តុលាការខេត្តបាត់ដំបងបានសម្រេចផ្តន្ទាទោសមន្ត្រីប៉េអឹម ២ នាក់ ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំនិង ៧ ឆ្នាំ ទាក់ទងនឹងការវាយដំមនុស្ស ៥ នាក់ ក្នុងខេត្តបន្ទាយមានជ័យ កាលពីចុងឆ្នាំ ២០១៩ ដែលក្នុងនោះបុរសម្នាក់បានស្លាប់។ នេះបើតាមជនរងគ្រោះនិងមេធាវីរបស់ជនរងគ្រោះ។
ជនរងគ្រោះ ៤ នាក់ដែលរងការវាយដំ និងភរិយារបស់អ្នកដែលស្លាប់ បានដាក់ពាក្យប្តឹងទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការវាយដំពួកគេ។ តុលាការខេត្តបន្ទាយមានជ័យបានសម្រេចបញ្ជូនសំណុំរឿងនេះទៅតុលាការខេត្តបាត់ដំបងចាត់ការវិញ ក្រោយមន្ត្រីប៉េអឹម ២ នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទហិង្សាមានស្ថានទម្ងន់ទោស រហូតដល់ជនរងគ្រោះម្នាក់ស្លាប់។
បុរសម្នាក់ ឈ្មោះ ទុយ ស្រស់ បានស្លាប់ ដោយសារការវាយដំនេះ។ ជនរងគ្រោះទាំង ៥ នាក់ ត្រូវបានកងកម្លាំងប៉េអឹមខេត្តបន្ទាយមានជ័យចាប់ខ្លួន ក្នុងការតវ៉ារឿងដីធ្លីមួយ កាលពីចុងឆ្នាំ២០១៩ ហើយពួកគេរងការវាយដំធ្ងន់ធ្ងរ ក្នុងពេលជាប់ឃុំឃាំង។
ជនរងគ្រោះម្នាក់ គឺលោក នូវ នឿន អាយុ ៦៣ ឆ្នាំ ប្រាប់ VOA នៅថ្ងៃពុធនេះថា តុលាការខេត្តបាត់ដំបងដែលទទួលសំណុំរឿងផ្ទេរពីខេត្តបន្ទាយមានជ័យ បានកាត់ទោសឲ្យលោក ស ប៊ុនសឿង អតីតមេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ និងសងសំណងជំងឺចិត្តឲ្យរូបលោកចំនួន ២០ លានរៀល ឬ ៥ ពាន់ដុល្លារ សងជនរងគ្រោះ ឈ្មោះ អាន រួន ចំនួន ២០ លានរៀល សងជនរងគ្រោះលោក ហ៊ឹម គីរី ចំនួន ៣០ លានរៀល និងភរិយាបុរសដែលស្លាប់ចំនួន ៣០ លានរៀលដែរ។
លោកបន្តថា តុលាការក៏បានផ្តន្ទាទោសលោក ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋរងគ្រោះហៅថា «សឿង៣៨» ឲ្យជាប់ពន្ធនាគារចំនួន ៧ ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទរូបនេះ សងជំងឺចិត្តដល់ភរិយាអ្នកដែលស្លាប់ចំនួន ៤០ លានរៀល ឬស្មើនឹង ១ ម៉ឺនដុល្លារអាមេរិក។
ជនរងគ្រោះរូបនោះលើកឡើងថា លោកមិនពេញចិត្តនឹងការផ្តល់សំណង ២០ លានរៀលនេះទេ ដោយលោកថា ចំនួននេះតិចតួចពេក ព្រោះលោកបានទាមទារសំណងជំងឺចិត្តចំនួន ២០ ម៉ឺនដុល្លារអាមេរិក។
លោកថា ការវាយដំរបស់មន្ត្រីប៉េអឹមនេះ ធ្វើឲ្យលោកឈឺចាប់រាងកាយជារៀងរាល់ថ្ងៃ ហើយមិនអាចបំពេញការងារបាន។
លោកមានប្រសាសន៍ថា៖ «គាត់សងសំណងមកលើខ្ញុំដែលតុលាការគាត់បានប្រកាសហ្នឹង ឲ្យខ្ញុំចំនួន ២០ លាន[រៀល]ហ្នឹង ខ្ញុំមិនអាចទទួលយកបាន ខ្ញុំនឹងបន្តឡើងឧទ្ធរណ៍ទៀត»។
លោក នូវ នឿន ដែលនៅឈឺចុកស្រាញដៃស្តាំរបស់លោកនិងភ្នែកនៅស្រវាំង ដោយសារការវាយដំនេះ លើកឡើងថា លោកមិនមានមតិយោបល់អ្វីទេចំពោះការសម្រេចដាក់ពន្ធនាគារលើជនជាប់ចោទទាំង ២ នាក់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនទៅបន្ថែមរឿងរ៉ាវដល់គាត់វែងអន្លាយ ហួសទៅយូរឆ្នាំទៀត ក៏វាអត់បានផលប្រយោជន៍អីដែរ។ គ្រាន់តែថា សុំមានសំណងឲ្យខ្ពស់ដែលខ្ញុំអាចទទួលយកបានប៉ុណ្ណឹងទៅ។ ...តុលាការគាត់កាត់ប៉ុណ្ណឹង ក៏មានហេតុផលរបស់គាត់ទៅ ក៏គ្រប់គ្រាន់ហើយ»។
