អ្នកស្រី ប៊ុយ គីមឡាក់ ជាស្រ្តីមេម៉ាយ បន្ទាប់ពីបាត់បង់ស្វាមីរបស់អ្នកស្រី ដែលត្រូវបានកងកម្លាំងប៉េអឹម ខេត្តបន្ទាយមានជ័យ ចាប់ខ្លួន ក្នុងការតវ៉ារឿងដីធ្លីមួយ កាលពីចុងខែធ្នូ ឆ្នាំ២០១៩។ ប្តីរបស់អ្នកស្រី លោក ទុយ ស្រស់ ដែលមានអាយុ៣៤ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១ ខែមករា កន្លងទៅនេះ។ ក្រោយមកមានការរកឃើញថាលោក ស្រស់ ត្រូវបានកងកម្លាំងអាវុធហត្ថខេត្តនេះ វាយដំយ៉ាងធ្ងន់ធ្ងររហូតស្លាប់។
អ្នកស្រី គីមឡាក់ ដែលមានអាយុ៣៥ឆ្នាំ មានមុខរបរជាអ្នកដុតអុស ដើម្បីធ្វើជាធ្យូងលក់។ ក្រៅពីនោះ អ្នកស្រីទិញសត្វមាន់ទាក្នុងស្រុក និងធ្វើស្រែតាមរដូវ។ អ្នកស្រីនិងប្តីអ្នកស្រី មានកូនស្រីម្នាក់ អាយុ១៤ឆ្នាំ ដែលរៀនថ្នាក់ទី៩។
អ្នកស្រីថាប្តីរបស់អ្នកស្រី ត្រូវបានវាយយ៉ាងធ្ងន់ធ្ងរ ហើយបានច្រានចោលរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលថាប្តីរបស់អ្នកស្រី ជាអ្នកញៀនស្រានិងមានសុខភាពមិនល្អ។
អ្នកស្រីបានថ្លែងប្រាប់VOAកាលពីថ្ងៃច័ន្ទនៅផ្ទះរបស់អ្នកស្រីថា៖
«អាហ្នឹងខ្ញុំឃើញស្លាកស្នាមបង។ បើប្តីខ្ញុំចេញពីផ្ទះទៅ ប្តីខ្ញុំមិនបានកើតអីទេ ហើយរូបរាងប្តីខ្ញុំមាំទាំ ដូចគេដូចឯងទាំងអស់។ ស្រាប់តែប្តីខ្ញុំ គេចាប់ទៅរហូតដល់ថ្ងៃស្លាប់ បានឃើញជាំពេញខ្លួនទាំងអស់ ពេញមុខទាំងអស់»។
អ្នកស្រីបន្ថែមថា៖ «ខ្លាចតែគេវាយហ្នឹងហើយ តែមិនដឹងថាគេវាយចេញពីកន្លែងណាទេបង។ គេវាយធ្វើបាបកន្លែងណា ក៏ខ្ញុំមិនបានឃើញ ខ្ញុំបញ្ជាក់តែម្យ៉ាងថាប្តីខ្ញុំមិនបានកើតអីទេ ពេលទៅពីផ្ទះ»។
កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ដោយសារតែជីវភាព អ្នកស្រីនិងប្តី បានតាមក្រុមប្រជាជនដែលស្គាល់គ្នា ទៅចាប់ដីមួយកន្លែងនៅក្នុងភូមិសាស្រ្ត ឃុំស្លក្រាម ស្រុកស្វាយចេក។ អ្នកស្រីបានឲ្យដឹងថាអ្នកស្រីចាប់បានដីមួយកន្លែង ដែលមានទទឹងប្រវែង២៥ម៉ែត្រនិងបណ្តោយប្រវែង៣៥ម៉ែត្រ។ ប៉ុន្តែពួកគេមិនដឹងថា ដីនោះជាកម្មសិទ្ធិឯកជន ឬយ៉ាងណានោះទេ។ ប្រជាពលរដ្ឋដែលចាប់ដីរាប់រយនាក់ ត្រូវបានចោទពីបទប៉ះពាល់កម្មសិទ្ធិឯកជន។
អ្នកស្រី ប៊ុយ គីមឡាក់ មានប្រសាសន៍ថា៖
«ព្រោះប្តីខ្ញុំប្រជាពលរដ្ឋធម្មតាដូចគេដូចឯងក្រីក្រម្នាក់ ដោយសារតែក្រីក្រ បានជាទៅសុំដីគេ ទៅចាប់ដីចាប់អីនឹងគេ។ ដល់ទៅហ្នឹង ក៏ទៅតាមគេ តាមឯង ឃើញគេទៅ ក៏សុំគេទៅដែរ»។
ប៉ុន្មានថ្ងៃក្រោយមក ប្រជាពលរដ្ឋរាប់រយនាក់ ដែលបានចាប់ដី ត្រូវបានតុលាការខេត្តចោទប្រកាន់ថា ចាប់ដីរបស់ឯកជន។ ពួកគេក៏បានចេញប្រមូលផ្តុំនៅខាងមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីសុំដំណោះស្រាយ ក្នុងនោះមានការសុំឲ្យអាជ្ញាធរខេត្តផ្តល់ដីជូនប្រជាពលរដ្ឋនិងផ្តល់សំណងទៅលើការដុតផ្ទះរបស់ប្រជាពលរដ្ឋ កាលពីកន្លងទៅ។ ប៉ុន្តែការតវ៉ានោះ បាននាំឲ្យមានការចាប់ខ្លួន និងមានការវាយដំផងដែរ។
ពលរដ្ឋ៥នាក់ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។ ម្នាក់ក្នុងចំណោមនោះមានលោក ទុយ ស្រស់ ដែលត្រូវបានកម្លាំងប៉េអឹមវាយដំរហូតស្លាប់។ ពលរដ្ឋ៤នាក់ទៀតដែលរងការវាយដំដូចគ្នា និងនៅរស់រានមានជីវិត បានប្រាប់ VOA នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃច័ន្ទ នៅផ្ទះរបស់លោក ទុយ ស្រស់ ថា ពួកគាត់បានមើលឃើញនិងឮ នៅពេលកម្លាំងប៉េអឹម វាយដំលោក ទុយ ស្រស់ រហូតដល់វង្វេងនិងគ្រាំក្នុង។ ពួកគេទាំង៤នាក់ក៏ត្រូវបានវាយដំដូចគ្នាផងដែរ។
លោក អាន រួន ដែលនៅឈឺដៃខាងស្តាំនិងដើមទ្រូងនៅឡើយ ប្រាប់VOAថា លោកត្រូវបានកម្លាំងប៉េអឹម ទាត់ធាក់យ៉ាងតិច១០ជើង ។ លោកបន្តថា លោក ទុយ ស្រស់ ត្រូវបានវាយជាបន្តបន្ទាប់ ទាំងពេលយប់និងពេលថ្ងៃ នៅពេលពួកគេស្ថិតក្នុងការឃុំឃាំងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោក រួន អាយុ៥៩ឆ្នាំ ដែលមានមុខរបរជាកសិករម្នាក់ បានថ្លែងថា៖
«ពេលនោះ អ្នកដែលនៅក្នុងមណ្ឌលកែប្រែនោះ វាឆ្លើយប្រាប់ថាបងៗ វាស្រែកទៀតហើយ វាឡូឡាទៀតហើយ វារត់ទៀតហើយ ឆ្លេឆ្លាទៀតហើយ។ អ្ហែងវាយវា វាយវាឲ្យងាប់។ ម្តងនេះ បើថាវាអត់ស្តាប់ទេ អ្ហែងវាយវាឲ្យងាប់។ វាយវាឲ្យងាប់ ទុកអញដោះស្រាយ»។
លោក ហ៊ឹម គីរី អាយុ៤៥ឆ្នាំ ជាកម្មករសំណង់ ដែលរងការវាយដំដូចគ្នានិយាយថាលោកក្អួតឈាមពីរដង ដោយសារការវាយដំ។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី។
លោកថា លោក ទុយ ស្រស់ បានភ័យស្លន់ស្លោ ខណៈត្រូវបានវាយជាបន្តបន្ទាប់និងបាត់បង់ស្មារតី។
លោកបានថ្លែងថា៖
«រត់ឆ្លេឆ្លាទៅកន្លែងអាគេចាក់សោរហ្នឹង វាទៅអង្គុយអើតមុខគេហ្នឹងឯង។ វាភ័យឆ្លេឆ្លា រត់ស្រែក។ រត់ស្រែក អាពួកហ្នឹងទប់ចិត្តមិនបាន ដាក់បណ្តោយ ផឹងៗ។ អូ! ជួយផង ម៉ែអើយ ខ្ញុំមិនរស់ទេ សន្លប់ឈឹង។ មួយយប់សន្លប់បីដង។ ទាត់(ពោះ) អានេះ ហើយខ្លាំង»។
រដ្ឋបាលខេត្តនិងពន្ធនាគារខេត្តបន្ទាយមានជ័យ បានលើកឡើងថាការស្លាប់របស់លោកទុយ ស្រស់ មិនមែនដោយសារការវាយដំនោះទេ។
រដ្ឋបាលខេត្តនេះលើកឡើងថាលោក ទុយ ស្រស់ «មានភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាន»។ ប៉ុន្តែភរិយារបស់លោក ទុយ ស្រស់ បដិសេធ។
ចំណែករបាយការណ៍របស់ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២ ខែមករា ឲ្យដឹងថា លោក ទុយ ស្រស់ ស្លាប់ដោយសារ«ខ្យល់គ»។
បន្ទាប់ពីដឹងការស្លាប់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យមានការស៊ើបអង្កេតឡើងវិញ។
