianjin និង​ក្រុង Hebei តំបន់​ដីសណ្ដ​ទន្លេ​យ៉ាងសេ តំបន់​ Greater Bay រវាង​ខេត្ត Guangdong ទីក្រុង​ហុងកុង និង​ទីក្រុង​ម៉ាកាវ ហើយនិង​តំបន់​សាកល្បង​មួយ​ចំនួន​ទៀត​នៅ​ភាគកណ្តាល និង​ភាគ​ខាង​លិច​ អាស្រ័យ​តាម​លក្ខខណ្ឌ​ដែល​អាច​ធ្វើ​បាន»។

ប្រទេស​ចិន ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោកដែរ ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​បង់ប្រាក់​ជា​ដុល្លារ​ នៅ​ពេល​ធ្វើ​កិច្ចព្រមព្រៀង​លក្ខណៈ​អន្តរជាតិ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ចិន​ងាយរង​នូវ​ការ​ដាក់​ទណ្ឌកម្មពី​សហរដ្ឋអាមេរិក។ រដ្ឋាភិបាល​ចិន​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ និង​បង្កើត​រូបិយបណ្ណ​ឌីជីថល​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ​មក ដើម្បី​ជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​ងាក​ចេញ​ពី​លុយ​ដុល្លារ​អាមេរិក​ និង​រំលង​ផុត​ពី​ប្រព័ន្ធ​រូបិយបណ្ណ​អន្តរជាតិ​ ដែល​ស្រប​នឹង​ច្បាប់​របស់​សហរដ្ឋអាមេរិក។

​ហានិភ័យ​ដែល​ថា ធនាគារ​ចិន​អាច​រង​ការ​ដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ កំពុង​តែ​ជិត​នឹង​កើតឡើង​ជាក់ស្ដែង បន្ទាប់​ពី​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ​ត្រាំ​ បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្រ្តី​ចិន​ដីគោក និងមន្រ្តី​ក្រុង​ហុងកុង​ចំនួន​ ១១​នាក់ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​គាបសង្កត់​សេរីភាព​នៅ​ទីក្រុង​ហុងកុង។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Pat Toomey ដែល​ជាអ្នក​ផ្ដួចផ្ដើម​គំនិត​ម្នាក់​នៅ​ក្នុង​ការ​រៀបរៀង​ច្បាប់​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្រ្តី​ចិន​ចំពោះការ​រំលោភបំពាន​ឯករាជ្យភាព​របស់​ទីក្រុង​ហុងកុង​ បាន​និយាយ​កាល​ពី​ខែ​ឧសភា​ថា៖ «សេដ្ឋកិច្ច​ចិន​នៅ​ថ្ងៃ​អនាគត​នឹង​ត្រូវ​តែ​ពឹងផ្អែក​លើ​ការ​ទិញដូរ​ដោយ​ប្រើ​ប្រាក់​ដុល្លារ​អាមេរិក»។

កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្រុម​មន្រ្តី​ និង​អ្នកសេដ្ឋកិច្ច​ចិន​បាន​និយាយ​ច្រើន​ពី​លទ្ធភាព​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី ​ត្រាំ ​នឹង​ជ្រើស​យក​ជម្រើស​ដែល​គេ​ហៅ​ថា «ជម្រើស​នុយក្លេអ៊ែរ» និង​កាត់​ផ្តាច់​ប្រទេស​ចិន​ពី​ប្រព័ន្ធ​បង់​ប្រាក់ជា​ដុល្លារ។ លោក Fang Xinghai អនុ​ប្រធាន​គណៈកម្មការ​និយ័តកម្ម​សន្ដិសុខ​ចិន​ បាន​និយាយ​ថា ចិន​ត្រូវ តែ​ត្រៀម​ខ្លួន«មែនទែន មិនមែន​ត្រៀម​តែ​ផ្នែក​ចិត្តសាស្រ្ត​ប៉ុណ្ណោះ​ទេ»។ លោក​ Fang បាន​លើកឡើង​ដូចនេះ​នៅ​ក្នុង​វេទិកា​មួយ​ ដែល​រៀបចំ​ឡើង​ដោយ​បណ្តាញ​ផ្សព្វផ្សាយ Caixin របស់​ចិន។

លោក Yu Yongding អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​សាលា​បណ្ឌិត​វិទ្យាសាស្រ្ត​សង្គម​ចិន ដែល​ជា​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​មួយ​របស់​រដ្ឋាភិបាល​ចិន បាន​និយាយ​ថា សេណារីយ៉ូ​មួយ​គឺ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ដាក់​ទណ្ឌកម្ម​មក​លើ​ធនាគារ​ចិន​ ដូច​ដែល​ខ្លួន​បាន​ធ្វើ​កាល​ពី​ឆ្នាំ ២០១២ ទៅ​លើ​ធនាគារ​ចិន​ Kunlun ដែល​ផ្តល់​ប្រាក់​កម្ចី​ក្នុង​តំបន់​សម្រាប់​កិច្ចព្រមព្រៀង​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​អ៊ីរ៉ង់​អីចឹង​ដែរ។

​លោក​ Yu បាន​និយាយ​ថា សហរដ្ឋអាមេរិក​ប្រហែល​ជា​មិន​អាច​ឈាន​ដល់​ចំណុច​មួយ ដែល​ខ្លួន​ចង់​ដក​ចិន​ចេញ​ពី​ប្រព័ន្ធ SWIFT នោះ​ទេ។ SWIFT គឺ​ជា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​ ដែល​ផ្ដល់​ជា​បណ្តាញ​មួយ​ សម្រាប់​ឲ្យ​ធនាគារ​នានា​នៅ​លើ​ពិភពលោក​ បញ្ជូន និង​ទទួល​ព័ត៌មាន​អំពី​ការ​ផ្ទេរ​ប្រាក់​។

លោក Yu ក៏​បានលើកឡើង​នៅ​ក្នុង​កម្មវិធី​មួយ​រៀបចំ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន​ថា៖ «ប៉ុន្តែ​ចិន​ត្រូវ​ចាត់​វិធានការ និងត្រៀម​ខ្លួន​ជា​មុន​ដើម្បី​ការពារ​ពី​ហានិភ័យ​នានា»។

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយចុះ​កាល​ពី​ថ្ងៃ​សុក្រ​ ទី១៤ ខែ​សីហា ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​មាន​គោលដៅ «សម្រប​ទៅ​តាម​ការ​ផ្លាស់ប្តូរ​ដ៏​ខ្លាំងក្លា និង​ស្មុគស្មាញ​នៅ​ក្នុង​បរិបទ​ក្នុង​ស្រុក​ និង​អន្តរជាតិ» និង «រក្សា​ជំហរ​ផ្ទាល់ខ្លូន ក៏ដូចជា​ទប់ស្កាត់ និង​គ្រប់គ្រង​ហានិភ័យ​ផ្សេងៗ​ផង​ដែរ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG