ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី ស្នើឲ្យ​តុលាការ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​លើ​សកម្មជន​១៣​នាក់ មុន​ពេល​ចេញ​សាលក្រម​នៅ​ខែក្រោយ


រូបឯកសារ៖ មនុស្ស​ម្នា​ ​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ស្មាក្តី​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន ​១៣ រូប ​បាន​ស្នើនៅក្នុង​សាល​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ឲ្យតុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ពីបទញុះញង់​ នៅមុន​ការ​ប្រកាស​សាលក្រម​ដែល​គ្រោង​ធ្វើ​នៅពាក់​កណ្តាល​ខែមីនា ឆ្នាំ​២០២២ នេះ។

ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ចប់​នីតិវិធី​ធ្វើ​សេចក្តី​សន្និដ្ឋានសំណុំ​រឿង​ក្តីរបស់​សកម្មជន​ទាំង១៣​នាក់ ពាក់ព័ន្ធ​នឹង​បទចោទ«​ញុះញង់​ និងរួម​គំនិត​ក្បត់»​ ​ដែល​មាន​ជាប់​ទាក់​ទង​នឹង​ផែន​ការ​មាតុ​ភូមិនិវត្តន៍​មិន​ជោគជ័យ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក ​សម​ រង្ស៊ី​ កាល​ពីឆ្នាំ​២០១៩ ​និង​ចលនា​សង្គ្រោះជាតិ​ ​ដែល​ទាមទារ​ឲ្យដោះលែង​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​កឹម សុខា​ និង​អ្នក​ជាប់​ឃុំ​ឯ​ទៀត​ដោយសារ​រឿង​នយោបាយ​ និង​ការ​ដំណើរការ​ឡើងវិញ​នៃគណបក្ស​សង្គ្រោះ​ជាតិ។

មេធាវីការ​ពារ​ក្តីឲ្យជន​ជាប់​ចោទ​លោក ​សំ សុគង់​ ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តុលាការ​បាន​បញ្ចប់​សវនាការ​លើក​ចុង​ក្រោយ​របស់​ជនជាប់​ ១៣ នាក់​ខាងលើ​ បន្ទាប់​ពី​បាន​ធ្វើសេចក្តីសន្និដ្ឋាន​ការពារ​ និង​ចោទ​ប្រកាន់​លើ​បទចោទ​ ដែល​តំណាង​អយ្យការ​ស្នើ​ឲ្យតុលាការបន្តរក្សា​ទុក​ដើម្បី​ផ្តន្ទាទោសជន​ជាប់​ចោទ​ទាំង ​១៣ នាក់​ និង​ជនជាប់​ចោទ​ ៧ នាក់​ផ្សេង​ទៀត​ជាថ្នាក់ដឹកនំា ​និង​មន្ត្រីជាន់​ខ្ពស់​របស់​អីតត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស​។

លោក សំ សុគង់ ​និយាយ​ថា៖ «ទាក់​ទងនឹង​ការសវនាការ​អស់រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បន្ត​រហូត​ដល់​ថ្ងៃសន្និដ្ឋាន​នេះ​ ទាំង​ក្រុម​មេធាវី​ការពារ ​ក៏ដូចជា​កូនក្តី​ហ្នឹង​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ ឲ្យកូន​ក្តី​ទាំង​អស់​រួចផុត​ពីបទ​ចោទ​ ហើយ​ជនជាប់​ចោទ​ខ្លួន​ឯងហ្នឹង​ ក៏សុំឲ្យតុលាការ​ហ្នឹង​ ឲ្យខ្លួន​រួចផុត​ពី​បទ​ចោទ​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ ដោយ​សារ​ពួក​គាត់​ហ្នឹង​បាន​ជាប់​ឃុំ​ខ្លួន​ជាបណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ហ្នឹង​ក្នុងម្នាក់​ៗ​ជិត​ពីរ​ឆ្នាំ​ហើយ​ ហើយ​ពួក​គាត់​សុទ្ធ​តែ​មិនបាន​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ដែល​ដូច​ការ​ចោទ​ប្រកាន់​នោះទេ»។

​នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ​លោក​ អំ សំអាត​ រំពឹង​ថា​ តុលាការ​នឹង​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​ទាំង​ ១៣ រូប​ នៅក្នុង​សំណុំ​រឿង​ដែល​មាន​ជាប់​ហេតុផល​នយោបាយ​មួយ​នេះ។

​បើ​តាម​លោក​មេធាវី​ សំ សុគង់​ លោក​ចៅក្រម​ រស់ ពិសិដ្ឋ នឹងដឹកនាំ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ធ្វើការ​ប្រកាស​សាល​ក្រម​នៅថ្ងៃទី​១៧​ ខែមីនា​ ខាងមុខ​ដល់ជន​ជាប់​ឃុំ​ចំនួន ១៣ នាក់​ដែល​រួមមាន​ លោក ​ឆុន ប៊ុនឆាត​ លោក ​យឹម សារ៉េត ​លោក ជុំ​ ចាន់ ​លោក​ កែវ ថៃ​ លោក​ ស៊ុន ធន់​ លោក​ ឡុង ផារី​ លោក​ ពៀត ម៉ាប់​ លោក​ សុខ ចាន់ថា ​លោក​ ឃឹម ភាណា​ លោក ​ឃុត ច្រឹក ​លោក ​ញ៉ែម វ៉ាន​ លោក ​ថៃ គន្ធា​ និង​លោក ងិន ឃាន​៕

XS
SM
MD
LG