ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​បិទ​គ្លីនិក​ឯកជន​ពីរ​កន្លែង​ទៀត​​ក្រោម​មូល​ហេតុ​មិន​គោរព​តាម​ការ​ណែ​នាំ


រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃក្រសួងសុខាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ។ (Facebook/Ministry of Health)
រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃក្រសួងសុខាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ។ (Facebook/Ministry of Health)

ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ចំនួន​ពីរ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​មូលហេតុ​ថា ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​ពីរ​មិន​បាន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង។

សេចក្តី​សម្រេច​របស់​ក្រសួង​សុខាភិបាល​ចំនួន​ពីរដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៣ ​ឲ្យ​ដឹង​ថា​ ក្រសួង​បាន​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ​សែនមានជ័យ​ ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​ ៧B3- ៨B3 ​ផ្លូវ​លេខ​ ១០៧ ​សង្កាត់​កាកាប​ទី ២ ​ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ ​និង​មន្ទីរ​ពហុព្យាបាល​ឯកជន​មួយ​ទៀត​មាន​ឈ្មោះ ​មេត្រូ អអ៊ិលវី ​ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​ ៦៨ ​ផ្លូវ​លេខ​ ២៧១ ​សង្កាត់​អូរបែក​ក្អម ​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ។

សម្រេច​ទាំង​នោះ​បញ្ជាក់​ថា ​ក្រសួង​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ​ សែនមានជ័យ​ ដោយសារ​បាន​ប្រព្រឹត្ត​កំហុស​ដដែលៗ​ ក្នុង​ការ​យក​រថយន្ត​សង្គ្រោះ​របស់​ខ្លួន​ទៅ​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​តាម​ដង​ផ្លូវ​សាធារណៈ ​មិន​គោរព​តាម​កិច្ច​សន្យា​ជាមួយ​ក្រសួង​សុខាភិបាល ​និង​មិន​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​សេវា​ ដូច​មាន​ក្នុង​រចនា​សម្ព័ន្ធ​ដែល​បាន​ស្នើ​សុំ។​ចំណែក​មន្ទីរ​ពហុព្យាបាល​ឯកជន​ឈ្មោះ ​មេត្រូ អអ៊ិលវី ​ត្រូវ​បិទ​ដោយ​សារ​បាន​ប្រើ​ប្រាស់​សេវា​ពិគ្រោះ​បញ្ជូន​អ្នក​ជំងឺ​ទៅ​វះ​កាត់​ប្តូរ​សរីរាង្គ​តម្រង​នោម​នៅ​ប្រទេស​ឥណ្ឌា​ ដែល​ខុស​ទៅ​នឹង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​លើ​ការ​បរិច្ចាគ ការ​ផ្សាំ​កោសិកា ​ជាលិកា និង​សរីរាង្គ​មនុស្ស។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​គណៈ​គ្រប់គ្រង​នៃ​មន្ទីរ​ពហុព្យាបាល​ មេត្រូ អអ៊ិលវី ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​តែ​មាន​អ្នក​ចុច​បិទ។ ​យ៉ាងណា​ក្តី​ នៅ​មុន​ពេល​ក្រសួងសុខាភិបាល​ចេញ​សេចក្តី​សម្រេច​មួយ​ថ្ងៃ ​មន្ទីរ​ពហុព្យាបាល​នេះ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ថា ​នាយក​គ្រប់​គ្រង​នៃ​មន្ទីរពេទ្យ ​មេត្រូ អអ៊ិលវី ​ឈ្មោះ​ ង៉ែត សំអូន ​បាន​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន ​និង​បង្ខូច​ឈ្មោះ​មន្ទីរ​ពេទ្យ ហើយ​បាន​យក​លុយ​ពី​អ្នក​ជំងឺ​ជា​ច្រើន​នាក់​ដើម្បី​ព្យាបាល​ ជាពិសេស​ទៅ​ប្រទេស​ឥណ្ឌា។​

គណៈ​គ្រប់​គ្រង​មន្ទីរ​សម្រាក​ព្យាបាល ​សែនមានជ័យ ​លោក ប្រាក់ ឌី ​ប្រាប់​វីអូអេ​ថា ​ការ​សម្រេច​បិទ និង​ដក​ហូត​អាជ្ញាបណ្ណ​មន្ទីរ​សម្រាក​ព្យាបាល​របស់​លោក​ គឺ​បង្ហាញ​ពី​ភាព​លម្អៀង​ និង​អយុត្តិធម៌ ខណៈ​ដែល​មន្ទីរ​សម្រាក​ព្យាបាល​គ្រាន់​តែ​បញ្ចេញ​ឡាន​ទៅ​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះ​ចរាចរណ៍​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​ «ពេទ្យ​អី​ខាង​ពន្លឺ​ រស្មី​ អី​.... សែន​ជ័យ​ដែរ​ ឈ្មោះ​…. សែន​ជ័យ​នៅ​អាស៊ី​អាគ្នេយ៍​ គាត់​ដឹក​រាល់​ថ្ងៃ​រាល់​យប់។ ​យប់ៗ​ឡើង​ឡាន​គាត់​ប្រចាំ​ការ​តាម​គោល​ដៅ​ ហើយ​ពួក​ខ្ញុំ​គ្រោះ​ថ្នាក់​នៅ​មុខ​ពេទ្យ​ជិតៗ​ហ្នឹង​ ខ្ញុំ​គ្រាន់​តែ​ជួយ​ដឹក​មក​សង្គ្រោះ​គ្នា​តែ​ប៉ុណ្ណឹង​ ហើយ​មក​បិទ​ពេទ្យ​ពួក​ខ្ញុំ។​ វា​លម្អៀង​ វា​អត់​យុត្តិធម៌»។

លោក​បន្ថែម​ថា លោក​បាន​ទាក់​ទង​ទៅ​ខាង​ក្រសួង​សុខាភិបាល​ចំពោះ​ការ​ដក​អាជ្ញាបណ្ណ​មន្ទីរ​សម្រាក​ព្យាបាល​របស់​លោក ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ទេ​ថា​ នឹង​មាន​ចំណាត់​ការ​បែប​ណា​បន្ត​ទៅ​ទៀត។ ​

លោក​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​តេ​ទៅ​សួរ​ ….​ការ​ដែល​ខ្ញុំ​ហ្នឹងមិន​មែន​សុំ​បិទ​ទេ។​ ខ្ញុំ​សុំ​ផ្អាក​ Lisence [​អាជ្ញាបណ្ណ] ​មួយ​រយៈ​សិន។ គាត់​ថា​ឱ្យ​ផ្អាកៗ​ទៅ! ដល់​ពេល​ខ្ញុំ​សម្រាក​ គាត់​ចេញ​លិខិត​បិទ​របស់​ខ្ញុំ​ហើយ​ខ្ញុំ​តវ៉ា​ដែរ​ តែ​ថា​ ហ្នឹង​ថ្នាក់​ដឹក​នាំ​គេ​សម្រេច​អ៊ីចឹង។​ ខ្ញុំ​អត់​ដឹង​និយាយ​យ៉ាង​ម៉េច​ដែរ។​ យើង​ប្រជារាស្រ្ត។​យើង​ធ្វើ​បាន​តែ​ប៉ុណ្ណឹង! ​ដល់​អ៊ីចឹង​អត់​ដឹង​និយាយ​ថា​ម៉េច​ផង»។​

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ឱ វណ្ណឌីន​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ ​និង​សន្តិភាព ​លោក ​យង់ គិមអេង ​លើក​ឡើង​ថា​ ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​ពីរ​នេះ​ អាច​បង្ហាញ​ជា​គំរូ​ដល់​មន្ទីរ​សម្រាក​ព្យាបាល​ដទៃ​ទៀត​ក្នុង​ការ​ពង្រឹង​ការ​ផ្តល់​សេវា​ថែទាំ​ទៅ​កាន់​អ្នក​ជំងឺ។​

លោក​ថ្លែង​ថា៖ ​«ប្រសិន​ជា​ការ​បិទ​នេះ​ព្រោះ​តែ​គាត់​ខ្វះ​វិជ្ជា​ជីវៈ​ ខ្វះ​ក្រម​សីលធម៌​ ការ​បិទ​នេះ​គឺ​នឹង​ជួយ​បង្កើន​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ដទៃ​ទៀត​ប្រឹង​ប្រែង​ពង្រឹង​គុណភាព។​ អ៊ីចឹង​វា​អាច​ធ្វើ​ឱ្យ​វិស័យ​នៃ​មន្ទីរពេទ្យ​ឯកជន​ ឬ​ក៏​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ហ្នឹង​វា​កាន់​តែ​មាន​គុណភាព​ល្អ​ប្រសើរ​ ហើយ​អាច​នឹង​ឱ្យ​ប្រជា​ពលរដ្ឋ​ជឿ​ទុក​ចិត្ត​បាន»។​

លោក​បន្ថែម​ថា ​ក្រសួង​សុខា​ភិបាល​ក៏​គួរ​តែ​ចូល​រួម​សកម្ម​ក្នុង​ការ​ត្រួត​ពិនិត្យ​ និង​វិនិច្ឆ័យ​ច្បាស់​លាស់​មុន​នឹង​សម្រេច​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ណា​មួយ​បើក​ដំណើរ​ការ។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​ក្នុង​នោះ​ដែល​ក្រសួង​ក៏​មាន​កាតព្វកិច្ច​ដែរ​ នៅ​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​ទៅ​ក្រម​សីលធម៌ ​ឬ​ក៏​ការ​ចែក​រំលែក​បទ​ពិសោធន៍​ ឬ​ក៏​ចំណេះ​ដឹង​ថ្មីៗ​ ឬ​បទ​ពិសោធន៍​ថ្មីៗ​ពាក់​ព័ន្ធ​ពី​របៀប​វិធី​ព្យាបាល​ថ្មីៗ​ ឬ​អ្វី​ដែល​មាន​ធ្វើ​បច្ចុប្បន្នភាព​ថ្មីៗ​ដើម្បី​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល ​ឬ​មន្ទីរ​ពេទ្យ​ឯកជន​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ក្នុង​ការ​កែ​លម្អ​នៅ​ក្នុង​កន្លែង​របស់​គេ។ ​នេះ​ជា​រឿង​ចាំ​បាច់​ដែល​ក្រសួង​ត្រូវ​តែ​ធ្វើ»។​

បើ​តាម​លោក​ យង់ គិមអេង​ ក្រសួង​សុខាភិបាល​គួរ​មាន​គោល​ដៅ​សំខាន់​ក្នុង​ការ​ពង្រឹង​គុណភាព​នៃ​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ និង​ការ​លើក​កម្ពស់​ស្តង់ដារ​និង​ក្រម​សីលធម៌​របស់​គ្រូ​ពេទ្យ ​ចំណែក​ការ​អនុវត្ត​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការ​បិទ​ ឬ​ផ្អាក​ដំណើរ​ការ​មន្ទីរ​សម្រាក​ព្យាបាល​ណា​មួយ ​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​ដើម្បី​បង្ហាញ​ពី​តម្លាភាព ​និង​គណនេយ្យភាព។​

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា​ លោក​វេជ្ជ​បណ្ឌិត ​អ៊ូច វុទ្ធី ​លើក​ឡើង​ថា​ មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ត្រូវ​តែ​ផ្តល់​នូវ​របាយការណ៍​នៃ​បច្ចុប្បន្នភាព​ណា​មួយ​រៀង​រាល់​ ៦​ខែ​ម្តង​ ទៅ​អគ្គ​នាយក​ដ្ឋាន​របស់​ក្រសួង​សុខាភិបាល ​និង​ត្រូវ​មាន​ការ​សហការ​ឱ្យ​បាន​ត្រឹម​ត្រូវ។​

លោក​ថ្លែង​ថា៖​ «គ្លីនិក​ហ្នឹង​ត្រូវ​សហការ​ជាមួយ​ក្រសួង​គេ​ហៅ​ថា​ ភ្នាក់​ងារ​ខាង​បើក​គ្លីនិក ​និង​គណៈ​គ្រូ​ពេទ្យ។​ គេ​ហៅ​នាយក​ដ្ឋាន​សេវាកម្ម​ឯកជន​ …​ត្រូវ​សហការ​ជាមួយ​គេ​ដើម្បី​ជូន​ដំណឹង​គេ។ ​ដូច​ថា​ឥឡួវ​ឱ្យ​ ៦​ខែ ​ដើម្បី​ឱ្យ​ដំណឹង​គេ​ថា​ តើ​គ្លីនិក​យើង​ វា​ប្រសើរ​បាន​អី?​ វា​ធ្វើ​អី​បាន​តាម​គេ​អត់?ទី​ ២ ​តើ​បុគ្គលិក​ដែល​រើស​ហ្នឹង​ តើ​យើង​យក​បុគ្គលិក​ក្រម​ខណ្ឌ​ពេទ្យ​មាន​សញ្ញា​បត្រ​ត្រឹម​ត្រូវ​អត់?»

គិត​ចាប់​ពី​ខែ​ដើម​ខែ​សីហា ​ឆ្នាំ​ ២០២៣​ មក យ៉ាង​ហោច​ណាស់​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ចំនួន​ ៨ កន្លែង​ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​សម្រេច​បិទ​ និង​ដក​ហូត​អាជ្ញាបណ្ណ​ ដោយសារ​ការ​ផ្តល់​សេវាកម្ម​មិន​ត្រឹម​ត្រូវ​ និង​មិន​គោរព​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួង៕

XS
SM
MD
LG