ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​បន្ត​ស្វែងរក​អន្តរាគមន៍​ពី​​ស្ថានទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា


អ្នកស្រី ​សុខ​ បូលីម៉ា​ ​អាយុ​៥០​ឆ្នាំ​ ឈរកាន់​រូបថត​ស្វាមីគាត់​ គឺ​លោក​ ឃឹម ភាណា​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​៣​ ខែកក្កដា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី ​សុខ​ បូលីម៉ា​ ​អាយុ​៥០​ឆ្នាំ​ ឈរកាន់​រូបថត​ស្វាមីគាត់​ គឺ​លោក​ ឃឹម ភាណា​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​៣​ ខែកក្កដា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/វីអូអេ)

កូន​ប្រពន្ធ​របស់​ក្រុម​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​ចំនួន ​១៥​នាក់ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​ធ្វើ​ការ​តវ៉ា​ជាថ្មី​ទៀត​ នៅ​ថ្ងៃ​សុក្រ​នេះ ​ដោយ​ពួកគេ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បន្ទាប់​ពីពួក​គេ​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ១៥​នាក់ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយសារ​ការ​អត្ថាធិប្បាយ​និង​ចែក​រំលែក​ព័ត៌​មាន​នានា​ ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​និង​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩ ​និង​ករណី​គម្រោង​របស់​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩។​

បើតាម​ញត្តិ​ដែល​បាន​ដាក់​ជូន​ស្ថានទូត​សហភាព​អឺរ៉ុប​ ​ក្រុម​អ្នក​តវ៉ា​បាន​លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន​ស្វាមី​និង​ឪពុក​របស់​ពួក​គេ ​បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​ពួក​គាត់​រង​ការ​លំបាក​យ៉ាង​ខ្លាំង​ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ដោះស្រាយ​ជីវភាព​ ការ​បាត់​បង់​មុខ​របរ​ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​សុខភាព​ចុះ​ខ្សោយ ​និង​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​កូនៗ​ខ្លះ​របស់សកម្មជនទាំងនេះ បាន​ធ្លាក់​ខ្លួន​ឈឺ​ ឬ​បោះបង់​ការ​សិក្សា។​

អ្នកស្រី​ សេង ចាន់ថន​ អាយុ​៤៨​ឆ្នាំ​ ជា​ភរិយា​លោក​ ស៊ុន ធន់​ អតីត​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់​ធំ ​បាន​ប្រាប់​វីអូអេ ​នៅ​មុខ​ស្ថានទូត​សហភាព​អឺរ៉ុប​ថា ​សហភាព​អឺរ៉ុប​ជា​សហគមន៍​មួយ​ដែល​ផ្តល់​តម្លៃ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ ហើយ​ក៏​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។​ ហេតុ​ដូច្នេះ​អ្នក​ស្រី​ជឿ​ថា​ សហភាព​អឺរ៉ុប​អាច​ផ្តល់​ជំនួយ​ផ្នែក​សិទ្ធិ​មនុស្ស​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​ស្វាមី​របស់​អ្នកស្រី។​

«គាត់​ក៏ជា​អ្នក​ឃ្លាំមើល​នៅ​ស្រុក​ខ្មែរ​យើង​ដែរ​ អ៊ីចឹង​គាត់​គឺៗ​ជា​អ្នក​យុត្តិធម៌​ម្នាក់​សម្រាប់​សង្គម​ខ្មែរ​ខ្ញុំ​ណា៎។​ អីចឹង​ខ្ញុំ​មាន​តែ​ពឹង​ពួកគាត់​ទេ​ ដែល​រក​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ដែល​រក្សា​សិទ្ធិ​ឲ្យ​ពួកខ្ញុំ»។

ស្ថានទូត​សហភាព​អឺរ៉ុប​ស្ថិត​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ​ក្រុម​កងសន្តិសុខ​ជាង ​២០​នាក់​ ដែល​ខ្លះ​ស្លៀកពាក់​ស៊ីវិល​ក៏​បាន​មក​ឃ្លាំមើល​ការ​ដាក់​ញត្តិ​របស់​សមាជិក​គ្រួសារ​នៃ​សកម្មជន​នយោ​បាយ​គណបក្ស​ប្រឆាំង​នេះ​ដែរ។​

ក្រុម​អ្នកតវ៉ាត្រូវលើកបដា​ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​របស់​សហភាព​អឺរ៉ុប ដើម្បីឲ្យ​មានការ​ដោះលែងក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែលកំពុង​ជាប់ឃុំ​ នៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)​
ក្រុម​អ្នកតវ៉ាត្រូវលើកបដា​ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​របស់​សហភាព​អឺរ៉ុប ដើម្បីឲ្យ​មានការ​ដោះលែងក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែលកំពុង​ជាប់ឃុំ​ នៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)​

ក្រុម​អ្នក​ដាក់​ញត្តិ​មាន​គ្នា​ប្រមាណ​ប្រាំ​នាក់​មិន​ត្រូវ​បាន​ក្រុម​សន្តិសុខ​អនុញ្ញាត​ឲ្យ​អង្គុយ​នៅ​ក្រោម​ដើម​ឈើ​ ឬ​ឈរ​ផ្តុំ​គ្នា​ទល់​មុខ​របង​ស្ថានទូត​សហភាព​អឺរ៉ុប​ទេ ​ខណៈ​អ្នក​ដាក់​ញត្តិ​ពីរ​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ស្ថានទូត ​ដែល​ស្ថិត​ក្រោម​ការ​យាម​កាម​យ៉ាង​តឹងរ៉ឹង​ពី​មន្ត្រី​នគរបាល។ ​ក្រុម​អ្នក​ដាក់​ញត្តិ​ក៏​ត្រូវ​បាន​កង​សន្តិសុខ​រឹតត្បិត​មិន​ឲ្យ​លើក​បដា​ជា​ច្រើន​នាទី​ផង​ដែរ។​

អ្នក​ស្រី​ អ៊ុក ចាន់ធី​ អាយុ​៤៩​ឆ្នាំ ​ភរិយា​របស់​លោក​ យឹម សារ៉េត ​អាយុ​៥២​ឆ្នាំ ​អតីត​ជំទប់​ទីមួយ​នៅ​ឃុំ​ចន្ត្រី​ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយរៀង​ និយាយ​ថា ​វត្តមាន​របស់​កង​សន្តិសុខ​ជា​ការ​គំរាម​កំហែង។​

«គាត់​មក​ហ្នឹង​គាត់​ធ្វើ​ឲ្យ​យើង​ហ្នឹង​ភ័យ​ខ្លាច​បង្ក​ចលាចល​អ៊ីចឹង។ ​តែ​ខ្ញុំ​មក ​ពួក​ខ្ញុំ​មក​តែ​ប៉ុន្មាន​នាក់​ហ្នឹង!​មក​តាម​ភាព​ត្រឹមត្រូវ​ គ្មាន​បង្កភាព​ចលាចល​អី​ទេ​ចា៎»។​

នៅ​មុន​ការ​យក​ញត្តិ​ទៅ​ស្ថានទូត​សហភាព​អឺររ៉ុប​នោះ​ ក្រុម​អ្នក​ដាក់​ញត្តិ​ទាំង​អស់​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

ក្រុម​សន្តិសុខ​ជាង​ ២០​នាក់​ ដែល​ខ្លះ​ស្លៀក​ពាក់​ស៊ីវិល​ ក៏បាន​ឃ្លាំ​មើល​ក្រុម​អ្នក​តវ៉ា​ដែរ។​ សមាជិក​កង​សន្តិសុខ​មួយ​ចំនួន​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​អ្នក​តវ៉ា​លើក​បដា ​និង​ដណ្តើម​បដា​ពី​ក្រុម​អ្នក​តវ៉ា។ បដា​ទាំង​នោះ​មាន​ការ​សរសេរ​ទាមទារ​សុំ​ឲ្យ​ដោះ​លែង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង ​ដែល​កំពុង​ជាប់​ឃុំ​ទាំង​នោះ។​

លោក​ ម៉េត មាសភក្តី​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា ​ក្រុម​កង​សន្តិសុខ​គ្មាន​ចេតនា​បិទ​សិទ្ធិ​ការ​ជួប​ជុំ​របស់​ក្រុម​អ្នក​តវ៉ា​នោះ​ទេ​ តែ​ខាង​ភាគី​សន្តិសុខ​គ្រាន់​តែ​ចង់​រក្សា​ឲ្យ​បាន​ល្អ​នូវ​សណ្តាប់​ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ។

«ខ្ញុំ​បាន​សួរ​នាំ​ទៅ​អ៊ីចេះគ្រាន់​តែ​មាន​ការ​រៀបចំ​សណ្តាប់​ធ្នាប់ ​ហើយ​ចរាចរណ៍​អីហ្នឹង​ហើយ​និង​ណែនាំ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​របស់​យើង​នេះ​ហ្នឹង​ ដែល​គាត់​លើក​បដា​លើក​អី​ហ្នឹង ​កុំ​ឲ្យ​ធ្វើ​សកម្មភាព​អ៊ីចឹង​ ហើយ​វា​នាំ​រំខាន​ទៅ​ដល់​ការងារ​របស់​ស្ថាប័ន​តុលាការ ​ដែល​យើង​ត្រូវ​រក្សា​សន្តិសុខ​រក្សា​អី​ជូន»។​

ទោះ​ជាយ៉ាង​ណា​ លោក ​ស៊ឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ប្រាប់​វីអូអេ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ថា​ សកម្មភាព​របស់​កង​សន្តិសុខ​ជា​ទង្វើ​បំបិទ​សេរីភាព​ក្នុងការ​ជួប​ជុំ​សម្តែង​មតិ។​

«គាត់​ចង់​លើក​បដា​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ ហើយ​បែរ​ជា​មាន​ការ​រារាំង​ចាប់​យក​បដា​អ៊ីចឹង ​យើង​គិត​ថា​ វា​ជា​ការ​បិទ​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គាត់»។​

អ្នកស្រី​ សុខ​ បូលីម៉ា​ អាយុ​៥០​ឆ្នាំ​ ជា​ភរិយា​លោក ​ឃឹម ភាណា​ អាយុ​៥៤​ឆ្នាំ​ អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ​ក្នុង​ខណ្ឌ​ទួលគោក ​មាន​ប្រសាសន៍​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ថា ​អ្នកស្រី​កំពុង​ប្រឈម​ផលវិបាក​ខាង​ហិរញ្ញ​វត្ថុ។ ​អ្នកស្រី​បន្ថែម​ថា ​អ្នកស្រី​បាន​បាត់​បង់​ការងារ​ដែល​អ្នកស្រី​អាច​រក​បាន​ប្រមាណ​ ២០០​ដុល្លារ ​ក្នុង​មួយខែ​ ពីការ​ងារ​ជាអ្នក​សម្អាត​អនាម័យ​ នៅ​ក្រោយ​ពេល​ស្វាមី​អ្នកស្រី​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន។​

«វា​ជួបការ​លំបាក​ខ្លាំង​ហ្មង​សេដ្ឋកិច្ច។​ ក្រុម​គ្រួសារ​អត់​ការងារ​ធ្វើ។ ​បើ​ខ្ញុំ​មាន​ការ​ងារ​ធ្វើ​ទៅ​ប្រាក់​ខែ​២១០​[ដុល្លារ] ​ហ្នឹង​យើង​ឆ្លៀត​ទៅ​មើល​ប្តី​ទីណា៎​ហ្នឹង​ហើយ ​២០​ម៉ឺន​អី​អ៊ីចឹង​ទៅ!​ កន្លះ​ខែ​អីអ៊ីចឹង​ទៅ​ ២០ម៉ឺន​ទៅ។ ​បើគាត់​អត់​លុយ​គាត់​តេ​ (ទូរស័ព្ទ)​ មកគាត់​អត់​លុយ​ អ៊ីចឹង​ទៅ​ខ្ចី​គេ​យក​ទៅ​ឲ្យ​គាត់​ចឹង​ទៅ»។

