ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​​រាជ​ធានី​ភ្នំពេញ​ណែ​នាំ​ជាថ្មី​​មិន​ឱ្យ​ប្រមូល​​ភាស៊ី​​ពី​អ្នក​លក់​ដូរ​ចល័ត​​គ្រប់​ប្រភេទ


អ្នកស្រី ខេង យ៉យ អង្គុយលក់ចង្រិត នៅមុខផ្សារកាប់គោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ខេង យ៉យ អង្គុយលក់ចង្រិត នៅមុខផ្សារកាប់គោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ណែ​នាំ​ជាថ្មីមិន​ឱ្យ​ប្រមូល​ចំណូល​ភាស៊ីពី​អ្នក​លក់​ដូរ​តាមកញ្ច្រែង ​កញ្ជើ ​ល្អី ​និង​ការ​លក់​ដូរ​ចល័ត​គ្រប់​ប្រភេទ​នៅរាជ​ធានី​ភ្នំពេញ​ ខណៈ​អ្នក​លក់​ដូរ​តាម​ម៉ូតូ និង​កញ្ច្រែង ​នៅ​ផ្សារ​មួយ​ចំនួន​អះ​អាង​ថា ពួក​គេ​នៅ​តែ​បន្ត​ បង់​ភាស៊ី​។​

​ក្នុង​សេចក្តី​ណែនាំ​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ ​ចេញ​នៅ​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០​២៣ ​ស្តីពី​ការ​មិន​ប្រមូល​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេ​ងៗ​ចំពោះ​ការ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ការ​លក់​ដូរ​ចល័ត​គ្រប់​ប្រភេទ​នៅ​រាជ​ធានី​ភ្នំពេញ ​បញ្ជាក់​ថា ​សាលា​រាជ​ធានី​ណែនាំ​ដល់​រដ្ឋ​បាល​ខណ្ឌ សង្កាត់​ គណៈ​កម្មការ​ផ្សារ និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​អនុវត្ត​សារាចរ​ចេញ​កាល​ពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០​១៦ ស្តីពី​ការ​លុប ​ការ​បង់​ថ្លៃ ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាមកញ្ច្រែង កញ្ជើ ល្អី ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

សាលា​រាជធានី​ភ្នំពេញ​ បន្ថែម​ថា ក្នុង​ករណី​មាន​បុគ្គលណា​ទាមទារ ឬ​បង្ខំ​ឱ្យ​អាជីវករ​បង់​ភាស៊ី ឬ​បង់​ថ្លៃ​ផ្សេងៗ ផ្ទុយ​ពីការ​កំណត់​ក្នុង​សារាចរ ត្រូវ​ឃាត់​ខ្លួន​ជា​បន្ទាន់​ដើម្បី​អនុវត្ត​ទោស​តាម​ច្បាប់​។​

សម្រាប់​អាជីវករ ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ណែនាំឱ្យ​មាន​ការ​លក់​នៅ​តាម​ទីតាំង​ដែល​អាជ្ញាធរ​ផ្សារ​បាន​រៀប​ចំ​ជូន​ ចៀស​វាង​ការ​លក់​ដូរតាម​ដងផ្លូវដែល​ប៉ះ​ពាល់ដល់​សោភ័ណ​ភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ​។

​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​ណែនាំ​ឱ្យ​អាជីវករ​រាយ​ការ​ណ៍ទៅ​អាជ្ញាធរ​មាន​សមត្ថ​កិច្ចដែល​នៅ​ជិត​បំផុត ​ឬ​តាម​ប្រព័ន្ធ​ទូរ​ស័ព្ទ Hotline​12​99 ​ដើម្បី​ចាត់​វិធាន​ការ​រដ្ឋ​បាល​ និង​វិធាន​ការ​ច្បាប់​ចំពោះ​ជន​បង្ក​ បាន​ទាន់​ពេល​វេលា ទៅលើ​អ្នក​ទាម​ទារ​ ឬ​បង្ខិត​បង្ខំ​ឱ្យបង់​ភាស៊ី ឬ​បង់​ថ្លៃ​ផ្សេងៗ​។

​កំពុង​អង្គុយ​លក់​ចង្រិត ​និង​ដុក​ឌឿ​បំពង ​មួយចាន​ដែក​នៅ​ខាង​មុខ​ផ្សារកា​ប់គោ ​ក្នុង​ខណ្ឌ​ចំការ​មន ​អ្នកស្រី ​ខេង​ យ៉យ ​អាយុ​៤០​ឆ្នាំ​ ​ថ្លែង​ថា ​អ្នកស្រី​ មិន​បាន​ដឹង​អំពី​សេច​ក្តី​ណែនាំរបស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នោះ​ទេ។ ​អ្នកស្រី​ នៅ​តែ​បន្ត​ឱ្យ​លុយ​ទៅ​អ្នក​យក​ភាស៊ី ​ជា​រៀង​រាល់​ថ្ងៃ​ចំនួន​១,០០០​រៀល​។

​អ្នកស្រី ប្រាប់​អ្នក​សារ​ព័ត៌​មាន​វីអូអេ​ថា​៖ ​«គ្នា​យក​ដឹង​ថា​ម៉េច ​ដូច​ថា​គ្នា​យក​ទៅ​បោស​សំរាម បោស​អី ចេះតែ​ឱ្យទៅ​ បើគ្នា​ថា​យក​អ៊ីចឹង​ហើយ។ ​យើង​ចេះ​តែ​ឱ្យ​ទៅ បើ​១០០០ ​ [ឬ] ២០០០ អី ​បើ​លើ​ស ពី ហ្នឹង​ ​អត់​លុយ​ឱ្យ​ដែរ​ហ្នឹង ​វា​មិន​សូវ​ចំណេញ​ដែរ»​។

​កំពុង​ឈរ​អាំងត្រី​ដើម្បី​ទុក​លក់​បាយ​ម្ហូប​ថ្ងៃ​ត្រង់ នៅ​ទល់​មុខ​ផ្សារកាប់​គោ អ្នក​ស្រី ឆាន់ គន្ធា ​អាយុ​៣៨​ឆ្នាំ ប្រាប់​ថា ​អ្នកស្រី​នៅ​តែ​ឱ្យ​លុយភាស៊ី​ជារៀង​រាល់​ថ្ងៃ​៥០០ ​ទៅ​១០​០០​រៀល​។ អ្នកស្រីថា អ្នកស្រី​ចង់​ឱ្យអ្នកពាក់ព័ន្ធអនុវត្ត​ការ​មិន​យក​ភាស៊ី​ទៅ​តាម​ការណែនាំ​របស់រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ​។ ​

អ្នកស្រី ប្រាប់​អ្នកសារ​ព័ត៌មាន​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះថា​៖ «​ចង់ឱ្យ​គេ​ជួយ​សម្រួល ​[ការយកភាស៊ី​]​ដែរ​ ​ព្រោះ​អ្នក​ខ្លះ គ្នា​ដឹក​កង់ ​ដឹក​អី​អ៊ីចឹង ​យក​គ្នា​ដែរ​ ហើយ​អ្នក​ដើរ​ប្រមូល ​ដើរ​យក​ហ្នឹង​ សំឡុត​គ្នា​ក៏​មាន​ដែរ ​ឃើញ​សព្វ​គ្រប់​អស់​ហើ​យ​។​ ដូច​ថ្ងៃ​មុន ​អ្នក​លក់​ពោត​ លក់អី​អ៊ីចឹង ស្រែក​សំឡុត​គ្នា​ មិន​ឱ្យ​គ្នា​ចូល​មក​លក់​អ៊ីចឹង លក់​លៀស​បន្តិច​ ​ក៏​សំឡុត​គ្នា​ សុទ្ធ​តែ​ដេញ​គ្នា ឥឡូវ​គ្នា​ឈប់​មក​លក់​បាត់​ហើ​យ»។​

អ្នកស្រី ឆាន់ គន្ធា កំពុងអាំងត្រី ដើម្បីទុកលក់ នៅទល់មុខផ្សារកាប់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ឆាន់ គន្ធា កំពុងអាំងត្រី ដើម្បីទុកលក់ នៅទល់មុខផ្សារកាប់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

កំពុ​ង​ឈរ​លក់​ផ្លែ​ឈើ​តា​ម​ម៉ូតូ​នៅ​ផ្សារ​កាប់​គោ​ដែរ​នោះ ​លោក ពៅ កុសល ​អាយុ​៣៤​ឆ្នាំ ​ប្រាប់​វីអូអេ​ថា លោក​មិន​បាន​ដឹង​អំពី​ព័ត៌​មាន​ដែល​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ ប្រកាសមិន​ឱ្យ​យក​ភាស៊ី​ពី​លក់​តាម​ម៉ូតូ ​ឬ​តាម​កញ្ច្រែង​នោះ​ទេ​ ព្រោះ​អាជ្ញាធរ​មូល​ដ្ឋាន​មិ​ន​បាន​ចុះ​ណែនាំ​។ ​ទោះយ៉ាងណាលោក​ថា ការ​យក​ភាស៊ី​ពី​លោក​ចំនួន​៥០០រៀល​ជា​រៀង​រាល់​ថ្ងៃ​នេះ​ មិនមាន​បញ្ហា​សម្រាប់​លោក​នោះ​ទេ​។

លោក​បញ្ជាក់​ថា៖ «យក​ប៉ុណ្ណឹង​ក៏​វា​មិន​អី​ដែរ ​ព្រោះ​គាត់​ជួយ​សម្រួល​យើង​ ​ជួយ​មើល​ការ​ខុស​ត្រូវ ជា​ភ្នែក​ជា​ច្រមុះ​យើង​ដែរ។ ​ប៉ុន្តែ​គ្រាន់​ថា ​អ្វី​ដែល​សំណូមពរ​ អ្នក​ដែល​មក​យក​ត្រូវ​មានលិខិត ចេញ​ជា​កាត ​ឬ​ជា​ស្អី​ កំណត់​សម្គាល់​ថា​មិនមែន​ជាជន​ក្លែង​ក្លាយ​»។​

អ្នកស្រី នង​ ធារី ដែល​អះអាង​ថាជា​ជំនួយ​ការ​ប្រធាន​ផ្សារ​កាប់​គោ ​ប្រាប់​វីអូអេ​ថា ​ក្រោយ​សេចក្តី​ប្រកាសរបស់​រដ្ឋ​បាល​រាជ​ធានីភ្នំពេញ សន្តិ​សុខ​ផ្សារ​មិន​បាន​យក​ភាស៊ី​ពី​អ្នកលក់​ដូរ​តាមកញ្ច្រែង​ ឬ​កញ្ជើ​ទៀត​នោះ​ទេ​។ ​

​អ្នកស្រី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា៖ ​«ខ្ញុំ​បាន​ឃើញ​ផេក ​របស់​សាលា​ក្រុង គាត់​ប្រកាស​ដែរ ផ្សាយ​មក​ ឃើញ​គាត់​ថា ​ឱ្យ​លើក​លែង​ អត់​ឱ្យ​យក​ភាស៊ី​ តាម​កញ្ច្រែង​ កញ្ជើ​ អ៊ីចឹង។ តែ​បញ្ហា​ផ្សារ​នេះ ​គាត់​អ​ត់​បាន​យក​ទេ ​គាត់​យក​តែ​កន្លែង​តូប​ កន្លែង​អីអ៊ី​ចឹង​។​ ឃើញ​គាត់​ដើរ​យក ​ដូចខ្ញុំ ​អង្គុយ​លក់​មាន​តូប​ អ៊ីចឹង​គាត់​យក​»​។

អ្នក​ស្រី​បន្ថែម​ថា ពល​រដ្ឋ​ភាគច្រើន​តែង​តែ​ច្រឡំ​ អំពី​ការ​យក​ភាស៊ី​ផ្សារ​ និង​ការ​យកលុយ​ដោយអាជ្ញាធរ​ខណ្ឌ​។ អ្នក​ស្រី​ថា​ កា​រយក​ភាស៊ី​ផ្សារ​ គឺ​យក​តែ​អ្នក​លក់​ដូរ​មាន​តូប​ត្រឹមត្រូវ​ប៉ុណ្ណោះ។

​អ្នកស្រីបន្ថែមថា៖ ​«អា​នោះ ​ខាង​ខណ្ឌ​ទេ ​ខាង​មុខ​នេះ ​គេ​យក​១០០០​ [ឬ] ២០០០ ​ខណ្ឌ​គេ​យក​ផ្សេង អាហ្នឹង​សណ្តាប់​ធ្នាប់ខណ្ឌ ផ្អែក​ស្អីៗ ៣​មុខ អាបងមួយ​ខ្ពស់វែង គាត់យកផ្នែករបស់​គាត់ផ្សេង​ ហើយ​បងខាង​ខណ្ឌ​ យក​របស់​គាត់​ផ្សេង ​ភាស៊ី​អនា​ម័យ​ គាត់​យក​របស់​គាត់​»។

​លោក កៀង ល័ក្ស អភិ​បាល​ខណ្ឌចំការ​មន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ​អាជ្ញាធរ​ខណ្ឌ​ មិន​បាន​ចុះ​យក​លុ​យ​សណ្តាប់​ធ្នាប់​ពី​ពល​រដ្ឋ​ដែល​ជា​អ្នក​លក់​ដូរតាម​ផ្លូវ​ និង​នៅខាង​មុ​ខ​ផ្សារ​កាប់​គោ​នោះ​ទេ​។ លោក​ថា អាជ្ញាធរ​ក៏​បាន​រៀបចំ​ឱ្យ​អាជីវករ​ប្រើប្រាស់​ផ្លូវ​ឱ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ ​ដើម្បី​កុំ​ឱ្យ​ស្ទះ​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​ជា​ដើម​។ ​

លោក​ថ្លែង​ថា៖ ​«រឿង​គោល​ការណ៍​យក​លុ​យ​ហ្នឹង​ ​គឺដាច់​ខាត​តែ​ម្តង​។ ​ហើយ​កិច្ច​ការ​ហ្នឹង​ បើខ្ញុំ​បា​ន​ដឹង​ មាន​ភស្តុ​តាង​ជាក់​ស្តែង អាហ្នឹង​ខ្ញុំ​មាន​វិធាន​ការ​រដ្ឋ​បាល​របស់​ខ្ញុំ​ហើយ​។ ​អត់​ឱ្យ​មាន​ទេ​ បាទ!​ ការ​ប្រជុំ​ការ​អី គឺ​បាន​ហាម​ដាច់​ខាត​ហើយ​ រឿង​អស់​នេះ​»​។

លោក ក៏​ស្នើ​ឱ្យ​ពលរដ្ឋរាយ​កា​រណ៍​មក​អាជ្ញាធរ ​ប្រសិនបើ​មាន​ជនណា​ម្នាក់​ចុះ​ទា​រលុយ​សណ្តាប់​ធ្នាប់​ ឬ​យកភា​ស៊ី​ពីអ្នក​លក់​ដូរ​តាមកញ្ច្រែង ​កញ្ជើ ​ល្អី ​និង​ការ​លក់​ដូរ​ចល័ត​ជា​ដើម​។ ​

​ចំណែកអ្នក​លក់ដូរមួយ​ចំនួននៅ​ក្នុងផ្សារ​បឹង​កេង​កង​អះអាង​ស្រដៀង​គ្នា​ថា ពួក​គេ​ត្រូវបង់​ថ្លៃ​អ​នា​ម័យ​ចំនួន​៣០០​រៀល​ជា​រៀង​រាល់​ថ្ងៃ​។

វីអូអេបានចូល​ទី​ស្នាក់​ការ​គណៈ​កម្មការ​ផ្សារ​បឹង​កេងកង​ដើម្បី​សុំ​ការ​បញ្ជាក់​។ ​បុរស​ម្នាក់​ដែល​ជា​តំណាង បាន​ប្រាប់វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​និង​តួនាទីថា ​ផ្សារ​មិន​យក​ភាស៊ី​ពី​អ្នកលក់​ដូរ​តាមកញ្ច្រែង ​កញ្ជើ ​ល្អី ​ជា​យូរ​មក​ហើយ។ ​លោក​បន្ថែម​ថា​ ការ​បង់​អនា​ម័យ​ចំនួន​៣០០​រៀល​នោះ​ គឺ​ដោយ​សារ​អ្នក​លក់​ដូរបាន​លក់​បន្លែ ​និង​របស់​របរ​ផ្សេងក្នុង​ផ្សារជា​អ​ចិន្ត្រៃយ៍ ឬ​មាន​កន្លែង​ច្បាស់​លាស់​ ដែល​ខុស​ពី​អ្នក​លក់​ដូរ​តាមកញ្ច្រែង​ម្តង​ម្កាល​។

​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ ​និង​សន្តិភាព ​លោក ​យង់ គិមអេង ​ថ្លែងថា ​កា​រ​បន្ត​យក​ភាស៊ីលើ​ពលរដ្ឋ​ដែល​រក​ស៊ីតិច​តួច គួរ​តែ​បញ្ចប់ ​ព្រោះ​រឿង​នេះ​កើត​ឡើង​យូ​រមក​ហើយ​។ លោក​បន្ថែម​ថា​ ការ​អនុវត្ត​កិច្ច​ការ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ​គឺត្រូវ​តែ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង​។ ​

លោក​ថ្លែង​ថា​៖ ​«ក្រុម​ហ៊ុន​ភាស៊ី​ណា ​ក្រុម​ភាស៊ីណា ​ដែល​នៅ​តែ​យក​លុយ ​ផ្សារ​ណា​ដែល​នៅ​តែ​អនុ​ញ្ញាត​ឱ្យ​ ពួក​យក​ភាស៊ីទៅ​លើ​អ្នក​លក់​ដូរ​កំប៉ិក​កំប៉ុក គឺ​បើ​សិន​ជា​មាន​អ៊ីចឹង ​ត្រូវ​តែ​ចាត់​វិធានការលុប​ចោល​កិច្ច​សន្យា​ជា​មួយ​គាត់ អ៊ីចឹង​ទៅ។ ​ប្រសិនបើ​ប្រធាន​ផ្សារ​មាន​ការ​គប់​គិត​ទេ ដក​ប្រធាន​ផ្សារ​ហ្នឹង​ចោល​ទៅ​ ។ បើ​សិនតែយើង​នៅថ្នាក់​ថ្នម ​អង្អែល​ឱ្យ​ឈប់ ​ឱ្យ​ឈប់​ ​អត់​ឈប់​ទេ ​នៅ​តែ​អ៊ីចឹង​»។

បើ​តាម​សារាចរ​ដែល​ចេញ​នៅ​ថ្ងៃទី​៩ ខែធ្នូ​ ឆ្នាំ​២០១៦ ​បាន​សម្រេច​លុប​ចោល​ការ​បង់​ភាស៊ី​ និង​ការ​បង់​ថ្លៃ​ទាំងឡាយ​ពីអ្នក​លក់ដូរ​តាមកញ្ច្រែង ​ល្អី ​ពីកន្លែង​លក់ដូរនិង​តាមផ្សារ​ទាំងអស់​ ប៉ុន្តែ​ជារឿយៗ​គេ​នៅ​តែ​ឃើញ​មាន​ការ​លើក​ឡើង​ថា​មាន​ការយក​ ភាស៊ី​ពី​អ្នក​លក់​ដូរ​តាម​ផ្សារ​មួយ​ចំនួន​ដដែល​៕

XS
SM
MD
LG