ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយមានសំណើរបស់រដ្ឋមន្រ្តីយុត្តិធម៌ តុលាការកោះហៅជនសង្ស័យក្នុងគ្រោះថ្នាក់ចរាចរណ៍


រូបភាពដកស្រង់ពីការ​បង្ហោះលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​បុរសម្នាក់​ស្លាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (Facebook Screenshot)
រូបភាពដកស្រង់ពីការ​បង្ហោះលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​បុរសម្នាក់​ស្លាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (Facebook Screenshot)

ស្ថាប័ន​អយ្យការ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ជន​សង្ស័យ​ដែល​ជា​អ្នក​បើក​បរ​រថយន្ត​ចូល​ខ្លួន​មក​បំភ្លឺ​ នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ដែល​គ្រួសារ​ជន​រងគ្រោះ​អះអាង​ថា​ រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ស្លាប់ កាលពី​សប្តាហ៍​មុន។​

តុលាការ​បាន​ឱ្យ​ជន​សង្ស័យ​ឈ្មោះ ​ព្រហ្ម វិចិត្រ​សុសក្តា ​អាយុ​ ២៣ ​ឆ្នាំ ​ជា​អ្នក​បើក​រថយន្ត​Jeep ​ពណ៌​ខ្មៅ ​ចូល​ខ្លួន​បំភ្លឺ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​ ៩ ​ខែ​មករា ​ឆ្នាំ​ ២០២៤។ ​នេះ​បើ​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក​ ប្លង់ សុផល ​ព្រះ​រាជ​អាជ្ញា​រង​ ចុះ​ថ្ងៃ​ទី​ ១៩​ ខែ​ធ្នូ ​ឆ្នាំ​ ២០២៣។ ​ព្រះ​រាជ​អាជ្ញារង​បញ្ជាក់​ថា​ ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ​ក្នុង​គោល​បំណង​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ ហើយ​មិន​ដឹង​ថា​នៅ​ទីណា។​

ការ​ចេញ​ដីកា​របស់​តុលាការ​កើត​ឡើង​ក្រោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក ​កើត រិទ្ធ ​បាន​ស្នើ​ឱ្យ​តុលាការ​ពិនិត្យ ​ស្រាវ​ជ្រាវ ​និង​ដោះ​ស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ ​និង​ម៉ឺង​ម៉ាត់​តាម​ផ្លូវ​ច្បាប់។​ នេះ​បើ​យោង​តាម​លោក ​ជិន ម៉ាលីន ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។​

លោក ​ជិន ម៉ាលីន ​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា៖​ «ព្រះ​រាជអាជ្ញា​កំពុង​ធ្វើ​ការ​ពិនិត្យ​និង​ស្រាវ​ជ្រាវ​ករណី​នេះ ​ដើម្បី​ស្វែង​រក​ការណ៍​ពិត​និង​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់»។​

ការ​កោះ​ហៅ​របស់​តំណាង​អយ្យការ​ធ្វើឡើង​ ក្រោយ​តុលាការ​បាន​ទទួល​របាយ​ការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍ ​ចុះ​ថ្ងៃ​ទី​ ១៨​ ខែ​ធ្នូ​ ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្តឹង​អ្នក​បើក​បរ​រថយន្ត​ម៉ាក ​Jeep ​ពណ៌​ខ្មៅ ​ដោយ​ចោទ​ថា​ បាន​បុក​ម៉ូតូ​ម៉ាក​ Click​ ពណ៌​ស ​លើ​ផ្លូវ​ ៥៦៦ ​កែង​ ៣១៧ ​សង្កាត់​បឹងកក់ ​២ ​ខណ្ឌ​ទួលគោក​ កាល​ពី​វេលា​ម៉ោង​ ១០​និង​២០​នាទី​យប់ កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ ​ឆ្នាំ ​២០២៣។​

បើ​តាម​ពាក្យ​បណ្តឹង​នោះ ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាមទារ​សង​ជំងឺ​ចិត្ត​ ២០ ​ម៉ឺន​ដុល្លារ​អាមេរិក ​និង​ស្នើ​ឱ្យ​ផ្តន្ទាទោស​តាម​ច្បាប់។​

លោក ​សំ វិច្ឆិកា ​អ្នកនាំ​ពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ សមត្ថ​កិច្ច​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​កិច្ច​ការងារ​នេះ​គឺ​កម្លាំង​សមត្ថ​កិច្ច​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ដើម្បី​ស្វែង​រក​ចាប់​ឃាត់​ខ្លួន​ជន​បង្ក​យក​មក​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ​ហើយ​ចំពោះ​កិច្ច​ការងារ​ដែល​ជា​លទ្ធផល​យ៉ាង​ណា​ខ្ញុំ​បាទ​នឹង​ជម្រាប​ជូន​ទៅ​តាម​ក្រោយ​ទៀត​ ព្រោះ​អី​ក្នុង​ដំណាក់​កាល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ដើម្បី​ធ្វើ​យ៉ាង​ណា​នាំ​ខ្លួន​ជន​បង្ក​យក​មក​អនុវត្ត»។​

គណនី​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ Juppy ​និង​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុម​គ្រួសារ​ថា​ជា​ហ្វេសប៊ុក​របស់​ភរិយា​របស់​ជន​រង​គ្រោះ ​បាន​បង្ហោះ​សារ​មួយ ​និង​ត្រូវ​បាន​លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​យក​មក​ផ្សព្វ​ផ្សាយ​បន្ត​ថា៖ ​«លោក​ ព្រហ្ម វិចិត្រ​សុភា ​[ដែល​ជា​ឪពុក​របស់​ជន​សង្ស័យ] ​លោក​ចូល​បុណ្យ​សព​ ១០០០$ ​ហើយ​លោក​សូម​ឱ្យ​ដក​ពាក្យ​បណ្តឹង​ បើ​មិន​ដក​នឹង​ខូច​អនាគត​ទាំង​សង​ខាង​ លោក​ចង់​គំរាមហ៍? ​ហើយ​លោក​មក​ប្រាប់​ពួក​ខ្ញុំ​ដែល​ជា​គ្រួសារ​សព​ឱ្យ​កាត់​ចិត្ត​ទៅ? ​លោក ​ព្រហ្ម វិចត្រ​សុភា ​ខ្ញុំ​ឱ្យ​លោក​បែប​នឹង​វិញ​លោក​ព្រម​អត់?​ បើ​សិន​ជា​រូប​សព​ជា​រូប​កូន​លោក​ តើ​លោក​មាន​អារម្មណ៍​បែប​ណា?....​ខ្ញុំ​មិន​ឱ្យ​ប្តី​ល្អ​របស់​ខ្ញុំ​ស្លាប់​ទៅ​បែប​នេះ​ទេ។ ​យុត្តិធម៌​ត្រូវ​តែ​មាន​សម្រាប់​ប្តី​ខ្ញុំ...»។​

លោក ​ព្រហ្ម វិចិត្រ​សុភា​ ដែល​ជា​មេធាវី​ម្នាក់​ ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កូន​ប្រុស​របស់​លោក​មិន​ពាក់​ព័ន្ធ​ឡើយ ​ដោយ​សារ​គេ​មិន​មែន​ជា​អ្នក​បើក​បរ​រថយន្ត​នៅ​ពេល​នោះ​ទេ។​ លោក​បញ្ជាក់​ថា​ មាន​តៃកុង​ឡាន​ម្នាក់​ជា​អ្នក​បើកបរ​រថយន្ត​ក្នុង​ពេល​គ្រោះ​ថ្នាក់​ចរាចរណ៍។​

លោក​ថ្លែង​ថា៖ ​«តើ​អ្នក​ណា​ជា​អ្នក​បើក​បរ​ដែរ​នៅ​ពេល​នោះ ​លោក? ! ​ខ្ញុំ​ដឹង​ថា ​តៃកុង»។​

លោក​បន្ថែម​ថា​ កូន​របស់​លោក​មិន​បាន​រត់​គេច​ខ្លួន​ឡើយ​ ហើយ​ក៏​មិន​ពាក់ព័ន្ធ​ករណី​នេះ​ដែរ។ ​លោក​ថា​ តាំង​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​មក​ អ្នក​បើក​រថយន្ត​ Jeep​ មិន​ដឹង​ទៅ​ទីណា​ឡើយ។​

លោក​បន្ថែម​ថា៖ ​«អត់​ពាក់​ព័ន្ធ​នឹង​គាត់​ផង​ ដូច្នេះ​ទុក​ឱ្យ​តៃកុង ​និង​សមត្ថកិច្ច​ដោះ​ស្រាយ»។​

លោក ​ព្រហ្ម វិចិត្រ​សុភា​ បដិសេធ​ថា​ លោក​មិន​បាន​ប្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឱ្យ​ដក​ពាក្យ​បណ្តឹង​នោះ​ទេ ​ដោយ​គ្រាន់​តែ​លោក​ទៅ​ចូលរួម​បុណ្យ​សព​ជន​រងគ្រោះ​ តាម​ប្រពៃណី​តែ​ប៉ុណ្ណោះ។​

លោក​ អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ថ្លែង​ថា​ សំណង​រដ្ឋប្បវេណី​អាច​បញ្ចប់ ​ ប្រសិន​បើ​ជន​រង​គ្រោះ​យល់​ព្រម​ទទួល​យក​ទៅ​តាម​អ្វី​ដែល​ពួក​គេ​គិត​ថា​ សមរម្យ ​ ប៉ុន្តែ​បណ្តឹង​អាជ្ញា​មិន​អាច​រលត់​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ ​«អ៊ីចឹង​បណ្តឹង​អាជ្ញា​មិនមែន​ជន​រង​គ្រោះ​ជា​អ្នក​ដក​ ឬ​មិន​ដក​ទេ ​វា​ស្ថិត​នៅ​លើ​ព្រះរាជ​អាជ្ញា​ដែល​ជា​ដើម​បណ្ដឹង​អាជ្ញា​ ក្នុង​ការ​អនុវត្ត​ផ្លូវ​ច្បាប់​ ព្រោះ​បណ្ដឹង​អាជ្ញា​នេះ​គឺ​គេ​បង្កើត​ឡើង​ ដើម្បី​ដាក់​ទោស​ទណ្ឌ​ទៅ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​ ដើម្បី​ឱ្យ​រាង​ចាល​ហើយ​នឹង​ការ​កែ​ប្រែ​អប់រំ។ ​ប្រសិន​ជា​គេ​រក​ឃើញ​ថា​ជន​ហ្នឹង​បាន​ប្រព្រឹត្ត​បទ​ល្មើស​មែន​ អាហ្នឹង​តុលាការ​គេ​ធ្វើការ​ផ្ដន្ទា​ទោស»។​

គួរ​បញ្ជាក់​ថា ​អ្នក​បើក​បរ​ម៉ូតូ​ដែល​ស្លាប់​នោះ​មាន​ឈ្មោះ​ សៀង គឹមហុង​ ដែល​មាន​តួនាទី​ជា​អនុ​ប្រធាន​ការិយា​ល័យ​ត្រួត​ពិនិត្យ ​និង​សវនកម្ម​កាស៊ីណូ​នៃ​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ ​និង​គ្រប់គ្រង​ចំណូល ​និង​ជា​កីឡាករ​វាយ​សី​ម្នាក់​នៅ​ក្លឹប​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ៕

XS
SM
MD
LG