នេះ​ជា​លើក​ទីបី​ហើយ​ដែល​ក្រុម​គ្រួសារ​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​មក​តវ៉ា។ ​ក្នុង​ការ​តវ៉ា​ពីរ​លើក​កន្លង​មក​ ពួកគេ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​និង​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។

កូន​ស្រី និងប្រពន្ធ​របស់​អតីត​មន្ត្រីគណបក្ស​ប្រឆាំង​អង្គុយ​មិន​ត្រូវបាន​កងសន្តិសុខអនុញ្ញាតឲ្យ​ប្រមូល​ផ្តុំ​ ​នៅ​គៀក​នឹង​ស្ថានទូត​សហភាព​អឺរ៉ុប​ ក្នុង​ទីក្រុង​ភ្នំពេញ​ នាថ្ងៃទី៣​ ខែ​កក្កដា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/វីអូអេ)
កូន​ស្រី និងប្រពន្ធ​របស់​អតីត​មន្ត្រីគណបក្ស​ប្រឆាំង​អង្គុយ​មិន​ត្រូវបាន​កងសន្តិសុខអនុញ្ញាតឲ្យ​ប្រមូល​ផ្តុំ​ ​នៅ​គៀក​នឹង​ស្ថានទូត​សហភាព​អឺរ៉ុប​ ក្នុង​ទីក្រុង​ភ្នំពេញ​ នាថ្ងៃទី៣​ ខែ​កក្កដា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/វីអូអេ)

លោក ​ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ចាត់​ទុក​ថា​ ការ​តវ៉ា​របស់​ក្រុម​អ្នក​តវ៉ា​នេះ​មាន​ចរិត​នយោបាយ​ផង​ដែរ​ ដោយ​លោក​ថា​ ក្រុម​អ្នក​តវ៉ា​ដឹង​ថា​ ខ្លួន​មិន​អាច​ធ្វើ​អ្វី​បាន​ជាមួយ​ស្ថាប័ន​តុលាការ​ទើប​បាន​ជា​ពួក​គេ​សម្រេច​ចិត្ត​ស្វះស្វែង​រក​ការ​គាំទ្រ​ខាង​នយោបាយ​ពី​សហគមន៍​អន្តរជាតិ​នានា។​

«គាត់​ដឹង​ថា ​ផ្លូវ​ច្បាប់​គឺ​គាត់​ទៅ​មិន​រួច​អ៊ីចឹង​ បាន​ជា​គាត់​ប្រើ​រូបភាព​នយោបាយ​វិញ​ ដើម្បី​ជា​ការ​ដាក់​សម្ពាធ​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ជា​គោល​ការណ៍​ច្បាប់​ វិធានការ​ទាំង​អស់​នេះ ​គឺ​មិន​មាន​ឥទ្ធិពល​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ទេ»។​

ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​សំណួរ​ ដែល​បាន​ផ្ញើ​តាម​សារអេឡិច​ត្រូនិក​អ៊ីម៉េល​ទេ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

​ក៏ប៉ុន្តែ​អ្នកស្រី​ សុខ បូលីម៉ា​ ដែល​បាន​យក​ញត្តិ​ជាមួយ​អ្នក​តវ៉ា​ម្នាក់​ទៀត​ទៅ​ជូន​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ស្ថានទូត​សហភាព​អឺរ៉ុប​នឹង​ឆ្លើយ​តប​មក​ក្រុម​អ្នក​តវ៉ា​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ បន្ទាប់​ពី​ទទួល​បាន​ញត្តិ៕

XS
SM
MD
LG