ជនរងគ្រោះម្នាក់ទៀត គឺលោក អាន រួន អាយុ ៦០ ឆ្នាំ ដែលនៅឈឺដើមទ្រូងនិងស្មាខាងស្តាំ មានប្រសាសន៍ថា ជនជាប់ចោទ លោក ស ប៊ុនសឿង ត្រូវបានបង្គាប់ឲ្យសងជំងឺចិត្តលោកចំនួន ២០ លានរៀលដែរ ដែលលោកថា ជាចំនួនតិចពេកដែលលោកមិនអាចទទួលយកបាននោះទេ។
លោកថា លោកមិនអាចធ្វើការងារអ្វីបានទេ ដោយសារការវាយដំនោះនៅតែបង្កភាពឈឺចាប់ដល់រូបលោក។
លោកមានប្រសាសន៍ថា៖ «សំខាន់គឺឲ្យបង់ជំងឺចិត្តឲ្យខ្ញុំ ឲ្យខ្ញុំពេញចិត្ត ហើយអារឿងជាប់ពន្ធនាគារបួនប្រាំឆ្នាំខ្ញុំអត់មានបញ្ហាអីទេណា»។
មេធាវីរបស់ជនរងគ្រោះ គឺលោក សំ ទិត្យសីហា មានប្រសាសន៍ថា ការផ្តន្ទាទោសដាក់ពន្ធនាគារ ៤ ឆ្នាំនិង ៧ ឆ្នាំ «ស្រាលពេក» ដោយលោកថា ទោសគួរតែធ្ងន់ជាងនេះ ដោយសារជនជាប់ចោទបានប្រព្រឹត្តអំពើ «ធ្ងន់ធ្ងរ» ហើយពួកគេជាមន្ត្រីប៉េអឹមយុត្តិធម៌ទៀតផង។
លោកបញ្ជាក់ថា៖ «អំពើដែលគាត់ធ្វើនេះ មិនមែនទាក់ទងអ្វីដែលគាត់ប្រើហិង្សាទេ គឺគាត់ធ្វើរហូតដល់បណ្តាលឲ្យស្លាប់ គឺគាត់មានចេតនាពិតប្រាកដក្នុងការ[ធ្វើឲ្យ]ស្លាប់»។
លោកបន្តថា លោកនឹងសួរកូនក្តីរបស់លោកថា តើពួកគេនឹងសម្រេចប្តឹងទៅឧទ្ធរណ៍បន្ថែមទៀតឬយ៉ាងណា ទាក់ទងនឹងរយៈពេលនៃការដាក់ពន្ធនាគារ និងសំណងជាទឹកប្រាក់សម្រាប់ពួកគេ។
លោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យរបស់តុលាការខេត្តបាត់ដំបង មានប្រសាសន៍ថា លោកស្រីមិនអាចបញ្ជាក់សេចក្តីលម្អិតនៃសាលក្រមរបស់តុលាការនៅថ្ងៃនះបានទេ ដោយសារលោកស្រីមិនមានព័ត៌មាន។
លោកស្រីបន្ថែមថា លោកស្រីក៏មិនអាចអត្ថាធិប្បាយឆ្លើយតបនឹងការលើកឡើងរបស់ដើមចោទ និងមេធាវីរបស់ជនរងគ្រោះបានដែរ ទាក់ទងនឹងការអះអាងអំពីសំណង «តិចតួច» និងការផ្តន្ទាទោស «ស្រាលពេក»។
នៅពេលមានហេតុការណ៍វាយដំ និងមានករណីស្លាប់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថាជនរងគ្រោះដែលស្លាប់គឺលោក ទុយ ស្រស់ ជា«អ្នកញៀនស្រានិងមានសុខភាពមិនល្អ»។ ប៉ុន្តែភរិយារបស់អ្នកស្លាប់បានបដិសេធការលើកឡើងនេះ។
របាយការណ៍របស់ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ឲ្យដឹងថា លោក ទុយ ស្រស់ ស្លាប់ដោយសារ «ខ្យល់គរ»។
ប៉ុន្តែរឿងរ៉ានេះបានឮដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់លោកបញ្ជាឲ្យមានការស៊ើបអង្កេតឡើងវិញ។ ក្រោយមក ទើបមានការចាប់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថពីរនាក់នោះ គឺលោក ស ប៊ុនសឿង មេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោក ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថា ការវាយដំក្នុងពេលចាប់ឃុំខ្លួននោះ ពាក់ព័ន្ធនឹងរឿងដីធ្លីដែលប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាចាប់ដី ហើយតុលាការបានចោទប្រកាន់ពួកគេថា ចាប់ដីរបស់ឯកជន។
ប៉ុន្តែប្រជាពលរដ្ឋមិនសុខចិត្ត ហើយបាននាំគ្នាប្រមូលផ្តុំនៅខាងមុខសាលាខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ ដើម្បីសុំដំណោះស្រាយ ក្នុងនោះមានការសុំឲ្យអាជ្ញាធរខេត្តផ្តល់ដីជូនប្រជាពលរដ្ឋ និងផ្តល់សំណងលើការដុតផ្ទះរបស់ពួកគេ។ ប៉ុន្តែការតវ៉ានោះនាំឲ្យមានការចាប់ខ្លួន និងមានការវាយដំពលរដ្ឋ ៥ នាក់ ក្នុងពេលពួកគេជាប់ឃុំឃាំង៕