ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ILO៖ យុវជន​សម័យ​កូវីដ​១៩ រងគ្រោះ​ដោយសារ​ការ​បាត់បង់​ការងារ​ច្រើន


រូប​ឯកសារ៖ អគ្គលេខាធិការ​អង្គការ​ពលកម្ម​អន្តរជាតិ លោក Guy Ryder ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ហៅកាត់​ថា ILO បាន​ឲ្យ​ដឹង​ថា យុវជន ១៣,៦% ឬ​ប្រមាណ ២៦៧ លាន​នាក់​នៅ​ទូទាំង​ពិភពលោក គ្មាន​ការងារ​ធ្វើ ឬ​មិន​បានចូល​សាលា ឬ​រៀន​វគ្គ​បណ្ដុះបណ្ដាល​ណា​មួយ​ឡើយ​កាល​ពី​ចុង​ឆ្នាំ​មុន។

យុវជន​អាយុ​ចន្លោះ​ពី ១៥ ទៅ ២៤ ឆ្នាំ ទូទាំង​ពិភព​លោក​កំពុង​រងគ្រោះ​ដោយ​សារ​ការ​បាត់បង់​ការងារ​ធ្វើ​យ៉ាង​ធ្ងន់ធ្ងរ ចាប់​តាំង​ពី​ជំងឺ​កូវីត​១៩ ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ការងារ​កាល​ពី​ដើម​ឆ្នាំ​នេះ​មក។ ទិន្នន័យ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO បង្ហាញ​ថា យុវជន​បាន​បាត់បង់​ការងារ​ក្នុង​អត្រា​មួយ​យ៉ាង​លឿន និង​ច្រើន​ជាង​ក្រុម​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម។

អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ហៅកាត់​ថា ILO បាន​ឲ្យ​ដឹង​ថា យុវជន ១៣,៦% ឬ​ប្រមាណ ២៦៧ លាន​នាក់​នៅ​ទូទាំង​ពិភពលោក គ្មាន​ការងារ​ធ្វើ ឬ​មិន​បានចូល​សាលា ឬ​រៀន​វគ្គ​បណ្ដុះបណ្ដាល​ណា​មួយ​ឡើយ​កាល​ពី​ចុង​ឆ្នាំ​មុន។

តួ​លេខ​នៅ​មុន​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ១៩ គឺ​ខ្ពស់​ជាង​តួលេខ​កាល​ពី​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ ២០០៨ ទៅ​ទៀត។ លោក Guy Ryder អគ្គនាយក​អង្គការ ILO បាន​ឲ្យ​និយាយ​ថា ចាប់​ពី​ពេល​នោះ​មក ស្ថានភាព​បាន​កាន់តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត។

លោក Ryder ថ្លែង​ថា៖ «ប្រហែលជា​ការ​សន្និដ្ឋាន​សំខាន់​បំផុត​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​យើង​គឺថា ក្នុង​ចំណោម​យុវជន​ដែល​មាន​ការងារ​ធ្វើ​មុន​ពេល​មាន​រោគ​រាត​ត្បាត​នេះ​កើត​ឡើង យុវជន​លើស​ពី​ម្នាក់​ក្នុង​ចំណោម ៦ នាក់ លែង​មាន​ការងារ​ធ្វើ​ទៀត​ហើយ។ ពួក​គេ​ត្រូវ​បាន​ផ្អាក​ពី​ការងារ។ ហើយ​អ្នក​ដែល​នៅ​មាន​ការងារ​ធ្វើ​ បាន​ប្រឈម​នឹង​ការ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​ប្រមាណ ២៣%»។

ការ​តាមដាន​របស់​អង្គការ ILO បាន​បង្ហាញ​ថា យុវនារី​ក្មេងៗ​រង​ផល​ប៉ះពាល់​នៃ​ការ​កើនឡើង​នៃ​ការ​គ្មាន​ការងារ​ធ្វើ​នេះ​ខ្លាំង​ជាង​បុរស។ អង្គការ ILO ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រោគ​រាត​ត្បាត​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ផង​ដែរ ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ឱកាស​ស្វែងរក​ការងារ និង​អាច​រក​បាន​តែ​ការងារ​ប្រាក់​ខែ​ទាប ឬ​ការងារ​ដែល​គ្មាន​ការ​រីក​ចម្រើន​នៅ​ថ្ងៃ​អនាគត។

លោក Ryder និយាយ​ថា ក្រុម​យុវជន​នៅ​សម័យ​បិទ​សកម្មភាព​សង្គម​ដើម្បី​ទប់ទល់​នឹង​វីរុស​កូរ៉ូណា​នេះ នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​បាត់បង់​ឱកាស​ការងារ​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ទីផ្សារ​ការងារ។ លោក​បាន​បញ្ជាក់​ថា យុវជន​មួយ​ចំនួន​ធំ​នឹង​គ្មាន​ការងារ​ធ្វើ នៅ​ពេល​ពិភពលោក​ឆ្លង​ផុត​ពី​រោគ​រាត​ត្បាត​នេះ។

លោក Ryder ថា៖ «ផល​ប៉ះពាល់​ជំហាន​ដំបូង​នេះ​ចំពោះ​យុវជន​គឺ​បន្ត​រហូត​មួយ​ទស្សវត្សរ៍ ឬ​ក៏​ជាង​មួយ​ទសវត្សរ៍។ វា​នឹង​ប៉ះ​ពាល់​ដល់​អ្នក​ធ្វើ​ការ​ដែល​ជា​យុវជន ពេល​មួយ​ជីវិត​ការងារ​របស់​ពួក​គេ»។

លោក Ryder ថា​មាន​សភ្ដុតាង​បង្ហាញ​ថា យុវជន​ជាង​ពាក់​កណ្ដាល​នៅ​លើ​ពិភពលោក​ងាយ​ធ្លាក់​ទៅ​ក្នុង​ភាព​អន្ទះអន្ទែង និង​បាក់​ទឹក​ចិត្ត។ លោក​និយាយ​ថា រោគ​រាត​ត្បាត​នេះ និង​ការ​បាត់បង់​ឱកាស​ការងារ នឹង​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​នូវ​ចំនួន​នៃ​អ្នក​ជំងឺ​ផ្លូវចិត្ត។

អង្គការ ILO អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​គោល​នយោបាយ​បន្ទាន់ ទ្រង់ទ្រាយ​ធំ និង​ចំ​គោលដៅ ដើម្បី​គាំទ្រ​ដល់​យុវជន។ អង្គការ​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវតែ​វិនិយោគ​លើ​អនាគត​របស់​យុវជន​តាម​រយៈ​ការ​ផ្ដល់​កម្មវិធី​អប់រំ និង​វគ្គ​បណ្ដុះ​បណ្ដាល​នានា។

អគ្គនាយក​អង្គការ ILO លោក Ryder បាន​ក្រើន​រំឮក​ថា ការណ៍​ដែល​យុវជន​ខ្វះ​ឱកាស​ការងារ ឬ​ក៏​ជំនាញ នឹង​ធ្វើ​ឲ្យ​ការ​កសាង​សេដ្ឋកិច្ច​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩ កាន់តែ​មាន​ការ​លំបាក​ខ្លាំង​ជាង​មុន៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG