ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីពជំរុញឲ្យរដ្ឋាភិបាលបង់ក្លាដែសចាត់វិធានការនៅពេលកម្មករកាត់ដេរបាត់បង់ការងារ


កម្មករបិទផ្លូវដើម្បីទាមទារប្រាក់ខែ ខណៈពេលមានការបិទក្រុង​ដោយសារការព្រួយបារម្ភពីការរាលដាលជំងឺកូវីដ១៩ នៅក្រុងដាក្កា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
កម្មករបិទផ្លូវដើម្បីទាមទារប្រាក់ខែ ខណៈពេលមានការបិទក្រុង​ដោយសារការព្រួយបារម្ភពីការរាលដាលជំងឺកូវីដ១៩ នៅក្រុងដាក្កា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

កម្មករកាត់ដេរយ៉ាងហោចណាស់ក៏១ម៉ឺននាក់បានត្រូវបញ្ឈប់ពីការងារនៅក្នុងប្រទេសបង់ក្លាដែស នៅពេលក្រុមហ៊ុនម៉ាកល្បីៗរបស់ប្រទេសលោកខាងលិច ដែលរងការប៉ះពាល់ដោយសារការបិទប្រទេសជិត ពីព្រោះតែមេរោគកូរ៉ូណា បានលុបចោលការបញ្ជាទិញ។ នេះបើតាមក្រុមមេដឹកនាំសហជីពដែលបាននិយាយ កាលពីថ្ងៃអង្គារ ហើយពួកគេបានជំរុញឲ្យរដ្ឋាភិបាលចូលធ្វើអន្តរាគមន៍។

លោកស្រី Kalpona Akter ជាអ្នកបង្កើតមជ្ឈមណ្ឌលដើម្បីសាមគ្គីភាពកម្មករបង់ក្លាដែស ជាអង្គការសហជីពមួយនៃអង្កការសហជីព៣ដែលបានប្រមូលចងក្រងការកាត់បន្ថយការងារនេះ បាននិយាយថា «យើងបានរកឃើញកម្មករយ៉ាងតិចណាស់ក៏១ម៉ឺននាក់ដែរមកពីរោងចក្រកាត់ដេរចំនួន៣៧ដែលបានបាត់បង់ការងាររបស់ខ្លួន។ ស្ថានភាពពិតប្រាកអាចអាក្រក់ជាងនេះទៀត»។

លោកស្រីនិយាយទៀតថា «កម្មករទាំងនោះនឹងមិនមានការងារនៅទីកន្លែងណាផ្សេងទៀតទេនៅរយៈពេល២ឬ៣ខែបន្ទាប់ទៀត។ រោងចក្រនានាត្រូវតែយកក្រុមគេទៅធ្វើការវិញ ហើយរដ្ឋាភិបាលត្រូវតែធ្វើឲ្យប្រាកដអំពីបញ្ហានេះ»។

មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការងារបង់ក្លាដេសបាននិយាយថា រដ្ឋាភិបាលបានសុំឲ្យក្រុមម្ចាស់រោងចក្រកុំកាត់បន្ថយការងារ។

លោក K.M. Ali Azam ជារដ្ឋលេខាធិការរបស់ក្រសួងការងារបង់ក្លាដែសបាន និយាយាថា «យើងនឹងធ្វើការវាយតម្លៃសេចក្តីរាយការណ៍នោះ ហើយនឹងចាត់វិធានការដើម្បីការពារកម្មកររបស់យើង»។

បង់ក្លាដែស មានចំណាត់ថ្នាក់បន្ទាប់ពីប្រទេសចិនតែប៉ុណ្ណោះជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ទៅឲ្យបណ្តាប្រទេសលោកខាងលិច។ ឧស្សាហកម្មកាត់ដេរបានបង្កើតការនាំចេញទៅក្រៅប្រទេសជាង៨០ភាគរយ ហើយផ្តល់ការងារដល់មនុស្សប្រហែល៤លាននាក់ ដែលភាគច្រើនជាស្រ្តី។

ប៉ូលិសប្រាប់ឲ្យដឹងថា ក្រុមកម្មកររាប់រយនាក់បានចេញមកតាមផ្លូវនៅសប្តាហ៍នេះ ដោយបំពានការបិទប្រទេសជិតរបស់រដ្ឋាភិបាលដើម្បីតវ៉ាប្រឆាំងការគ្មានបើកប្រាក់ឈ្នួល៕

XS
SM
MD
LG