ក្រោយការស៊ើបអង្កេត នៅថ្ងៃទី១៩ ខែមករា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាគណៈកម្មការនៃការស៊ើបអង្កេតនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថានាយទាហាននៃកងរាជអាវុធហត្ថពីរនាក់ មានលោក ស ប៊ុនសឿង មេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោក ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋរងគ្រោះហៅថា«សឿង៣៨» ជាប់ពាក់ព័ន្ធនឹងការវាយដំជនរងគ្រោះ។
ចំណែកតុលាការខេត្តបន្ទាយមានជ័យ បានលើកឡើងថា អ្នកទាំងពីរបានប្រើអំពើហិង្សាដោយវាយជនរងគ្រោះពិតប្រាកដមែន។ ពួកគេត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី១៨ ខែមករា និងត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។
VOA មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានទេ ដោយលោកលើកទូរស័ព្ទ ហើយឆ្លើយថាជាប់រវល់។ VOAក៏មិនអាចសុំការឆ្លើយតបពីលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានដែរ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានអំពាវនាវឲ្យតុលាការ និងរដ្ឋាភិបាលស៊ើបអង្កេតបន្តទៀតថាតើនរណាផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងករណីបញ្ជាឲ្យបង្រ្កាបការតវ៉ា និងការវាយដំប្រជាពលរដ្ឋ។
លោកបានថ្លែងថា៖«ខ្ញុំយល់ថានេះជាការបញ្ជាក់ឲ្យកាន់តែច្បាស់ថា នៅក្នុងហេតុការណ៍នេះអាចធ្វើឲ្យមានការពាក់ព័ន្ធទៅនឹងមនុស្សជាច្រើនផ្សេងទៀត ដែលអាចជាការសមគំនិត ឬក៏អំពើអ្វីផ្សេងទៀត»។
ជនរងគ្រោះទាំង៤នាក់ ដែលរងការវាយដំបានបន្តអំពាវនាវឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងលើពួកគេ ក្រោយពីពួកគេត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីថ្ងៃទី៣ ខែមករា។
កាលពីព្រឹកថ្ងៃអង្គារ អ្នកទាំង៤ រួមទាំងភរិយារបស់លោក ទុយ ស្រស់ គឺអ្នកស្រី ប៊ុយ គីមឡាក់ បានចូលទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានសួរនាំអំពីអ្នកពាក់ព័ន្ធនឹងការវាយដំនេះ។
អ្នកស្រី ប៊ុយ គីមឡាក់ ថាអ្នកស្រីត្រូវបានអាជ្ញាធរចម្រុះ ផ្តល់ថវិកាសរុបជាង១០លានរៀល ដើម្បីចូលរួមបុណ្យសព។ អ្នកស្រីក៏បានអំពាវនាវឲ្យសប្បុរសជនជួយដោះស្រាយបំណុលដែលអ្នកស្រីជំពាក់គេជាង១៥០០០ដុល្លារ ដោយសារអ្នកស្រីបារម្ភថា មិនមានលទ្ធភាពរកប្រាក់បាន ក្រោយប្តីស្លាប់។
អ្នកស្រីមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំនេះ ខ្ញុំសុំដែលខ្ញុំជំពាក់គេ ខ្ញុំមិនមានលទ្ធភាពអីនឹងដោះគេទេ។ ខ្ញុំសុំសំណូមពរ សូមជួយខ្ញុំ ឲ្យជួយដោះស្រាយខ្ញុំ ដែលខ្ញុំជំពាក់គេ»។
អ្នកនាំពាក្យរបស់សមាគមអាដហុក លោក សឹង សែនករុណា បានជំរុញឲ្យមានការស៊ើបអង្កេតលើការផ្តល់លុយនេះ ថាតើ«អាចជាការទិញទឹកចិត្ត ឬសូកប៉ាន់កុំឲ្យមានការនិយាយបណ្តឹង ឬក៏ការទាមទារតវ៉ាអីផ្សេងៗ»៕