ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​ជំងឺ​កូវីដ១៩ ទាញ​អូស្ត្រាលី​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច


រូបឯកសារ៖ លោក Philip Lowe ជា​ទេសាភិបាល​ធនាគារ​ជាតិ​អូស្ត្រាលី។

តួ​លេខ​ថ្មី​ចុងក្រោយ​បំផុត​បង្ហាញ​ថា សេដ្ឋកិច្ច​អូស្ត្រាលី​មាន​បញ្ហា​រួច​ទៅ​ហើយ​នៅ​មុន​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បន្ទាប់ពី​ប្រទេស​នេះ​រងគ្រោះ​ដោយសារ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដ៏​មហន្តរាយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ថយចុះ​ខាង​ផ្នែក​ទេសចរណ៍ និង​មាន​តម្រូវការ​តិចតួច​នៅ​ក្នុង​ប្រទេស។

ការ​បិទ​ប្រទេសដោយសារ​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ និង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​កាលពី​រដូវ​ក្តៅ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រយៈពេល ២៩ ឆ្នាំ​នៃ​ការ​លូត​លាស់​សេដ្ឋកិច្ច​គ្មាន​ការ​បង្អាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ផលិត​ផល​ក្នុង​ស្រុក​សរុប ឬ​ក៏​ប្រាក់​ចំណូល​ជាតិ​សម្រាប់​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ ២០២០ នេះ បាន​ធ្លាក់​ចុះ ដោយ​ទាញ​សេដ្ឋកិច្ច​ប្រទេស​អូស្ត្រាលី​ឱ្យ​ធ្លាក់​ចុះ​ជា​លើក​ដំបូង តាំង​ពីដើម​ទសវត្សរ៍ ១៩៩០ មក។

លោក George H. W. Bush គឺ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ប្រទេស​អូស្ត្រាលី​មាន​ដំណើរ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ចុងក្រោយ​បំផុត​កាល​ពី​ឆ្នាំ ១៩៩១។ ប៉ុន្តែ ប្រវត្តិ​ប្រកប​ដោយ​មោទនភាព​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ដែល​គ្មាន​ការ​បង្អាក់​ជិត ៣០ ឆ្នាំ កន្លង​មក​នេះ ត្រូវ​បាន​បញ្ចប់។

តួ​លេខ​ថ្មី​ចុងក្រោយ​បំផុត​បង្ហាញ​ថា សេដ្ឋកិច្ច​អូស្ត្រាលី​មាន​បញ្ហា​រួច​ទៅ​ហើយ​នៅ​មុន​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បន្ទាប់ពី​ប្រទេស​នេះ​រងគ្រោះ​ដោយសារ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដ៏​មហន្តរាយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ថយចុះ​ខាង​ផ្នែក​ទេសចរណ៍ និង​មាន​តម្រូវការ​តិចតួច​នៅ​ក្នុង​ប្រទេស។

ប៉ុន្តែ បញ្ហា​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បាន​រឹតតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​បន្ថែម​ទៀត។ ការ​បិទ​ប្រទេស​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​នេះ បាន​បង្ខំ​ឲ្យ​អាជីវកម្ម​រាប់​ពាន់​កន្លែង​បិទ​ដំណើរការ ដែល​មាន​តាំងពី​កន្លែង​ហាត់ប្រាណ ហាង​កាហ្វេ រោងកុន រហូត​ដល់​ហាង​លក់ទំនិញ​នានា​ជា​ច្រើន។

គេ​រំពឹង​ថា​ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើ​នឹង​កើន​ឡើង​ទ្វេ​ដង​រហូត​ដល់ ១០% ហើយ​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ដល់​សន្ទុះ​សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​បំណុល​ជាតិ​កើន​ឡើង​ថែម​ទៀត។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ព្រមាន​ថា ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​សម្រាប់​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​មាន​សភាព​ធ្ងន់ធ្ងរ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រទេស​អូស្ត្រាលី​ហាក់​ដូចជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ​ទៀត​នៃ​ក្រុម​ប្រទេស G7 និង​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អាស៊ី ដែល​មាន​ប្រាក់​ចំណូល​ជាតិ​ធ្លាក់​ចុះ​ច្រើន​ជាង​អូស្ត្រាលី​ខ្លាំង។

លោក Josh Frydenberg រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អូស្ត្រាលី បាន​និយាយ​ថា៖ «អ្វី​ដែល​យើង​ប្រឈមគឺ​ការ​ដួល​រលំ​សេដ្ឋកិច្ច។ យើង​បាន​ចៀសវាង​មិន​ឲ្យ​អូស្ត្រាលី​មាន​ជោគ​វាសនា​សេដ្ឋកិច្ច និង​ជោគ​វាសនា​សុខភាព​ដូច​ប្រទេស​ដទៃ​ទៀត ដោយសារតែ​វិធានការ​ដែល​យើង​បាន​អនុវត្ត​ក្នុង​នាម​ជា​ប្រទេស​ជាតិ​មួយ។ ប៉ុន្តែ​នៅ​ពេល​នេះ ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​នឹង​មាន​ភាព​ធ្ងន់ធ្ងរ»។

លោក Philip Lowe ទេសាភិបាល​ធនាគារ​ជាតិ​អូស្ត្រាលី បាន​និយាយ​ថា ឥឡូវ​នេះ ប្រទេស​អូស្ត្រាលី​កំពុង​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត ចាប់​តាំង​ពី​សម័យ​វិបត្តិ​សេដ្ឋកិច្ច​កាល​ពី​ទសវត្សរ៍ ១៩៣០ មក។

ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា៖ «ទំហំ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​លើក​នេះ​អាច​មាន​តិច​ជាង​ការ​រំពឹង​ទុក​កាល​ពី​ដំបូងៗ»។

នេះ​គឺ​ជា​ពេល​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អូស្ត្រាលី​ជា​ច្រើន​ព្រួយ​បារម្ភ។ នៅ​ពេល​ដែល​ភាព​អត់​ការងារ​ធ្វើ​កើន​ឡើង មនុស្ស​ជា​ច្រើន​ដែល​កំពុង​នៅ​មាន​ការងារ​ធ្វើ មាន​អារម្មណ៍​ខ្លាច​បាត់បង់​ការងារ​ខ្លាំង​ជាង​មុន ហើយ​ប្រឈម​នឹង​បំណុល​ច្រើន​ជាង​មុន​ក្នុង​គ្រួសារ​ផង​ដែរ។ ករណី​ទាំង​នេះ​គឺ​កើត​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​ភ័យខ្លាច​អំពី​រលក​ផ្ទុះ​ឆ្លង​រាលដាល​លើក​ទី​ពីរ​នៃ​ជំងឺ​កូវីដ១៩៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG