ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្រ្តាលី​មិនទាន់ឯកភាពគ្នាក្នុងការបើក​ព្រំដែនក្នុងស្រុកឡើងវិញ​ដោយសារបញ្ហាកូវីដ១៩


រូបឯកសារ៖ អ្នកថ្មើរជើងឆ្លងផ្លូវមួយនៅក្រុង Melbourne ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ខណៈអូស្រ្តាលីកំពុងទប់ទល់នឹងការរាតត្បាតជំងឺកូវីដ១៩។

អូស្ត្រាលី​ជាប្រទេស​ដែលធំជាងគេ​បំផុតទី​៦​នៅ​លើ​ពិភព​លោក។ ​ប្រទេស​នេះ​មានរដ្ឋ​ចំនួន​៦ និងមានដែនដីគោកតូចចំនួន២​ដែលជាទឹក​ដី​រណប​របស់​ខ្លួន។ រដ្ឋនិងដែនដីរណបទាំងអស់​នេះ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ផ្សេងៗគ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩។

ព្រំដែន​ផ្ទៃ​ក្នុងជា​ច្រើនរវាង​រដ្ឋ​នីមួយៗត្រូវ​បាន​បិទ ដើម្បី​ទប់​ស្កាត់​នឹង​ការរាតត្បាតដែលមាន​កម្រិត​ខ្ពស់​នៃ​ជំងឺ​ឆ្លងនេះ។ ឥឡូវ​នៅ​ពេល​ដែល​អាជ្ញាធរ​ប្រកាស​ថា ​ការ​រាត​ត្បាត​នេះ​អាច​ទប់​ទល់​បាន​ហើយនោះ មាន​ការ​អំពាវ​នាវ​ឲ្យ​បើក​ទល់​ដែន​រដ្ឋ​ឡើង​វិញ។

រដ្ឋាភិបាល​សហព័ន្ធ​ប្រទេស​អូស្ត្រាលី និង​រដ្ឋ​ដៃគូរបស់ខ្លួនក្នុង​តំបន់ New South Wales បាន​ឲ្យដឹង​ថា ពួក​គេនឹងជួយ​រៀបចំសេដ្ឋកិច្ច​ឲ្យ​មានភាព​ប្រសើរឡើង​វិញ។ គេ​មាន​ការ​បារម្ភ​ពីផលប៉ះ​ពាល់​ពី​ឧស្សាហកម្ម​ទេសចរណ៏ក្នុងស្រុក​របស់​អូស្ត្រាលី ដែល​មានតម្លៃរាប់ពាន់​លាន​ដុល្លារ ប្រសិន​បើ​ប្រជាពលរដ្ឋ​អូស្ត្រាលី​មិន​អាច​ធ្វើ​ដំណើរពី​រដ្ឋ​មួយ​ទៅរដ្ឋ​មួយ ឬទៅ​កាន់​កន្លែង​រមណីយដ្ឋានទេសចរណ៏ដែល​មាន​ភាព​ទាក់ទាញ​នោះ មុខជំនួញ​ខាងវិស័យ​ទេសចរណ៏នេះនឹងត្រូវ​ទទួល​រងនូវ​ផល​ប៉ះ​ពាល់ខ្លាំង។

ទោះជាយ៉ាងនេះ​ក្តី រដ្ឋ​គ្វីនលែន រដ្ឋខាងលិច រដ្ឋខាងត្បូង និងរដ្ឋដែនកោះ Tasmania នៃ​ប្រទេស​អូស្ត្រាលី នៅពុំទាន់​មាន​ផែន​ការនៅ​ឡើយ​ទេ ក្នុងការ​បើក​ឡើងវិញ​នូវ​ច្រក​ព្រំ​ដែន​របស់ខ្លួន​។

រដ្ឋគ្វីនលែនមានមោទនភាព​ថាជាទឹកដីមួយមានអាកាសធាតក្តៅល្អ ជាទី​កន្លែងលំហែកាយ​ដែល​មានពន្លឺ​ព្រះ​អាទិត្យ​ចែងចាំង​ ប៉ុន្តែ​រដ្ឋមួយនេះ​នៅ​តែ​មាន​ក្តី​បារម្ភ​អំពី​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩​ ។

អភិបាលរដ្ឋ​គ្វីនលែន លោកស្រី Annastacia Palaszczuk បានថ្លែង​ក្នុង​សម្តីដើមថា​ «អ្វី​ដែល​យើង​ដឹង​គឺថា នៅ​មានការ​ឆ្លងនៃ​ជំងឺនេះនៅឡើយ ​ក្នុង​ចំណោមសហគមន៏ ក្នុង​រដ្ឋ Victoria និង​រដ្ឋ New South Wales ​ដូច្នេះប្រសិនបើប្រធាន​ផ្នែក​សុខាភិបាល​របស់ខ្ញុំគាត់​និយាយថា​ ខ្ញុំអាច​បន្ធូរបន្ថយ​នូវ​ការ​រឹតបន្តឹង​ទាំងនេះ​ ខ្ញុំប្រាកដ​នឹង​ធ្វើ។ យើងចង់ទទួល​ស្វាគមន៏​ប្រជា​ជន​ជាច្រើន ដែល​មាន​បំណង​មក​លេង​រដ្ឋ​ដែល​មាន​ពន្លឺថ្ងៃ​ចែង​ចាំងនិងភាពស្រស់ត្រកាល​របស់​យើង។ ប៉ុន្តែ​យើងពុំទាន់​អាច​ធ្វើ​ដូចោ្នះ​បាន​ភ្លាម​ទេនៅ​ពេលនេះ។​ យើង​នឹង​ពិនិត្យ​ឡើងវិញ​នៅរាល់ចុង​ខែ​នីមួយៗ»។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​សហព័ន្ធ លោក Simon Birmingham បានឲ្យដឹង​ថា វាមាន​សារៈសំខាន់ដែល​ប្រជាពលរដ្ឋ​អូស្រ្តាលី​ទាំង​អស់​នឹងត្រូវ​បាន​គេអនុញ្ញាត​អោយ​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ទូទាំងប្រទេស​ «នៅពេល​ដែល​វាមាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​» ។

គេមាន​ការ​រំពឹងទុក​ថា ការ​ត្រួត​ពិនិត្យនិងការបិទព្រំដែន​ក្នុង​រដ្ឋ​នឹង​ត្រូវ​បាន​គេលុប​ចេញក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ក៏ប៉ុន្តែ​ការបិទព្រំដែន​អន្តរជាតិ​របស់​ប្រទេស​អូស្តាលីអាច​ស្ថិត​ក្នុង​រយៈពេល​យូរអង្វែង។

ប្រទេស​អូស្រ្តាលីបាន​ដាក់​បំរាមដល់​ជន​បរទេស​មិន​ឲ្យចូល​មក​ក្នុង​ប្រទស​របស់​ខ្លួន​ កាល​ពី​ខែ​មីនាកន្លង​ទៅ​ ដែល​ជាផ្នែក​មួយ​នៃ​វីធានការ​ទប់​ស្កាត់​ជំងឺកូវីដ​១៩។ ការប្រឈមដ៏សំខាន់មួយគឺការ​បើក​ឡើង​វិញ​នូវ​ព្រលាន​យន្តហោះនិង​កំពង់ផែ​អន្តរជាតិ​ដោយសុវត្ថិភាពជាមួយ​នឹង​ការ​ត្រួត​ពិនិត្យ​រាល់​ការ​មកដល់​របស់អ្នកដំណើរ។ ​

ទោះជាយ៉ាងនេះ​ក្តី ​អ្នក​ទេសចរបរទេស​ គឺមាន​ចំនួន​ច្រើនខ្លាំង។ ក្នុង​ឆ្នាំ២០១៨ ប្រទេស​អូស្ត្រាលី បាន​ទទួល​អ្នក​ទេសចរអន្តរជាតិ​ប្រមាណ​៨,៥ លាននាក់។ អ្នកវិភាគ​លើក​ឡើង​ថា ការ​បើក​ឡើងវិញ​នូវ​ច្រក​ព្រំដែនអាស្រ័យទៅ​លើការ​ព្យាបាលដោយមាន​ប្រសិទ្ធភាព​ ឬ​ការ​រកឃើញ​នូវ​វ៉ាក់សាំងសំរាប់​ការពារ​ការឆ្លង​ជំងឺ​កូវីដ​១៩។

ប្រទេស​អូស្រ្តាលី មាន​អ្នកឆ្លងជំងឺកូវីដ​១៩ ​ចំនួន​៧ពាន់នាក់ ដែល​ក្នុងនោះ អ្នក​ជំងឺចំនួន​១០០​នាក់​បានស្លាប់។

ប្រែសម្រួលដោយលោក​ ជា្រ​ វណ្ណារិទ្ធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG